សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ២០១២
មាត្រា១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (“រដ្ឋធម្មនុញ្ញ”) ចែងថា កម្ពុជា ប្តេជ្ញាទទួលយកគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខណៈដែលមាត្រា៣១ ចែងថា ប្រទេសកម្ពុជា “ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ”។ ខាងក្រោមនេះ គឺជាទិដ្ឋភាពទូទៅសង្ខេបមួយលើបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស ព្រមទាំងស្ថានភាពនៃលទ្ធិប្រជាធិបតេយ្យក្នុង ប្រទេសកម្ពុជា។
|
|
សេរីភាពនៃការបញ្ចេញមតិ |
សេរីភាពក្នុងការបញ្ចេញមតិ គឺជាសសរស្តម្ភមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងមានសារៈសំខាន់ បំផុតសម្រាប់អភិបាលកិច្ចល្អ និងការចូលរួមក្នុងវិស័យនយោបាយ។ ទោះជាយ៉ាងនេះក្តី ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិក្នុងប្រទេសកម្ពុជាគឺគួរឲ្យភ័យខ្លាច។ ការតាក់តែងច្បាប់មានលក្ខណៈរឹតត្បិត ការត្រួតពិនិត្យលើ ប្រព័ន្ធផ្សព្វផ្សាយ និងការយាយីតាមប្រព័ន្ធតុលាការចំពោះបុគ្គលទាំងឡាយណាហ៊ាននិយាយជំទាស់ នាំឲ្យមាន វប្បធម៌នៃការបំបិទសិទ្ធិក្នុងការនិយាយស្តី។
“ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី” មានដូចជា សារព័ត៌មានតាមការបោះពុម្ពផ្សាយ វិទ្យុ និងទូរទស្សន៍ គឺជាទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយពេញនិយម ប៉ុន្តែ នេះក៏ជាទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយដែលទទួលរងនូវកម្រិតនៃការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរឹងបំផុតនៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា (“រ.រ.ក”) មានឥទ្ធិពលយ៉ាងខ្លាំងទៅលើបណ្តាញផ្សព្វផ្សាយនានាស្ទើរតែទាំងអស់។ អង្គការហ្វ្រីឌុមហោស បានវាយតម្លៃក្នុងការស្ទង់មតិរបស់ខ្លួនមួយកាលពីឆ្នាំ២០១១ថា សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាគឺ “ពុំសេរី” ខណៈដែលស្ថាប័នអ្នករាយការណ៍គ្មានព្រំដែនចាត់ចំណាត់ថ្នាក់ទី១១៧ ឲ្យកម្ពុជាក្នុងចំណោម១៧៩ប្រទេស ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មាន នាពេលថ្មីៗនេះ។
គ្រប់ស្ថានីយទូរទស្សន៍ សា្ថនីយវិទ្យុភាគច្រើន និងសារព័ត៌មានខ្មែរល្បីៗជាកម្មសិទ្ធិ ឬក៏គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា (“គ.ប.ក”) ដែលកំពុងគ្រប់គ្រងអំណាច ឬបុគ្គលដែលមានសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ហើយការធ្វើយ៉ាងដូច្នេះ ជាការធានាអំពីការគ្រប់គ្រងរបស់ រ.រ.ក ទៅលើការផ្សព្វផ្សាយព័ត៌មាន។ សារព័ត៌មានចំនួន៣០ ត្រូវបានបោះពុម្ពផ្សាយជាប្រចាំក្នុងប្រទេសកម្ពុជា ហើយអ្នកសារព័ត៌មានភាគច្រើនទាំងនោះជាមុខសញ្ញានៃសកម្មភាពរបស់រដ្ឋាភិបាលដើម្បីដាក់ការត្រួតពិនិត្យ។ យ៉ាងណាក៏ដោយ អត្រាអក្ខរភាពមានចំនួនទាប ហើយហេតុដែលថា ៨៥ភាគរយ នៃប្រជាពលរដ្ឋខ្មែររស់នៅតាមតំបន់ជនបទ និងពុំមានឱកាសទិញសារព័ត៌មានដែលត្រូវបានចែកចាយយ៉ាងលើសលប់តែនៅកណ្តាលទីក្រុង ជាការដាក់កំហិតក្នុងការទទួលបាន និងជ្រៀតចូលនូវទម្រង់នៃសារព័ត៌មានបោះពុម្ពផ្សាយ។
ដូច្នេះហើយ វិទ្យុមានសារៈសំខាន់ខ្លាំងណាស់ក្នុងប្រទេសកម្ពុជា ដោយសារតែវាមានការផ្សព្វផ្សាយគ្រប ដណ្តប់បានទូលំទូលាយ។ មានស្ថានីយវិទ្យុចំនួន៧៤ បានចុះបញ្ជីជាផ្លូវការក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃស្ថានីយវិទ្យុទាំងនោះនៅក្រោមឥទ្ធិពលរបស់ គ.ប.ក។ មានស្ថានីយវិទ្យុឯករាជ្យចំនួន៣ ក្នុងប្រទេស ហើយវិទ្យុមួយក្នុងចំណោមវិទ្យុទាំង៣នេះ គឺវិទ្យុសំបុកឃ្មុំដែលបានប្រឈមនឹងការរឹតត្បិតច្រើនលើកច្រើនសារ និងបានត្រូវបិទស្ថានីយមិនឲ្យចាក់ផ្សាយជាច្រើនដង។ លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួនបីលើក ដែលនាពេលថ្មីនេះ លោកត្រូវបានចាប់ខ្លួន ពីបទបង្កើតតំបន់អបគមន៍ និងញុះញង់ឲ្យកាន់អាវុធ ដែលជាប់ពាក់ព័ន្ធទៅនឹងវិវាទដីធ្លីមួយក្នុងខេត្តក្រចេះ។ លោក សូណង់ដូ ត្រូវបានតុលាការចោទប្រកាន់ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២។
កម្ពុជា ជាប្រទេសមួយដែលមានអត្រានៃការភ្ជាប់បណ្តាញអ៊ីនធឺណែតទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យ៉ាងណាក្តី ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតក្នុងប្រទេសនេះ កំពុងតែកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ និងមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងការប្រើប្រាស់តាមបណ្តាញនិងប្រព័ន្ធទំនាក់ទំនងសង្គមដូចជា ធ្វីតទ័រ ហ៊េ្វសប៊ុក និងយូធ្យូប។ ស្ថានីយព័ត៌មានឯករាជ្យនានា កំពុងតែផ្សព្វផ្សាយចែករំលែកព័ត៌មានលើប្រព័ន្ធអ៊ីនធឺណែត ហើយអ្នកសរសេរប្លុក កំពុងតែចែករំលែកគំនិត និងទស្សនៈនានា ដែលទស្សនៈទាំងនោះភាគច្រើនគឺរិះគន់ រ.រ.ក។ អវត្តមាននៃការរឹតត្បិតលើខ្លឹមសារតាមប្រព័ន្ធអ៊ីនធឺណែតនៅកម្ពុជាដូចជាអ្វីដែលអ្នកសរសេរប្លុកជនជាតិខ្មែរដ៏ល្បីឈ្មោះ និងជានាយិកាគ្រប់គ្រងកម្មវិធីរបស់ ម.ស.ម.ក អ្នកស្រី ចក់ សុភាព បានពិពណ៌នាថា អ៊ីនធឺណែត ដូចជា “លទ្ធិប្រជាធិបតេយ្យតាមបែបបច្ចេកវិជ្ជាថ្មី”របស់កម្ពុជា។
ប្រហែលដោយសារតែអត្រាការប្រើប្រាស់នៅមានកម្រិតទាប អ៊ីនធឺណែតនៅតែជាទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានរឹតត្បិតកម្រិតទាបបំផុតក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ការចូលទៅកាន់គេហទំព័រដែលចុះផ្សាយនូវព័ត៌មាន“រសើប”ផងដែរ។កាលពីដើមខែកុម្ភៈ ឆ្នាំ២០១១ កម្ពុជាបានទទួលរងនូវការផ្តាច់ចរន្តអគ្គិសនី ដែលបានធ្វើឲ្យប៉ះពាល់ដល់គេហទំព័រ ខេអាយមេឌៀ ខេមរៈយានកម្ម និងប្លុករបស់អ្នកគូររូបកំប្លែងក្នុងវិស័យនយោបាយខ្មែរឈ្មោះថា សាក់ក្រវ៉ា ព្រមទាំងគេហទំព័រចំនួនប្រាំផ្សេងទៀត។ បុគ្គលិកមិនស្គាល់ឈ្មោះមួយរូបនៃក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណែតមួយដែលទទួលផលប៉ះពាល់ បានប្រាប់សារព័ត៌មានថា ក្រសួងបានបញ្ជាក្រុមហ៊ុនឲ្យបិទគេហទំព័រ ខេអាយមេឌៀ ពីព្រោះគេហទំព័រនេះបានចុះផ្សាយព័ត៌មានដែល”ប៉ះពាល់ដល់រដ្ឋាភិបាល”។
ថ្វីបើមានចលនាជាអន្តរជាតិ ដើម្បីការពារ និងលើកស្ទួយសេរីភាពខាងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ជាពិសេសសេរីភាពខាងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណែត រ.រ.ក ថ្មីៗនេះ បានប្រកាសថាខ្លួនកំពុងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ៊ីនធឺណែតលើកដំបូង ដើម្បីគ្រប់គ្រង និងដាក់កម្រិតលើការប្រើប្រាស់ប្រព័ន្ធ អ៊ីនធឺណែត។ ហេតុផលមួយក្នុងចំណោមហេតុផលនានា ចំពោះការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែតនេះ គឺដើម្បីរារាំង “បុគ្គលទុច្ចរិត...មិនឲ្យចែកចាយព័ត៌មានមិនពិត”។ ច្បាប់នេះកំពុងតែស្ថិតនៅដំណាក់កាលដំបូងនៃការធ្វើសេចក្តីព្រាង ហើយមិនទាន់បានបង្ហាញជាសាធារណៈនៅឡើយទេ ប៉ុន្តែ សេចក្តីភ័យខ្លាចកើតមានឡើងដែលថាច្បាប់បែបនេះ អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពខាងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណែតក្នុងប្រទេសកម្ពុជា។
|
|
សេរីភាពនៃការបង្កើតសមាគម |
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (ច.ស.អ.ម.រ) ដ៏ចម្រូងចម្រាសបាន បណ្តាលឲ្យមានការជំទាស់ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (អ.ស.ស) របស់កម្ពុជា អង្គការអន្តរជាតិ និងម្ចាស់ជំនួយផ្សេងៗ ក្នុងអំឡុងឆ្នាំ២០១១ នៅពេលដែលសេចក្តីព្រាងច្បាប់ចំនួនបួនលើកត្រូវបានតាក់តែងឡើង ដែលសេចក្តីព្រាងទាំងនេះពុំបានយកអនុសាសន៍ភាគច្រើនរបស់អង្គការសង្គមស៊ីវិលមកពិចារ-ណា។ ច.ស.អ.ម.រ នេះបានគំរាមកំហែងដល់ការរឹតត្បិតដ៏ធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិរបស់ អ.ស.ស។ ការរិះគន់សំខាន់ៗនៃសេចក្តីព្រាងច្បាប់លើកទីបួន និងចុងក្រោយបំផុតនៃ ច.ស.អ.ម.រ គឺផ្តោតលើលក្ខណៈវិនិច្ឆ័យនៃការចុះបញ្ជីដែលមានភាពស្មុគស្មាញ និងទាមទារវែងឆ្ងាយ ហើយ ច.ស.អ.ម.រ អាចអនុញ្ញាតឲ្យ រ.រ.ក អាចគ្រប់គ្រងលើអង្គការនានាតាមរយៈលទ្ធភាពក្នុងការរំលាយអង្គការទាំងនោះ ក្នុងករណីបំពានច្បាប់ជាក់លាក់ទាំងឡាយ។ បច្ចុប្បន្ននេះ ច.ស.អ.ម.រ បានត្រូវផ្អាក តែយ៉ាងណាក្តី រ.រ.ក បានបង្ហាញថា ច្បាប់នេះគឺមិនបានប្រើជាចាំបាច់ដើម្បីបំបិទសំឡេងអង្គការមិនមែនរដ្ឋាភិបាល និងដើម្បីប្រើអំណាចគ្រប់គ្រងលើបុគ្គលិកពួកគេឡើយ។
ឧទាហរណ៍ ករណីលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (“អាដហុក”) ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់ជំនួយផ្នែកមនុស្សធម៌ដែលរូបលោកបានជួយចាត់ចែងឲ្យសកម្មជនកាពារសិទ្ធិដីធ្លីម្នាក់ដែលបានមកការិយាល័យរបស់អាដហុកក្នុងរាជធានីភ្នំពេញ។ អាដហុក បានបន្តលើកពេលនៃការចូលខ្លួនឆ្លើយបំភ្លឺជាច្រើនខែកន្លងមកហើយ ប៉ុន្តែលោក ចាន់ សុវ៉េត បានទទួលនូវដីកាកោះហៅជាលើកទីពីរកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ ដោយស្នើឲ្យលោក សុវ៉េត ត្រូវចូលបង្ហាញខ្លួននៅថ្ងៃទី២៤ ខែធ្នូ។ ទម្រង់នៃការយាយីតាមផ្លូវតុលាការបែបនេះ បំភិតបំភ័យដល់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ក្នុងការប៉ុនប៉ងដើម្បីរារាំងនូវកិច្ចការងាររបស់ពួកគេ។ លោក អ៊ូ វីរៈ ប្រធាន ម.ស.ម.ក ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅឯសាលាដំបូងខេត្តរតនៈគិរី និងចូលខ្លួនឆ្លើយបំភ្លឺកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១២ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ការសាកសួរគឺជាប់ពាក់ព័ន្ធនឹងបណ្តឹងមួយធ្វើឡើងដោយមេឃុំមកពី គ.ប.ក ដែលទាក់ទងទៅនឹងបាតុកម្មមួយកាលពីឆ្នាំ២០០៩ ដែលបានធ្វើឡើងដោយក្រុមអ្នកភូមិពាក់ព័ន្ធក្នុងជម្លោះដីធ្លីមួយជាមួយក្រុមហ៊ុនឯកជន ឌីអ៊ឹមគ្រុប។ បាតុកម្មនេះបានឈានដល់ការបង្កហិង្សា។ ជាមួយគ្នានោះផងដែរ ក៏មានការកោះហៅលើរូបលោក ប៉ែន ប៊ុណ្ណា លោក ឆាយ ធី បុគ្គលិករបស់ អាដហុកប្រចាំខេត្តរតនៈគិរី និងអ្នកសារព័ត៌មាន គឺលោក រដ្ឋា វិសាល។ យ៉ាងណាក្តី ការចោទប្រកាន់លើអ្នកទាំងបួននោះត្រូវបានទម្លាក់ចោលវិញ តែនេះគឺជាយុទ្ធសាស្ត្រជាធម្មតាមួយដែលធ្វើឡើងដោយ រ.រ.ក ក្នុងការប្រើប្រាស់តុលាការពុករលួយដើម្បីសម្លុតបំភ័យដល់បុគ្គលិកសិទ្ធិមនុស្ស។
ស្រដៀងគ្នានេះ ច្បាប់ស្តីពីសហជីពពាណិជ្ជកម្ម កំណត់នីតិវិធីចុះបញ្ជីវែងឆ្ងាយ និងកាតព្វកិច្ចដែលត្រូវរាយការណ៍អំពីក្រុមនិយោជិត។ ទោះបីជាច្បាប់នេះមិនទាន់ត្រូវបានអនុម័តនៅឡើយក្តី តែសហជីពជាច្រើនបាន ប្រឈមនឹងការលំបាកជាច្រើនក្នុងការចុះបញ្ជីរួចទៅហើយ និងការធ្វើបាតុកម្មដោយសន្តិវិធីអំពាវនាវឲ្យមានលក្ខខណ្ឌការងារប្រសើរជាងមុនបានត្រូវបង្ក្រាបយ៉ាងឃោរឃៅ ដូចបានកត់សម្គាល់ខាងលើ។
|
|
សេរីភាពនៃការជួបប្រជុំ |
សរុបមក ច្បាប់ស្តីពីការជួបជុំដោយសន្តិវិធី ដែលជាអត្ថបទច្បាប់ដែលបានកែទម្រង់មួយត្រូវបានអនុម័តក្នុងឆ្នាំ២០០៩ ពុំមានការរឹតត្បិតនោះទេ បើអនុវត្តបានត្រឹមត្រូវនោះ។ ទោះជាយ៉ាងនេះក្តី មានក្តីព្រួយបារម្ភជាច្រើនអំពីការអនុវត្តន៍ច្បាប់នេះ និងភាពជាក់លាក់នៃបទប្បញ្ញត្តិមួយចំនួន ដែលអាចបន្ថយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការជួបជុំ។ បន្ថែមលើសពីនេះ អាជ្ញាធរទាំងឡាយ ជាពិសេសនោះ អាជ្ញាធរមូលដ្ឋានគឺពុំបានយល់ដឹងច្បាស់លាស់ពីច្បាប់ ដូច្នោះហើយ ពួកគេអនុវត្តការងារហួសពីព្រំដែននៃបទប្បញ្ញត្តិនានានៃច្បាប់ ដោយរឹតត្បិតការជួបប្រជុំរបស់អង្គការមិនមែនរដ្ឋាភិបាល និងបាតុកម្មដោយសន្តិវិធីនានារបស់សហគមន៍។
ក្នុងឆ្នាំ២០១២ ជារឿយៗបាតុកម្មដោយសន្តិវិធីបានឈានដល់បង្កហិង្សាជាមួយនឹងការប្រើប្រាស់កម្លាំង ពុំសមាមាត្រដោយអាជ្ញាធរ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ លោក រ៉ុង បញ្ញា បុគ្គលិករបស់សហភាពសហជីពកម្ពុជា ត្រូវបានវាយដំ និងចាប់ខ្លួនដោយអាជ្ញាធរ ខណៈពេលដែលលោកបានកំពុងតែធ្វើការតវ៉ាដោយសន្តិវិធីជាមួយនឹងនិយោជិតជាច្រើនទៀតរបស់រោងចក្រតៃ ណាន។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១២ អំឡុងពេលនៃការតវ៉ានៅរោងចក្រមួយក្នុងខេត្តស្វាយរៀង អភិបាលក្រុង លោក ឈូក បណ្ឌិត បានបើកការបាញ់ប្រហារលើក្រុមបាតុករ ដែលបាញ់ឲ្យរបួសកម្មការិនីរោងចក្រចំនួន៣រូប ហើយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ក្មេងស្រីអាយុ១៤ឆ្នាំ ឈ្មោះ ហេង ចន្ថា ត្រូវបានបាញ់ស្លាប់នៅខេត្តក្រចេះ នៅពេលដែលនគរបាលបានបាញ់ប្រហារលើក្រុមអ្នកភូមិអំឡុងពេលនៃការបង្ក្រាបលើបាតុកម្មទាមទារសិទ្ធិដីធ្លីមួយ។ នៅខែធ្នូ ឆ្នាំ២០១២ ការចោទប្រកាន់ទាំងអស់លើរូបលោក ឈូក បណ្ឌិត ត្រូវបានទម្លាក់ចោលដោយសាលាដំបូងខេត្តស្វាយរៀង។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ កាសែត ឌឹខេមបូឌា ដេលី បានរាយការណ៍ថា អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានដាក់ពាក្យបណ្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀងចំពោះការលើកលែងការចោទប្រកាន់ទាំងអស់។ ខណៈដែលពុំមានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងចំពោះករណីឃាតកម្មលើកុមារី ហេង ចន្ថា នោះឡើយ ដែលនេះ ជាការបង្ហាញឲ្យឃើញពីភាពកម្សោយនៃប្រព័ន្ធតុលាការកម្ពុជា និងវប្បធម៌និទណ្ឌភាពដែលនៅតែកើតមានឡើងក្នុងប្រទេសកម្ពុជា។
|
|
សិទិ្ធដីធ្លី |
ការរំលោភបំពានលើសិទ្ធិដីធ្លី គឺប្រហែលជាទម្រង់នៃការបំពានសិទ្ធិមនុស្សមានលក្ខណៈជាទូលំទូលាយ និងជាទូទៅមួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការកើនឡើងជាសកលចំពោះតម្លៃដីធ្លី និងផលចំណេញផ្នែកហិរញ្ញវត្ថុដ៏ច្រើនពីដីសម្បទានសេដ្ឋកិច្ច (“ដ.ស.ស”) បាននាំឲ្យមានការកើនឡើងយ៉ាងរហ័សចំពោះចំនួននៃការបណ្តេញចេញដោយបង្ខំ។ បញ្ហាចម្បងៗមួយចំនួន ដែលបានបង្ហាញដោយលោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា រួមបញ្ចូលនូវបរាជ័យរបស់ រ.រ.ក ក្នុងការអនុវត្តន៍តាមក្របខណ្ឌច្បាប់ជាធរមាន នៅពេលផ្តល់ ដ.ស.ស ព្រមទាំង កង្វះតម្លាភាព និងភាពបើកទូលាយជាទូទៅចំពោះបញ្ហាដីធ្លី។ កម្រិតនៃអំពើហិង្សាដែលបានប្រើប្រាស់ដោយអាជ្ញាធរខណៈអនុវត្តការបណ្តេញចេញដោយបង្ខំធ្វើឲ្យមានការភ័យខ្លាច ហើយនៅក្នុងករណីមួយដែលនាំឲ្យមានការស្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅពេលអាជ្ញាធរបានបើកការបាញ់ប្រហារក្នុងការប៉ុនប៉ងដើម្បីបំបែកក្រុមអ្នកភូមិអំឡុងពេលការបណ្តេញដោយបង្ខំលើអ្នកភូមិប្រហែល១០០០ នាក់ក្នុងខេត្តក្រចេះ កាលពីខែឧសភា ឆ្នាំ២០១២។ ឧទាហរណ៍ដ៏ទៃទៀតនៃការប្រើអំពើហិង្សា និងកម្លាំងហួសហេតុជាផ្នែកមួយរបស់អាជ្ញាធរកម្ពុជា រួមទាំងការបណ្តេញចេញដោយបង្ខំលើអ្នកភូមិបុរីកីឡា ជាទីដែលអ្នកភូមិជាង៣០០គ្រួសារត្រូវបានបណ្តេញចេញដោយបង្ខំខណៈដែលផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញ កាលពីខែមករា ឆ្នាំ២០១២ ដែលធ្វើឲ្យអ្នកតវ៉ាជាច្រើននាក់ត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងតាមទំនើងចិត្ត។ ការបណ្តេញចេញដោយបង្ខំទាំងនេះបន្តសម្រួលដល់ការផ្ទេរទំហំដីដ៏ធំធេងពីអ្នកក្រ និងក្រុមមនុស្សដែលគេគិតថាមិនសូវសំខាន់ទៅឲ្យក្រុមអ្នកមានឥទ្ធិពលខាងសេដ្ឋកិច្ច និង នយោបាយមួយចំនួនតូច ដោយ ដ.ស.ស ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនជំនួញធំៗ ដែលភាគច្រើនមានទំនាក់ទំនងជាមួយនឹង គ.ប.ក។ មានការប៉ាន់ប្រមាណថា ប្រជាពលរដ្ឋប្រហែល៤០០,000នាក់ បានទទួលរងនូវផលប៉ះពាល់ដោយ ដ.ស.ស ក្នុងប្រទេសកម្ពុជានាទស្សវត្សរ៍កន្លងមក ខណៈដែលប្រជាពលរដ្ឋខ្មែរចំនួន១៤០នាក់ ត្រូវបានចាប់ ឬឃុំខ្លួនដោយការតវ៉ាប្រឆាំងទៅនឹង ដ.ស.ស នៅក្នុងឆ្នាំ២០១១ តែមួយប៉ុណ្ណោះ។ ថ្វីបើបច្ចុប្បន្ននេះ មានការផ្អាកជាបណ្តោះអាសន្នក្នុងការផ្តល់ ដ.ស.ស តែ រ.រ.ក នៅតែបន្តផ្តល់ដីសម្បទាន ដោយអះអាងថា នេះគឺជាការគោរពកិច្ចព្រងព្រៀងទាំងឡាយណាដែលបានធ្វើឡើងមុនការផ្អាកជាបណ្តោះអាសន្នចូលជាធរមាន។ ដោយពុំមានសេចក្តីបញ្ជាក់លម្អិតដែលអាចរកបានជាសាធារណៈនៃ ដ.ស.ស ដែលបានឯកភាពមុនពេលផ្អាកជាបណ្តោះអាសន្ន ហេតុនេះគ្មានតម្លាភាពនៅក្នុងដំណើរការផ្តល់ដីសម្បទាននោះទេ ហើយប្រជាពលរដ្ឋមានទំនុកចិត្តតិចតួចនៅក្នុងប្រព័ន្ធមួយដែលមិនអាចស្វែងរកបាន និងមានលក្ខណៈសម្ងាត់។
ក្នុងខែមិថុនា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនូវគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដ៏ធំមួយ ដោយក្រុមនិស្សិតស្ម័គ្រចិត្តនឹងចុះវាស់វែងដីធ្លីប្រមាណជា៤លានក្បាលដី និងផ្តល់ប្លង់រឹងជូនអ្នកភូមិនៅ ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយនូវភាពតានតឹងដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងវិវាទដីធ្លី។ ជោគជ័យ ឬបរាជ័យនៃគម្រោងនេះនៅតែត្រូវបានគេរង់ចាំមើល ប៉ុន្តែមានអ្នកអត្ថាធិប្បាយជាច្រើនរិះគន់លើគម្រោងផែនការនេះថា ហាក់ដូចជាពុំបានផ្តល់ការបណ្តុះបណ្តាលគ្រប់គ្រាន់ដល់ក្រុមនិស្សិតស្ម័គ្រចិត្ត ហើយនឹងជៀសពុំវាស់ដីដែលមានជម្លោះ។ និយាយរួមទៅ គម្រោងនេះហាក់ដូចជានឹងផ្តល់តិចតួចទេក្នុងការដោះស្រាយស្ថានភាពនៃទំនាស់ដីធ្លីដែលគួរឲ្យព្រួយបារម្ភដែលកំពុងតែកើនឡើងក្នុងប្រទេសកម្ពុជា។ រឹតគួរឲ្យព្រួយបារម្ភទៅទៀតនោះគឺថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ជនទាំងឡាយណាដែលស្វែងរកជំនួយពីអង្គការនានាចំពោះជម្លោះដីធ្លី នឹងត្រូវទទួលរងពិន័យដោយវិធានការដកហូតសិទ្ធិទទួលបានប្លង់រឹង ហើយការថ្លែងទៅកាន់និស្សិតជិត១,០០០នាក់ កសិករ និងក្រុមមន្ត្រីរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រមានថា កុំធ្វើឲ្យបញ្ហាដីធ្លីក្លាយជារឿងនយោបាយ ឬពង្រីកជម្លោះដីធ្លី និងបើយោងតាមសេចក្តីរាយការណ៍របស់កាសែត ឌឹ ខេមបូឌា ដេលី ចុះផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានសរសេរថា៖ “ខ្ញុំនឹងមិនដោះស្រាយ និងបញ្ឈប់ការដោះស្រាយ [បញ្ហាដីធ្លីនានា] ដរាបណាមានការពាក់ព័ន្ធពីអ្នកនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ឬគណបក្សនយោបាយនានា។” ទោះបីជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ក្នុងបទអត្ថាធិប្បាយរបស់លោក ប៉ុន្មានថ្ងៃបន្ទាប់មកទៀត និងបានបន្ធូរបន្ថយពាក្យសម្តីរបស់លោក នៅតែមានក្តីព្រួយបារម្ភ ដោយសារតែសម្តីរបស់លោកនាយករដ្ឋ មន្ត្រី បង្ហាញពីភាពគ្មានឆន្ទៈរបស់រដ្ឋាភិបាលក្នុងការធ្វើការងារជាមួយសង្គមស៊ីវិលដើម្បីដោះស្រាយនូវកំណែទម្រង់ដីធ្លី។
|
|
សិទិ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងស្ថាប័នតុលាការកម្ពុជា |
ទោះបីជាមានភាពរីកចម្រើនដោយពុំប្រែប្រួលក្នុងការប្រកាន់ខ្ជាប់ចំពោះនីតិវិធីមួយចំនួនដែលគាំទ្រដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌យ៉ាងណាក្តី នៅតែមានចំណុចគួរឲ្យព្រួយបារម្ភជាច្រើន។ បញ្ហាចម្បងមួយក្នុងចំណោមបញ្ហានានា ដែលប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅ កម្ពុជា គឺកង្វះការបែងចែកអំណាច និងឥទ្ធិពលបន្តបន្ទាប់ដែលអង្គនីតិប្រតិបត្តិអាចប្រើប្រាស់អំណាចរបស់ខ្លួនលើស្ថាប័នតុលាការ។ នៅខណៈដែល រ.រ.ក បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីធ្វើកំណែទម្រង់ច្បាប់ និង ប្រព័ន្ធតុលាការ ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការរបស់ខ្លួន ការវិវឌ្ឍន៍ដ៏តិចតួចបានធ្វើឡើង ហើយការរីកចម្រើនលើវិស័យច្បាប់ និងប្រព័ន្ធតុលាការបានធ្លាក់ជាខ្លាំងក្រោយការវិវឌ្ឍន៍ដែលបានសម្រេចក្នុងវិស័យដ៏ទៃផ្សេងទៀត។ មានគម្លាតកាន់តែធំរវាងការធានា និងបទដ្ឋាននានា ដែលចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញដោយសំដៅលើតួនាទីនៃស្ថាប័នតុលាការ និងវីធីដែលតុលាការបំពេញមុខងារជាក់ស្តែងរបស់ ខ្លួន។ ដោយសារតែគម្លាតកាន់តែរីកធំឡើង ចន្លោះសម្រាប់ការរិះគន់ និងកិច្ចពិភាក្សាកំពុងតែរួមតូចទៅៗនៅគ្រាដែលតុលាការត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីបំបិទសំឡេងប្រឆាំងនិងក្រុមអ្នកជំទាស់។
បទដ្ឋានទទួលបានការជំនុំជម្រះដោយយុត្តិធម៌ជាអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ក្នុងច្បាប់កម្ពុជានិងច្បាប់អន្តរជាតិកំពុងតែត្រូវបានធ្វើឲ្យធ្លាក់ចុះកិត្យានុភាពតាមរយៈ ការអនុវត្តន៍មួយចំនួនដែលបន្តមាននៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។ ជាញឹកញាប់ ចៅក្រមខកខានពុំបានផ្តល់ប្រឹក្សាដល់ជនជាប់ចោទឲ្យបានត្រឹមត្រូវអំពីសិទ្ធិកំណត់ដោយច្បាប់របស់ពួកគេ និងនៅពេលដែលជនជាប់ចោទត្រូវបានរំឭកពីសិទ្ធិរបស់ខ្លួន ជាទម្លាប់ចៅក្រមពុំបានផ្តល់ការពន្យល់គ្រប់គ្រាន់ដល់ពួកគេនោះទេ។ ក្នុងអំឡុងរយៈពេលនៃរបាយការណ៍លើកទីប្រាំរបស់គម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក ចៅក្រមបានជម្រាប និងពន្យល់អំពីសិទ្ធិរបស់ជនជាប់ចោទដែលត្រូវទទួលបានតំណាងស្របច្បាប់ និងសិទ្ធិពុំនិយាយស្តីមានត្រឹមតែ២ភាគរយនៃសំណុំរឿងទាំងអស់។ ក្នុងអំឡុងរយៈពេលនៃរបាយការណ៍ដូចគ្នានេះ ចៅក្រមបានទទួលទូរសព្ទក្នុងអំឡុងពេលជំនុំជម្រះមាន៣២ភាគរយ។ អាកប្បកិរិយាបែបនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សច្ចភាពនៃនីតិវិធីច្បាប់ និងពុំបានធ្វើអ្វីសោះ ដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះនៃវិជ្ជាជីវៈក្នុងចំណោមតុលាការ។ ការឃុំខ្លួនបណ្តោះអាសន្នមុនសវនាការនៅតែបន្តប្រើក្នុងករណីជាច្រើន បើទោះជាក្រម នីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា (ក្រ.នី.ព.ក) ចែងយ៉ាងច្បាស់ថា បុគ្គលណាដែលត្រូវបានចោទប្រកាន់ពីបទល្មើសត្រូវតែមានសេរីភាព ល្គឹកណាតែមាន កាលៈទេសៈពិសេសនៅពេលដែលលក្ខណៈវិនិច្ឆ័យជាក់លាក់អនុវត្តបាន។
|
|
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា |
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (“ អ.វ.ត.ក”) ដែលជាតុលាការកូនកាត់មួយបង្កើតឡើងដោយកិច្ចព្រមព្រៀងរវាង រ.រ.ក និងអង្គការសហប្រជាជាតិ (“អ.ស.ប”) ព្រមទាំងមានយុត្តាធិការលើមេដឹកនាំកំពូលៗនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជនសង្ស័យដែលទទួលខុសត្រូវខ្ពស់បំផុតសម្រាប់ការរំលោភបំពានដ៏ធ្ងន់ធ្ងរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តក្នុងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បច្ចុប្បន្ននេះបានបញ្ចប់សំណុំរឿង០០១ដោយផ្តន្ទាទោសលើរូបលោក កាំង ហ្គិចអៀវ (ហៅឌុច)។ លោក ឌុច ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងការរំលោភបំពានដ៏ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងស្សឺណែវ សម្រាប់តួនាទីរបស់លោកក្នុងការបង្កើត និងគ្រប់គ្រងលើមន្ទីឃុំឃាំង ស-២១ ដ៏ល្បី និងវាលពិឃាតជើងឯក។ បន្ទាប់ពីការផ្តន្ទាទោសដំបូងលើលោក ឌុច ឲ្យជាប់ពន្ធនាគារ៣៥ឆ្នាំ ត្រូវបានប្តឹងឧបាស្រ័យដោយសហព្រះរាជអាជ្ញា លោក ឌុច បានទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត។
បច្ចុប្បន្ននេះ អ.វ.ត.ក កំពុងតែបើកសវនាការលើសំណុំរឿង០០២ ដែលពាក់ព័ន្ធជាមួយនឹង លោក នួន ជា (អតីតប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យ និងអគ្គលេខាធិការរងនៃគណបក្សកុម្មុយនីស្ត កម្ពុជា) លោកខៀវ សំផន (អតីតប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ) និងលោក អៀង សារី(អតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស)។ លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានជាប់ពិរុទ្ធក្នុងសំណុំរឿង០០២ដែរ ប៉ុន្តែ តុលាការបានសម្រេចថា លោកស្រីពុំសមនឹងទទួលការវិនិច្ឆ័យទោសទេ ដោយហេតុផលថា លោកស្រីមានជំងឺវិកលចរិកធ្ងន់ធ្ងរហើយដំណើរការផ្នែកនីតិវិធីប្រឆាំងលើរូបលោកស្រីបានព្យួរ។
សំណុំរឿង០០៣ និងសំណុំរឿង០០៤ បានឡោមព័ទ្ធទៅដោយភាពចម្រូងចម្រាស ដោយមានការអះអាងពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល និងពុំមានឆន្ទះស៊ើបអង្កេតចោទប្រកាន់លើជនសង្ស័យប្រាំរូបបន្ថែមទៀត ដែលរហូតដល់ពេលនេះ ពុំទាន់បានបង្ហាញឈ្មោះ។ យ៉ាងណាក្តី បច្ចុប្បន្ននេះមេធាវីការពារក្តីត្រូវបានតែងតាំងរួចហើយដើម្បីតំណាងឲ្យជនសង្ស័យក្នុងសំណុំរឿងទាំងនេះ ដែលបង្ហាញថា ការវិឌ្ឍន៍មួយចំនួនកំពុងតែកើតមានឡើង។
អ.វ.ត.កមានសក្តានុពលអស្ចារ្យបន្សល់ទុកនូវមរតកវិជ្ជមានដល់ប្រព័ន្ធតុលាការក្នុងស្រុករបស់កម្ពុជា។ ទោះបីជាតាមវិធីណាក៏ដោយ ដែលតុលាការនេះមិនអាចធ្វើជាតុលាការគំរូ លើកលែងតែតុលាការនេះជាចុងក្រោយបានទទួលជោគជ័យក្នុងការអនុវត្តតាមបទដ្ឋានជំនុំជម្រះអន្តរជាតិ ក្នុងករណីដែលខ្លួនបានជំនុំជម្រះនោះ ប៉ុន្តែការអនុវត្តតាមយុត្តិសាស្ត្ររបស់ អ.វ.ត.ក ក្នុងតុលាការក្នុងស្រុក ជាលទ្ធផលអាចជួយ “នាំយកសំណុំរឿងនានាក្នុងថ្នាក់ជាតិ ឲ្យអនុលោមតាមបទដ្ឋានអន្តរជាតិ”។ សភាព អ.វ.ត.ក ដែលជាតុលាការក្នុងស្រុក មានន័យថា សេចក្តីសម្រេចរបស់តុលាការនេះ អាចអនុវត្តបាននៅក្នុងតុលាការក្នុងស្រុក ក្របខណ្ឌថ្នាក់តំបន់ ប៉ុន្តែ តុលាការនេះនឹងអាចប្រើប្រាស់ នូវសក្តានុពលរបស់ខ្លួនហើយអាចជះឥទ្ធិពលជាវិជ្ជមានលើប្រព័ន្ធច្បាប់កម្ពុជា ប្រសិនបើ អ.វ.ត.ក នេះមានភាពជោគជ័យក្នុងការអនុវត្តន៍តាមបទដ្ឋានជំនុំជម្រះយុត្តិធម៌អន្តរជាតិឲ្យបានត្រឹមត្រូវ និងយ៉ាងសមស្រប។
|
|
សិទ្ធិរស់រានមានជីវិត |
ខណៈដែលចំនួននៃការសម្លាប់ក្រៅប្រព័ន្ធតុលាការត្រូវបានមើលឃើញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីទស្សវត្សរ៍ទី៩០ ប៉ុន្តែមានការសម្លាប់ខុសច្បាប់ជាច្រើនករណីក្នុងប៉ន្មានឆ្នាំថ្មីៗនេះ និងការខកខានមិនបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវចំពោះករណីថ្មីៗទាំងនេះ ក៏ដូចជាករណីមុនៗដែលជាប់ពាក់ព័ន្ធទៅនឹងឃាតកម្មនានាដោយសង្ស័យថាមានការគាំទ្រពីរដ្ឋាភិបាល។
ឆ្នាំ២០១២បានបង្ហាញពីការពន្យាពេលបន្ថែម លើសាលដីកាឧទ្ធរណ៍ក្នុងសំណុំរឿងលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលអ្នកទាំងពីរបានត្រូវផ្តន្ទាទោសក្នុងករណីឃាតកម្មលើមេដឹកនាំសហជីពដ៏ល្បីល្បាញគឺលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ ដែលលោកត្រូវឃាតករបាញ់សម្លាប់ទាំងថ្ងៃត្រង់ នៅកណ្តាលទីក្រុងភ្នំពេញ។ អវត្តមាននៃភស្តុតាងដែលបង្ហាញថាមានពិរុទ្ធភាពណាមួយភ្ជាប់លោក ប៊ន សំណាង និងលោក សុក សំអឿន និងរឿងឃាតកម្ម បានធ្វើឲ្យចៅក្រមស៊ើបអង្កេតដំបូងក្នុងករណីនេះ គឺលោកចៅក្រម ហ៊ីង ធីរិទ្ធ ដោះលែងអ្នកពីរនាក់នោះ។ ក្នុងសំណុំរឿងមួយនេះ ត្រូវបានរិះគន់ជាទូទៅថា ជាការបិទបាំងនូវការពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងករណីឃាតកម្មនេះ ហើយលោកចៅក្រម ហ៊ីង ធីរិទ្ធ ត្រូវបានដកចេញពីមុខតំណែងភ្លាមៗ ហើយចាត់តាំងឲ្យទៅបំពេញការងារនៅតុលាការខេត្តដាច់ស្រយ៉ាល។ លោកប៊ន សំណាង និងលោកសុក សំអឿន ក្នុងពេលក្រោយមកត្រូវបានកាត់ទោសពីបទមនុស្សឃាត ដោយម្នាក់ៗ ត្រូវជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ក្រោមការសម្រេចរបស់ ‘សវនាការដែលមិនយុត្តិធម៌ទាំងស្រុង’។ បន្ទាប់ពីចាញ់ក្តីក្នុងសំណុំរឿងឧទ្ធរណ៍នៅឆ្នាំ២០០៧ តុលាការកំពូលបានបញ្ជាឲ្យមានការស៊ើបអង្កេតសាជាថ្មី ចំពោះសំណុំរឿងនោះ ហើយបុរសពីររូបនេះ ត្រូវបានដោះលែងដោយធ្វើការព្យួរសាលក្រម សាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេច លើបុរសទាំងពីរនាក់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ហើយបាន ផ្តន្ទាទោសឡើងវិញលើបុរសទាំងពីរ ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ បើទោះជាពុំមានភស្តុតាងថ្មីត្រូវបានបង្ហាញនៅក្នុងសវនាការក៏ដោយ។មានការជឿជាក់ជាទូទៅថា ឃាតករពិតប្រាកដនឹងមិនត្រូវបាននាំយកមកផ្តន្ទាទោសនោះទេ។
ឆ្នាំ២០១២ ក៏បានបង្ហាញឲ្យឃើញផងដែរនូវករណីឃាតកម្មលើរូបលោក ឈុត វុទ្ធី កុមារី ហេង ចន្ថា(សូមមើលផ្នែកសេរីភាពជួបជុំនៅខាងលើ) និងករណីឃាតកម្មលើរូបលោក ហង្ស សិរីឧត្តម។ ក្នុងករណីឃាតកម្មលើរូបលោកឈុត វុទ្ធី និង កុមារីហេង ចន្ថា ពុំមានការស៊ើបអង្កេតចំពោះការស្លាប់របស់ពួកគេដែលបានកើតឡើងនោះទេ ខណៈពេលដែលករណីឃាតកម្មលើលោក ហង្ស សិរីឧត្តម បានត្រូវស៊ើបអង្កេត អ្នករិះគន់បានលើកឡើងថា ការស៊ើបអង្កេតមិនទាន់ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ឬពុំគ្រប់គ្រាន់ ហើយភរិយាមេម៉ាយរបស់លោកហង្ស សិរីឧត្តម ជឿថា ជនសង្ស័យផ្សេងទៀតត្រូវបានគេអនុញ្ញាតិឲ្យមានសេរីភាពនៅឡើយ។
លោកឈុត វុទ្ធី ជាវីរជនផ្នែកបរិស្ថាន និងជានាយកនៃអង្គការមិនមែនរដ្ឋាភិបាល អង្គការការពារធនធានធម្មជាតិ។ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១២ ក្នុងពេលឃ្លាំមើលការកាប់ឈើខុសច្បាប់ និងការប្រមូលផលវល្លិរមៀតដ៏គួរឲ្យសង្ស័យ ដែលវល្លិ៍រមៀតត្រូវបានប្រើក្នុងការផលិតថ្នាំញៀនខុសច្បាប់ លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ កំឡុងពេលឧបទ្ទវហេតុនោះ មន្ត្រីកងរាជអាវុធហត្ថ លោកអ៊ិន រតនា ក៏ត្រូវបានសម្លាប់ដែរ។ ក្នុងរយៈពេលភ្លាមៗបន្ទាប់ពីការស្លាប់នេះ មូលហេតុដែលមិនគួរឲ្យជឿមួយចំនួនត្រូវបង្ហាញឡើងដោយក្រុមអាជ្ញាធរ។ ករណីនោះត្រូវបានរាយការណ៍ជាជំហានដំបូងថា អ៊ិន រតនា បានបាញ់សម្លាប់លោកឈុត វុទ្ធី ហើយខណៈពេលដែលបាញ់នោះ គ្រាប់កាំភ្លើងមួយចំនួនបានផ្លាតចេញពីឡានរបស់លោក ឈុត វុទ្ធី ហើយបានធ្វើឲ្យលោក អ៊ិន រតនាត្រូវស្លាប់។ ដោយមានភាពមិនជឿជាក់កើតឡើងយ៉ាងទូលំទូលាយ លើការបកស្រាយចំពោះព្រឹត្តិការណ៍នេះ ហេតុការណ៍ជាផ្លូវការត្រូវបានប្តូរ ហើយត្រូវបានរាយការណ៍ថា បន្ទាប់ពីការសម្លាប់លោកឈុត វុទ្ធី លោកអ៊ិន រតនា បានបង្វែរកាំភ្លើងមករូបគាត់ រួចធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងចំនួនពីរគ្រាប់ មួយគ្រាប់ចំពោះ និងមួយគ្រាប់ចំទ្រូង។ ការបកស្រាយចុងក្រោយចំពោះព្រឹត្តិការណ៍នេះគឺថា រ៉ាន់ បូរ័ត្ន ជាភ្នាក់ងារសន្តិសុខក្រុមហ៊ុន បានសម្លាប់ លោកអ៊ិន រតនា ដោយចៃដន្យ ខណៈពេលដែលលោកព្យាយាមទាញកាំភ្លើងចេញ បន្ទាប់ពីលោក រតនា បានបាញ់សម្លាប់លោកឈុត វុទ្ធី។ លោករ៉ាន់ បូរ័ត្ន ទទួលសារភាពថា គាត់សម្លាប់លោក អ៊ិន រតនាដោយអចេតនា ហើយលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធធានាគាររយៈពេល២ឆ្នាំ។ ទោសចំនួន១៨ខែត្រូវបានព្យួរ ហើយ បច្ចុប្បន្ននេះ លោក រ៉ាន់ បូរ័ត្ន មានសេរីភាព។ ដោយសារតែអង្គហេតុដែលអាជ្ញាធរឲ្យលោកអ៊ិន រតនា ទទួលខុសត្រូវចំពោះការស្លាប់របស់លោក ឈុត វុទ្ធី សំណុំរឿងឃាតកម្មប្រឆាំងរូបលោក ត្រូវបានទម្លាក់ចោលកាលពីខែតុលា ឆ្នាំ២០១២ ដោយសារលោកជាជនសង្ស័យតែម្នាក់គត់ក្នុងការស្លាប់របស់លោកឈុតវុទ្ធី ហើយលោកក៏ត្រូវបានស្លាប់ផងដែរ។ រហូតមកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅនៅឡើយទេថាតើលោក ឈុត វុទ្ធី ត្រូវបានសម្លាប់ដោយរបៀបណានោះទេ។
លោក ហង្ស សិរីឧត្តម អ្នកសារព័ត៌មានរបស់កាសែតវីរៈជនខ្មែរ ដេលី ត្រូវបានគេរកឃើញសាកសពក្នុងឃ្លុបរថយន្តរបស់គាត់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ក្នុងខេត្តរតនៈគិរី។ គាត់ត្រូវឃាតករវាយនឹងដំបងរហូតដល់ស្លាប់។ លោកបានធ្វើការរាយការណ៍លើករណីកាប់ឈើខុសច្បាប់ ដោយបានលាតត្រដាងករណីនានាទាក់ទងនឹងក្រុមជនដែលមានទំនាក់ទំនងជាមួយអ្នកមានអំណាច។ ខណៈពេលដែលមន្ត្រីកងរាជអាវុធហត្ថមួយរូប និងភរិយារបស់គាត់ ដែលនៅតែពុំព្រមសារភាពពីទោសកំហុស ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន ពុំមានកាលបរិច្ឆេទត្រូវបានកំណត់ចំពោះការកាត់ក្តីនោះទេ ហើយអ្នកវិភាគជាច្រើនជឿថា ការស៊ើបអង្កេតនេះពុំទាន់បានគ្រប់គ្រាន់ហើយនៅមានជនសង្ស័យច្រើនទៀតពាក់ព័ន្ធ។
|
|
សិទ្ធិរបស់ជនជាតិភាគតិច |
ទីទាំងភូមិសាស្ត្រដាច់ស្រយ៉ាលនៅក្នុងតំបន់ដែលសម្បូរធនធានធម្មជាតិរបស់ប្រទេស និងបរាជ័យនៃក្របខណ្ឌច្បាប់ភូមិបាល ក្នុងការផ្តល់នូវកម្មសិទិ្ធដីធ្លីសមូហភាពឲ្យបានគ្រប់គ្រាន់ បង្ហាញឲ្យឃើញថា ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជាកំពុងតែទទួលរងផលប៉ះពាល់ និងគំរាមកំហែងដោយសារតែការលក់ដីរបស់ប្រទេសដ៏ច្រើនសន្ធឹកទៅឲ្យក្រុមហ៊ុនឯកជនតាមរូបភាពដីសម្បទានសេដ្ឋកិច្ច ។ ដូច្នេះ សហគមន៍ទាំងនេះជាញឹកញាប់ស្ថិតក្រោមការបណ្តេញចេញដោយបង្ខំ ហើយស្រដៀងគ្នាទៅនឹងសហគមន៍ដ៏ទៃទៀត ដែលមានលទ្ធភាពទទួលបានសំណង និងដំណោះស្រាយតិចតួចណាស់។ លើសពីនេះ ដំណើរការនៃការផ្តល់ប័ណ្ណកម្មសិទ្ធដីឯកជន ជាជាងដីសហគមន៍ ឬដីសមូហភាព កំពុងតែធ្វើឲ្យមានផលប៉ះពាល់ជាខ្លាំងដល់កជំនឿ និងការអនុវត្តន៍ទៅតាមប្រពៃណីទំនៀមទំលាប់។ ឈ្មោះរបស់ប្រជពលរដ្ឋជនជាតិដើមភាគតិចជាញឹកញាប់ត្រូវបានគេប្រើប្រាស់ក្នុងន័យប្រមាថមាក់ងាយ ក្នុងនោះរួមទាំងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងអ្នកនយោបាយផងដែរ។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១២ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោកឈាង វ៉ុន បានប្រៀបប្រដូចប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ថាជា “ព្នង” ដែលជាឈ្មោះរបស់ជនជាតិដើមភាគតិចពីទិសឦសានរបស់ប្រទេសកម្ពុជា ដើម្បីពិពណ៌នាគាត់ថា “គ្មានភាពរីកចម្រើន” ក្នុងសម័យប្រជុំរបស់រដ្ឋសភា។ បន្ទាប់ពីមានសម្ពាធពីសង្គមស៊ីវិលហើយជាពិសេសពីសមាគមយុវជនជនជាតិភាគតិច លោកឈាង វ៉ុន បានសន្យាធ្វើការសុំទោសក្នុងកិច្ចប្រជុំរដ្ឋសភាបន្ទាប់។
បញ្ហានានាបានចាក់ឫសគល់ដ៏ជ្រៅ ៖ យោងតាមជំពូក៣ រដ្ឋធម្មនុញ្ញ ផ្តល់សិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋដល់ “ពលរដ្ឋខ្មែរគ្រប់រូប” តែបែរជាមានការបដិសេធសិទ្ធិលើក្រុមជនជាតិភាគតិចក្នុងប្រទេសកម្ពុជា។ ដោយសារតែត្រូវបានឲ្យប្ដូរទីតាំងក្នុងពេលអតីត និងការខ្វះខាតឯកសារ គឺធ្វើឲ្យពិបាកដល់ជនជាតិភាគតិចដើម្បីបង្ហាញពីពូជពង្សរបស់ពួកគេ។ មានការរាយការណ៍មកថា តាមច្បាប់ស្តីពីសញ្ញាតិក្នុងពេលបច្ចុប្បន្ននេះ ជនជាតិភាគតិចពុំអាចបង្ហាញថា ពួកគេគឺជាពលរដ្ឋកម្ពុជានោះទេ ដូច្នេះហើយពួកគេត្រូវតែសម្រេចចិត្តផ្តល់សំណូកយ៉ាងច្រើនក្រាសក្រែល។ លទ្ធផលចុងក្រោយគឺថា ច្បាប់ក្នុងស្រុកកម្ពុជា មានចេតនាបដិសេធដោយស្របច្បាប់នូវសិទ្ធិមនុស្សជាមូលដ្ឋានជាច្រើន មកលើជនជាតិភាគតិច។
ស្រដៀងគ្នានេះ ទស្សនៈប្រកាន់ពូជសាសន៍នៅតែបន្តមកលើជនជាតិវៀតណាមក្នុងប្រទេសកម្ពុជា។ មានការរាយការណ៍ថា ការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនជាតិវៀតណាមគឺពេលខ្លះត្រូវបានឆ្លើយតបមកវិញដោយគំនុំ ហើយអ្នកនយោបាយក៏ប្រើប្រាស់ពាក្យស្លោកប្រឆាំងនឹងជនជាតិវៀតណាមម្តងម្កាលដែរ។ ជាងនេះទៅទៀតនោះ កម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រទទួលបានផលប្រយោជន៍ពីគោលការណ៍ជនភៀសខ្លួនអន្តរជាតិ បន្ត ‘ធ្វើមាតុភូមិនិវត្ត’ សមាជិកនៃជនជាតិភាគតិចដែលត្រូវបានគេធ្វើទុក្ខបុកម្នេញភៀសខ្លួនទៅប្រទេសវៀតណាម នេះរួមទាំង មុនតាកណាត គ្រិស្តបរិស័ទ និង ខ្មែរក្រោម។
ជាចុងក្រោយ ក្រុមស្ត្រីស្រលាញ់ស្ត្រី បុរសស្រលាញ់បុរស អ្នកស្រលាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ (“ភ.ដ.ព.ប”) របស់កម្ពុជា បន្តរងគ្រោះពីការរើសអើង និងការរំលោភបំពាន រួមទាំងអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើងក្នុងវិស័យអបំរំ និងកន្លែងការងារ និងផ្នែកសុខាភិបាល និងការបដិសេធពីសង្គម និងគ្រួសារ។ ខណៈពេលដែលការរួមភេទដូចគ្នាមិនមែនជាបទល្មើសព្រហ្មទណ្ឌនៅក្នុងប្រទេសកម្ពុជា កង្វះវិធានការណ៍ប្រឆាំងការរើសអើង និងបទប្បញ្ញត្តិឧក្រិដ្ឋប្រឆាំងការស្អប់ខ្ពើម និងគោលនយោបាយ យុត្តិសាស្ត្រ ដើម្បីដោះស្រាយការរើសអើង ប្រឆាំងនិង ភ.ដ.ព.ប មានន័យថា មុខសញ្ញាចំពោះការរើសអើង និងអំពើហិង្សាមានលទ្ធភាពក្នុងការប្តឹងតបតាមច្បាប់តិចតួចណាស់។
|
|
ស្ថានភាពលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា |
ការមានអំណាចគ្របដណ្ដប់លើស្ថាប័នរដ្ឋនានារបស់គណបក្សប្រជាជនកម្ពុជា (គ.ប.ក) បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើបទប្បញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធដ៏ទៃទៀតដែលគាំពារដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ តុលាការដែលបត់បែនតាមនយោបាយ ត្រូវគេប្រើប្រាស់ដើម្បីយាយីរំខានមកលើអ្នកដែលមាននិន្នាការប្រឆាំង សមាជិកព្រឹទ្ធសភាដែលមានអំណាចអាចទន្ទ្រានដោយរំលោភលើសិទ្ធិដីធ្លីរបស់សហគមន៍ និងសេវាសន្តិសុខបំរើផលប្រយោជន៍ឲ្យបុគ្គលមានអំណាច ហើយធ្វើបាបដល់ប្រជាពលរដ្ឋក្រីក្រទាំងនៅទីប្រជុំជន និងទីជនបទ។ ការលាយចម្រុះរវាងបរិយាកាសគាបសង្កត់កំពុងតែកើនឡើង ជាមួយនឹងដំណើរការបោះឆ្នោតដែលមានភាពខ្វះចន្លោះ កំពុងតែនាំឲ្យប្រជាពលរដ្ឋបាត់បង់នូវផលប្រយោជន៍ក្នុងដំណើរការបោះឆ្នោត ៖ ចំនួនអ្នកចូលរួមបោះឆ្នោតកំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ខែមិថុនា ឆ្នាំ២០១២ មាន៦០% ធ្លាក់ចុះពី៨៧%រយៈពេល១០ឆ្នាំកន្លងទៅ។ អំណាចគ្រប់គ្រងដ៏លើសលប់របស់ គ.ប.ក ក្នុងគ្រប់ទិដ្ឋភាពនៃនយោបាយនាំឲ្យមានដំណើរការបោះឆ្នោតមួយដែលមិនឯករាជ្យ និងគ្មានតម្លាភាព។ បន្ថែមលើកង្វះខាតឯករាជ្យភាព និងតម្លាភាពក្នុងដំណើរការបោះឆ្នោត និងការគ្រប់គ្រងរបស់ គ.ប.ក លើស្ថាប័នរដ្ឋទាំងអស់នេះ ស្ថានភាពនយោបាយកម្ពុជាត្រូវបានចាត់ទុកថាជារឿងបន្ទាប់បន្សំ និងការបែកបាក់ជាផ្នែកៗនៃសង្គមកម្ពុជា ដែលអាចរួមចំណែកយ៉ាងច្រើនទៅក្នុងប្រទេសជាតិ៖ ស្ត្រី យុវជន ហើយនិងធុរកិច្ចខ្នាតតូច។
គណបក្សប្រជាជនកម្ពុជា
ការបោះឆ្នោតថ្នាក់ជាតិថ្មីៗបំផុតដែលបានប្រព្រឹត្តទៅកាលពីខែកក្កដា ឆ្នាំ២០០៨ គ.ប.ក ទទួលបាន៩០អាសនៈក្នុងចំណោមអាសនៈចំនួន ១២៣ នៅ រដ្ឋសភា (“រ.ស”) អំណាចរបស់ គ.ប.ក ត្រូវបានពង្រឹងតាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានអនុម័តក្នុងឆ្នាំ២០០៦ ដែលបានបន្ទាបសំឡេងភាគច្រើនដែលត្រូវតម្រូវសម្រាប់ រ.ស ក្នុងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះ រ.រ.ក ពីសំឡេង២/៣នៃសមាជិក រ.ស ទៅត្រឹមភាគច្រើនដាច់ខាត ហើយជួយសម្រាលនូវសេចក្តីត្រូវការដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ និងធ្វើកិច្ចព្រមព្រៀងជាមួយនឹងគណបក្សតូចៗនានា។ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ⁄សង្កាត់ ក្នុងខែមិថុនា ឆ្នាំ២០១២ គ.ប.ក ទទួលបានអាសនៈ១.៥៩២ ក្នុងចំណោមអាសនៈសរុបចំនួន១.៦៣៣ ដែលរួមជាមួយនឹងការគ្រប់គ្រងលើ រ.ស ផងនោះ បង្ហាញពីភាពផ្តាច់មុខ ដែល គ.ប.ក កំពុងតែកាន់កាប់លើអំណាចនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងប្រទេស។ ក្រុមប្រឹក្សាឃុំ⁄សង្កាត់ បម្រើឲ្យកិច្ចការមូលដ្ឋាន សម្រាប់ផលប្រយោជន៍ឃុំ⁄សង្កាត់ និងធ្វើជាភ្នាក់ងាររបស់រដ្ឋាភិបាល បំពេញមុខងារដែលត្រូវបានចាត់តាំង ឬប្រតិភូកម្មអំណាចឲ្យដោយ រ.រ.ក។ សសរស្តម្ភនៃយុទ្ធសាស្ត្រចតុកោណសម្រាប់ការអភិវឌ្ឍន៍ឆ្នាំ២០០៤ គោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់ រ.រ.ក ផ្សារភ្ជាប់នូវសារៈសំខាន់នៃក្រុមប្រឹក្សាឃុំ⁄សង្កាត់ជាមួយការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ឃុំ/សង្កាត់ទាំងនេះ ទទួលខុសត្រូវសម្រាប់ការជ្រើសរើសប្រធានភូមិចំនួន១៣.០០០ នាក់ និងបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាស្រុកនៅទូទាំងប្រទេស។ អំណាចគ្របដណ្តប់របស់ គ.ប.ក មាននៅគ្រប់ទិដ្ឋភាពទាំងអស់នៃនយោបាយ ធ្វើឲ្យដំណើរការបោះឆ្នោតពុំមានឯករាជ្យភាព និងគ្មានតម្លាភាព។ ការគ្រប់គ្រងរបស់ គ.ប.ក លើរដ្ឋ បាលថ្នាក់មូលដ្ឋានធានាការត្រួតពិនិត្យលើបញ្ជីឈ្មោះអ្នកបោះឆ្នោត បើតាមការប៉ាន់ប្រមាណធ្វើឲ្យ មានអ្នកគាំទ្រគណបក្សប្រឆាំងមួយលាននាក់បានកំពុងត្រូវបានគេដកហូតសិទ្ធិ ប្រហែលជាមានចំនួនដដែល ដែលបែងចែក គ.ប.ក ពីសំឡេងប្រឆាំងដែលរួបរួមគ្នាក្នុងការបោះឆ្នោតឆ្នាំ២០០៨។
ការប្រឆាំងផ្នែកនយោបាយ
ការគ្រប់គ្រងដ៏លើសលប់លើស្ថាប័នរដ្ឋាភិបាលនិង ដំណើរការបោះឆ្នោត តាមរយៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (“គ.ជ.ប”) ដែលពុំមានភាពឯករាជ្យ បានរារាំងជាខ្លាំងដល់លទ្ធភាពរបសគណបក្សប្រឆាំងក្នុងការក្លាយជាកម្លាំងតុល្យភាពក្នុងនយោបាយប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១២ គណបក្សសម រង្ស៊ី (“គ.ស.រ”) និងគណបក្សសិទ្ធិមនុស្ស (“គ.ស.ម”) បានរួមបញ្ចូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិកម្ពុជា (“គ.ស.ជ.ក”) ក្នុងការប៉ុនប៉ងដើម្បីបង្រួបបង្រួមសំឡេងប្រឆាំង និងដើម្បីធ្វើឲ្យមានឧបសគ្គដ៏គួរឲ្យភ័យខ្លាច និងដែលរួបរួមជាងមុន សម្រាប់ គ.ប.ក នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ ស្រដៀងគ្នានេះដែរ គណបក្សរាជានិយមចំនួនពីររបស់កម្ពុជា គឺគណបក្សនរោត្តម រណឫទ្ធ (“គ.ន.រ”) និងគណបក្សរណសិរ្សរួបរួមជាតិដើម្បីកម្ពុជាឯករាជ្យអព្យាក្រឹតសន្តិភាព និងសហប្រតិបត្តិ (“ហ្វ៊ុនស៊ិនប៉ិច”) បានបញ្ចូលគ្នាដើម្បីបង្កើតជាគណបក្សជាតិនិយម។ មានគណបក្សនយោបាយមួយចំនួនកើតមានផងដែរ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សប្រជាជាតិខ្មែរ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សចលនាប្រជាធិបតេយ្យ។ យ៉ាងណាក៏ដោយ ក្នុងករណីដែលទទួលបានសន្លឹកឆ្នោតគណបក្សទាំងនេះទទួលបានត្រឹមតែពីរ ឬបីអាសនៈប៉ុណ្ណោះ។
ការធ្វើយុទ្ធនាការឃោសនានយោបាយនៅកម្ពុជា ជាញឹកញាប់ធ្វើចលនាជុំវិញតែលើបុគ្គលិកលក្ខណៈ ដោយជាទម្លាប់បុគ្គលិកលក្ខណៈនៃគណបក្សនយោបាយ មានច្រើនជាងការបង្ហាញពីបុគ្គលិកលក្ខណៈនៃមេដឹកនាំគណបក្សបន្តិច។ ជាលទ្ធផលក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនានយោបាយ អ្នកបោះឆ្នោតត្រូវបានលើកទឹកចិត្តឲ្យបោះឆ្នោតផ្អែកលើបុគ្គលិកលក្ខណៈបុគ្គលជាជាងលើគោលនយោបាយជាក់លាក់ និងកម្មវិធីនយោបាយរបស់គណបក្ស។ បញ្ហានេះធ្វើឲ្យមានកាន់តែមានសភាពធ្ងន់ធ្ងរ តាមរយៈការដាក់គំនាបលើបុគ្គលដែលមាននិន្នាការនយោបាយប្រឆាំងអស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ ដែលបាននាំឲ្យគណបក្សទាំងនោះបង្វែរនិន្នាការរបស់ខ្លួនដើម្បីលើកកម្ពស់នូវបុព្វហេតុសំខាន់ រួមជាមួយនឹងវោហាសាស្ត្រប្រឆាំងជនជាតិវៀតណាមដ៏មុះមុត ដែលជាមធ្យោបាយចុងក្រោយដើម្បីឈ្នះឆ្នោត។ ជាងនេះទៅទៀតនោះ ខណៈពេលដែលគណបក្សនីមួយៗប្រឹងប្រែងដើម្បីបង្ហាញខ្លួនពួកគេនៅលើឆាកអន្តរជាតិ ថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យ ការរួមបញ្ចូលនៃបរាជ័យនៃភាពជាអ្នកដឹកនាំ រចនាសម្ព័ន្ធមានកម្រិត និងមូលនិធិបន្តិចបន្តួចត្រូវបានផ្តល់ឲ្យដល់គណបក្សប្រឆាំង គឺជាកម្លាំងតបតរ ដែលរិះគន់សកម្មភាពរបស់រដ្ឋាភិបាលដោយពុំបានផ្តល់នូវគោលនយោបាយដែលជាជម្រើស និងចក្ខុវិស័យឆ្ពោះទៅអនាគតកាល។
ជាងនេះទៅទៀតនោះ អ្នកដែលមាននិន្នាប្រឆាំង ដែលបច្ចុប្បន្ននេះក្នុងរដ្ឋាភិបាលជាញឹកញាប់ត្រូវបានយាយីដោយ គ.ប.ក។ ឧទាហរណ៍ គ.ប.ក ជារឿយៗបានប្រើប្រាស់សំឡេងភាគច្រើនរបស់ខ្លួនក្នុង រដ្ឋសភា ដកអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់សមាជិកគណបក្សប្រឆាំង ដើម្បីជាការបើកផ្លូវឲ្យមានចំណាត់ការផ្នែកតុលាការ ដោយប្រព័ន្ធតុលាការដែលបត់បែនតាមនយោបាយ។ កលល្បិចនេះបានត្រូវ ប្រើប្រឆាំងនឹងលោក សម រង្ស៊ី មេដឹកនាំគណបក្ស ស.រ និងសមាជិករដ្ឋសភា របស់គណបក្ស ស.រ ឯកឧត្តម ចាន់ ចេង និងលោកស្រី មូរ សុខហួរ ជាមួយនឹងចេតនាច្បាស់លាស់ដើម្បីបំបិទសំឡេង និងគាបសង្កត់លើគណបក្សប្រឆាំង។
អ្នកតំណាងជាស្ត្រីក្នុងវិស័យនយោបាយ
រ.រ.ក បានប្តេជ្ញាខ្លួនដើម្បីលើកកម្ពស់សមភាពភាគយេនឌ័រតាមរយៈចំណុចដៅទី៧ក្នុងគោលដៅទី៣ នៃគោលដៅអភិវឌ្ឍន៍សហវត្សរ៍កម្ពុជា (“គ.អ.ស.ក៣”) ដែលព្យាយាមដើម្បី“លុបបំបាត់គម្លាតយេនឌ័រនៅតាម បណ្តាស្ថាប័នសាធារណៈទាំងឡាយ” ដោយបង្កើននូវសមាមាត្រអាសនៈរបស់ស្ត្រីនៅក្នុងស្ថាប័នរដ្ឋាភិបាល និង ស្ថាប័នរដ្ឋបាលនានា។59 ចំនុចដៅទាំងនេះ គឺដើម្បីបង្កើនអ្នកជាតំណាងជាស្ត្រីឲ្យដល់កម្រិតអប្បបរមា ៣០ ភាគរយនៅក្នុង រ.ស និងព្រឹទ្ធសភា ព្រមទាំងឲ្យដល់កម្រិតអប្បបរមា ២៥ ភាគរយ នៅក្នុងក្រុមប្រឹក្សាឃុំ⁄សង្កាត់នៅមុនឆ្នាំ២០១៥។ ការប្តេជ្ញាទាំងនេះ ត្រូវបានបំពេញបន្ថែមតាមរយៈឯកសារគោលនយោបាយនានារបស់រដ្ឋាភិ- បាលមានដូចជា៖ នារីរតនៈទី១-៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដំណាក់កាលទី១-២ ដែលឯកសារទាំងពីរនេះផ្តល់នូវទិដ្ឋភាពរួមជាច្រើនសម្រាប់ជាគោលដៅ សកម្មភាព សូចនាករនៃការត្រួតពិនិត្យ ធ្វើជាភ្នាក់ងារ និងធនធានសម្រាប់ប្រតិបត្តិដើម្បីលើកកម្ពស់សមភាពយេនឌ័រ។
ថ្វីបើមានការប្តេជ្ញាចិត្តបែបនេះ ស្ត្រីជាអ្នកតំណាងក្នុងវិស័យនយោបាយ ក្នុងនោះ យើងឃើញអ្នកតំណាងជាស្ត្រីនៅក្នុងស្ថាប័នមួយចំនួននៅតែមានការថយចុះក្នុងការបោះឆ្នោតថ្មីៗនេះ។ នៅក្នុងឆ្នាំ២០០៣ អ្នកជាតំណាងស្ត្រីនៅក្នុងបញ្ជីឈ្មោះបេក្ខភាពសម្រាប់ការបោះឆ្នោត រ.ស គឺមានចំនួន ២៧ភាគរយ ប៉ុន្តែបានធ្លាក់ចុះនៅត្រឹមតែ ១២,២០ ភាគរយ នៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ ដែលធ្វើឲ្យអ្នកតំណាងស្ត្រីសរុបនៅក្នុងស្ថាប័ន រ.ស បានធ្លាក់ចុះមកនៅត្រឹមតែ ២២ ភាគរយប៉ុណ្ណោះ។ នៅព្រឹទ្ធសភា អ្នកតំណាងជាស្ត្រីនៅតែរក្សាត្រឹមចំនួន ១៤,៧៥ ភាគរយ ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ⁄សង្កាត់ឆ្នាំ២០១២ នាពេលថ្មីៗនេះ ស្ត្រីជាប់ឆ្នោតក្នុងក្រុមប្រឹក្សាឃុំ/សង្កាត់ មានត្រឹមតែ ១៧,៧៩ ភាគរយប៉ុណ្ណោះ នៃចំនួនស្ត្រី៥០១នាក(ត្រូវនឹង០,៤៥% នៃបេក្ខជនសរុប)បុណ្ណោះ ដែលត្រូវបានដាក់ក្នុងលំដាប់លេខរៀងទី១ នៅក្នុងបញ្ជីបោះឆ្នោត ។62 ស្ថិតិទាំងនេះបង្ហាញពីកង្វះខាតនៃការអនុវត្តន៍ឲ្យបានជាក់លាក់ លើការប្តេជ្ញាចិត្ត គ.អ.ស.ក និងគោលនយោបាយថ្នាក់ជាតិ។
|