យុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ
"យុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ" របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ទាមទារនូវការគោរព ការទទួលបាន ការការពារ និងការលើកកម្ពស់សិទ្ធិសេរីភាពខាងការបញ្ចេញមតិទាំងស្រុង សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ស្ថានភាពសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា មានលក្ខណៈតានតឹង។ របាយការណ៍រួមមួយរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានសម្របសម្រួលចងក្រងដោយ ម.ស.ម.ក ក្រោមចំណងជើង "កម្ពុជាត្រូវបានបំបិទមាត់ ៖ លទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់" (ចេញផ្សាយខែកញ្ញា២០១០) បានបង្ហាញនូវការបង្រ្កាបពីសំណាក់រាជរដ្ឋាភិបាល លើសេរីភាពខាងទស្សនៈយោបល់ដែលមានលក្ខណៈរិះគន់ដល់គណៈបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងរាជរដ្ឋាភិបាល។ របាយការណ៍នេះបានបរិយាយអំពីយន្តការដៅមុខសញ្ញាបង្ក្រាប លើសសរស្តម្ភលទិ្ធប្រជាធិបតេយ្យ ដែលរួមមាន តំណាងរាស្រ្តគណបក្សប្រឆាំង អ្នកសារព័ត៌មាន មេធាវី និងសកម្មជនសិទ្ធិមនុស្ស ហើយរបាយការណ៍នេះក៏បាន ពិចារណាផងដែរ អំពីផលវិបាកដែលបណ្តាលពីការបង្ក្រាបនេះ មកលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ម.ស.ម.ក គឺជាអ្នកតស៊ូមតិយ៉ាងមុះមុតលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិនានា ដោយហេតុថា សិទ្ធិនេះមិនត្រឹមតែជាស្នូលដ៏សំខាន់សម្រាប់ជីវិតមនុស្សជាតិ និងភាពថ្លៃថ្នូនោះទេ តែថែមទាំងជាមូលដ្ឋានដ៏ចាំបាច់ដើម្បីអាចសម្រេចបាននូវ បណ្តាការប្រើប្រាស់សិទ្ធិដទៃទៀតដែរ។ សេរីភាពខាងការបញ្ចេញមតិ គឺជាស្នូលនៃលទិ្ធប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋនឹងមិនអាចចូលរួមក្នុងការធ្វើការសម្រេចចិត្ត ទាមទារឲ្យរដ្ឋាភិបាលមានគណនេយ្យភាពឬធ្វើការសម្រេចចិត្តប្រកបដោយភាពជឿជាក់ និងទទួលបានព័ត៌មានគ្រប់គ្រាន់ អំពីវិថីដែលប្រទេសរបស់ខ្លួនគួរត្រូវបានគ្រប់គ្រងបាននោះឡើយ ល្គឹកណាពួកគាត់មិនមានលទ្ធភាពក្នុងការសម្តែងមតិយោបល់ ការទទួលបានព័ត៌មាន និងក្នុងការប្រមូលផ្តុំគ្នាដោយសេរីទេនោះ។ សម្រាប់ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីដូចកម្ពុជា សិទ្ធិសេរីភាពខាងការបញ្ចេញមតិ គឺមានសារៈសំខាន់ក្នុងការស្តារប្រទេសឡើងវិញ និងរៀបចំអនាគតប្រទេសជាតិ។
តាមរយៈយុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិនេះ ម.ស.ម.ក នឹង៖
- ជំរុញរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ឲ្យគោរពនឹងលើកកម្ពស់ សិទ្ធិសេរីភាពខាងការបញ្ចេញមតិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងលិខិតូបករណ៍អន្តរជាតិនានា ដែលប្រទេសកម្ពុជាបានចូលជាប្រទេសហត្ថលេខី។
- ជំរុញសហគមន៍អន្តរជាតិ រួមទាំងសហគមន៍ម្ចាស់ជំនួយអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា ប្រើប្រាស់សម្ពាធកាទូតដែលចាំបាច់ តាមរយៈឥទិ្ធពលនយោបាយ និងហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីធានាថារាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចគោរពសេរីភាពខាងការបញ្ចេញមតិ។
- ជំរុញឲ្យមានការទាមទារឲ្យបានច្រើនជាងមុន នូវសេរីភាពខាងការបញ្ចេញមតិសម្រាប់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងកិច្ចពង្រឹងសមត្ថភាពនានា។
- ចាត់វិធានការណ៍លើកស្ទួយ សិទ្ធិសេរីភាពមូលដ្ឋាន ខាងការបញ្ចេញមតិនៅកម្ពុជាតាមរយៈការចូលរួមក្នុងយុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ។ លោកអ្នកអាចចូលរួមតាមដានយុទ្ធនាការនេះ នៅលើគេហទំព័រ ទ្វីតទ័រ(Twitter) និងហេស្វប៊ុក(Facebook) របស់ ម.ស.ម.ក៕
-
- ទិវាសិទ្ធិមនុស្សអន្តរជាតិ
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៧៖ មិនអាចបំភ្លេច
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៥
- យុទ្ធនាការប្រឆាំងនិទណ្ឌភាព ២០១៤
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៣
- យុទ្ធនាការ “ឯណាយុត្តិធម៌ខ្ញុំ”
- ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
- យុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ
- មូលនិធិយុត្តិធម៌២២/១១