យុទ្ធនាការប្រឆាំងនិទណ្ឌភាព ២០១៤
ក្នុងទិវាបញ្ចប់និទណ្ឌភាពអន្តរជាតិ ចំពោះបទល្មើសប្រឆាំងនឹងអ្នកសារព័ត៌មាន ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលអង្គការសហប្រជាជាតិទទួលស្គាល់ជាលើកដំបូង ម.ស.ម.ក សូមលើកនូវបញ្ហានិទណ្ឌភាពដែលរីករាលដាលយ៉ាងខ្លាំងនៅកម្ពុជា និងសូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) ចាត់វិធានការដើម្បីបញ្ចប់និទណ្ឌភាព។ ដើម្បីបង្ហាញដល់រដ្ឋាភិបាលថា ការបញ្ចប់និទណ្ឌភាពពិតជាមានសារ:សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយ:ពេលពេញមួយខែវិច្ឆិកា ម.ស.ម.ក នឹងធ្វើការប្រមូលរូបថតរបស់ប្រជាពលរដ្ឋដោយថតកាន់បដាបង្ហាញពីការប្រឆាំងនិទណ្ឌភាព។ រូបថតទាំងនេះនឹងត្រូវបោះពុម្ពលើបដាធំមួយ ហើយនឹងត្រូវផ្ញើជូនក្រសួងយុត្តិធម៌នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្នុងគោលបំណងបង្ហាញពីការទាមទាររបស់ប្រជាពលរដ្ឋក្នុងការបញ្ចប់និទណ្ឌភាពនៅកម្ពុជា។ បន្ថែមពីនេះ រូបថតដែលទទួលបានទាំងនោះនឹងត្រូវបានផ្សព្វផ្សាយក្នុងទំព័រ Campaign Flickr Page
តើអ្វីទៅជានិទណ្ឌភាព?
និទណ្ឌភាព មានន័យថា “ការមិនត្រូវបានផ្តន្ទាទោស” ឬ “ការមិនទទួលផលវិបាកអ្វីមួយ”។ នៅកម្ពុជា ជនប្រព្រឹត្តបទល្មើសតែងតែមិនត្រូវបានផ្តន្ទាទោសចំពោះអំពើដែលខ្លួនប្រព្រឹត្ត ហើយជនរងគ្រោះពីអំពើទាំងនោះមិនដែលទទួលបានយុត្តិធម៌នោះទេ។ លើសពីនេះទៅទៀត បុគ្គលដែលមិនត្រូវបានផ្តន្ទាទោស គឺជាបុគ្គលដែលមានទំនាក់ទំនងល្អជាមួយអ្នកកាន់អំណាច ហើយបានធ្វើសកម្មភាពល្មើសមកលើបុគ្គលដែលតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ដោយសារតែ កង្វះឆន្ទៈក្នុងការផ្តន្ទាទោសទៅលើជនប្រព្រឹត្តបទល្មើសទាំងនោះបានធ្វើឲ្យបទល្មើសទាំងនោះតែងតែមិនត្រូវបានស៊ើបអង្កេតឲ្យត្រឹមត្រូវ និងឯករាជ្យ ឬសំណងសមរម្យសម្រាប់ជនរងគ្រោះ។ វប្បធម៌និទណ្ឌភាពបានគំរាមកំហែងលើសិទ្ធិទទួលបានការពិត យុត្តិធម៌ និងសំណងត្រឹមត្រូវ ហើយបង្កឲ្យមានភាពភ័យខ្លាចក្នុងការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់បុគ្គលទៀតផង។
តើលោកអ្នកអាចធ្វើអ្វីបាន?
បង្ហាញរដ្ឋាភិបាលថា អ្នកយកចិត្តទុកដាក់ចំពោះការបញ្ចប់និទណ្ឌភាព! អ្នកអាចធ្វើតាមជំហានដូចខាងក្រោម ៖
- ១. ព្រីនបដាខាងក្រោម ឬបង្កើតបដាមួយដោយខ្លួនឯងផ្ទាល់
- ២. ថតរូបរបស់លោកអ្នកកាន់បដាបញ្ចប់និទណ្ឌភាព
- ៣. ផ្ញើរូបថតនោះមកកាន់អុីម៉ែល [email protected] ឬក៏ធ្វីតរូបទាំងនោះមក @cchrcambodia ដោយប្រើ #impunitykh*
លោកអ្នកអាចអញ្ចើញមិត្តភក្តិឲ្យចូលរួមបានផងដែរ តាមរយ:ការចែកចាយលើ Facebook ឬ ដាក់ជារូបប្រូហ្វាល់របស់លោកអ្នក។
ដើម្បីធានាថារូបរបស់លោកអ្នក មានវត្តមាននៅក្នុងផ្ទាំងបដា ដែលនឹងបញ្ជូនទៅក្រសួងយុត្តិធម៌ សូមផ្ញើរូបថតរបស់អ្នកមកយើងខ្ញុំ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤។ ប៉ុន្តែអ្នកក៏អាចនៅតែបន្តផ្ញើរូបថតឲ្យយើងបន្ទាប់ពីថ្ងៃកំណត់នោះ ហើយរូបថតទាំងនេះនឹងត្រូវបង្ហោះលើ ទំព័រ Campaign Flickr Page
ប្រសិនស្ថាប័ន ឬលោកអ្នកមានសមាជិកច្រើនជាង ៣០នាក់ ហើយលោកអ្នកមានបំណងថតរូប បុគ្គលិករបស់ ម.ស.ម.ក អាចទៅការិយាល័យរបស់លោកអ្នកដើម្បីថតរូបជូនលោកអ្នកបាន។ មួយវិញទៀត លោកអ្នកអាចមកកាន់ការិយាល័យ ម.ស.ម.ក ដោយផ្ទាល់ដើម្បីថតរូប។ សូមទាក់ទងមកអាសយដ្ឋាន [email protected] ឬទូរសព្ទមកលេខ ០១៧ ៥០៥០៥០។
*កំណត់សម្គាល់ ៖ តាមរយ:ការបញ្ជូនរូបថតមកកាន់ ម.ស.ម.ក លោកអ្នកអនុញ្ញាតឲ្យ ម.ស.ម.ក ប្រើរូបថតរបស់អ្នកជាសាធារណ: ឬផ្សព្វផ្សាយជាសាធារណ: តាមមធ្យោបាយផ្សេងៗ (ផ្ទាំងបដាញត្តិ, ហ្វេសប៊ុក, ធ្វីតទ័រ, គេហទំព័ររបស់ ម.ស.ម.ក ។ល។) សម្រាប់គោលបំណងដែលពាក់ព័ន្ធនឹងយុទ្ធនាការ។ សូមជូនដំណឹងមក ម.ស.ម.ក បញ្ជាក់ថាលោកអ្នកមានបំណងឲ្យរូបរបស់អ្នកត្រូវបានប្រើតែក្នុងផ្ទាំងបដាញត្តិតែប៉ុណ្ណោះ។
បដា
រូបថតគំរូ
-
- ទិវាសិទ្ធិមនុស្សអន្តរជាតិ
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៧៖ មិនអាចបំភ្លេច
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៥
- យុទ្ធនាការប្រឆាំងនិទណ្ឌភាព ២០១៤
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៣
- យុទ្ធនាការ “ឯណាយុត្តិធម៌ខ្ញុំ”
- ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
- យុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ
- មូលនិធិយុត្តិធម៌២២/១១