ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣

២២​​ ឧសភា ២០១៣ | ហេង​ ស៊ីនិត្យ

លោក ហេង​ ស៊ីនិត្យ ​គឺ​ជា​អ្នកថតរូប​​សារព័ត៌មាន​ ឲ្យ​​​សារព័ត៌មាន អាសូស៊ីអេត ប្រែស ដែល​ជា​​​ប្រភព​ព័ត៌មាន​ឯករាជ្យ​​ព័ត៌មាន​ដ៏​ធំ និង​​ទទួល​បាន​ការ​ជឿជាក់​បំផុត​។ ​ក្នុង​ពេល​ដែល​លោក​ធ្វើ​ការ​ជាមួយ អាសូស៊ីអេត ប្រែស លោកស៊ីនិត្យ​ បាន​​​រាយការណ៍​ពី​​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ច្រើន​ រួមមាន​ដូចជា ​ការ​ប្រកួត​កីឡា​ប្រចាំ​អាស៊ី​អាគ្នេយ៍​លើក​ទី​២៤ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ លើក​ទី​២០។ ​​​​

មុន​ពេល​ចាប់​ផ្តើម​​ការងារ​របស់លោក​​ជាមួយ អាសូស៊ីអេត ប្រែស លោក​ស៊ីនិត្យ ​ជា​ដំបូង​ចាប់​ផ្តើម​អាជីព​ជាអ្នក​ថត​រូប​​​របស់​លោក ដោយ​ការ​ធ្វើ​ជា​អ្ន​កថត​រូប​ភ្ញៀវ​ទេសចរណ៍​ដែល​មក​​​​លេង​ខាង​មុខ​ព្រះបរម​វាជវាំង។​ ប៉ុន្តែ ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ គឺ​ខ្មែរឯករាជ្យ​ក៏​បាន​​​​​ចាប់​អារម្មណ៍​ពី​ជំនាញ​របស់​លោក​ស៊ីនិត្យ​​​ ហើយ​បាន​​ជ្រើសរើស​លោក​ឲ្យ​ធ្វើ​ជា​អ្នកសារព័ត៌មាន​ផ្នែក​រូបថត​​​ ក្នុង​ឆ្នាំ​១៩៩៣។ ​​ខណៈពេល​ដែល​ការងារ​របស់​លោក​បាន​បន្ត​ទៅ​មុខ​ លោកស៊ីនិត្យ​ ក្រោយ​មក​ទៀត​ក៏​បាន​ក្លាយ​ទៅជា​​អ្នកថតរូប​ឯករាជ្យ​​​​ ឲ្យ​​ភ្នាក់ងារ​សារព័ត៌មាន​មួយចំនួន ដូចជា ​រ៉យទ័រ ទស្សនាវដ្តី​​ថាមស៍​ ញូស៍វីក​ និង​​ ឌឹ ញូវយ៉ក​ថាមស៍​។​​

សាររបស់លោកស៊ីនិត្យ ៖ “ខ្ញុំ​ជាអ្នកថតរូប​​សារព័ត៌មាន ដែល​​បាន​ឧទ្ទិស​​​​​បេះដូង និង​ព្រលឹង​ដើម្បី​​​​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​។ ខ្ញុំចង់​ក្លាយ​ទៅ​ជា​​​អ្នក​ថតរូប​ជនជាតិ​កម្ពុជា​មួយ​រូប​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​។​ខ្ញុំសង្ឃឹម​ថា​ក្នុង​ពេល​អនាគត​ កម្ពុជា​នឹង​ត្រូវ​បានដឹក​នាំ​ដោយ​​អ្នក​នយោបាយ​ដែល​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ការ​ផ្លាស់​ប្ដូរ​​ជា​វិជ្ជមាន។ ​តាមរយៈ​ការ​​លើក​កម្ពស់​ការ​យល់​ដឹង​ផ្នែកសង្គម អ្នក​សារព័ត៌មាន​​នឹង​អាច​ធ្វើ​ឲ្យ​​គោលបំណង​មួយ​នេះ​ក្លាយ​ទៅ​ជាការពិត​បាន។”​

២១ ឧសភា ២០១៣ | ពុយ គា​

លោក ពុយ គា​ បច្ចុប្បន្ន​ជា​អ្នក​ឆ្លើយ​ឆ្លង​​​​ឲ្យទីភ្នាក់​ងារ​សារ​ព័ត៌មាន​ក្យូដូ ​ជា​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ដែល​មាន​ឥទិ្ធ​ពល​​បំផុត​នៅ​ប្រទេស​ជប៉ុន​​។ ក្រៅពី​នេះលោក ​​មាន​ទំនាក់​ទំនង​​ជា​មួយ​នឹង​អង្គ​ការ​ធំៗ​ជា​ច្រើន​ដូច​ជា ក្លឹប​អ្នក​កាសែត​កម្ពុជា​ ក្រុម​ប្រឹក្សា​សីលធម៌អ្នក​កា​សែត​កម្ពុជា​ និង​មជ្ឈមណ្ឌល​ការ​សិក្សា​​យុទ្ធសាស្រ្ត​​​អាស៊ី។ លោក​​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត ផ្នែក​​វិទ្យា​សាស្រ្ត​នយោបាយ ពី​សាកល​វិទ្យា​ល័យកម្ពុជា និង​បច្ចុប្បន្នលោក​កំពុង​បន្ត​ថ្នាក់​បណ្ឌិត​ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ។​

លោក ពុយ​ គា បានចាប់​​ផ្តើម​អា​ជីព​​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​​ក្រុមហ៊ុន​រាហ៊ូ និង​អាសូស៊ីអេត​​ ​ដែល​ផ្ដល់​​សេវា​​​ប្រឹក្សា​ផ្នែក​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ការ​បក​ប្រែ ​និង​ការ​បោះពុម្ព​​។ ក្នុង​អំឡុង​ពេល​ដែល​លោក​​​​​​បន្ត​អា​ជីព​ជាអ្នកសារព័ត៌មាន​ លោក​បាន​ក្លាយ​ជា​អ្នក​អត្ថាធិប្បាយ​​ឲ្យ​វិទ្យុ​​សំឡេង​​ខ្មែរ​អាមេរិកាំង​ ហើយ​លោក​ក៏​ធ្លាប់​ ជាទីប្រឹក្សាយោបល់​​​​​ក្នុង​ការ​​លើក​កម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ និង​​​ព័ត៌មាន​​សាធារណៈ​​​របស់​កម្មវិធី​អភិវឌ្ឍន៍​​អង្គការ​សហ​ប្រជា​ជាតិ​ (យូអិនឌីភី​)។ ​​ក្នុង​ចំណោម​ការ​ងារ​របស់​លោក លោក​ក៏​​ជាវាគ្មិន​កិត្តិយស​ឲ្យ​​វិទ្យា​ស្ថាន​អប់​រំ​​ផ្សេងៗ​​​ ក៏​ដូចជា តាម​បណ្ដាទូរទស្សន៍ និង​វិទ្យុ​​ ហើយ​លោកក៏​​ជា​អ្នក​​និពន្ធដ៏​លេចធ្លោ​​មួយ​រូប​ផង​ដែរ។​

សារ​របស់​លោក​ ពុយ​ គា “សាធារណជន​គួរ​តែ​​បាន​ឮ​ ឃើញ និង​ដឹង​ពី​អ្វី​ដែល​កំពុង​​កើត​ឡើង​ទាំង​ក្នុង​តំបន់​ និង​សហគមន៍​អន្តរ​ជាតិ។ ប្រទេស​មួយ​ដែល​គ្មាន​អ្នក​កា​សែត​គឺជា​ជាតិ​មួយ​ដែល​គ្មាន​អារ្យធម៌​ ត្រចៀក​ថ្លង់​ និងស្រវាំង​ភ្នែក​ ហើយ​​ប្រសិន​ជា​គ្មាន​អ្នក​សារព័ត៌មាន​អាជីពនោះ​ទេ​ ប្រជាជន​ដែល​រស់​នៅ​ក្នុង​សតវ្សរ៍​ទី២១នេះ នឹងជួប​ផល​វិបាក​ក្នុង​ការ​​ទទួល​ព័ត៌មានពិត និង​ពិបាក​ក្នុង​ការ​​សម្រេច​ចិត្ត​។​”

២០ ឧសភា ២០១៣ | ប៉ែន ​សមិទ្ធិ

លោក ​ប៉ែន ​សមិទ្ធិ ​ជានិពន្ធ​នាយក​ របស់​សារព័ត៌មាន​រស្មី​កម្ពុជា ​ដែល​ជា​សារព័ត៌មាន​ភាសាខ្មែរ​ធំជាង​គេ​នៅ​កម្ពុជា ​និង​ជាអគ្គនាយក​ របស់​វែបសាយ​សារព័ត៌មាន​ខេមបូឌា​ អ៊ិចប្រែស ​ញូស៍​ និង​វែបសាយ​ខេមបូឌា​ ហឺរ៉ល​។ ​ក្នុង​ពេល​ទំនេរ ​លោក​ស្ម័គ្រចិត្ត​ធ្វើជា​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ​និង​ជាសាស្ត្រាចារ្យ​នៅ​ សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​ក្នុង​ដេប៉ាតឺម៉ង់ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនា​គមន៍។ ​

ក្នុងឆ្នាំ​១៩៨១ ​លោក​សមិទ្ធិ ​ចាប់​ផ្តើម​អាជីព​ជាអ្នក​សារព័ត៌មាន ​ជាមួយ​កាសែត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្មោះ​ថា​កាសែត​ភ្នំពេញ​។ ​ទោះបី​ជា​លោក​នៅ​មានវ័យ​ក្មេងក៏​ដោយ ​តែ​លោក​សមិទ្ធិមាន​ទំនួលខុស​ត្រូវ​ជា​ច្រើន​ និង​បាន​ជួយ​ក្នុងការ​កែ​តម្រូវ​អត្ថបទ​ រាយការណ៍​ព័ត៌មាន​ និង​ការ​រចនា​ទំព័រ​កាសែត។ ​លោក​ត្រូវ​បាន​តែងតាំង​ទៅ​ជានិពន្ធ​នាយក​ក្នុងកាសែត​ដដែល​នេះ​។​ បន្ទាប់​ពីរយៈពេល​ ៧ឆ្នាំ​ក្នុងឋានៈ​ជានិពន្ធ​នាយក​ លោក​សមិទ្ធិ​បាន​ចាកចេញពី​ កាសែត​ភ្នំពេញ ​ហើយ​ក្លាយ​ទៅ​ជាស្ថាបនិក​មួយ​រូប​ដើម្បី​បង្កើត​សារព័ត៌មាន​រស្មី​កម្ពុជា។​

សារ​របស់​លោក​សមិទ្ធិ ៖ ​“អ្នក​ជំនាន់​ក្រោយ​មាន​សំណាង​ណាស់ ​ពួក​គេអាច​ជ្រើសរើស​អាជីព​ដោយ​ខ្លួន​គេផ្ទាល់​ និង​តម្រង់​ទិសដៅ​អនាគត​របស់​ពួកគេ​។ ​កាល​ពីខ្ញុំនៅ​ក្មេង ​ខ្ញុំមិន​មាន​ឱកាស​បែបនេះ​ទេ។​ ខ្ញុំ​សូម​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ទាំងអស់ ​ចាប់​យក​ឱកាស​ដ៏ល្អនេះ ​និង​ធ្វើ​សកម្មភាព​របស់​ខ្លួន​យ៉ាង​មាន​ទំនួល​ខុសត្រូវ។ ​អ្នក​ជំនាន់​ថ្មីមាន​សក្តានុពល​ជាច្រើន ​ប៉ុន្តែ​ខ្ញុំបារម្ភ​ថាពួកគេ​គ្មាន​វិន័យ​ក្នុងខ្លួន។ ​ខ្ញុំ​សង្ឃឹម​ថា​យុវជន​កម្ពុជា​មើល​ឃើញ​ពី​ឱកាស​របស់​ពួកគេ ​និង​ធ្វើអ្វី​ដែល​ល្អ​បំផុត​សម្រាប់​ពួកគេ ​និង​សង្គម។”​

១៩ ឧសភា ២០១៣ | ឆាយ ច័ន្ទនីដា

លោកស្រី ​ឆាយ​ ច័ន្ទនីដា​ ជាអនុប្រធាន​គ្រប់គ្រង​បុគ្គលិក​នៅ ​សារព័ត៌មាន ​ឌឹ ​ភ្នំពេញ ​ប៉ុស្តិ៍។ ​លោកស្រី​ច័ន្ទនីដា ​មាន​មោទនភាព​ខ្លាំងណាស់​ ដែល​បាន​ធ្វើការ​ជាមួយ​សារព័ត៌មាន​ឯករាជ្យ ​និង​សប្បាយ​រីករាយ​ក្នុង​ការ​ជជែកវែកញែក​ពីបញ្ហា​សង្គម​ដែលកំពុង​តែ​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

មុនពេល​លោកស្រី​ចូលរួម​ការងារ​ជាមួយ​សារព័ត៌មាន​ ឌឹ ភ្នំពេញ ​ប៉ុស្តិ៍ ​លោកស្រីច័ន្ទនីដា ​បាន​ចាប់ផ្តើម​អាជីពរបស់ខ្លួន ​ជាអ្នក​សារព័ត៌មាន​ក្នុងឆ្នាំ ​២០០៣ ​មានតួនាទី​ជាអ្នកយក​ព័ត៌មាន​ឲ្យ​​ស្ថា​នីយទូរទស្សន៍​កម្ពុជា (ស៊ីធីអិន) ​និង​ធ្វើការ​ជាអ្នកសារព័ត៌មាន​ឲ្យសារព័ត៌មាន ​ឌឹ ខេមបូឌា ​ដេលី។ ​ក្នុងឆ្នាំ២០០៨​ លោកស្រី​ត្រូវបាន​ជ្រើសរើស​ឲ្យទទួល​តំណែង​បច្ចុប្បន្ន​ជាមួយ​សារព័ត៌មាន ឌឹ ភ្នំពេញ ប៉ុស្តិ៍។ ក្នុង​នាមជា​អនុប្រធាន​គ្រប់គ្រង​​បុគ្គលិក​ លោកស្រីច័ន្ទនីដា ​បានបោះពុម្ព​ផ្សាយអត្ថបទ​មួយ​ចំនួន​ រួមមាន ​ការកាប់​ឈើខុសច្បាប់ ​ជម្លោះដីធ្លី ​សុខភាពសាធារណៈ ​នយោបាយ ​និងបរិស្ថាន។ ​អត្ថបទ​ទាំងនោះ​ត្រូវបាន​បោះពុម្ពផ្សាយ​ទាំងជា​ភាសាអង់គ្លេស ​និង​ភាសាខ្មែរ​។ ​លោកស្រី​ច័ន្ទនីដា​ មិនមាន​ការ​ភ័យខ្លាចក្នុង​​ការពិភាក្សា​ពីបញ្ហាការ​រំលោភ​បំពាន​​​​សិទ្ធិ​​មនុស្សនោះទេ​ ហើយថែម​ទាំងយល់ថា​បញ្ហានេះ​មានសារៈ​សំខាន់​ដើម្បីអាចផ្ដល់ការរិះគន់បែបស្ថាបនាសម្រាប់គោល​នយោបាយរបស់រដ្ឋាភិបាល​ទៀតផង។ សាររបស់លោកស្រីច័ន្ទនីដា ៖ ​“វាពិតជាមានសារៈសំខាន់ណាស់សម្រាប់​អ្នកសារព័ត៌មាន ​ដើម្បីផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ ​យុត្តិធម៌​ និងមិនលម្អៀង។

ប្រសិន​បើ​អ្នកសារព័ត៌មាន​មិន​គោរពតាម​ស្តង់ដារ​ទាំងអស់​នេះនោះទេ ​ប្រជាពលរដ្ឋនឹង​មិនជឿជាក់​លើពួកគេ​នោះទេ។​ សារព័ត៌មាន​ឯករាជ្យ​មានសារៈសំខាន់​ខ្លាំងណាស់​សម្រាប់សង្គម។​ សាធារណ​ជនគួរ​តែបាន​ដឹងនូវការ​ពិត។”

១៨ ឧសភា ២០១៣ | ឆាយ សុផល

លោក ឆាយ សុផល ជានាយកគ្រប់គ្រងនៃ វែបសាយសារព័ត៌មាន ឃែមបូឌា ញូស៍។ លោកជាអ្នកតស៊ូមតិដ៏ខ្លាំងក្លាដើម្បីឯករាជ្យភាពនៃអ្នកសារព័ត៌មាន និងដឹកនាំស្ថាប័នដែលមានបេសកកម្មដើម្បីលើកកម្ពស់ “ប្រព័ន្ធផ្សព្វផ្សាយ និងការទំនាក់ទំនងសេរី និងមានវិជ្ជាជីវៈ មានការគិតដោយសេរី លទ្ធភាពទទួលបានព័ត៌មាន តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ”។

លោកសុផល ចាប់ផ្តើមអាជីពរបស់លោកតាំងពីឆ្នាំ ១៩៩0 ពេលដែលលោកត្រូវបានជ្រើសរើសធ្វើជាអ្នកបកប្រែផ្ទាល់មាត់ឲ្យអ្នកសារព័ត៌មានអន្តរជាតិ។ បន្ទាប់ពីការងាររបស់លោកជាអ្នកបកប្រែផ្ទាល់មាត់លោក សុផល ត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកសារព័ត៌មានជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់ប្រទេសអង់គ្លេស។ លោក សុផល បាន ធ្វើការជាមួយភ្នាក់ងារសារព័ត៌មានរ៉យទ័រ អស់រយៈពេលជិត៨ឆ្នាំមុននឹងបង្កើតគេហទំព័រព័ត៌មាន ឃែមបូឌា ញូស៍ ក្នុងឆ្នាំ២០០៣។ គេហទំព័រ ឃែមបូឌា ញូស៍(www.thisiscn.com) កន្លងមកបាន ផ្ដល់ព័ត៌មានមិនលម្អៀងនិងឥតគិតថ្លៃ និងធ្វើការសហការជាមួយនិងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដើម្បីផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន និងទំនាក់ទំនង។ ទសវត្សរ៍ក្រោយមកនេះ លោកសុផល ជឿជាក់ថា អ្នកសារព័ត៌មានរងការរិតត្បិតតិចជាងមុន ហើយស្ថានភាពកំពុងតែមានភាពប្រសើរឡើង។

សាររបស់លោក សុផល ៖“ខណៈដែលការប្រើប្រាស់បណ្ដាញសង្គមកំពុងតែកើនឡើង ប្រជាពលរដ្ឋកម្ពុជាចូលចិត្តផ្សព្វផ្សាយព័ត៌មានយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក។ ខ្ញុំសូមជំរុញឲ្យអ្នកសារព័ត៌មានប្រជាពលរដ្ឋទាំងអស់ឲ្យគោរពក្រមសីលធម៌វិជ្ជាជីវៈនិងជាអ្នកសារព័ត៌មានដែលមានមនសិកា។ ធ្វើបែបនេះ ព័ត៌មាននៅក្នុងប្រទេសកម្ពុជានឹងកាន់តែល្អប្រសើរឡើង។”

១៧ ឧសភា ២០១៣ | ជ័យ សម្បត្តិ

លោក ជ័យ សម្បត្តិ គឺជា​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ឲ្យ​​យុទ្ធនាការផ្សព្វផ្សាយ​​​​​ ឡូយ ៩។ ឡូយ ៩ គឺជា​​​កម្មវិធី​​​កំសាន្ដ​​ដែល​មាន​ប្រជាប្រិយ​ភាព​ ដែល​រួម​មាន​ការ​ផ្សព្វ​ផ្សាយ​តាម​​វិទ្យុ​ ​ព្រឹត្តិការណ៍បន្តផ្ទាល់ និង​ផ្សាយ​​លើ​ប្រព័ន្ធ​អ៊ីន​ធើ​ណែត។​ ឡូយ ៩ ​ជំរុញ​ឲ្យ​​យុវជន​កម្ពុជា​​​​ចូលរួម​យ៉ាង​សកម្ម​​ក្នុង​​កិច្ច​ការ​ប្រទេស​ជាតិ ​​ ដែល​លោក​សម្បត្តិ​ មាន​មោទនភាព​ ក្នុង​​នាម​ជា​អ្នក​រួម​ចំណែក​ធ្វើឲ្យ​​​យុទ្ធនាការ​នេះ​ទទួល​​បាន​ភាព​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​។ លោក សម្បត្តិ​បាន​បញ្ចប់​​បរិញ្ញាប័ត្រ​ ផ្នែកគ្រប់គ្រង​សារព័ត៌មាន ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ក្នុង​ឆ្នាំ ២០១០ លោក​សម្បត្តិ​ បានចូល​ធ្វើ​ការ​ជាមួយ ប៊ីប៊ី​ស៊ី​ ​​មីឌៀ អាក់ស៊ិន ដែល​ជា​​​​ការ​ផ្តួច​ផ្តើម​របស់ ប៊ីប៊ី​ស៊ី ក្នុង​ការ​​ជំរុញ​ឲ្យ​​​​យុវជន​​ចូលរួម​​កាន់​តែ​ច្រើន​ទៅ​ក្នុង​​ការ​សម្រេចចិត្ត​ថ្នាក់​ជាតិ។ លោក​សម្បត្តិ ជឿជាក់​ថា​​​​ភាព​ក្រីក្រ​​​ជា​បន្ត​បន្ទាប់​នេះ​គឺ​​កើត​ឡើង​ដោយ​សារ​តែ​កង្វះ​ខាត​​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ ហើយ​​​​ ប៊ីប៊ី​ស៊ី​ ​​មីឌៀ អាក់ស៊ិន ​ផ្ដល់​​ឱកាស​​ឲ្យ​លោក​ក្នុង​ការ​​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ។ ​លោក​សម្បត្តិ​ ចាប់​ផ្តើម​​​ការងារ​ជាមួយ ប៊ីប៊ី​ស៊ី​ ​​មីឌៀ អាក់ស៊ិន ក្នុង​ឋានៈ​ជា​​អ្នក​​ផលិតកម្មវិធី​វិទ្យុ​​ និង​ទទួល​ខុស​ត្រូវ​ចំពោះ​​កម្មវិធី​​វិទ្យុ​ចំនួន​ពីរ​។ កម្មវិធី​​នេះ​​​​ផ្តោត​លើ​​​បញ្ហា​​របស់​យុវជន​​ ដូចជា​ មេរោគ​អេដស៍និង​សុខភាព​បន្ត​ពូជ​ ក្រុម​ជើងកាង ការ​ញៀន​ថ្នាំ និង​ភាព​គ្មាន​ការ​ងារ​ធ្វើ។ បន្ទាប់មក ​លោក​​​ត្រូវបាន​​​​តែងតាំង​ឲ្យ​ទទួល​​​តួនាទី​ដែល​លោក​កំពុង​ធ្វើ​បច្ចុប្បន្ន គឺ​ក្នុង​ឋានៈ​ជា​ អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ ឡូយ ៩​ ដែល​​​​អនុវត្ត​ដោយ​​​ ប៊ីប៊ី​ស៊ី​ ​​មីឌៀ អាក់ស៊ិន ​ជាមួយ​នឹង​​​ការ​ឧបត្ថម្ភមូលនិធិពី​​​​​ កម្មវិធីអភិវឌ្ឍន៍​របស់​​​អង្គការ​សហ​ប្រជាជាតិ និង​​រដ្ឋាភិបាល​ស៊ុយអែត។

សារ​របស់​លោក​សម្បត្តិ ៖ “​​​សន្តិភាព​ពិត​ប្រាកដ​អាច​កើត​ឡើង​បាន​​ ​លុះត្រា​ណា​តែ​មនុស្ស​ក្នុង​សង្គម​មួយ​រស់​នៅ​​ដោយ​គ្មាន​​ជម្លោះ​​ ភាពអត់​ឃ្លាន ភាព​ចលាចល និង​​ការគំរាម​កំហែង។ តាមរយៈការ​​អនុវត្ត​​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ ​​​សន្តិភាព​ពិត​ប្រាកដ​នឹង​អាច​​កើត​ឡើង​​បាន។ ​តាមរយៈ ការ​​​បញ្ចេញ​គំនិត​ និង​​ទស្សនៈផ្ទាល់​ខ្លួន ​ការ​​អភិវឌ្ឍន៍​សង្គម​នឹង​អាច​ក្លាយ​ជា​ការ​ពិត​បាន។”​

១៦ ឧសភា ២០១៣| អ៊ឹម រចនា

កញ្ញា អ៊ឹម រចនា ​ជាអ្នក​សារព័ត៌មាន​មួយរូប​របស់ ​ស្ថានីយវិទ្យុ​បារាំង​អន្តរជាតិ​។​ រចនា ​មាន​បទ​ពិសោធន៍​ជា​អ្នកសារព័ត៌មាន​អស់​រយៈពេល​ជាង ​៥ឆ្នាំ​ និង​ធ្លាប់​បាន​ធ្វើការ​ជាមួយ​ ទស្សនា​វដ្ដីឡារ៉ែន​ជា​អ្នក​ប្រែសម្រួល​អត្ថបទ ​និង​ទស្សនាវដ្តី​ហេលស៍​ថាមស៍ ​ក្នុង​ឋានៈ​ជា​និពន្ធនាយក​។ ​កញ្ញា​មាន​បំណង​ប្រាថ្នា​យ៉ាង​មុះមុត​មក​លើ​ការងារ​របស់​កញ្ញា​ និង​ជឿជាក់​ថា​សារព័ត៌​មាន​ឯករាជ្យ​ មាន​សារៈ​សំខាន់​ចំពោះ​សង្គម​កម្ពុជា​។ ​

តាំង​ពី​ក្មេង​វ័យ​មក ​កញ្ញា​រចនា ​ដឹងច្បាស់​ថា​នាង​ចង់​ក្លាយជា​អ្នក​សារព័ត៌មាន ហើយ​ការ​ពិត​ដែល​ថាស្រ្តីមិន​សូវ​ធ្វើ​ការ​ក្នុងអាជីព​នេះ​មិនបាន​បន្ទច់​បង្អាក់​កញ្ញាក្នុង​ការប្រឡូក​ក្នុង​វិស័យ​នេះឡើយ​។ ​ក្នុង​ពេល​ការ​សិក្សា​ លោកគ្រូ​របស់​កញ្ញាម្នាក់ ​បាន​ដាស់​តឿន​កញ្ញា​ថា​ការ​ធ្វើតាម​បំណង​ប្រាថ្នានេះ ​អាច​នឹង​ធ្វើឲ្យ​កញ្ញា​ប្រឈម​នឹង​ការ​និរទេសខ្លួន ​ការ​ជាប់​ពន្ធនាគារ ​ឬ​សូម្បី​តែ​បាត់បង់​ជីវិត​។ ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ រចនា ​នៅតែ​មិនរា​ថយ​ និង​ធ្វើការ​បន្តទៀត​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​សារព័ត៌មាន​ដ៏​ល្បី​ឈ្មោះ​ម្នាក់។​

សារ​របស់​កញ្ញា​រចនា ​៖ “ខ្ញុំ​ជា​អ្នក​មាន​ជំនឿ​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​សារព័ត៌មាន​។ ​អ្នក​សារព័ត៌មាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​កំណត់​ថា​តើ​ពិភពលោក​នឹង​ក្លាយ​ទៅជា​កន្លែង​មួយ​ដែល​ប្រសើរ​ឡើង​ឬ​ក៏អត់? ​យើង​ជា​អ្នក​សារព័ត៌មាន ​មាន​អំណាច​ដើម្បី​នាំឲ្យ​មាន​ការផ្លាស់​ប្ដូរ ​ហើយ​ខ្ញុំ​សន្យាថា​ខ្ញុំ​នឹង​ប្រើប្រាស់​អាជីព​របស់ខ្ញុំ​ដើម្បី​ធ្វើ​រឿង​ល្អៗ​សម្រាប់​សង្គម​។ ​ខ្ញុំ​សង្ឃឹម​ថា​ អ្នក​សារព័ត៌មាន​ដទៃ​ទៀត​នឹង​ធ្វើដូចគ្នា​ដែរ​។”

១៥ ឧសភា ២០១៣ | សុខ រដ្ឋា

លោក​ សុខ រដ្ឋា​ ហៅ​ រដ្ឋា វិសាល ធ្វើ​ការ​ជា​អ្នក​​យក​ព័ត៌មាន ប្រចាំ​នៅ​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​ ជាមួយ​វិទ្យុ​អាស៊ីសេរី​ ​​និង​បាន​​​រាយការណ៍​​​​​​​​លើ​​បញ្ហា​ការ​រំលោភ​បំពាន​ជា​ច្រើន​ក្នុង​​ខេត្ត​ ​​​​ខេត្ត​រតនៈគីរិ ខេត្ត​មណ្ឌល​គិរី និង​ខេត្ត​ស្ទឹង​ត្រែង។

លោក រដ្ឋា​ វិសាល មាន​បទពិសោធន៍​ជាអ្នក​សារព័ត៌មាន​អស់រយៈ​ពេល​ជាង ២០​ឆ្នាំ។ មុន​ពេល​ធ្វើ​ការ​ជាមួយ​ វិទ្យុ​​អាស៊ីសេរី ​លោក​​ធ្លាប់​ធ្វើ​ការ​ជាមួយ​​​​កាសែត​បោះពុម្ពផ្សាយ ដូចជា កាសែត​​ព្រលឹង​ជាតិ ​ព្រឹត្តិ​បត្រ​កម្លាំង​សេដ្ឋ​កិច្ច​ថ្មី​ ​​កាសែត​កម្ពុជា​ថ្ងៃនេះ និង​ដំណឹង​ពេល​ល្ងាច។​ ​ក្នុង​ឆ្នាំ២០០៦ និយតករ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​​​របស់​សហរដ្ឋ​អាមេរិក បាន​ប្រគល់​ពាន​រង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម​​​​ ដេវីដ ដាប់ប៊លយូ ប៊ើក​​ ជូនលោក​ដើម្បី​ទទួល​ស្គាល់​ពី​​​​​ការ​ផ្សាយព័ត៌មាន​​​បែប​ច្នៃប្រឌិត​ពី​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ​​ដែល​ជាទូទៅ​ការ​រាយការណ៍​បែប​នេះ​​តែង​តែ​​ធ្វើ​ឲ្យ​លោក​ត្រូវ​​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ជា​ច្រើន។

សារ​របស់លោក​រដ្ឋា​ ៖​ “​​​អាជីព​អ្នក​កាសែត​មិន​មែនជា​អាជីព​​​ធម្មតា​ដូច​អាជីព​ដទៃ​ទៀត​ទេ។ អ្នក​សារព័ត៌មាន​​​​​នៅ​ប្រទេស​កម្ពុជា​​​ ​តែងតែ​រងការ​គំរាម​កំហែង និងការ​​រើសអើង​។ ទោះ​បីជាអាជីព​នេះ​​ប្រឈម​នឹង​​ឧបសគ្គ​ជា​ច្រើន​​ក៏​ដោយ​ ខ្ញុំ​សង្ឃឹម​ថា​​​​ ប្រជាពលរដ្ឋ​នឹង​យល់​​អំពី​សារៈសំខាន់​​​​របស់​​ប្រព័ន្ធសារព័ត៌មាន​​ ដើម្បី​អាច​ឆ្លង​កាត់​ឧបសគ្គ​ទាំង​នោះ​បាន។​ ​​​តាមរយៈ​ការ​ធ្វើ​ការ​ជាមួយគ្នា យើង​អាច​​​អាច​​​ធ្វើ​ឲ្យ​ក្ដី​សុបិន​​ដែល​ចង់ឃើញ​ប្រព័ន្ធ​សារព័ត៌មាន​សេរី​​​អាច​ក្លាយ​ជា​ការ​ពិត​បាន​”​ ។

១៤ ឧសភា ២០១៣ | វ៉ា ស៊ីមន

លោកស្រី​ វ៉ា ស៊ីមន ​មាន​អាយុ ​៣៨ឆ្នាំ​ ជាបុគ្គលិក​ធ្វើការ​នៅ​មណ្ឌល​ព័ត៌មាន​ស្រ្តីកម្ពុជា ​លោក​ស្រី​ចាប់​ផ្តើម​ធ្វើការ​តាំង​ពីឆ្នាំ ​១៩៩៨ ​មក​ម្លេះ​។ លោក​ស្រី​ចាប់​ផ្តើម​ការងារ​ដំបូង​គឺជា​អ្នក​បច្ចេកទេស​សំឡេង ​ជា​ពិធីកា​រិនី​ ហើយ​ក្រោយ​មក​ក្នុង​ឆ្នាំ​២០០០ លោក​ស្រី​បាន​ចូលរួម​ផលិតក្នុង​តួនាទី​ជា​អ្នក​ថតកម្មវិធី​ទូរទស្សន៍​ ផ្សាយប្រចាំ​សប្តាហ៍​របស់មណ្ឌលព័ត៌មាន​ស្រ្តីកម្ពុជា ​មានដូចជា ​បទយកការណ៍ ​ឯកសារ​ ស្ពត់​ រឿងកំប្លែង​ រឿង​វីដេអូ​អប់រំ។​

ស្នាដៃការងាររបស់លោកស្រីភាគច្រើនផ្តោតលើប្រធានបទពាក់ព័ន្ធនិងស្រ្តីនិងកុមារ ដូចជា អំពើហឹង្សាលើស្រ្តីនិងកុមារ យេនឌ័រនិងសិទ្ធិស្រ្តី ស្រ្តីនិងភាពដឹកនាំ ការជួញដូរគ្រឿងញៀន ជំងឺអេដស៍ ។ល។ កម្មវិធីទាំងនេះត្រូវបានចាក់ផ្សាយតាមបណ្តាស្ថានីយ៍ទូរទស្សន៍ជាតិ បណ្ដាញទូរទស្សន៍កម្ពុជា (ស៊ីធីអិន) ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខបី និងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។

សាររបស់​លោក​ស្រីស៊ីមន​ “ក្នុងរយៈពេល ​១៥ឆ្នាំ ​នៃ​ជីវិត​ជា​អ្នកសារ​ព័ត៌មាន ​ខ្ញុំ​ជាអ្នកថត​ អ្នកកាត់ត ​និង​ អ្នកយក​សំឡេង។​ ក្នុង​រយៈពេល​បំពេញ​ការងារ​នេះ ​មាន​អនុស្សាវរីយ៍​រីករាយ​ដែលខ្ញុំបាន​ឆ្លង​កាត់។ ​​ទោះ​បីជា​ពេល​ខ្លះ​ត្រូវ​ធ្វើការ​ជិត​២៤ម៉ោង ​ក្នុង​មួយថ្ងៃ​ ហាល​ភ្លៀង​ហាលខ្យល់​ ត្រូវ​ទៅ​ធ្វើការ​ឆ្ងាយ​ពីផ្ទះ​ ចោល​កូនចៅ ​និង​ក្រុមគ្រួសារ​ តែ​ខ្ញុំមាន​មោទនភាព​ណាស់​ក្នុង​តួនាទី​របស់ខ្ញុំ។​ ខ្ញុំបាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឲ្យស្រ្តី​ខ្មែរ​ដទៃទ​ៀត។

១៣ ឧសភា ២០១៣ | ទេព សុវិចិត្រ

លោក​ ​ទេព សុវិចិត្រ មាន​​អាយុ​​១៧​ឆ្នាំ សព្វ​ថ្ងៃ​នេះ​ជា​សិស្ស​នៅ​វិទ្យាល័យ​ជាស៊ីម សន្ធរម៉ុក ថ្នាក់​ទី១២។ លោក​ចូល​ចិត្ត​​បច្ចេកវិទ្យា​កុំព្យូទ័រ និងជា​អ្នក​សរសេរ​ប្លុក​​ដ៏​ជំនាញ​ម្នាក់។​​ លោក​វិចិត្រ​​ ជឿជាក់​ថា​​បច្ចេក​វិទ្យា​​​​មាន​​​​អត្ថប្រយោជន៍​​ចំពោះ​​​​សង្គម​ ដោយ​សារ​តែ​​បច្ចេកវិទ្យា​នេះ​អាច​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង ​និង​ព័ត៌មាន​ ។

ទោះ​បី​ជា​លោក​​​កំពុង​តែ​រៀន​​នៅ​ក្នុង​​វិទ្យាល័យ​នៅ​ឡើយ តែ​​លោក​វិចិត្រ​ បាន​សរសេរ​​ប្លុកផ្ទាល់​ខ្លួន​​​​​​មួយ​រួច​ទៅ​ហើយ​ ដែល​ប្លុក​របស់​លោក​គឺ​ដើម្បី​​ចែក​រំលែក​ព័ត៌មាន និង​ចំណេះ​ដឹង​​ទាក់​ទង​នឹង​​បច្ចេក​វិទ្យា។ ​លោក​វិចិត្រ ក៏​បាន​សរសេរ​ប្លុក​ផ្ទាល់​ខ្លួន​មួយដែល​សរសេរ​អំពី​​ជីវិត​ប្រចាំ​ថ្ងៃ​​​ និង​បទ​ពិសោធន៍​របស់​លោក។

សារ​របស់​លោក​វិចិត្រ ៖​ “​​ទោះ​បី​ជា​ការ​ចែករំលែក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជានៅ​មាន​កម្រិត ​​​​ខ្ញុំ​ជឿ​ជាក់​ថា​​មនុស្ស​គ្រប់​គ្នា​មាន​​​​ចំណេះ​ដឹង​ដែល​​អាច​ចែក​រំលែក​បាន។ តាម​រយៈ​ការ​​ប្រើប្រាស់​​​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ មនុស្ស​​ទាំង​អស់​អាច​​ចែក​រំលែក​ព័ត៌មាន និង​​​​ចូលរួម​ក្នុង​​ការ​​ពិភាក្សា​ជា​សាធារណៈ​។ ខ្ញុំ​សង្ឃឹម​ថា​​​​មនុស្ស​ជា​ច្រើន និង​​​ចាប់​ផ្តើម​​​​សរសេរ​ប្លុក​ផ្ទាល់​ខ្លួន ​ពីព្រោះ​មនុស្ស​ម្នាក់​ៗ​មានរឿង​រ៉ា​វ​សំខាន់ៗ​ដែល​ត្រូវ​ចែក​រំលែក​​​។”​

១២ ឧសភា ២០១៣ | អ៊ុង​ ច័ន្ទ​សោភា

កញ្ញា អ៊ុង​ ច័ន្ទ​សោភា គឺ​ជា​អ្នក​សារព័ត៌មាន ​ហើយ​កញ្ញា​អាយុ ២៩​​ឆ្នាំ។ ​កញ្ញា​ ធ្វើ​ការ​ជា​អ្នក​ផលិត​កម្មវិធី​​ក្នុងប៉ុស្តិ៍​​​​​​​ទូរទស្សន៍​ ស៊ីអិនស៊ី​ ដែល​កញ្ញា​​ដឹកនាំ​កម្មវិធី​ចំនួន​ពីរ​គឺ​ ៖ ​សេដ្ឋកិច្ចសកល​ និង​សប្ដាហ៍​​​​នៃ​ប្រទេស​កម្ពុជា (ព័ត៌មាន​ជា​ភាសា​បារាំង)។ ​កាល​ពីឆ្នាំ ២០១០ កញ្ញា​ បាន​​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​ដើម្បី​​​សិក្សា​​បន្តផ្នែក​សារព័ត៌មាន​​។​ ​កញ្ញា​បាន​​ចំណាយ​ពេល​ពីរ​ឆ្នាំ​នៅ​ទីនោះ​​ ក្នុងសាលាជាន់​ខ្ពស់​​​​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទីក្រុង​លីល (Lille)​ ដែល​កញ្ញា​មាន​ជំនាញ​​​ផ្នែក​​​​​សារ​ព័ត៌មាន​ទូរទស្សន៍​។ ក្នុង​ខែ​កញ្ញា ឆ្នាំ២០១២ កញ្ញា​សោភា ទទួល​បានបរិញ្ញាប័ត្រ​អនុបណ្ឌិត​​ និង​សម្រេច​ចិត្ត​ត្រលប់​មក​ប្រទេស​កំណើត​វិញ។​

កញ្ញា​ សោភា បាន​​ទទួល​រង្វាន់​​​សេរីភាព​សារព័ត៌មាន ក្នុង​​ការ​ប្រកួត​ឆ្នាំ២០០៩ ដែល​រៀប​ចំ​ដោយ អ្នក​សារព័ត៌មាន​​គ្មាន​ព្រំដែន​​ និង​​ស្ថាប័ន​ពីរ​ទៀត​​នៃ​​ប្រទេស​បារាំង។ កញ្ញា​ ទទួល​បាន​រង្វាន់​នេះ​គឺ​ដោយ​សារ​តែ​​​អត្ថបទ​បែប​អង្កេត​របស់​កញ្ញា​ ​ស្ដីពី​​ជនរងគ្រោះ​ជា​ស្ត្រី​ក្នុង​​​អំពើ​ហិង្សា​​​​ក្នុង​គ្រួសារ។​ អត្ថបទ​នេះត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​​​​សារព័ត៌មាន​​ជាភាសា​បារាំង កាំបូដ ស័រ​។ ក្នុង​ឆ្នាំ ២០០៤ កញ្ញា បាន​ចាប់​ផ្តើម​​អាជីព​ជា​អ្នក​សារ​ព័ត៌មាន ក្នុងសារព័ត៌មាន​កាំបូដ ស័រ​។ ស្រប​ពេល​ជាមួយគ្នា​ដែរ​ កញ្ញា ក៏​បាន​ធ្វើ​ការ​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​ឲ្យ​​ស្ថានីយ​វិទ្យុ​បារាំង​អន្តរជាតិ​។ ក្នុង​​​​​អំឡុងពេល​ធ្វើ​ការ​ជា​អ្នក​សារព័ត៌មាន កញ្ញាសោភា បាន​​សរសេរ​​​​អត្ថបទ​បែប​អង្កេត​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​​​​សិទ្ធិ​មនុស្ស និង​ភាព​ក្រីក្រ។ កញ្ញា​ ក៏​បាន​​ឈ្នះ​រង្វាន់​​លេខ​បី ក្នុង​​​ការ​ប្រកួត​អត្ថបទ​បែប​អង្កេត​​ដែល​រៀប​ចំ​ដោយ ក្លឹប​អ្នក​កាសែត​កម្ពុជា និង​​ស្ថានទូត​សហរដ្ឋ​អាមេរិក​ផងដែរ។​

សារ​របស់​កញ្ញា​សោភា៖ “ក្នុង​នាម​ជា​​អ្នក​សារព័ត៌មាន អ្នក​​គឺជា​សាក្សី​​​ចំពោះ​អ្វីដែល​កំពុង​តែ​កើត​ឡើង​ក្នុង​​សង្គម​របស់​អ្នក។​ ​តាមរយៈ​​​​​​ការ​​រាយការណ៍​របស់​អ្នក អ្នក​អាច​​រួម​ចំណែក​​​​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពិភពលោក​។”

១១ ឧសភា ២០១៣ | គង់ សុឋានរិទ្ធ​

លោក​ គង់ សុឋានរិទ្ធ​ ​ជា​​​​និពន្ធ​នាយក និង​​​អ្នក​សម្របសម្រួល​​​​​​នៅ​​វិទ្យុសំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ហើយ​ដែល​លោក​បាន​ចូល​ធ្វើ​ការ​ជាមួយ​វិទ្យុ​នេះ​ចាប់​តាំង​ពី​ឆ្នាំ​​២០០៦​មក​ម្លេះ។ ​ ​លោក​​ស្រលាញ់​ការងារ​ជា​អ្នក​សារព័ត៌មាន​​​ ដោយ​សារ​តែ​លោក​​បាន​ជួប​មនុស្ស​ម្នា​ថ្មីៗ​ជា​ច្រើន​ និង​បាន​ដឹង​​​ពី​​​ហេតុការណ៍​​នានា​ដែល​បាន​កើត​ឡើង។​ ​​

មុន​ពេល​ចូលធ្វើ​ការ​ជាមួយ​ វីអូអេ លោក​បាន​ធ្វើ​ការ​​​​​​​ជាមួយ​​​សារព័ត៌មាន​បារាំង កាំបូដស្វ័រ​ ទីភ្នាក់ងារ​​ព័ត៌មាន​ស្វីស​ទស្សនាវដ្ដី​អាកាសចរណ៍​​​​​ និង​​​​វិទ្យុបារាំង​អន្តរជាតិ។​ ក្នុង​គំនិត​របស់​លោក​ អាជីព​ជា​អ្នក​សារព័ត៌មាន​មាន​ការ​​ប្រឈមច្រើន​​ ជា​ពិសេស​​​ក្នុង​​​បរិបទ​សង្គម​ខ្មែរ។​ ដោយ​សារ​តែ​​ការ​រឹតត្បិត​លើ​​​​សារព័ត៌មាន​ ​​សមត្ថភាព​​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ ហើយ​​​​​​ការ​ទន់ទេរ​ទៅ​រក​​​គណបក្ស​នយោបាយ​​​បាន​ក្លាយ​ជា​​​​គឺ​កត្តា​ចម្បង​​ដែល​កំណត់​ពី​ភាព​ជោគជ័យ​ក្នុង​អាជីព​​។ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​​ លោក​សុឋានរិទ្ធិ​ នៅតែ​ជា​អ្នក​តស៊ូ​មតិ​ដ៏​ខ្លាំង​ក្លា​​សម្រាប់​​​​សារព័ត៌មាន​សេរី​​ និង​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​​រក្សា​វិន័យ​របស់ខ្លួន​។ លោក​ជឿជាក់​ថា​​សារព័ត៌មាន​ ជា​កម្លាំង​ដ៏​ខ្លាំងមួយ​ ដែល​អាច​ប្រើប្រាស់​​​​ដើម្បី​អភិវឌ្ឍន៍​សង្គម​កម្ពុជា។

សាររបស់​លោក “​អ្នក​សារព័ត៌មាន​ត្រូវ​ពង្រឹង​វិជ្ជាជីវៈ និង​ពង្រឹងនូវ​ការអនុវត្តន៍​​​​​​​​ក្រម​សីលធម៌​​របស់​ខ្លួន ដើម្បី​លើក​តម្លៃ​​​​​ខ្លួន​ឯងនៅក្នុង​សង្គម។​ អ្នក​សារព័ត៌មាន​​ត្រូវ​ចេះ​យក​វិជ្ជាជីវៈ​មក​ប្រើ​ឲ្យ​ចំ​គោល​ដៅ​។ សម្រាប់​អ្នក​​​នយោបាយ​​​វិញ​ក៏​មិន​ត្រូវ​​គេច​វេះ​ពី​អ្នក​សារព័ត៌មាន​​នោះ​ដែរ តែ​ត្រូវ​​តែ​ហ៊ាន​មើល​មុខ​អ្នក​​សារព័ត៌មាន​​ ហើយ​និយាយ​​​ជាមួយ​អ្នក​​សារព័ត៌មាន​​​​ដោយ​ត្រង់ៗ​។ ពេល​អ្នក​​នយោបាយ​​​ រើសអើង​អ្នក​សារព័ត៌មាន​ តម្លៃរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​ធ្លាក់​ចុះ។​​”​​

១០ ឧសភា ២០១៣ | អឿង​ បុណ្យ​សុវត្ថារី ​

កញ្ញា​ អឿង បុណ្យសុវត្ថារី​ ហៅ សុវត្ថារី​ អាយុ២៤ឆ្នាំ ​ជានិស្សិតដែល​បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសា​អង់គេ្លស និង​ជា​​គ្រូ​​បង្រៀនភាសា​អង់គ្លេស​ និង​ជាជំនួយការផ្នែក​អប់រំ នៃសាកលវិទ្យាល័យ​បញ្ញាសាស្ត្រ។

ដោយ​សារ​តែ​​ចំណូល​ចិត្ត​ កញ្ញា​សុវត្ថារី​ បានចាប់​ផ្តើម​ការសរសេរប្លុក​​ផ្ទាល់ខ្លួន​ ក្នុងឆ្នាំ២០០៩ មានឈ្មោះថា “បុត្រី​ខ្មែរ​”។ ​អ្វី​ដែល​ជំរុញ​ឲ្យ​​នាង​សរសេរ​ប្លុក​ គឺ​ដោយ​សារ​ការ​សង្កេត​ផ្ទាល់​ខ្លួន​​ ចំពោះ​ជីវភាព​​ប្រចាំ​​ថ្ងៃ​​​របស់​ប្រជាពល​រដ្ឋ​កម្ពុជានៅ​ទីក្រុង​ភ្នំពេញ​​​។ ​ប្លុក​​របស់​កញ្ញា ​ផ្តោ​តលើ​ប្រធានបទ​ ដូចជា វប្បធម៌ខ្មែរ អក្សរសាស្ត្រជាតិ និងអន្តរជាតិ សិល្បៈ ចំម្រៀង ​ក៏ដូចជា​​​ក្តីសុបិន និង​​សេចក្តីប្រាថ្នា​របស់នាងផងដែរ។ គោលដៅ​ចម្បង​​មួយ​​នៃ​ការ​​សរសេរ​ប្លុក​​​របស់​នាង​គឺ​​ចង់​បង្ហាញ​​ និង​ចែក​រំលែក​​​គំនិត​របស់នាង​​​ស្ដីពី​ជីវិត​​ប្រចាំ​​ថ្ងៃ​របស់​​ប្រជាពលរដ្ឋ​​​កម្ពុជា។​ លើសពី​នេះទៅ​ទៀត កញ្ញា​​​សុវ៉ាតថារី ​ក៏​​ជាអ្នក​គូរ​​គំនូរ​​ត្លុក​ និងជាអ្នកថតរូបផងដែរ។ ប្លុក​​​រូបត្លុក​របស់​កញ្ញា​​គឺ​ “Camtoontista” ​និង​ប្លុក​​​រូបថត​​នៅ​លើ​ Tumblr មាន​ឈ្មោះ​ថា​ “Dear Photodiary”។​ កញ្ញា​ក៏​មាន​​ចំណង់​ចំណូល​ចិត្ត​ផ្នែក​សរសេរ​​​បែប​ច្នៃ​ប្រឌិត​ផងដែរ។

សាររបស់កញ្ញា​សុវត្ថារី​​ “​កិច្ច​ការ​​​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ទាំង​អស់ ត្រូវ​បាន​​ដាក់​បង្ហាញ​​​​​នៅ​ក្នុង​​ប្លុក​​​​​របស់ខ្ញុំ​​ (បុត្រី​ខ្មែរ​) ព្រោះ​នេះ​​គឺ​ជាវិធី​​មួយ​ដែល​ខ្ញុំ​អាច​​ទំនាក់​ទំនង​ជាមួយ​​មនុស្ស​គ្រប់​គ្នា​បាន”​។

​​

៩ ឧសភា ២០១៣ | អ៊ូ រិទ្ធី​

លោក អ៊ូ រិទ្ធី​ ​​កើត​ និងធំធាត់​ឡើង​​នៅក្នុង​​តំបន់ដាច់ស្រយាល​មួយនៅ​ក្នុង​​ខេត្ត​ពោធិ៍សាត់ ប្រទេស​កម្ពុជា​​។ លោក​មាន​អារម្មណ៍​ថា​មានសំណាង​ណាស់​ដែល​បាន​ទទួល​ឱកាស​​ក្នុងការ​អប់រំ​​នៅមហាវិទ្យាល័យ​​ហ្វើហ្គូសុន​ សាកល​វិទ្យាល័យ​​ពូណេ​ ប្រទេស​ឥណ្ឌា​​។​ ​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​​ ផ្នែក​​វិទ្យាសាស្ត្រ​នយោបាយ​នៅឆ្នាំ​២០១១​នៅសាកល​វិទ្យាល័យ​​ពូណេ​។​​​ ​​ការ​សិក្សា​នេះ​នឹង​មិន​អាច​​ធ្វើ​ទៅ​បាន​​នោះ​ទេ ប្រសិន​បើ​គ្មាន​ការ​​ឧបត្ថម្ភ​ដ៏​សប្បុរស​របស់​​​​ក្រុមប្រឹក្សា​​ឥណ្ឌា​​​​សម្រាប់​ទំនាក់ទំនង​ផ្នែក​វប្បធម៌​។​

បន្ទាប់​ពី​​បញ្ចប់​​ថ្នាក់​បរិញ្ញាប័ត្រ​​ក្នុង​ខែ​កក្កដា ឆ្នាំ២០១១​ រិទ្ធី​​ត្រលប់​មក​​​​ប្រទេស​កម្ពុជា​ ហើយបានធ្វើ​​​កម្មសិក្សា​រយៈពេល​​ ៣​ខែ​ជាមួយ​ មូលនិធិ ខុនរ៉ាដ ​អាដិនណៅអ៊ែរ​នៅប្រទេសកម្ពុជា។ រិទ្ធី​​ចំណាយ​ពេល​​​បីខែ​ជាមួយ​​ មូលនិធិ​ខុនរ៉ាដ និង​​មាន​ទំនាក់​​ទំនង​​យ៉ាង​ជិតស្និទ្ធ​​​ជាមួយ​នឹង​កម្មវិធី​​ “​យុវជន​ក្នុងវិស័យ​នយោបាយ​” ​ នៃ​​មូលនិធិ​​ផ្នែក​នយោបាយ​​​របស់​ប្រទេស​អាល្លឺម៉ង់​​។ លោក​ចូលរួម​ចំណែក​ក្នុង​កម្មវិធី​នេះ​​តាមរយៈ​ការ​​អប់រំ​យុវជន​ពីរឿង​នយោបាយ​​។ ជាលទ្ធផល​ អ្នក​ចូលរួម​ក្នុង​កម្មវិធី​នោះ​​​ ទទួលបានចំណេះដឹងទូលំទូលាយ​​អំពី​វប្បធម៌​​នយោបាយ​​​​ប្រទេស​កម្ពុជា​ និង​​ត្រូវ​បាន​ផ្ដល់​ជូន​នូវ​​​ឧបករណ៍​ចាំបាច់​​សម្រាប់​អនុវត្ត​​កំណែទម្រង់​​ផ្នែក​នយោបាយជាវិជ្ជមាន​។​​​​ បន្ទាប់​ពី​​បាន​បញ្ចប់​​​កម្មសិក្សា​​ជាមួយ​នឹង​មូលនិធិ​ ខុនរ៉ាដ​រួចមក​ រិទ្ធី​​បានធ្វើ​ការ​ជា​​មន្ត្រី​ផ្នែក​អង្កេត ​នៅ​គណៈកម្មាធិការ​​ដើម្បី​ការបោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​(ខុមហ្វ្រែល)។ ក្នុង​អំឡុងពេល​នេះ​ លោក​​ទទួល​ខុសត្រូវ​​​ក្នុង​ការ​​​សង្កេត​មើល​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូចជា​​តាមដាន​​​រដ្ឋាភិបាល​ សមាជិក​សភា និង​​សារព័ត៌មាន​នៅប្រទេសកម្ពុជា​។ បច្ចុប្បន្ន​​​ រិទ្ធី​​​មាន​ប្លុក​ផ្ទាល់​ខ្លួន​​ ដែល​ក្នុង​ប្លុក​នោះ​មាន​សរសេរ​អំពី​​បញ្ហា​នយោបាយ​​ និង​បញ្ហា​សង្គម​នៅ​កម្ពុជា។​​

សារ​របស់​រិទ្ធី “ សុបិន​របស់​ខ្ញុំ​គឺ​រួម​ចំណែក​ក្នុង​ការ​ផ្លាស់ប្តូរជាវិជ្ជមានលើវិស័យ​សេដ្ឋកិច្ច​ ច្បាប់ នយោបាយ និងសង្គម​ នៅក្នុងប្រទេស​កម្ពុជា​ ដោយពឹងផ្អែកលើគោលការណ៍​អហិង្សា​។”

៨ ឧសភា ២០១៣ | កើត​ ចន្ទ្រា​

កញ្ញា​កើត​ ចន្ទ្រា​ ជាអ្នកយកព័ត៌មានឯករាជ្យ​​​​​​ ​ឲ្យ​ទស្សនាវដ្តីប្រជាប្រិយ ​និង​​ជានិស្សិត​ផ្នែក​សារព័ត៌មាន​​នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ក្នុង​ដេប៉ាតឺម៉ង់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​​សារគមនាគមន៍។ កញ្ញា​​​សម្រេច​ចិត្ត​សិក្សា​​ផ្នែក​​សារព័ត៌មាន​​ ដោយ​សារ​តែ​កញ្ញា​​​ចង់​ចូល​រួម​ចំណែក​​ដើម្បី​​​​ធ្វើឲ្យ​​សា្ថនភាព​​សេរីភាពសារព័ត៌មាននៅកម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​។​ កញ្ញា​​​ក៏​​បាន​​ឃើញ​ថា​​មនុស្ស​​ភាគច្រើន​នៅប្រទេសកម្ពុជា​មើល​ឃើញ​ថាការងារអ្នកកាសែត​ជាការងារសម្រាប់តែ​មនុស្ស​ប្រុស។ កញ្ញា​​មាន​បំណង​​​លុប​បំបាត់​​​​​គំនិតនេះ ​ហើយ​ការ​ជ្រើស​រើស​រៀន​​ផ្នែក​សារព័ត៌មាន​​​​ កញ្ញាក៏​សង្ឃឹមថា​នឹង​អាចជួយលើកទឹកចិត្ត​ឲ្យ​​ស្ត្រីផ្សេងទៀត ​ហ៊ាន​​​សម្រេច​ចិត្ត​​​​​​ប្រឡូក​ចូល​ក្នុង​វិស័យ​សារព័ត៌មាន​​ផងដែរ។​

កញ្ញា​ចន្ទ្រា ​​មានបទពិសោធន៍ជាច្រើនក្នុងវិស័យសារ​ព័ត៌មាន​ និង​ទូរគមនាគមន៍។ ​​​កាល​ពី​មុន​ កញ្ញា​​​ធ្លាប់ធ្វើ​​ជា​​បុគ្គលិក​ហាត់ការម្នាក់​ក្នុង​ផ្នែកទំនាក់ទំនងនៃ​អង្គការ​​កម្មវីធីអភិវឌ្ឈន៍​​ធនធាន​យុវជន​ ។ កញ្ញា​ ​ក៏ធ្លាប់ជាពិធីក​រ​ក្នុង​ វិទ្យុ FM៩១​មេហ្កាហឺត​ ក្នុងឆ្នាំ២០១០។​ ក្រោយមកទៀត​ កញ្ញា​​បាន​ក្លាយ​ទៅ​ជា​អ្នកបកប្រែ និងអ្នកយកព័ត៌មាន​ប្រចាំ​ស្ថានីទូរទស្សន៍អាស៊ី​អាគ្នេយ៍។ កញ្ញា​​ក៏​បាន​សរសេរអត្ថបទ​​​ឲ្យ​​ ទស្សនាវដ្តី LIFT​ ​ ផ្តោត​សំខាន់​លើ​យុវជន និង​សរសេរ​​អត្ថបទ​​ឲ្យ​​​អង្គការ​​សប្បុរស Trocaire លើប្រធានបទ​ទប់​សា្កត់អំពើហ្សិាងក្នុង​គ្រួសារ។ ចន្ទ្រា​​ ក៏​​​បាន​​សរសេរ​អត្ថបទ​ក្នុង​ប្លុក​​​ផ្ទាល់​​ខ្លួនគឺ chumreapsour.wordpress.com ដែលប្លុកនោះ​សរសេរ​​​រៀបរាប់​ពី​បទពិសោធន៍​របស់​កញ្ញា​ និងមតិយោបល់​របស់យុវជនដទៃ​ទៀត​​​​​ពាក់​ព័ន្ធ នឹង​​បញ្ហា​សង្គម​ផ្សេងៗ​​។ ប្លុក​នោះ​ក៏​មាន​​ដាក់បញ្ជូលនូវរូបថត​ដែល​ជា​ស្នាដៃ​របស់​កញ្ញា​​ផងដែរ។

សាររបស់ចន្ទ្រា​ “​ក្នុង​ពេលអនាគត ខ្ញុំចង់ក្លាយជា​អ្នក​​សារព័ត៌មាន​អាជីព​។​ ខ្ញុំ​​មាន​បំណង​​​ចង់​​​ស្វែងរក​ការពិត ធ្វើ​ជា​​​ស្ពានរវាងប្រជាពលរដ្ឋ ​​និង​​​​រដ្ឋាភិបាល និងជា​សរសេរ​​ព័ត៌មាន​​ត្រឹមត្រូវ និងមិន​លម្អៀង​​សម្រាប់​សារធាណជន។ ខ្ញុំក៏​ចង់លុបបំបាត់នូវ​ទស្សនៈដែល​ថា​ ស្រី្តខ្មែរមិនមាន​សមត្ថភាព​ដូចបុរស​។​ ខ្ញុំគិតថាយើងត្រូវការ​សមភាព​យេនឌ័រ​ក្នុង​​ការអភិវឌ្ឍន៍​ខ្លូន​ឯង​និងសង្គម ខ្ញុំសង្ឃឹមថាខ្ញុំអាចលើកទឹកចិត្ត​ដល់​​ស្ត្រីផ្សេងទៀត​ក្នុង​ការ​​បន្តការងារប្រភេទ​នេះតទៅ​ទៀត។

៧ ឧសភា ២០១៣ | គឹម ធីតាកល្យាណី

លោក​ស្រី គឹម ធីតាកល្យាណី គឺ​ជាអ្នកផលិតកម្មវិធីឯករាជ្យ​​ម្នាក់​។ ​លោកស្រី​មាន​​​បទ​​ពិសោធន៍​​ជាង១២ឆ្នាំ ​ក្នុងការ​ផលិតកម្មវិធីទូរទស្សន៍ និងជាអ្នកផលិតឈុត​អប់រំ​សុខភាពខ្លីៗ​ ឈុត​ផ្សាយ​ពាណិជ្ជកម្ម​​​ ភាពយន្ត​​ឯកសារ និងកម្មវិធីទូរទស្សន៍ផ្សេងជា​ច្រើនទៀត។ លោក​ស្រីក៏ធ្លាប់ធ្វើការជាមួយនឹងស្ថាប័ន​ល្បីៗមួយចំនួនដូចជា ប៊ីប៊ីស៊ី វើល សើវីស ត្រាស់ អង្គការ​​ផ្សព្វផ្សាយ​​អប់រំ​សុខភាព​កម្ពុជា​ (ឆែមស៍) អង្គការ មូលនិធិ​សកល​សម្រាប់​​អភិរក្ស​​​ធម្មជាតិ ​និង​​​ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (យូអិនឌីភី) ​ផងដែរ។

ចាប់​ពី​ ២០១០ ដល់ ខែមិនា ឆ្នាំ២០១៣ លោក​ស្រីបានធើ្វការជាអ្នកគ្រប់គ្រងផលិតកម្មវិធី​ទូរទស្សន៍ ឲ្យ​​អង្គការ​​យូអិនឌីភី និង​ទទួលខុសត្រូ​វ​ផលិត​កម្មវិធី “សមធម៌” ជា​កម្មវិធីទូរទស្សន៍​​មានគោល​បំណង​ពង្រឹង​លិទ្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា (www.equitycam.tv) ។ កម្មវិធីសមធម៌ ភាគច្រើនបាន​ជះ​ឥទ្ធិពល​​​ដល់​រដ្ឋាភិបាល ក្នុងការធ្វើសេចក្ដី​​សម្រេចចិត្តដែលទាក់ទងនឹងបញ្ហាសំខាន់ៗ មួយចំនួន​ដូចជាការផ្តល់ដីសម្បទាន​​សង្គមកិច្ច ការជីករ៉ែ ការសង់លំនៅដ្ឋាន​សម្រាប់ប្រជាជនដែលត្រូវ​បណ្ដេញ​ចេញ គ្រោះថ្នាក់ចរាចរណ៍ និងហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង។ កម្មវិធី​ទូរទស្សន៍ និង​យុទ្ធនាការ​​របស់​លោកស្រី​ កល្យាណី​ គឺ​ភាគច្រើន​ទទួល​បាន​ជោគជ័យ​​ជាង​​កម្មវិធីនានា​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ឧទារហណ៍​នៃ​​ភាព​ជោគ​ជ័យ​របស់​លោក​ស្រី មាន​​ដូចជា ​“សុខភាពល្អ អនាគត​បវរ​រុងរឿង​” កម្មវិធី “បេសកកម្មតន្រី្ត” និងកម្មវិធី “​សមធម៌” ។

សាររបស់លោក​ស្រីកល្យាណី​ “ខ្ញុំមាន​​​បំណង​ប្រាថ្នា​យ៉ាង​មុះមុត​ចំពោះ​​អាជីពជាអ្នកសារព័ត៌មាន និង​ជឿជាក់​ថាប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ដើរ​តួនាទីយ៉ាង​សំខាន់ ដើម្បី​ផ្លាស់​ប្ដូរ​ពិភព​លោក​​ និង​​ធ្វើ​ឲ្យ​​ពិភព​លោក​​ក្លាយ​ទៅ​ជាកន្លែង​មួយ​ដ៏​ប្រសើរ​ឡើង។”​

៦ ឧសភា ២០១៣ | អ៊ឹង ចន្ថន

លោក ​អ៊ឹង​ ចន្ថន​ ហៅ អ៊ឹង​ ប៊ុនថន ​បច្ចុប្បន្ន​ជានិពន្ធ​នាយក​នៃ​​វិទ្យុសំឡេង​ប្រជាធិបតេយ្យ​ (វីអូឌី)។​ លោក​បាន​កើតនៅ​ក្នុង​គ្រួសារកសិករ​មួយ​ ក្នុងខេត្តកំពត​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម។​

តាំងពី​នៅ​ក្មេង ​លោក​តែងតែ​ចូលចិត្ត​ស្ដាប់​ និង​ធ្វើ​ត្រាប់​តាម ​អ្នក​សារព័ត៌មាន​ក្នុង​វិទ្យុ​​​អន្តរជាតិ​នានា​ ដូចជា​ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ​វិទ្យុអាស៊ីសេរី ​និង​វិទ្យុបារាំង​អន្តរជាតិ​។ ​​ចំណាប់​អារម្មណ៍​ពីកុមារភាព ​បាន​នាំឲ្យ​ចន្ថន ​សម្រេច​ចិត្តធ្វើការ​ជាអ្នក​យកព័ត៌មាន​។​ ក្នុងឆ្នាំ ​២០០៤ ​លោកបាន​មក​សិក្សា​នៅ​ភ្នំពេញ។​ លោកត្រូវ​ធ្វើការ​ក្រៅម៉ោង​ដើម្បី​​ផ្គត់ផ្គង់ការ​សិក្សា​​របស់​លោក។ ​បន្ទាប់ពី ​បញ្ចប់​ការ​សិក្សា ​លោក​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ​៣ខែ ​ដែល​រៀប​ចំដោយ ​​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។ បន្ទាប់​មកគាត់​ដាក់​ពាក្យ​ចូល​ធ្វើការ​ជាមួយ​ វីអូឌី ​ហើយ​ត្រូវបាន​គេ​ជ្រើសរើស​ជាបុគ្គលិក​។​

សារ​របស់​លោក ​ចន្ថន ​៖ ​“​ក្នុងនាម​ជាអ្នកសារព័ត៌មាន​ គ្មាន​មួយនាទី​ណា​ដែល​ត្រូវភ្លេច​ព័ត៌មាន​ គ្មាន​មួយនាទី​ណា​ដែល​ត្រូវធ្វើ​មិន​ដឹង​មិនឮ​ចំពោះ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នោះទេ។ ​អ្វីដែល​ខ្ញុំបាន​ដឹង​ សាធារណ​ជនគួរ​តែបាន​ដឹង​ផងដែរ។”​

៥ ឧសភា ២០១៣ | ហង្ស ចក្រា

លោក ហង្ស ​ចក្រា​ ហៅ ជ័យ​ ឧត្ដម​ ជាចាងហ្វាង​ការផ្សាយ​ និង​និពន្ធនាយក​នៃ ​សារព័ត៌មាន ​“ខ្មែរម្ចាស់ស្រុក”​។ ​លោក​បាន​ទទួល​ពានរង្វាន់ពី​ អង្គការ​អ្នកឃ្លាំ​មើល​​​សិទ្ធិមនុស្ស​ ក្នុងឆ្នាំ២០១១។ លោក​បាន​ចាប់​ផ្តើម​ការងារ ​ក្នុង​ឆ្នាំ១៩៩៤​ ធ្វើ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​សារព័ត៌មាន​មួយ​ចំនួន​ ហើយ​ក្នុង​ឆ្នាំ​១៩៩៨ ​លោកបាន​បោះពុម្ព​កាសែត​ផ្ទាល់ខ្លួន ​ឈ្មោះ​​ “​សម្លេងខ្មែរ​ស្នេហាជាតិ​”។ ​ចុង​ឆ្នាំ២០០០ ​លោក​បាន​ធ្វើក្លាយ​ជាអ្នក​និពន្ធ​អត្ថបទ​ផ្នែក​នយោបាយ​ឲ្យ ​សារព័ត៌មាន​មនសិកាខ្មែរ ​ហើយក្នុងឆ្នាំ ​២០០៧ ​លោកបាន​បង្កើត​សារព័ត៌មាន ​“ខ្មែរម្ចាស់ស្រុក”។​

រយៈពេល ​២០ឆ្នាំ ​សម្រាប់បទ​ពិសោធន៍​ជាអ្នក​សារព័ត៌មាន ​លោក​ទទួលការ​គំរាម​កំហែង​រាប់មិនអស់​។ ​លោក​ក៏ធ្លាប់​ត្រូវ​បាន​មន្រ្តី​រដ្ឋាភិបាល​ថ្នាក់ខ្ពស់​ប្ដឹង​ពីបទ​បរិហារ​កេរ្តិ៍ក្នុង​ឆ្នាំ២០០៨ ​និង​បទ​បរិហាកេរ្តិ៍ ​​និង​ផ្សាយ​ព័ត៌មាន​មិនពិត​ក្នុង​ឆ្នាំ​២០០៩។​ ក្នុងនាម​ជាអ្នក​សារព័ត៌មាន​​កម្ពុជា លោកជឿ​ជាក់ថា ​អ្នក​សារព័ត៌មាន​ប្រឈម​នឹង​ការ​គំរាម​កំហែង ​ការចាប់ខ្លួន​ ហើយពេល​ខ្លះទៀត​គឺការ​សម្លាប់ ​ដែលនេះ​ជាការ​ប៉ុនប៉ង​បំបាក់​ស្មារតី​របស់​អ្នក​សារ​ព័ត៌មាន​។

សារ​របស់​លោក​ចក្រា​ ៖ ​“ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការ​គំរាម​កំហែង​គ្រប់​រូបភាព​មកលើ​អ្នក​សារ​ព័ត៌មាន ​ហើយ​នាំជន​ដៃដល់​ដែល​សម្លាប់​អ្នក​សារព័ត៌មាន​ទាំងអស់​មក​ទទួល​ទោស​​តាម​ច្បាប់​ ដើម្បី​បញ្ចប់​ វប្បធម៌​និ​ទណ្ឌភាព​នៅ​កម្ពុជា។​ សម្រាប់​អ្នក​សារព័ត៌មាន​ទាំង​អស់​ សូម​មេត្តា​ក្លាហាន​ឡើង ​ដើម្បី​ផ្ដល់​ព័ត៌មាន​ពិត​ជូន​សាធារណ​ជន ហើយ​សូម​កុំ​ខ្លាច​ការ​គំរាម​កំហែង​របស់​បុគ្គល​ណាឲ្យ​សោះ។​”

៤ ឧសភា ២០១៣ | បូ សាវី

លោក បូ សាវី បច្ចុប្បន្នធ្វើ​ការជា​អ្នកយក​ព័ត៌មាន​ឯករាជ្យ​ ឲ្យវិទ្យុសំឡេង​ប្រជាធិបតេយ្យ ​(វីអូឌី) ប្រចាំ​នៅ​ខេត្តសៀមរាប​ ជាកន្លែង​ដែល​លោកបាន​ចូល​ធ្វើការ​​ជាអ្នក​យក​ព័ត៌មាន​ស្ម័គ្រចិត្ត ​ចាប់​ពីឆ្នាំ ​២០១១ ​មកទល់ឆ្នាំ​២០១២។​ លោក ​បូ សាវី ​សម្រេច​ចិត្ត​ចាប់អាជីព​ជា​អ្នកសារ​ព័ត៌មាន ​ដោយ​សារតែ​ចំណាប់​អារម្មណ៍​លើការ​អាន​សារព័ត៌មាន ​និង​ទទួល​យក​នូវព័ត៌មាន​ថ្មីៗ។​ លោក​ក៏មាន​បំណង​ចង់ ​​ផ្ដល់​ព័ត៌​មាន​ជូន​ទៅ​សាធារណជន​អំពី​ស្ថានភាព​បច្ចុប្បន្ន​ក្នុងជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។

លោក​មាន​បទ​ពិសោធន៍​ចំនួន ​៥ឆ្នាំ ​ជា​អ្នក​យកព័ត៌​មាន​ឲ្យស្ថានីយវិទ្យុ។ ​ដំបូង​ឡើយ ​លោក​ចាប់​ផ្តើម​ធ្វើការ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​សៀមរាប ​បន្ទាប់​មក​លោក​ក៏​ធ្វើការ​នៅ ​វិទ្យុ​ក្រុង​អង្គរ ​អែហ្វអ៊ឹម​ ៨៩.៥​ មាន​ទីតាំង​នៅ​ខេត្តសៀមរាប​ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះដែរ ​លោកក៏​បាន​បម្រើ​ការ​ឲ្យ ​វិទ្យុខ្មែរ ​ពិភពលោក ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ​ក្នុងឆ្នាំ​២០១១ ​លោក​បាន​ទទួល​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ​មួយ ​ខាង​សរសេរ​សារព័ត៌មាន​ផ្នែក​សេរីភាព​បញ្ចេញមតិ​ រៀបចំ​ដោយ​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​

​​សារ​របស់​លោក​សាវី ៖ ​“ធ្វើជា​អ្នក​សារព័ត៌មាន​ជួប​ប្រទះ​នូវការ​ប្រថុយ​គ្រោះថ្នាក់​ជា​ច្រើន ​ខ្ញុំ​ផ្ទាល់​ធ្លាប់​រងការ​គំរាម​កំហែង ​និង​ការជេរ​ប្រមាថ​ពី​មន្ត្រី​រដ្ឋាភិបាល​ ឬ​អ្នក​មាន​អំណាច ​នៅ​ពេល​ដែល​ខ្ញុំ​សរសេរ​អត្ថបទ​ពាក់ព័ន្ធ​នឹង​ទង្វើ​ខុសច្បាប់​របស់​ពួក​គេ។ ​ខ្ញុំ​ក៏​ចង់​បង្ហាញ​ ប្រាប់​ដល់​រដ្ឋាភិបាល ​និង​សាធារណជន​ដើម្បី​ឲ្យ​ទទួល​ស្គាល់ថា ​អ្នកសារ​ព័ត៌មាន​មិនមែន​ជាអ្នក​បង្ក​បញ្ហាដល់​សង្គម​នោះទេ ​ប៉ុន្តែ​តួនាទី​របស់​យើង​គឺ​ ធ្វើ​ជាស្ពាន​សម្រាប់​បញ្ជូន​សារពី​ប្រជាពលរដ្ឋ​ទៅ​រដ្ឋាភិបាល ​ពី​រដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ ​។

៣ ឧសភា ២០១៣ | ឃុន អាឡិច

លោក ឃុន អាឡិច គឺជា​អ្នក​កាសែត​ និង​ជាអ្នក​ផ្សាយ​សំឡេង​ជនជាតិ​ខ្មែរ​ ធ្វើ​ការ​ឲ្យវិទ្យុ​អូស្រ្ដាលី ​ដែល​ជាផ្នែក​មួយ​នៃ​សាជីវកម្ម​សោត​ទស្សន៍​អូស្រ្ដាលី ​(ABC)​។

ការងារ​របស់​លោក​អាឡិច​ បាន​ផ្តល់​ឱកាស​ឲ្យលោក​ធើ្វកា​រ​ភ្ជាប់​ទំនាក់​ទំនង​ និ​ង​រួម​ចំណែក​ដោយ​ប្រើ​ស​មត្ថភាព​លោក​ផ្ទាល់​ ជូ​ន​ដល់​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​កំណើត​របស់​លោក​ បើ​ទោះបី​ជាលោក​ចាត់ទុក​ថា​ប្រទេស​អូស្រ្តាលី​ជាផ្ទះ​ទៅ​ហើយ​ក៏​ដោយ​។ ​លោក​អាឡិច​ បាន​បញ្ចប់​ថា្នក់​បរិញ្ញបត្រ​វិស្វកម្ម​ ផ្នែក​បច្ចេកវិទ្យា​អ៊ីនធឺណិត​ និង​ទូរគមនាគមន៍​ ពី​សាកលវិទ្យាល័យ​ម៉ែលប៊ិន​ ប៉ុនែ្ត​លោក​អាឡិច​ បាន​ចាប់​យកវិស័យ​ផ្សព្វផ្សាយ​ និង​បាន​កា្លយ​ជាអ្នក​ផ្សាយ​សំឡេង​វិទ្យុ ​ព្រោះ​លោក​គិតថា​តួ​នាទី​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ធ្វើឲ្យ​មាន​ការ​អភិវឌ្ឍន៍​ប្រទេស។​ លោក​អាឡិច​ក៏​បាន​បញ្ចប់​ថា្នក់​អនុបណ្ឌិត​ផ្នែក​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ និង​មាន​ចំណង់​ចំណូល​ចិត្ត​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ក្នុង​ពេល​ទំនេរ​របស់​លោក​ផងដែរ​។ ​ទស្សន​វិជ្ជា​មួយ​ដែល​លោក​ប្រកាន់​ភ្ជាប់​នោះ​គឺ​ការរៀនសូត្រ​ពេញ​មួយ​ជីវិត​ ដូច្នេះ​ធ្វើឲ្យ​លោក​បន្តការ​សិក្សា​ថា្នក់​អនុបណ្ឌិត​ផ្នែក​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​នៅទី​ក្រុងម៉ែលប៊ិន​ ដែល​ជាទី​កនែ្លង​ស្នាក់​អាស្រ័យ​របស់​លោក។​

លោក​អាឡិច​ និយាយ​ថា ​“ខ្ញុំ​មាន​កិត្តិ​យស​ណាស់ ​ដែល​អាច​ បម្រើ​ប្រយោជន៍​សាធារណៈ​សម្រាប់​ប្រទេស​កម្ពុជា​ និង​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​​ជុំវិញ​ពិភព​លោក​តាមរយៈ​ការផ្តល់​ជា​​ដំណឹង​ និង​​ព័ត៌មាន​​​ដែល​​អាច​ជួយ​ពួកគេ​ធ្វើការ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដែល​​មាន​ឥទ្ធិពល​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។ ​ការ​អភិឌ្ឍន៍​សង្គម​មួយ​នឹង​ត្រូវរាំង​ស្ទះ ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ក្នុង​ប្រ​ទេស​នោះ​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​និយាយ ​គិត​ និង​បញ្ចេញមតិ​ដោយ​សេរី​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​វេទិកា​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​បង្ហាញ​នូវ​ទស្សនៈ​ គំនិត ​ទៅលើ​បញ្ហា​ដែល​ពួកគេ​រងផល​ប៉ះ​ពាល់​ ហើយ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ ​គឺធ្វើការ​ផ្ដល់​នូវ​ព័ត៌មាន​ត្រឹមត្រូវ ​និង​មិន​លម្អៀង​។ ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ក្នុងការ​ធ្វើឲ្យ​បុគ្គលមាន​អំណាច​ទទួល​ខុសត្រូវ​ចំពោះ​គោល-​នយោបាយ​ និង​ការ​សម្រេច​ចិត្ត​របស់ពួកគេ​ដែលមាន​ឥទ្ធិពលមក​លើជីវភាព​​​​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។” ​