ដើម្បីអាចធ្វើឲ្យមានការ​ផ្លាស់ប្តូរនូវ​កម្រិតការ​គោរព​ និងលើកស្ទួយដល់​វិស័យ​សិទ្ធិ​មនុស្ស​​ពី​សំណាក់​​រដ្ឋាភិបាលកម្ពុជា​ ទាម​ទារ​​នូវ​កំណែ​ទម្រង់​ច្បាប់​​ គោលនយោបាយ​ និង​កំណែទម្រង់​ផ្សេងទៀត។ មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា(ម.ស.ម.ក) ធ្វើការ​លើ​កម្រិត​គោលនយោបាយ​​ ដោយ​វិភាគ​​របត់​ទ្រង់ទ្រាយ​ធំ​​ និង​ធ្វើការ​លាតត្រដាង​ពី​បុព្វហេតុ​​រំលោភ​សិទ្ធិមនុស្ស​ ព្រមទាំង​ផ្តល់​​​អនុសាសន៍​​សម្រាប់កំណែ​ទម្រង់​​​នានា ដែល​ចាំបាច់​ដើម្បី​ធានា​ដល់​ការ​លុបបំបាត់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។​ ម.ស.ម.ក​​​ប្រឡូក​ក្នុងការងារ​តស៊ូមតិ​ជានិរន្តរភាព​មួយ​ ដើម្បី​សម្រេច​បាន​​នូវ​​កំណែទម្រង់ទាំងនេះ។ យុទ្ធនាការនានា គឺជា​ផ្នែក​​សំខាន់​មួយ​ក្នុងការងារ​តស៊ូ​មតិ​របស់មជ្ឈមណ្ឌល ហើយ​ជា​​យុទ្ធសាស្រ្ត​មួយ​ ក្នុងចំណោម​យុទ្ធសាស្រ្ត​នានា ដែល​មជ្ឈមណ្ឌល​​ព្យាយាមជំរុញ​រដ្ឋាភិបាល​ធ្វើការ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ។

មជ្ឈមណ្ឌល​រៀបចំ​យុទ្ធនាការ​ប្រកបដោយ​សន្តិវិធី ដោយ​ប្រើប្រាស់​មធ្យោបាយ​ជា​ច្រើន រួមមាន ៖ បាតុកម្ម លិខិត​ទៅកាន់​តំណាង​រាស្រ្ត ញ្ញាត្តិ។ល។ ទាំងនេះ​ត្រូវ​បាន​រៀបចំឡើង ដើម្បី​បង្ហាញ​ដល់​រដ្ឋាភិបាល​ នូវ​​ការ​មិន​ពេញ​​​ចិត្ត​​របស់យើង លើ​គោលនយោបាយ​ជាក់លាក់​ណាមួយ ឬ​ការ​ទាម​ទារ​ឲ្យមាន​កំណែទម្រង់​ពិសេសណាមួយ។ យុទ្ធនាការ​របស់យើង ផ្តល់​ឱកាស​​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ​ អាច​ធ្វើវិភាគទាន​ទាមទារ​ការផ្លាស់​ប្តូរ​ និងលើកស្ទួយ​វិស័យ​សិទ្ធិមនុស្ស ។

ម.ស.ម.ក​​មាន​ប្រវត្តិ​ជោគជ័យ​មួយ​ចំនួន​ ក្នុងការធ្វើយុទ្ធនាការ​ដើម្បី​សិទ្ធិមនុស្សនៅ​កម្ពុជា ។ កាល​ពីខែ​ធ្នូ ឆ្នាំ​២០០៥ ម.ស.ម.ក​​បាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ​មួយ​ តាមរយៈ​សម្ព័ន្ធ​ភាព​ដើម្បីសេរីភាព​បញ្ចេញមតិ​នៅកម្ពុជា ហៅកាត់ថា«អាហ្វិច» ក្នុងនាទី​អ្នក​សម្រប​សម្រួល ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចាប់ដាក់​ពន្ធនាគារ​នៃ​សកម្ម​ជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន ​ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ បន្ទាប់​ពី​មាន​មនុស្ស​មិនស្គាល់​មុខ បាន​សរសេរពាក្យ​​ស្លោក​ប្រមាថ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន លើ​បដា​ដែលបាន​ដាក់​បង្ហាញ​ក្នុង​ទិវា​សិទ្ធិមនុស្ស។ ​​សម្ព័ន្ធភាព​អាហ្វិច បាន​​ចែក​ចាយ​បូរពណ៌លឿង​ចំនួន​ ១០០,០០០ ​បូរ ​ជា​និមិត្ត​សញ្ញា​នៃ​ការ​ទាមទារ​ការ​គាំទ្រ​សេរីភាព​បញ្ចេញ​មតិ​នៅកម្ពុជា។ ការ​ប្រារព្ធ​យុទ្ធនាការនេះ ត្រូវបាន​ផ្សព្វផ្សាយ​ពេញពិភពលោក ហើយ​ប្រជាពល​រដ្ឋ​កម្ពុជា​ជាច្រើន បាន​ពាក់បូរពណ៌លឿងនេះ នៅទីសាធារណៈ ក្នុងគោល​បំណង​ផ្ញើ​សារ​យ៉ាងច្បាស់​ដល់​រដ្ឋាភិបាល ​ថា​សង្គមស៊ីវិល​កម្ពុជា ពិតជា​មិនអាច​ទទួល​យក​នូវ​ការ​គាបសង្កត់​ប្រឆាំងនឹង​សកម្មជន​សិទ្ធិមនុស្ស​ឈានមុខ​នោះ​ឡើយ។ អាហ្វិច ដោយមាន​ការ​ជួយគាំទ្រតាមរយៈសម្ពាធ​របស់​អន្តរជាតិ បាន​ទទួលជោគជ័យ​ក្នុង​ការ​​ធានា​ដល់​ការ​ដោះ​លែង​សកម្មជនសិទ្ធិមនុស្ស​ ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​កន្លងមក។

មកដល់​ខែ​កុម្ភៈ ឆ្នាំ​២០០៦ ជាថ្មីម្តងទៀត ក្នុងនាមជា​អ្នកសម្របសម្រួល​សម្ព័ន្ធភាព​អាហ្វិច យើងបាន​រៀបចំ​យុទ្ធនាការ​ព្យុះហយាត្រា ទាមទារ​សេរីភាព​បញ្ចេញមតិ ដែល​ជា​លទ្ធផល​ នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សន្យាថា នឹង​លុបបំបាត់​បទ​បរិហាកេរ្តិ៍ពី​បទ​ព្រហ្ម​ទណ្ឌ។ បើទោះបីជា ​បទបរិហារកេរ្តិ៍​នៅជា​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ឡើយ កម្រិត​ដាក់ទោស​ពន្ធនាគារ​ត្រូវបាន​គេលុបចេញ។ អាហ្វិច​បាន​រៀបចំ​ព្យុះហយាត្រាម្តងទៀត ចាប់ពី​ថ្ងៃទី ២៥ ខែ​កុម្ភៈ ដល់​ថ្ងៃទី​១៥ ខែមិនា ឆ្នាំ​២០០៧ ដោយ​ធ្វើដំណើរ​ថ្មើរជើងចម្ងាយ ​៣១៤ គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ​ ឆ្ពោះទៅកាន់​ប្រាង្គប្រាសាទ​អង្គរវត្ត ដើម្បី​ទាមទារ​សេរីភាព​បញ្ចេញមតិ អហិង្សា និង​ភាពអត់អោនខាង​នយោបាយនៅកម្ពុជា មុនពេល​ដែល​មានការ​រៀបចំ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ។

ដើម្បី​តាមដាន​បច្ចុប្បន្នភាពនៃយុទ្ធនាការ​ថ្មីៗរបស់​ម.ស.ម.ក និង​ដើម្បី​ចូលរួម​ក្នុងការ​លើកស្ទួយ​ដល់​ការគោរពសិទ្ធិមនុស្សសម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប សូមចូលទៅកាន់​តំណ​បណ្តាញ​ខាងក្រោម ៖