ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៨
សេចក្តីផ្តើម
នៅក្នុងឆ្នាំ២០១៨ ស្ថានភាពសិទ្ធិមនុស្សបានធ្លាក់ដុនដាបខ្លាំងនៅព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”)។ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការអនុម័តច្បាប់មួយចំនួនដែលមានលក្ខណៈរឹតត្បិតក្នុងគោលបំណងបំបិទសំឡេងជំទាស់។ ក្នុងពេលជាមួយគ្នានេះ លំហសម្រាប់អង្គការសង្គមស៊ីវិលក៏ត្រូវបានបំបិទ ចំពេលមានការចោទប្រកាន់នានាជុំវិញ“បដិវត្តន៍ពណ៌”។ ការជំនុំជម្រះនិងការកាត់ទោសតក់ក្រហល់ទៅលើបុគ្គលដែលរិះគន់រដ្ឋាភិបាល ព្រមទាំងបរិយាកាសអាប់អួនៅជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បាននាំឱ្យការចូលរួមរបស់សាធារណជនក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ។
សេរីភាពខាងការបញ្ចេញមតិ
ការបង្កើតបទប្បញ្ញត្តិចំពោះការប្រមាថព្រះមហាក្សត្រ
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានធ្វើវិសោធនកម្មដើម្បីបញ្ចូលមាត្រា ៤៣៧ ស្ទួន ស្តីអំពី «ការប្រមាថព្រះមហាក្សត្រ»។[១] បទប្បញ្ញត្តិនេះគឺសំដៅទៅលើការប្រមាថលើអង្គព្រះមហាក្សត្រ ហាមប្រាមការបរិហារ ជេរប្រមាថ ឬការគំរាមកំហែងព្រះមហាក្សត្រតាមរូបភាពណាមួយ ដូចជាតាមរយៈ«វាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់ព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ»។ ជនដែលរកឃើញថាមានពិរុទ្ធភាពក្រោមមាត្រា៤៣៧ ស្ទួន នេះ នឹងប្រឈមទោសជាប់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។
បញ្ញត្តិស្តីពីការប្រមាថព្រះមហាក្សត្រនេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ («អង្គការ») រិះគន់ជាច្រើន។ [២] ទោះបីជាសេរីភាពខាងការបញ្ចេញមតិត្រូវតែស្របគ្នាជាមួយការការពារសិទ្ធិនិងកិត្តិយសរបស់បុគ្គលដទៃក្តី បញ្ញត្តិទាក់ទងនឹងការប្រមាថព្រះមហាក្សត្រនេះ រឹតបន្តឹងយ៉ាងខ្លាំងលើសេរីភាពខាងការបញ្ចេញ មតិ។ ការផ្តន្ទាទោសលើកទីមួយក្រោមបញ្ញត្តិនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។ អ្នកស្រី បាន សំភី អតីតសមាជិកគណបក្សសង្គ្រោះជាតិ (“គ.ស.ជ”) ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំដោយសារបានប្រមាថព្រះមហាក្សត្រតាមរយៈការបង្ហោះហ្វេសប៊ុក។ [៣] មានបុគ្គលបីនាក់ផ្សេងទៀតក៏ត្រូវបានចោទប្រកាន់ក្រោមបទប្បញ្ញត្តិថ្មីនេះដែរ។
ការបំបិទបណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ
ខណៈមានការបិទបណ្តាញព័ត៌មានឯករាជ្យទ្រង់ទ្រាយធំក្នុងឆ្នាំ២០១៧ ការបង្រ្កាបទៅលើអ្នកសារព័ត៌មានក៏បន្តកើតមានឡើងក្នុងឆ្នាំ២០១៨ ផងដែរ។ ក្នុងខែមីនា ឆ្នាំ២០១៨ អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ដែលជាប់ពន្ធនាគារក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ទាក់ទងនឹងការចោទប្រកាន់ពីបទចារកម្ម[៤] ត្រូវបានផ្តន្ទាទោសពីបទផលិតវីដេអូអាសអាភាស ។ [៥] ទោះបីជាអ្នកទាំងពីរត្រូវបានដោះលែងបន្ទាប់ពីការបោះឆ្នោត [៦] នៅខែកក្កដាក្តី តែករណីនេះបានបង្ហាញពីអរិភាពខ្លាំងឡើងទៅលើអ្នកសារព័ត៌មាន។
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថាជាសារព័ត៌មានឯករាជ្យចុងក្រោយគេនៅកម្ពុជាចាប់តាំងពីការបិទកាសែត ដឹ ខេមបូឌា ដេលី[៧] ត្រូវបានលក់ទៅឱ្យលោក ស៊ីវ៉ាកុម៉ា ហ្កាណាផាធី (Sivakumar S Ganapathy) [៨] ជាអ្នកជំនួយមានទ្រព្យស្តុកស្តម្ភជនជាតិម៉ាឡេស៊ី។ ការណ៍នេះបាននាំឱ្យមានអន្តរាគមន៍ភ្លាមៗក្នុងការកែប្រែអត្ថបទព័ត៌មាន តម្រូវឱ្យដកចេញអត្ថបទមួយដែលចេញផ្សាយពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយម្ចាស់កាសែតថ្មីរូបនេះ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោក កៃ គឹមសុង ជានិពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ដែលបម្រើការងារជាយូរមកហើយនោះ ត្រូវបានបណ្តេញចេញពីតួនាទីទាក់ទងនឹងវិវាទក្នុងការចេញផ្សាយអត្ថបទព័ត៌មាន។ [៩]
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (“គ.ជ.ប”) បានចេញផ្សាយក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន ដែលបានអំពាវនាវឱ្យអ្នកសារព័ត៌មានប្រកាន់គោលជំហចេញផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ត្រឹមត្រូវ និងតម្លាភាពក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ។[១០] តាមខ្លឹមសារនៃក្រមសីលធម៌នោះ អ្នកសារព័ត៌មានត្រូវបានហាមប្រាមការរាយការណ៍ព័ត៌មានដែលនាំទៅរកការ “បាត់ទំនុកចិត្តលើការបោះឆ្នោត” ។[១១]
តាមរយៈរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៨ ប្រទេសកម្ពុជាបានធ្លាក់ចុះ១០ថ្នាក់ ទាបជាងឆ្នាំ២០១៧ ដោយស្ថិតក្នុងលេខរៀងទី១៤២ ក្នុងចំណោមប្រទេសដែលត្រូវបានវាយតម្លៃចំនួន១៨០ ។[១២]
ការកើនឡើងនូវការចាប់ពិរុទ្ធលើបណ្តាញអ៊ីនធឺណិត
និន្នាការសំខាន់មួយនៅក្នុងឆ្នាំ២០១៨ គឺការបន្តកើនឡើងនូវការត្រួតពិនិត្យលើបណ្តាញអ៊ីនធឺណិត។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួងចំនួន៣ បានចេញប្រកាសអន្តរក្រសួងស្តីពី «ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា»(“ប្រកាស”)[១៣]។ ប្រកាសនេះផ្តល់អំណាចដល់រដ្ឋាភិបាលយ៉ាងទូលំទូលាយ និងមិនច្បាស់លាស់ ដែលផុតពីដែនកំណត់ដែលច្បាប់សិទ្ធិមនុស្សអន្តរជាតិអនុញ្ញាត។ តាមរយៈការបង្កើតអង្គភាពពិសេសមួយ រដ្ឋាភិបាលនឹងអាច «ប្រឆាំង ទប់ស្កាត់»នូវការផ្សព្វផ្សាយនានា ដែលមាន «ចេតនាបង្កជាចលាចលបណ្តាលឱ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ »[១៤]។ គេហទំព័រនានាក៏ត្រូវបានតម្រូវថែមទៀតឱ្យចុះបញ្ជីជាមួយក្រសួងព័ត៌មាន[១៥] បើពុំដូច្នោះទេអាចប្រឈមនឹងការបិទ។ ខណៈពុំមានការត្រួតពិនិត្យរបស់តុលាការផងនោះ ប្រកាសនេះបង្កការរឹតត្បិតតាមអំពើចិត្តទៅលើសេរីភាពខាងការបញ្ចេញមតិ។ រដ្ឋាភិបាលព្រមទាំងបានបញ្ជាឱ្យគ្រប់បណ្តាញគមនាគមន៍ក្នុងស្រុក និងអន្តរជាតិនៅកម្ពុជា ធ្វើប្រតិបត្តិការតាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (“DMC”) បង្កើតឡើងដោយទូរគមនាគមន៍កម្ពុជាគ្រប់គ្រងដោយរដ្ឋ។ [១៦]
នៅមុនថ្ងៃបោះឆ្នោតពីរបីថ្ងៃ យ៉ាងហោចណាស់មានគេហទំព័រព័ត៌មានឯករាជ្យចំនួន១៥ត្រូវបិទពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតកម្ពុជាតាមការបញ្ជាពីរដ្ឋាភិបាល[១៧]។ អ្នកដែលព្យាយាមចូលទៅកាន់គេហទំព័រទាំងនេះនឹងទទួលបានសារប្រាប់ថាគេហទំព័រ “Error”។[១៨]
សេរីភាពខាងការជួបប្រជុំ
មុនការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៨ សេរីភាពខាងការជួបប្រជុំបន្តរងការប៉ះពាល់។ មន្ត្រី ប្រ.ជ បានគំរាមចាត់វិធានការបន្តបន្ទាប់ដើម្បីបញ្ឈប់បុគ្គលទាំងឡាយណាដែលអំពាវនាវឱ្យធ្វើពហិកាការបោះឆ្នោត ដោយអះអាងថាការអំពាវនាវនេះពុំត្រឹមត្រូវតាមច្បាប់កម្ពុជា។[១៩]
ការធ្វើបាតុកម្មដោយសន្តិវិធី ជារឿយៗត្រូវបានអាជ្ញាធរបំបែក ហើយពេលខ្លះឈានដល់ការប្រើអំពើហិង្សា។ នៅខែមីនា ឆ្នាំ២០១៨ កងកម្លាំងសន្តិសុខ និងមន្ត្រីនគរបាលបានរារាំងអ្នកសារព័ត៌មាន អ្នកគាំទ្រ គ.ស.ជ និងសកម្មជនសិទ្ធិមនុស្សពីការចូលរួមសវនាការឧទ្ធរណ៍លើករណីលោក កឹម សុខា ដោយបានដាក់របាំងបិទផ្លូវឆ្ពោះទៅកាន់តុលាការ។ អ្នកគាំទ្រម្នាក់របស់ គ.ស.ជ ត្រូវបានកម្លាំងសន្តិសុខទះកំផ្លៀងខណៈកំពុងកាន់សារគាំទ្រលោក កឹម សុខា។ អ្នកគាំទ្រ គ.ស.ជ និងមន្ត្រីជាច្រើននាក់ទៀតត្រូវបានរារាំងការផ្តល់សម្ភាសន៍ទៅអ្នកសារព័ត៌មានអំពីព្រឹត្តិការណ៍នេះ[២០]។ រដ្ឋាភិបាលនៅតែបន្តអះអាងថានោះជាការប៉ុនប៉ងធ្វើ «បដិវត្តន៍ពណ៌»នៅពេលធ្វើការរឹតត្បិតលើសេរីភាពមូលដ្ឋាន រួមទាំងសេរីភាពខាងការជួបប្រជុំនោះ [២១]។
តាមរយៈរបាយការណ៍មួយដែលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក បានកត់ត្រាករណីរំលោភសិទ្ធិជួបប្រជុំ ពីខែមេសា ឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨ បានបង្ហាញថាមានការហាមប្រាមលើការជួបប្រជុំចំនួន២៦ ករណី។ ភាគច្រើននៃករណីទាំងនោះពាក់ព័ន្ធនឹងការរំលាយ គ.ស.ជ និងលោក កឹម សុខា ដែលនេះបង្ហាញពីចេតនារបស់រដ្ឋាភិបាលក្នុងការបង្ក្រាបលើអ្នកមាននិន្នាការជំទាស់ផ្នែកនយោបាយ[២២]។
សេរីភាពខាងសមាគម
ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដាក់បញ្ចូលបទប្បញ្ញត្តិមួយចំនួនដែលតម្រូវឱ្យគណបក្សនយោបាយត្រូវ «តម្កល់ផលប្រយោជន៍ជាតិជាធំ»។ បទញ្ញត្តិថ្មីទាំងនេះមានខ្លឹមសារគួរឱ្យព្រួយបារម្ភទាក់ទងនឹងសេរីភាពខាងសមាគម។ មាត្រា ៤២ (២) និងមាត្រា ៤៩ (២) ហាមប្រាម «សកម្មភាពណាមួយ»ទោះ «ដោយផ្ទាល់ក្តីឬដោយប្រយោលក្តី»នាំឱ្យប៉ះពាល់ដល់«ផលប្រយោជន៍»របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។ បន្ថែមលើនេះ មាត្រា ៥៣ (៣) ចែងថា «ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទោះបីក្រោមរូបភាពណាក៏ដោយ»[២៣]។ វិសោធនកម្មទាំងនេះ ត្រូវបានអនុម័តដោយពុំមានការពិគ្រោះយោបល់ពេញលេញ ដែលអ្នកជំនាញអង្គការសហប្រជាជាតិលើកឡើងថា ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ[២៤]។
អង្គការសង្គមស៊ីវិលក៏បានលើកឡើងពីក្តីបារម្ភចំពោះការដាក់ទោសទណ្ឌហួសហេតុលើនីតិបុគ្គលតាម រយៈបញ្ញត្តិប្រមាថព្រះមហាក្សត្រដូចលើកឡើងខាងលើផងដែរ។ បន្ថែមលើការទទួលខុសត្រូវទាំងស្រុងចំពោះបទល្មើសប្រព្រឹត្តឡើងដោយតំណាងអង្គភាព នីតិបុគ្គលនោះប្រឈមនឹងទោសពិន័យជាប្រាក់ដោយពុំសមាមាត្រ ឬអាចឈានដល់ការរំលាយស្ថាប័ន។ ទាក់ទងនឹងខ្លឹមសារទូលំទូលាយនៃបទប្បញ្ញត្តិនេះ អង្គការសង្គមស៊ីវិលអាចត្រូវបានរារាំងការអនុវត្តនូវសេរីភាពជាមូលដ្ឋានរបស់ពួកគេ[២៥]។
មានការលើកឡើងថា មានអង្គការមួយចំនួនស្ថិតក្រោមការឃ្លាំមើលនិងបំភិតបំភ័យពីសំណាក់អាជ្ញាធរនៅពេលធ្វើសកម្មភាពនានា[២៦]។
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
ការយាយីផ្នែកប្រព័ន្ធតុលាការទៅលើអ្នករិះគន់
ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្ក្រាបទៅលើបុគ្គលដែលសម្តែងការមិនពេញចិត្តរបស់ពួកគេចំពោះរដ្ឋាភិបាលនៅតែកើតមានឡើងជាច្រើន។ អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន មេដឹកនាំសហជីព តំណាងសហគមន៍ និងបុគ្គលផ្សេងទៀតដែលអនុវត្តសេរីភាពជាមូលដ្ឋានរបស់ខ្លួន ជារឿយៗប្រឈមនឹងការយាយីផ្នែកតុលាការ។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ តុលាការកំពូលបានតម្កល់សាលដីកាកាត់ទោសសកម្មជនបរិស្ថាន៣នាក់របស់អង្គការមាតាធម្មជាតិដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីអង្គការ។[២៧] អ្នកទាំង៣នាក់នោះត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៥ ដោយសារពួកគាត់បានចូលរួមក្នុងយុទ្ធនាការដោយសន្តិវិធីប្រឆាំងនឹងការបូមខ្សាច់នៅក្នុងខេត្តកោះកុង។ ការជំនុំជម្រះនោះប្រព្រឹត្តទៅដោយពុំគោរពដល់សិទ្ធិជំនុំជម្រះដោយយុត្តិធម៌ឱ្យបានពេញលេញ។ យោងតាមចៅក្រមជំនុំជម្រះការតម្កល់សាលដីកាកាត់ទោសនេះពីព្រោះមេធាវីការពារក្តីមិនអាចបង្ហាញពីភាពគ្មានទោសរបស់ជនត្រូវចោទដែលនេះជាការត្រឡប់ដាក់បន្ទុករកភ័ស្តុតាងលើកូនក្តីទៅវិញ [២៨]។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ អ្នកការពារសិទ្ធិមនុស្សចំនួន៤ រូប នៃសមាគមអាដហុក ការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា និងមន្ត្រី គ.ជ.ប មួយរូប ត្រូវបានរកឃើញពិរុទ្ធភាពពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធ នឹងករណីលោក កឹម សុខា[២៩]។ អ្នកទាំងនោះត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដោយរួមបញ្ចូលទាំងរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ហើយរយៈពេលទោសដែលនៅសល់ទាំងប៉ុន្មានត្រូវព្យួរ។ ការកាត់ទោសនោះត្រូវបានអង្គការសង្គមស៊ីវិលរិះគន់ជាខ្លាំងថាមិនយុត្តិធម៌ និងធ្វើឡើងក្រោមហេតុផលនយោបាយ។[៣០]
ម្យ៉ាងទៀត ការដោះលែងពីពន្ធនាគារ ជារឿយៗអាចប្រឈមនឹងការគំរាមបញ្ជូនទៅពន្ធនាគារវិញ។ អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់ប្រាំរូបផ្សេងទៀតត្រូវបានរកឃើញពិរុទ្ធភាពពីបទ «គំរាមសម្លាប់»និងទទួលទោសព្យួរ។ លោក កឹម សុខា ត្រូវបានដោះលែងពីពន្ធនាគារ ហើយក្រោយមកត្រូវដាក់ឱ្យស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ដោយពុំអាចចាកចេញទៅទីណាបានក្រៅពីផ្ទះរបស់លោក ព្រមទាំងត្រូវបានរារាំងពីការចូលរួមនយោបាយ។ [៣១] សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០១៧-២០១៨ នៃគម្រោងយុត្តិធម៌ពិភពលោក ដែលវាយតម្លៃពីការប្រតិបត្តិនូវនីតិរដ្ឋសម្រាប់ប្រទេសនៅទូទាំងពិភពលោក បានផ្តល់ចំណាត់ថ្នាក់ដល់កម្ពុជាក្នុងលេខរៀងទី១១២ ក្នុងចំណោមប្រទេសចំនួន១១៣។ [៣២]
វប្បធម៌និទណ្ឌភាព
និទណ្ឌភាពនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភខ្លាំងនៅកម្ពុជា។ ករណីពាក់ព័ន្ធនឹងបទល្មើសប្រព្រឹត្តទៅលើអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានកម្រមានការទទួលខុសត្រូវ។ ក្នុងខែមេសា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍បានច្រានចោលសំណើរបស់សកម្មជនបឹងកក់ពីររូបដែលស្នើឱ្យបើកការស៊ើបអង្កេតឡើងវិញក្នុងករណីវាយប្រហារទៅលើប្រជាពលរដ្ឋបឹងកក់ក្នុងឆ្នាំ២០១៣ នៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញពីសំណាក់ក្រុមសន្តិសុខដែលស្លៀកពាក់ស្រដៀងឯកសណ្ឋាននគរបាល។ [៣៣] ទោះបីជាសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ បណ្តោះអាសន្នទៅលើបុគ្គលមិនស្គាល់ឈ្មោះមួយចំនួនពីបទហិង្សាដោយចេតនា និងបានសាកសួរប្រជាពល រដ្ឋរស់នៅតំបន់បឹងកក់មួយចំនួន និងមន្ត្រីខណ្ឌដូនពេញក្តី ចៅក្រមស៊ើបសួរបានទម្លាក់ចោលការចោទប្រកាន់ទាំងនោះ។ [៣៤]
ក្នុងឆ្នាំ២០១៨ ករណីនិទណ្ឌភាពជាច្រើននៅពុំទាន់ដោះស្រាយបានអស់នៅឡើយ។ ខែកក្កដាជាខួបគម្រប់ពីរឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កំាំភ្លើងបាញ់សម្លាប់ទាំង កណ្តាលថ្ងៃ បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយតាមវិទ្យុអំពីរបាយការណ៍ចម្រូងចម្រាសរបស់អង្គការក្លូបល វីតណេស (Global Witness) ដែលលើកឡើងអំពីការប្រព្រឹត្តអំពើពុករលួយនៅក្នុងជួរថ្នាក់ដឹកនាំកម្ពុជា។ [៣៥] ចាប់តាំងពីឆ្នាំ១៩៩៤ អ្នកសារព័ត៌មានចំនួន១៣ នាក់ ត្រូវបានធ្វើឃាតនៅកម្ពុជា ហើយ១១ករណីក្នុងចំណោមករណីទាំងនេះ ពុំទាន់បានកាត់ទោសជនណាម្នាក់ពីបទឃាតកម្មនៅឡើយ។ ចំណែកករណីពីរទៀតនោះ បើទោះជាមានការជំនុំជម្រះក្តី ក៏ជនដៃដល់មួយចំនួនមិនត្រូវបាននាំមកកាត់ទោសនៅឡើយដែរ។ [៣៦]
សិទ្ធិសង្គម និងសេដ្ឋកិច្ច
សិទ្ធិដីធ្លី
ការចាប់យកដីធ្លីខុសច្បាប់ និងការបណ្តេញចេញដោយបង្ខំនៅតែបន្តកើតមានឡើង ដែលនេះជាករណីរំលោភសិទ្ធិមនុស្សដ៏រាលដាលមួយក្នុងចំណោមករណីរំលោភសិទ្ធិមនុស្សផ្សេងទៀតនៅកម្ពុជា។ នៅចន្លោះខែមេសា ឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨ មានការប៉ាន់ប្រមាណថា ៣៣% នៃករណីទំនាស់ដីធ្លីនៅកម្ពុជាបាននាំឱ្យមានការរំលោភបំពានទៅលើសេរីភាពមូលដ្ឋាន រួមទាំងវិធានការច្បាប់ និងការឃុំខ្លួនតាមអំពើចិត្ត។ [៣៧]
ឧទាហរណ៍ សហគមន៍បុរីកីឡាក្នុងរាជធានីភ្នំពេញដែលពាក់ព័ន្ធក្នុងករណីទំនាស់ដីធ្លីដ៏អូសបន្លាយ ជាមួយក្រុមហ៊ុន ផានអ៊ីម៉ិច ត្រូវបានរារាំងម្តងហើយម្តងទៀតពីការតស៊ូមតិទាមទារសិទ្ធិរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុនបានបណ្តេញប្រជាពលរដ្ឋចំនួន៣០០គ្រួសារចេញពីដីធ្លីរបស់ពួកគាត់ដោយបង្ខំក្នុងឆ្នាំ២០១២។ នៅពេល តវ៉ាដើម្បីទាមទារសំណងសមរម្យនៅឆ្នាំនេះ ប្រជាពលរដ្ឋនៅតំបន់បុរីកីឡាបានប្រឈមការកាត់ទោស និងអំពើហិង្សា។ [៣៨] ស្រដៀងគ្នា ក្នុងខែមីនា ឆ្នាំ២០១៨ នគរបាលខេត្តបានបញ្ឈប់កម្មវិធីដែលរៀបចំដោយសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដោយបានរារាំងការជួបប្រជុំ និងការយាយីលើអ្នកចូលរួម។ [៣៩] ក្នុងខែមេសា ឆ្នាំ២០១៨ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា ព្រមទាំងតំណាងមួយចំនួនមកពីអង្គការធ្វើការងារផ្នែកសិទ្ធិដីធ្លី ត្រូវបានចោទប្រកាន់តាមរយៈការចេញផ្សាយរបស់កាសែត ហ្វ្រេសញូវ ដែលគាំទ្ររដ្ឋាភិបាលជុំវិញការធ្វើសកម្មភាព «បដិវត្តន៍ពណ៌»។ [៤០]
គិតត្រឹមខែសីហា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលពាក្យបណ្តឹងចំនួន១,១៣១ ទាក់ទងនឹងទំនាស់ដីធ្លី។ យោងតាមតួលេខក្រសួង ក្នុងចំណោមពាក្យបណ្តឹងទាំងនោះ ៣,៩៦០ករណី ត្រូវបានដោះស្រាយ ២,៨៥៤ពាក្យបណ្តឹង ត្រូវបានច្រានចោល ៨៥៨ពាក្យបណ្តឹង ត្រូវបានដកទៅវិញ និង១,៤៥៩ពាក្យបណ្តឹង កំពុងដំណើរការដែលជិតទទួលបានដំណោះស្រាយ។ [៤១]
សិទ្ធិកម្មករ
នៅក្នុងខែមិថុនា ឆ្នាំ២០១៨ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្នុងគោលបំណងធ្វើឱ្យប្រសើរដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត និងធ្វើឱ្យបរិយាកាសធុរកិច្ច និងវិនិយោគមានភាពទាក់ទាញបន្ថែមទៀត។ [៤២]ទោះបីមានការបង្កើតច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាសម្រាប់អនុវត្តនៅទូទាំងប្រទេសសម្រាប់កម្មករនិយោជិតដែលជាការវិវឌ្ឍវិជ្ជមានក្តី ច្បាប់នេះខកខានគោរពតាមបទដ្ឋានអន្តរជាតិ។ [៤៣] វិសាលភាពនៃច្បាប់នេះនៅតែពុំទាន់គ្រប់គ្រាន់នៅឡើយ ព្រោះច្បាប់នេះអនុវត្តតែទៅលើ « សហគ្រាស ឬ ស្ថាប័ន និងបុគ្គលដែលស្ថិតនៅក្រោមច្បាប់ការងារ» ដែលពុំបានរាប់បញ្ចូលកម្មករនិយោជិតក្នុងវិស័យផ្សេងទៀត ។ [៤៤] ម្យ៉ាងទៀត និយមន័យនៃ «ប្រាក់ឈ្នួលអប្បបរមា» ដែលច្បាប់នេះបានចែង ពុំបានពិចារណាដល់អនុសាសន៍របស់អង្គការពលកម្មអន្តរជាតិឡើយ។ ខ្លឹមសារដែលមិនច្បាស់លាស់នៃបទប្បញ្ញត្តិទាំងនេះអាចនាំឱ្យមានការអនុវត្តប្រាក់ឈ្នួលអប្បបរមាតាមអំពើចិត្តចំពោះកម្មករនិយោជិតក្នុងវិស័យផ្សេងទៀត។ [៤៥]ម្យ៉ាងទៀតរដ្ឋាភិបាលកម្ពុជាពុំទាន់បានបង្ហាញអំពីរបៀបនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលមានការប្រែប្រួលតាំងពីនៅគណៈកម្មការប្រឹក្សាការងារបច្ចុប្បន្នរហូតដល់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលទើបតែបង្កើតឡើងនោះទេ។
តែយ៉ាងណាក្តី រដ្ឋាភិបាលបានធ្វើឱ្យប្រសើរលើចំណុចមួយចំនួនទាក់ទងនឹងសិទ្ធិកម្មករកាត់ដេរ ក្នុងនោះរួមទាំងប្រព័ន្ធសុខុមាលភាពសង្គម។ [៤៦] តែយ៉ាងណាក្តី នៅតែមានការព្រួយបារម្ភអំពីសុខភាព និងសុវត្ថិភាព រួមទាំងករណីដួលសន្លប់ជាច្រើនរបស់កម្មករ។ [៤៧]
នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីការងារនិងរដ្ឋ មន្ត្រីយុត្តិធម៌ពន្លឿននីតិវិធី និងបញ្ចប់សំណុំរឿងពាក់ព័ន្ធនឹងសកម្មជនសហជីព។ [៤៨]ការបង្កើតក្រុមការងារភ្លាមនេះដើម្បីធ្វើការសម្របសម្រួលឱ្យមានដំណោះស្រាយជុំវិញបណ្តឹងលើសកម្មជនសហជីព។ [៤៩] តាមរយៈសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ [៥០] រដ្ឋាភិបាលបានដាក់ចេញនូវ «វិធានការមួយចំនួនដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ» ដែលក្នុងនោះរួមទាំងការលើកកម្ពស់សិទ្ធិការងារ និងសហជីពផងដែរ។
សិទ្ធិសង្គម និងសេដ្ឋកិច្ច
សហគមន៍ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកប្តូរភេទ អន្តរភេទ និងអ្នកមិនកំណត់ខ្លួនឯងជាក់លាក់ (អ្នកស្រឡាញ់ភេទដូចគ្នា) ពុំមានការចាត់ជាបទល្មើសឡើយក្រោមច្បាប់កម្ពុជា ដោយពួកគាត់ទទួលបានសិទ្ធិដូចគ្នានឹងអ្នកដទៃដែរ។ ប៉ុន្តែ ការរើសអើងផ្នែកសង្គមនិងច្បាប់នៅតែបន្តកើតមានខ្លាំង ក្នុងនោះរាប់ទាំងកង្វះការអនុម័តច្បាប់អនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ឬក៏ដើម្បីទទួលស្គាល់អត្តសញ្ញាណយេនឌ័ររបស់បុគ្គល ប្រសិនបើខុសពីភេទរបស់ពួកគេពីកំណើត។ ក្នុងខែឧសភា ឆ្នាំ២០១៨ របាយការណ៍មានចំណងជើងថា «បង្ហាញឥន្ទធនូ» បានបង្ហាញថា អ្នកការពារសិទ្ធិមនុស្សដែលស្រឡាញ់ភេទដូចគ្នា ត្រូវបានប្រឈមដោយសារច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ [៥១] របាយការណ៍នេះក៏បានលើកឡើងដែរថា អ្នកស្រឡាញ់ភេទដូចគ្នានៅតែប្រឈមដោយសារការបង្ក្រាបឥតឈប់ឈរទៅលើសេរីភាពមូលដ្ឋាននៅទូទាំងប្រទេស ។ [៥២]
តែទោះបីជាពុំមានវិធានការផ្នែកច្បាប់ដើម្បីការទទួលស្គាល់នេះក្តី ក៏រដ្ឋាភិបាលបានបង្ហាញនូវការគាំទ្រដល់សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ នៅក្នុងកិច្ចពិភាក្សាអំពីគោលនយោបាយមួយក្នុងខែឧសភា ក្រសួងកិច្ចការនារីបានថ្លែងថា ខ្លួនកំពុងធ្វើការដោះស្រាយនូវបញ្ហាមួយចំនួនដែលអ្នកស្រឡាញ់ភេទដូចគ្នាបានប្រឈម ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រនិងវិធានការឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានប្រឈម។ លោកជំទាវ ចាន់ សុធាវី បានពន្យល់ថាប្រសិនបើមានទិន្នន័យជាក់លាក់នៃអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា លោកជំទាវអាចពិភាក្សាអំពីការបង្កើតច្បាប់ថ្មីមួយដើម្បីការពារអ្នកទាំងនោះ។ ឯកឧត្តម ជុំ មុំ តំណាងមកពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបន្ថែមថា ប្រសិនបើនិយោជករើសអើងលើនិយោជិតដោយសារនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ នោះជាកំហុសរបស់និយោជក។ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់ដែលរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី១៧ ខែសីហា និងទី១៤ ខែកញ្ញា នៅមុនការត្រួតពិនិត្យជាសកលតាមពេលវេលាកំណត់ (UPR) លើកទី៣ ដើម្បីចងក្រងរបាយការណ៍ជាតិសម្រាប់ UPR ។
សេចក្តីសន្និដ្ឋាន
ស្ថានភាពសិទ្ធិមនុស្សបានធ្លាក់ដុនដាបខ្លាំងក្នុងឆ្នាំ២០១៨ ជាពិសេស នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ រដ្ឋាភិបាលមានឥទ្ធិពលខ្លាំងទៅលើដំណើរការតាក់តែងច្បាប់ ដែលនាំទៅរកការអនុម័តច្បាប់មួយចំនួន ដែលជាការរឹតត្បិតបន្ថែមទៀតទៅលើសេរីភាពខាងការបញ្ចេញមតិ សមាគម និងការប្រមូលផ្តុំ។ នៅឆ្នាំនេះក៏ឃើញមានការបង្ក្រាបទៅលើមតិជំទាស់ តាមរូបភាពមួយចំនួនផងដែររាប់ចាប់តាំងពីការចាប់ពិរុទ្ធរហូតដល់ការគំរាមកំហែង និងអំពើហិង្សា។ ការយាយីទៅលើអ្នកសារព័ត៌មានឯករាជ្យនៅតែបន្តកើតឡើងជាច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ការបញ្ចេញមតិតាមពហុគំនិតផ្សេងៗ ដែលជាការរារាំងប្រជាពលរដ្ឋកម្ពុជាពីការទទួលបានព័ត៌មាន។
-
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២១
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២០
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៩
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៨
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៧
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៦
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៥
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៤
- ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៣
- សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ២០១២
- សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ ២០១១