ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២០

នៅឆ្នាំ២០២០ ស្ថានភាពសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា («កម្ពុជា») បន្តប្រឈម។ មានការគាបសង្កត់តាមវិធីផ្សេងៗដើម្បីបំបិទសំឡេងសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស សមាជិកសហជីព អ្នកសារព័ត៌មាន និងគណបក្សជំទាស់។ ផលវិបាកនៃការគាបសង្កត់នេះនាំឱ្យលំហសម្រាប់ការអនុវត្តសេរីភាពមូលដ្ឋាន ក្នុងនោះរួមទាំងសិទ្ធិសេរីភាពខាងការបង្កើតសមាគម ការបញ្ចេញមតិ និងការជួបប្រជុំរួមតូច។

ក្នុងឆ្នាំ២០២០ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្កឲ្យមានភាពតក់ស្លុតដល់ពលរដ្ឋនៅទូទាំងពិភពលោក។ ទោះបីជាប្រទេសកម្ពុជាពុំប្រឈមនឹងការឆ្លង ឬការស្លាប់ក្នុងអត្រាខ្ពស់ បើប្រៀបធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្តី តែការឆ្លងរាតត្បាតនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចលើផ្នែកនាំចេញ ហើយសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយបង្កឱ្យកម្មករនិយោជិតរាប់ពាន់នាក់ប្រឈមនឹងភាពគ្មានការងារធ្វើ ឬព្យួរការងារដែលនាំទៅរកអសន្តិសុខផ្នែកហិរញ្ញវត្ថុ និងភាពក្រីក្រ។

លើសពីនោះ រាជរដ្ឋាភិបាលកម្ពុជា («រដ្ឋាភិបាល») រងការចោទប្រកាន់ថាកំពុងប្រើហេតុផលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងការមិនគោរពតាមការប្តេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សរបស់ខ្លួន។ រដ្ឋាភិបាលបានបន្តដៅមុខសញ្ញាបង្ក្រាបទៅលើបុគ្គលដែលមានសម្ព័ន្ធភាពជាមួយអតីតគណបក្សជំទាស់គឺគណបក្សង្គ្រោះជាតិកម្ពុជា («គ.ស.ជ»)។

ការប៉ុនប៉ងទប់ស្កាត់និន្នាការជំទាស់នេះ ជាផែនការនៃយុទ្ធនាការទ្រង់ទ្រាយធំប្រឆាំងសំឡេងជំទាស់ នានា។ សេរីភាពខាងការបញ្ចេញមតិបានប្រឈមនឹងការរំលោភបំពានខ្លាំង ជាពិសេស ការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ីនធឺណិត ដោយមានបុគ្គលមួយចំនួនត្រូវបានចាប់ខ្លួន ដោយសារតែការបញ្ចេញមតិដោយធម្មានុរូបនៅលើប្រព័ន្ធអ៊ីនធឺណិត រីឯសេរីភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយវិញ អ្នកសារព័ត៌មានជាច្រើនរូបត្រូវបានចាប់ខ្លួននៅឆ្នាំនេះ។ មានការបង្ក្រាបលើសេរីភាពខាងការជួបប្រជុំ តាមរយៈកំណើននៃការប្រើប្រាស់កងកម្លាំងរបស់រដ្ឋច្រើនហួសប្រមាណ ព្រមទាំងការចាប់ខ្លួនតាមអំពើចិត្តលើអ្នកតវ៉ាដោយសន្តិវិធី។ ម្យ៉ាងទៀត សេរីភាពខាងការបង្កើតសមាគមទទួលរងការវាយប្រហារផ្សេងៗដូចជា គណបក្សជំទាស់ សហជីព និងអង្គការសង្គមស៊ីវិល។ មានការដៅមុខសញ្ញាជាប្រព័ន្ធទៅលើក្រុមយុវជន និងក្រុមបរិស្ថានក្នុងឆ្នាំ២០២០ ដើម្បីបញ្ឈប់ភាពសកម្មការងាររបស់ពួកគេ។

ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងប្រទេសស្តិតក្នុងភាពអាសន្ន បានបង្កើនក្តីព្រួយបារម្ភបន្ថែមទៀតទៅលើក្របខ័ណ្ឌច្បាប់របស់ប្រទេសកម្ពុជា ហើយការធ្វើវិសោធនកម្មច្បាប់មួយចំនួននាពេលខាងមុខបានរារាំងបន្ថែមទៀតលើការអនុវត្តសេរីភាពមូលដ្ឋាននៅលើប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិត។ ក្នុងស្ថានភាពរឹតត្បិតនេះបានបង្កើតនូវបរិយាកាសភ័យខ្លាច និងការធ្វើទុក្ខបុកម្នេញដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធភាពចូលរួមក្នុងកិច្ចសន្ទនាដែលជាលក្ខខណ្ឌចាំបាច់ដើម្បីជួយឱ្យលទ្ធិប្រជាធិបតេយ្យដំណើរការបានល្អ។ ខាងក្រោមគឺជាការលើកឡើងសង្ខេបអំពីបញ្ហាសិទ្ធិមនុស្សសំខាន់ៗមួយចំនួននៅកម្ពុជាក្នុងឆ្នាំ២០២០ នេះ។

១. បរិយាកាសនយោបាយ

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានបង្កើនកិច្ចប្រឹងប្រែងក្នុងការគាបសង្កត់ និងធ្វើទុក្ខបុកម្នេញលើនិន្នាការនយោបាយជំទាស់នៅទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីតុលាការកំពូលបានរម្លាយគណបក្សសង្គ្រោះជាតិនៅក្នុងឆ្នាំ២០១៧ មក កម្ពុជាបានក្លាយជារដ្ឋឯកបក្ស ចំណែកឯអតីតសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានបន្តក្លាយជាគោលដៅសំខាន់នៃការយាយីរបស់អាជ្ញាធរ។

យោងតាមកំណត់ត្រារបស់ ម.ស.ម.ក នៅឆ្នាំ២០២០ អតីតសមាជិកគណបក្សសង្គ្រោះជាតិជាច្រើនរូបត្រូវបានកោះហៅ ចាប់ខ្លួន និងចោទប្រកាន់។ ការគំរាមកំហែង ការយាយី និងការតាមដានត្រួតពិនិត្យបានកើតឡើងជាញឹកញាប់ផងដែរ។ ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ដើម្បីធ្វើទុក្ខបុកម្នេញ និងយាយី ក្លាយជាយុទ្ធសាស្ត្រចម្បងរបស់រដ្ឋាភិបាលនៅឆ្នាំ២០២០។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ អតីតសមាជិកនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន ១១០នាក់ត្រូវបានតុលាការកោះហៅទាក់ទងនឹងករណីចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ទាក់ទងនឹងការគាំទ្រចំពោះផែនការវិលត្រឡប់មកកាន់កម្ពុជាវិញរបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សដែលនីរទេសខ្លួនទៅក្រៅប្រទេសនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមសវនាការតាមការតម្រូវរបស់តុលាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ បន្ទាប់ពីសវនាការនេះ មានការកំណត់កាលបរិច្ឆេទថ្មីសម្រាប់សវនាការនៅថ្ងៃទី១៤ ខែមករា និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបំបែកជនជាប់ចោទជាពីរក្រុមផ្អែកតាមបទចោទផ្សេងៗ។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ និងឃុំខ្លួនអស់រយៈពេលជាង៣ ឆ្នាំក្នុងឆ្នាំ២០១៧ ពីបទសមគំនិតជាមួយរដ្ឋបរទេសនិងក្បត់ជាតិ។ សវនាការដែលទន្ទឹងរង់ចាំជាយូរមកហើយនោះមិនបានចាប់ផ្តើមរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ ការជំនុំជម្រះក្តីនោះបង្កក្តីព្រួយបារម្ភលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ អ្នកសង្កេតការណ៍សវនាការ អ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មានត្រូវបានសាលាដំបូងរាជធានីភ្នំពេញរារាំងកាលពីដំបូង ដែលប្រការនោះនាំឱ្យអ្នកជំនាញអង្គការសហប្រជាជាតិលើកឡើងថាដំណើរការនីតិវិធីក្នុងការជំនុំជម្រះនោះមាន «ភាពមិនប្រក្រតីនិងពុំអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរ ជាតិ និងច្បាប់កម្ពុជា»។ ជាការឆ្លើយតប តុលាការបានផ្តល់ការអនុញ្ញាតឱ្យសាធារណជន និងអង្គការសង្គមស៊ីវិល ព្រមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យមួយចំនួនអាចចូលរួមស្តាប់សវនាការបានក្នុងចំនួនកំណត់។ ការជំនុំជម្រះនោះគ្រោងធ្វើឡើងរយៈពេល៣ ខែ ជាប់គ្នា ប៉ុន្តែត្រូវបានពន្យារពេលវិញក្នុងខែមីនា ឆ្នាំ២០២០ ដោយសារបារម្ភអំពីជំងឺកូវីដ-១៩។ ក្នុងខែមិថុនា ឆ្នាំ២០២០ សំណើសុំការជំនុំជម្រះឡើងវិញត្រូវបានតុលាការបដិសេធ ទោះបីជាពេលនោះតុលាការកម្ពុជាធ្វើប្រតិបត្តិការតាមធម្មតាក្តី។ ការជំនុំជម្រះក្នុងសំណុំរឿងរបស់លោក កឹម សុខា នៅពុំទាន់បានបន្តឡើយនៅចុងឆ្នាំ២០២០ នេះ ដែលបង្កក្តីព្រួយបារម្ភថាការពន្យារពេលដោយពុំសមហេតុផលក្នុងការជំនុំជម្រះក្នុងសំណុំរឿងរបស់លោក កឹម សុខា នេះ អាចធ្វើឡើងក្នុងគោលបំណងអ្វីម្យ៉ាង ដែលជាការរំលោភបំពានទាំងស្រុងលើសិទ្ធិស្របច្បាប់របស់លោកក្នុងការទទួលបានការជំនុំជម្រះដោយពុំពន្យារពេល។

២. ការវិវឌ្ឍផ្នែកច្បាប់

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានរឹតបន្តឹងសេរីភាពមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនៅទូទាំងកម្ពុជាតាមរយៈក្របខ័ណ្ឌច្បាប់ដ៏តឹងរ៉ឹង។ ក្នុងឆ្នាំ២០២០ និន្នាការនេះបានបន្តកើតឡើងតាមរយៈការវិវឌ្ឍផ្នែកច្បាប់ដ៏គួរឱ្យបារម្ភខ្លាំង។ ក្នុងនោះរួមមាន ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន ដែលបានប្រកាសឱ្យអនុវត្តក្នុងខែមេសា ឆ្នាំ២០២០។ ច្បាប់នេះត្រូវបានធ្វើសេចក្តីព្រាង និងអនុម័តយ៉ាងប្រញាប់ប្រញាល់ដោយពុំមានការប្រឹក្សាយោបល់ និងផ្តល់អំណាចហួសហេតុដល់រដ្ឋាភិបាលក្នុងការរឹតត្បិតលើការអនុវត្តសេរីភាពមូលដ្ឋានក្នុងអំឡុងពេលប្រទេសស្ថិតក្នុងភាពអាសន្ន។ ម្យ៉ាងទៀត សេចក្តីព្រាងច្បាប់ចំនួន ៣ ដែលបែកធ្លាយនឹងប៉ះពាល់បន្ថែមទៀតលើសិទ្ធិមនុស្សនៅកម្ពុជាពោលគឺ សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ និងសេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានដែលទើបតែត្រូវបានកែសម្រួលឡើងវិញ។ ប្រសិនបើ សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានអនុម័តមែន នោះសកម្មភាពប្រចាំថ្ងៃជាច្រើនរបស់សាធារណជនអាចចាត់ជាបទល្មើស ដែលជាការរឹតត្បិតលើសេរីភាពមូលដ្ឋានខាងការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបប្រជុំ ព្រមទាំងមានការរើសអើងធ្ងន់ធ្ងរទៅលើក្រុមប្រជាពលរដ្ឋទន់ខ្សោយកាន់តែខ្លាំងឡើង។ ម្យ៉ាងទៀត សេចក្តីព្រាងច្បាប់ទាក់ទងនឹងអ៊ីនធឺណិតចំនួនពីរ នឹងផ្តល់សិទ្ធិពេញលេញដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងសកម្មភាពនៅលើប្រព័ន្ធអ៊ីនធឺណិត ដោយផ្តល់សិទ្ធិឱ្យរដ្ឋាភិបាលតាមដានត្រួតពិនិត្យជាលក្ខណៈទ្រង់ទ្រាយធំ និងការចាប់ពិរុទ្ធលើប្រព័ន្ធអ៊ីនធឺ ណិតដែលជាការគាបសង្កត់សេរីភាពអ៊ីនធឺណិតនៅប្រទេសកម្ពុជា។

៣. សេរីភាពខាងការបញ្ចេញមតិ

សេរីភាពខាងការបញ្ចេញមតិរងការបង្ក្រាបឥតឈប់ឈរក្នុងឆ្នាំ២០២០ ដែលភាគច្រើនកើតឡើងចំពោះការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ឺនធឺណិត។ ករណីកើតឡើងជាបន្តបន្ទាប់ទាក់ទងនឹងការផ្តន្ទាទោសដោយបំពាន និងការមិនអត់ឱនទៅលើសំឡេងរិះគន់ ក្នុងនោះរួមទាំង អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ហើយករណីនេះបានបន្តកើតឡើងឥតស្រាកស្រាន្តទៅលើគណបក្សជំទាស់។

៣.១ ការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការយាយីលើអ្នកសារព័ត៌មាន

យុទ្ធនាការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានកើតមានកាន់តែខ្លាំងៗឡើងក្នុងឆ្នាំ២០១៧ និងបានបន្តរហូតដល់ឆ្នាំ២០២០។ សន្ទស្សន៍សារព័ត៌មានពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាទី១៤៤ ក្នុងចំណោមប្រទេសចំនួន១៨០ សម្រាប់ឆ្នាំ២០២០ ដែលធ្លាក់ចុះ១២ពិន្ទុគិតចាប់តាំងពីឆ្នាំ២០១៧។ ការរាយការណ៍ព័ត៌មានប្រកបដោយគុណភាព និងឯករាជ្យស្ទើរតែគ្មាន ដែលនេះជាវិបាកនៃការបិទអង្គភាពព័ត៌មានឯករាជ្យនៅកម្ពុជា ដែលបានកាត់បន្ថយការផ្សព្វផ្សាយពីទិដ្ឋភាពនានាទាក់ទងនឹងបញ្ហាសង្គមនៅក្នុងប្រទេស ព្រមទាំងបានរឹតត្បិតលទ្ធភាពរបស់អង្គការសង្គមស៊ីវិលក្នុងការប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មានផងដែរ ដែលប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធភាពរបស់ពួកគេក្នុងការអនុវត្តសកម្មភាពតស៊ូមតិនានា។

អ្នកសារព័ត៌មានបានក្លាយជាគោលដៅនៃការវាយប្រហារជាបន្តបន្ទាប់ដោយសារអនុវត្តសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន ហើយជារឿយៗត្រូវបានបំបិទសំឡេងក្រោមការចោទប្រកាន់តាមអំពើចិត្តពីបទព្រហ្មទណ្ឌ ដោយសារការបំពេញវិជ្ជាជីវៈស្របច្បាប់របស់ខ្លួននៅក្នុងឆ្នាំ២០២០។ នៅឆ្នាំ២០២០ អ្នកសារព័ត៌មានចំនួន១១នាក់ត្រូវបានចាប់ខ្លួន ហើយ ៣ នាក់ ក្នុងចំណោមនោះត្រូវបានផ្តន្ទាទោស (លោក សុវណ្ណ រិទ្ធី លោក សុខ ឧត្តម និងលោក រស់ សុខិត) ក្រោមបទញុះញង់។ ការយាយីលើអ្នកសារព័ត៌មានពីរនាក់ទៀត (លោក យាង សុធារិន និង លោក អួន ឈិន អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី) បន្តកើតមានក្នុងឆ្នាំ២០២០ តាម រយៈនីតិវិធីព្រហ្មទណ្ឌដែលគ្មានទីបញ្ចប់។ ការយាយីលើបុគ្គលទាំងនេះតាមប្រព័ន្ធតុលាការគឺជាការបញ្ជូនសារព្រមានចំពោះបុគ្គលទាំងឡាយណាដែលហ៊ានអនុវត្តសេរីភាពមូលដ្ឋានក្នុងការបញ្ចេញមតិ ដែលជំរុញឱ្យមានបរិយាកាសធ្វើទុក្ខបុកម្នេញ និងការដាក់កំហិតខ្លួនឯង។ ជាងនោះទៅទៀត នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណអង្គភាពព័ត៌មានចំនួន៤ ដោយអង្គភាពព័ត៌មានចំនួន ៣ ក្នុងចំណោមនោះគឺជាកម្មសិទ្ធិរបស់អ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួនខាងលើ ដែលនេះជាការកាត់បន្ថយចំនួនអង្គភាពព័ត៌មានឯករាជ្យនៅក្នុងប្រទេសដែលកំពុងតែមានចំនួនតិចតួចស្រាប់រួចទៅហើយនោះ។

៣.២. ការបញ្ចេញមតិលើអនឡាញ និងសេរីភាពអ៊ីនធឺណិត

ក្នុងរយៈពេល៤ ឆ្នាំចុងក្រោយនេះ មានការកត់សម្គាល់ឃើញថាចំនួនប្រជាពលរដ្ឋកាន់តែច្រើនឡើងរងការគំរាមកំហែង ការយាយី ព្រមទាំងត្រូវបានផ្តន្ទាទោសដោយសារសកម្មភាពរបស់ខ្លួននៅលើប្រព័ន្ធអ៊ីនធឺណិត ដែលនាំឱ្យពិន្ទុរបស់ប្រទេសកម្ពុជាក្នុងសន្ទស្សន៍សេរីភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់អង្គការលំនៅដ្ឋានសេរីភាព ធ្លាក់ចុះនៅត្រឹមលេខរៀងទី៤៣ ក្នុងចំណោមលេខរៀង១០០ សម្រាប់ឆ្នាំ២០២០ និងលេខរៀងទី៤៨ក្នុងចំណោមលេខរៀង១០០ ក្នុងឆ្នាំ២០១៦។ គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក បានកត់ត្រា ៥៣% នៃការរឹតត្បិតទាំងអស់នោះគឺទៅលើសេរីភាពខាងការបញ្ចេញមតិដែលបានកើតឡើងក្នុងឆ្នាំ២០២០។

ប្រជាពលរដ្ឋជាច្រើនត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារដោយសារតែសកម្មភាពផ្សេងៗនៅលើប្រព័ន្ធអ៊ីនធឺណិត ក្នុងនោះរួមទាំងកម្មកររោងចក្រមួយចំនួននិងកញ្ញា សូយ ស្រស់ សមាជិកសហជីព ដែលបានចែករំលែកការបារម្ភអំពីសិទ្ធិផ្នែកការងារនៅលើបណ្តាញហ្វេសប៊ុក និងអ្នកនាង ថៃ ស្រីនាង អ្នកលក់ផលិតផលលើអនឡាញដែលត្រូវបានចាប់ខ្លួនដោយសារថតវីដេអូផ្សាយផ្ទាល់លក់ផលិតផលនៅលើបណ្តាញហ្វេសប៊ុកក្នុង សម្លៀកបំពាក់ខើចលើខើចក្រោម និងយុវជន គា សុគុណ និង ឡុង ពុទ្ធារ៉ា ដែលបានច្រៀងបទចម្រៀងរ៉េបអំពីបញ្ហាសង្គម។ ម្យ៉ាងទៀត នៅឆ្នាំ២០២០ គេសង្កេតឃើញមានការកើនឡើងពាក់ព័ន្ធនឹង«ព័ត៌មានក្លែងក្លាយ» ដោយមានការចោទប្រកាន់បុគ្គលចំនួន៤០ នាក់ពីបទផ្សព្វផ្សាយព័ត៌មាន«ក្លែងក្លាយ» នៅលើប្រព័ន្ធអ៊ីនធឺណិត ជាពិសេសទាក់ទងនឹងជំងឺកូវីដ-១៩។

ការបិទខ្ទប់គេហទំព័រ និងអង្គភាពព័ត៌មានអនឡាញមួយចំនួនក៏រួមចំណែកដល់ការកម្រិតលំហូរព័ត៌មាននៅក្នុងប្រទេសកម្ពុជាផងដែរ ដែលជាការរឹតត្បិតថែមទៀតលើសេរីភាពអ៊ីនធឺណិត។ ម្យ៉ាងទៀត រដ្ឋាភិ បាលក៏បានប្រកាសជាច្រើនលើកច្រើនសារអំពីអាជ្ញាធរធ្វើការត្រួតពិនិត្យលើបណ្តាញផ្សព្វផ្សាយសង្គម។ ទោះបីជាមានភាពស្របច្បាប់សម្រាប់រដ្ឋាភិបាលក្នុងការត្រួតពិនិត្យការបញ្ចេញមតិរបស់សាធារណជនក្តី តែប្រការនេះអាចបង្កឱ្យមានក្តីព្រួយបារម្ភបន្ថែមទៀតចំពោះសេរីភាពខាងការបញ្ចេញមតិ។ អ៊ីនធឺណិតកំពុងត្រូវបានប្រើប្រាស់ជាអាវុធនិងកែវពង្រីក ព្រោះរដ្ឋាភិបាលអាចត្រួតពិនិត្យសកម្មភាពរបស់ប្រជាពលរដ្ឋទូទៅ និងបំបិទមតិយោបល់ជំទាស់។ នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលបានបង្កើតសេចក្តីព្រាងច្បាប់ចំនួនពីរដូចលើកឡើងខាងលើ គឺសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ និងសេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ ប្រសិនបើច្បាប់ទាំងពីរនេះត្រូវបានអនុម័ត ច្បាប់នោះនឹងអនុញ្ញាតឱ្យធ្វើការរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ និងការតាមដាន។ លើសពីនេះ ច្បាប់ទាំងនេះនឹងបង្កើតក្របខ័ណ្ឌច្បាប់ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលតាមដាន និងត្រួតពិនិត្យលើសកម្មភាពនៅលើអនឡាញ ដែលជាការបំបិទនិងរំលោភបំពានទៅលើសេរីភាពលើអ៊ីនធឺណិត ក្នុងនោះរួមទាំងសេរីភាពខាងការបញ្ចេញមតិលើអនឡាញផងដែរ។

៣.៣ ការចាប់ពិរុទ្ធខ្លួនឯង

ការស្ទង់មតិរបស់ ម.ស.ម.ក លើថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំសហជីពក្នុងខែតុលា ឆ្នាំ២០២០ បានកត់ត្រាភាគរយខ្ពស់បំផុតរហូតដល់ (៨៩%)ទាក់ទងការចាប់ពិរុទ្ធភាពខ្លួនឯងពីថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំសហជីព។ ៧៩% នៃអ្នកឆ្លើយតបការស្ទង់មតិក៏បានលើកឡើងផងដែរថាមានអារម្មណ៍ពុំសុវត្ថិភាពក្នុងការចែករំលែកព័ត៌មានតាមបណ្តាញផ្សព្វផ្សាយសង្គម។ ម្យ៉ាងទៀត ការស្ទង់មតិសាធារណៈធ្វើឡើងដោយ ម.ស.ម.ក ក្នុងខែតុលា ឆ្នាំ២០២០ បានបង្ហាញថាអ្នកឆ្លើយតបភាគច្រើនយល់ថា «ពេលខ្លះពុំមានសេរីភាព» ក្នុងការអនុវត្តសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន។

ការធ្វើទុក្ខបុកម្នេញតាមវិធីនានា ក្នុងនោះរួមទាំងការគំរាមធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងការចាប់ខ្លួនកំពុងបង្កឱ្យមានវប្បធម៌ភ័យខ្លាច និងឈានទៅដល់ការចាប់ពិរុទ្ធភាពខ្លួនឯង។ ការការពារសេរីភាពបញ្ចេញមតិគឺមានសារៈសំខាន់ដើម្បីប្រជាពលរដ្ឋអាចបង្កើតជម្រើសតាមការចង់បានរបស់ខ្លួន ដើម្បីចូលរួមឱ្យបានសកម្មក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងដើម្បីជួយធានារដ្ឋាភិបាលមានទំនួលខុសត្រូវស្របតាមគោលការណ៍នីតិរដ្ឋ។

៤. សេរីភាពខាងការបង្កើតសមាគម

រដ្ឋាភិបាលបានបង្កើនបង្ក្រាបសេរីភាពខាងការបង្កើតសមាគមកាន់តែខ្លាំងឡើងក្នុងឆ្នាំ២០២០។ ជាពិសេស ផ្តោតមុខសញ្ញាលើអង្គការសង្គមស៊ីវិល សមាជិកសហជីព ឬថ្នាក់ដឹកនាំសហជីព និងបុគ្គលនានាដែលមានសម្ព័ន្ធភាពជាមួយ (ឬជឿថាមានសម្ព័ន្ធភាពជាមួយ) គណបក្សសង្គ្រោះជាតិ ដែលបុគ្គលទាំងនោះតែងប្រឈមនឹងការតាមដាន ការរារាំង និងការយាយីតាមផ្លូវតុលាការចំពោះការអនុវត្តសេរីភាពខាងការបង្កើតសមាគមរបស់ពួកគេ។ បន្ថែមលើការយាយីជាបន្តបន្ទាប់ទៅលើអតីតគណបក្សជំទាស់ (សូមមើលផ្នែក១ អំពីបរិយាកាសនយោបាយ) ម.ស.ម.ក បានកត់ត្រាករណីនៃអំពើហិង្សាចំនួន៩ លើសមាជិកគណបក្សសង្គ្រោះជាតិ ដែលប្រព្រឹត្តឡើងដោយជនពុំស្គាល់អត្តសញ្ញាណក្នុងឆ្នាំ២០២០។ បុគ្គលដែលមានសម្ព័ន្ធភាពជាមួយ គ.ស.ជ ដែលជាជនរងគ្រោះនៃអំពើហិង្សាក្នុងករណីទាំងនោះពុំទទួលបានយុត្តិធម៌ ។

ក្នុងឆ្នាំ២០២០ គេសង្កេតឃើញថា រដ្ឋាភិបាលបានបន្តតាមដាន និងរារាំងការងាររបស់អង្គការសង្គមស៊ីវិល។ ឧទាហរណ៍ បណ្តឹងអាជ្ញាលើបុគ្គលិកអង្គការសង្គមស៊ីវិល ការឃ្លាំមើលសកម្មភាពអង្គការសង្គមស៊ីវិល ការរារាំង និងការប៉ុនប៉ងបញ្ឈប់សកម្មភាពអង្គការសង្គមស៊ីវិល ការធ្វើទុក្ខបុកម្នេញ និងការយាយីជាច្រើនលើបុគ្គលិកអង្គការសង្គមស៊ីវិល ព្រមទាំងការព្រមានចាត់វិធានការផ្លូវច្បាប់ជាដើម។

ការស្ទង់មតិរបស់ ម.ស.ម.ក ក្នុងឆ្នាំ២០២០ លើថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំសហជីព បង្ហាញថា ៨៩% នៃអ្នកឆ្លើយតបបានលើកឡើងថាពួកគេចាប់ពិរុទ្ធភាពខ្លួនឯង ដែលជាចំនួនសមាមាត្រដ៏ខ្ពស់នៃអ្នកឆ្លើយតបដែលលើកឡើងពីការចាប់ពិរុទ្ធភាពខ្លួនឯង។ ៧៩% នៃអ្នកឆ្លើយតបក៏បានលើកឡើងផងដែរថាមានអារម្មណ៍ពុំសុវត្ថិភាពក្នុងការចែករំលែកព័ត៌មាននៅលើបណ្តាញផ្សព្វផ្សាយសង្គម ៤០%បានលើកឡើងថាអាជ្ញាធរតាមឃ្លាំមើល ឬតាមដានសកម្មភាពអង្គការរបស់ខ្លួន ហើយ២៩% ជឿថាការប្រាស្រ័យទាក់ទងរបស់អង្គការខ្លួនត្រូវបានកំពុងតាមដានផងដែរ។ តួលេខទាំងនេះហាក់បង្ហាញថារដ្ឋាភិបាលពុំអត់ឱនចំពោះការរិះគន់មកលើខ្លួនឡើយ ក៏ដូចជាពុំទុកចិត្តទៅលើអង្គការសង្គមស៊ីវិលផងដែរ។

សមាជិកសហជីពបានប្រឈមនឹងការចាប់ខ្លួន អំពើហិង្សានិងការយាយី។ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ចំពោះការធ្វើអត្ថាធិប្បាយទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម។ ក្រោយមកលោកត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមក្រោមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងត្រូវបានសាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំ។ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណវាយប្រហារលើម៉ូតូ ខណៈដែលអ្នកស្រីកំពុងជិះម៉ូតូធ្វើដំណើរទៅសួរសុខទុក្ខលោក រ៉ុង ឈុន។

នៅឆ្នាំនេះមានការកើនឡើងនូវការវាយប្រហារលើសកម្មជនយុវជន និងអ្នកការពារសិទ្ធិមនុស្សផ្នែក បរិស្ថាន និងសមាគម តាមរូបភាពមួយចំនួនដូចជា ការយាយីតាមប្រព័ន្ធតុលាការ ការធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតតាមអំពើចិត្តជាដើម។ ជាក់ស្តែង សមាជិកនៃចលនាមាតាធម្មជាតិ (លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួង កែវរស្មី) សមាជិកខ្មែរថាវរៈ (លោក ហុន វណ្ណៈ កញ្ញា ឈឿង ដារ៉ាវី កញ្ញា ថា ឡាវី និងកញ្ញា សូ មេត្តា) ព្រមទាំងសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (លោក មាន ព្រហ្មមុនី និងលោក មួង សុភ័គ្រ) ត្រូវបានចាប់ខ្លួនក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០) ទាក់ទងនឹងបទចោទដែលមានហេតុផលនយោបាយដោយសារការអនុវត្តសេរីភាពមូលដ្ឋានស្របច្បាស់របស់ខ្លួន ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន។ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំនៅក្រៅរបស់ពួកគេនៅខែតុលា និងខែធ្នូ ឆ្នាំ២០២០។

៥. សេរីភាពខាងការជួបប្រជុំ

នៅឆ្នាំ២០២០ សង្កេតឃើញថាមានការកើនឡើងនូវការអនុវត្តសេរីភាពខាងការជួបប្រជុំរបស់សាធារ ណជន។ ជាពិសេស ការជួបប្រជុំរបស់កម្មកររោងចក្រដែលប្រឈមនឹងបញ្ហាហិរញ្ញវត្ថុដោយសារជំងឺកូវីដ-១៩ និងការប្រមូលផ្តុំរបស់សហគមន៍ដែលរងផលប៉ះពាល់ដោយទំនាស់ដីធ្លី។ ម្យ៉ាងទៀត មានការជួបប្រជុំជាច្រើនពីសំណាក់ក្រុមតស៊ូមតិឱ្យដោះលែងបុគ្គលដែលជាប់ឃុំដោយសារការចោទប្រកាន់ក្រោមហេតុផលនយោបាយ ដូចជា ការតវ៉ារបស់សមាជិកគ្រួសារឱ្យដោះលែងអតីតសមាជិកគណបក្សជំទាស់ដែលកំពុងជាប់ឃុំ និងការតវ៉ាពីក្រុមនានាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីពដែលមានកិត្តិនាមល្បីល្បាញជាដើម។

ជាមួយគ្នានោះដែរ នៅឆ្នាំ២០២០ សង្កេតឃើញមានការកើនឡើងនូវការរារាំងគួរឱ្យបារម្ភតាមរយៈការរឹតត្បិតលើការជួបប្រជុំដោយសន្តិវិធី និងការចាប់ខ្លួនអ្នកតវ៉ាជាញឹកញាប់។ ឧទាហរណ៍ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន មេដឹកនាំសហជីព ត្រូវបានចាប់ខ្លួន ហើយក្រោយមកមនុស្សជាង១០ នាក់ ត្រូវបានដាក់ពន្ធនាគារនៅសប្តាហ៍បន្ទាប់ដោយសារចូលរួមតវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ។ សន្ទុះនៃការរារាំងលើការអនុវត្តសិទ្ធិជួបប្រជុំកើនឡើងនេះ ក៏មានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការស្ទង់មតិលើថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនិងសហជីពផងដែរ ដែលបង្ហាញពីបរិយាកាសបំបិទសេរីភាពខាងការជួបប្រជុំខ្លាំងឡើង ដោយមានតែ ៤៩% ប៉ុណ្ណោះ នៃថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពបានលើកឡើងថាពីការយល់ឃើញថា «មានសេរីភាព» ឬ«មានសេរីភាពខ្លះ» ក្នុងការអនុវត្តសេរីភាពខាងការជួបប្រជុំ។

ជាការគួរឱ្យព្រួយបារម្ភខ្លាំងនោះ គឺការប្រើប្រាស់កម្លាំងហួសប្រមាណទៅលើការការជួបប្រជុំដោយសន្តិវិធីចំនួន១៦ លើក ដែលជាការរំលោភបំពានលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលក្នុងនោះយោងតាមលក្ខខណ្ឌក្នុងការប្រើប្រាស់កម្លាំងរបស់មន្ត្រីអនុវត្តច្បាប់ អាចអនុវត្តទៅបានតែក្នុងកាលៈទេសៈចង្អៀត ពោលគឺនៅពេល «ចាំបាច់ខ្លាំង» និងក្នុងគោលបំណងបំពេញភារកិច្ចដោយធម្មានុរូបតែប៉ុណ្ណោះ។ ការប្រើកម្លាំងហួសប្រមាណទាំងនោះផ្តោតមុខសញ្ញាលើក្រុមស្ត្រីថ្ងៃសុក្រ ដែលសមាសភាពភាគច្រើននៃក្រុមនេះជាស្ត្រីសមាជិកគ្រួសាររបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលជាប់ឃុំ ដែលបានតវ៉ាដោយសន្តិវិធីនៅមុខសាលាដំបូងរាជធានីភ្នំពេញទាមទារឱ្យដោះលែងសាច់ញាតិរបស់ពួកគេនៅរៀងរាល់ថ្ងៃសុក្រចាប់តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ មក។ ជាក់ស្តែង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រុមស្ត្រីថ្ងៃសុក្របានប្រមូលផ្តុំគ្នានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញក្នុងអំឡុងពេលជំនុំជម្រះក្តីលើអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន២១នាក់ ហើយនៅពេលនោះនគរបាលបានចាប់ខ្លួនស្ត្រីអ្នកតវ៉ាម្នាក់ដោយបំពាន ដោយបានចាប់សែង និងអូសទាញស្ត្រីរូបនោះបញ្ចូលទៅក្នុងឃ្លប់ផ្នែកខាងក្រោយនៃរថយន្តនគរបាល។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ជាទិវាគម្រប់ខួបលើកទី២៩ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អាជ្ញាធរបានប្រើប្រាស់អំពើហិង្សាលើអ្នកតវ៉ាដោយសន្តិវិធីដែលប្រមូលផ្តុំគ្នានៅជិតស្ថានទូតចិន។ មានការចាប់ខ្លួនដោយបំពានលើអ្នកតវ៉ាជាច្រើននាក់ ព្រមទាំងមានការបញ្ជូនខ្លួនមនុស្ស៣នាក់ទៅឃុំខ្លួនបណ្តោះអាសន្នផងដែរ។ ការបង្ក្រាបលើការជួបប្រជុំនេះ ហើយរហូតឈានដល់ការរារាំងអ្នកសារព័ត៌មានក្នុងការប្រមូលយកព័ត៌មានក្នុងព្រឹត្តិការណ៍នោះផងដែរ ដោយអាជ្ញាធរបានដកហូតយកកាមេរ៉ារបស់អ្នកសារព័ត៌មានម្នាក់ ហើយអ្នកសារព័ត៌មានផ្សេងៗទៀតក៏ប្រឈមនឹងការគំរាមដកហូតកាមេរ៉ាដូចគ្នានេះដែរ។ ម្យ៉ាងទៀត បុគ្គលិក ម.ស.ម.ក ដែលកំពុងឃ្លាំមើលព្រឹត្តិការណ៍នោះក៏ត្រូវបានកងកម្លាំងសន្តិសុខខណ្ឌគំរាមដកហូតយកទូរស័ព្ទ និងត្រូវបានដេញចេញពីទីកន្លែងនោះផងដែរ។

ការរារាំង និងការគំរាមលើអ្នកឃ្លាំមើលការជួបប្រជុំ បង្កើតបាននិន្នាការមួយគួរឱ្យព្រួយបារម្ភខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្សនៅឆ្នាំ២០២០។ ក្នុងខែធ្នូ មានការកត់ត្រាករណីជាច្រើនដែលអ្នកឃ្លាំមើលការជួបប្រជុំរងការព្រមាន ការគំរាមកំហែង និងរងការរារាំងការឃ្លាំមើល ជាពិសេស ក្នុងការប្រមូលផ្តុំគ្នានៅពេលជំនុំជម្រះក្តីលើបុគ្គលល្បីៗនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ។

៦. សិទ្ធិសេដ្ឋកិច្ច និងសង្គម

៦.១. សិទ្ធិដីធ្លី

ការរំលោភបំពានសិទ្ធិដីធ្លីនៅតែស្ថិតក្នុងចំណោមការរំលោភបំពានសិទ្ធិមនុស្សដែលកើតឡើងច្រើនជាងគេនៅកម្ពុជា។ ក្នុងចំណោមការជួបប្រជុំចំនួន១៩១ លើក ដែលក្រុមឃ្លាំមើលរបស់ ម.ស.ម.ក បានកត់ត្រា ក្នុងឆ្នាំ២០២០ មាន ៦៣ លើក (ឬ៣៣%) គឺជាការប្រមូលផ្តុំគ្នាទាក់ទងនឹងសិទ្ធិដីធ្លី។ បញ្ហាដែលគួរឱ្យព្រួយបារម្ភខ្លាំងជាងគេក្នុងករណីទាំងនេះ គឺការចាប់យកដីដោយខុសច្បាប់ឬការបណ្តេញចេញដោយបង្ខំ ដោយផ្តល់យុត្តិធម៌តិចតួចសម្រាប់ជនរងគ្រោះ។ ការស្រាវជ្រាវរបស់ ម.ស.ម.ក ក្នុងឆ្នាំ២០២០ បានលើកឡើងថាសហគមន៍នានាប្រឈមនឹងឧបសគ្គខ្លាំងក្នុងការទទួលបានដំណោះស្រាយក្នុងទំនាស់ដីធ្លី និងការឱ្យក្រុមហ៊ុនសាជីវកម្មទទួលខុសត្រូវ ដែលកើតឡើងច្រើនលើសលប់នោះគឺដោយសារកង្វះការប្តេជ្ញាចិត្ត កង្វះការចូលរួម ព្រមទាំងកង្វះតម្លាភាពរបស់រដ្ឋាភិបាលនិងក្រុមហ៊ុនក្នុងការដោះស្រាយទំនាស់ដីធ្លី កង្វះចំណេះដឹងអំពីសិទ្ធិដីធ្លី ហើយនិងកង្វះយន្តការផ្តល់សំណងថ្នាក់ជាតិដែលស្របតាមបទដ្ឋានសិទ្ធិមនុស្ស ហើយសហគមន៍នានាកំពុងត្រូវបានរារាំងក្នុងការតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ។

ម្យ៉ាងទៀត ទោះបីជាគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ហាមប្រាមលើការបណ្តេញចេញដោយបង្ខំក្នុងអំឡុងពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្តី ក៏ចំនួននៃការបណ្តេញចេញដោយបង្ខំតាមការកត់ត្រាមានកម្រិតខ្ពស់នៅទូទាំងប្រទេសកម្ពុជា ដោយមានការរាយការណ៍ថាមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានបណ្តេញចេញចាប់តាំងពីខែមករា ឆ្នាំ២០២០។ ពុំមែនត្រឹមតែការបណ្តេញចេញបុគ្គលពីលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏មានការលើកឡើងថាក្រុមហ៊ុនបានឈូសឆាយកសិផល និងដីដែលសហគមន៍អាស្រ័យផលតាំងពីយូរយាមកហើយនោះផងដែរ ខណៈប្រជាសហគមន៍ «ស្ថិតនៅផ្ទះ» អនុវត្តបំរាមក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ និងពុំបាននៅមើលថែទាំទ្រព្យសម្បត្តិរបស់ពួកគាត់។ ឧទាហរណ៍ ក្នុងខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុនជ័រកៅស៊ូវៀតណាមឈ្មោះ ហ័ងអាញ់យ៉ាឡាយ (Hoang Anh Gia Lai) បានឈូសឆាយដីដែលបានបម្រុងទុកសម្រាប់ប្រគល់ជូនសហគមន៍មូលដ្ឋានចំនួន១២ នៅក្នុងខេត្តរតនៈគិរី ក្នុងនោះរួមទាំងភ្នំមួយចំនួនដែលជាទីគោរពវិញ្ញាក្ខន្ធរបស់បុព្វបុរស តំបន់បរបាញ់សត្វ និងដីសម្រាប់បញ្ចុះសពផងដែរ បើទោះជាមានការសន្យាថានឹងប្រគល់ដីនោះត្រឡប់មកឱ្យសហគមន៍វិញក្នុងខែកញ្ញា ឆ្នាំ២០១៥ ក្តី។

បរិបទសិទ្ធិដីធ្លីដែលគួរឱ្យព្រួយបារម្ភមួយទៀតបានឃើញកើតឡើងក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ គឺការធ្វើអនុបយោគដីឯកជនរបស់រដ្ឋជាច្រើន ហើយក្រោយមកបានផ្តល់ដីនោះទៅឱ្យក្រុមហ៊ុនឯកជន។ ការធ្វើអនុបយោគដីដោយគ្មានហេតុផលសមស្របនេះគឺធ្វើឡើងតាមរយៈអនុក្រឹត្យដោយងាយៗ ដោយខ្វះការត្រួតពិនិត្យពីរដ្ឋសភា និងមានតម្លាភាពតិចតួច។ ជាក់ស្តែង នៅក្នុងខែតុលា ឆ្នាំ២០២០ មានព័ត៌មានផ្សព្វផ្សាយថា រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយសម្រេចប្រគល់ដីរដ្ឋទំហំ៦០០ហិកតាក្នុងខេត្តព្រះសីហនុឱ្យទៅអ្នកស្រី លី អាផណ កូនស្រីរបស់ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងកូនប្រសាររបស់លោក ឈ្មោះឧកញ៉ា សេង ញ៉ក់ សម្រាប់សាងសង់តំបន់ទេសចរណ៍។ សមាជិកព្រឹទ្ធសភាលោក លី យ៉ុងផាត់ ឧកញ៉ា សេង ញ៉ក់ និងក្រុមហ៊ុនរបស់ពួកគាត់មានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវជុំវិញការរំលោភបំពានលើសិទ្ធិដីធ្លីទាក់ទងនឹងចម្ការអំពៅ។ មានព័ត៌មានលើកឡើងថែមទៀតក្នុងឆ្នាំ២០២០ ថា រដ្ឋាភិបាលបានប្រគល់ផ្ទៃដីបឹងតាមោកជាច្រើនរយហិកតា ជាបឹងដែលនៅសេសសល់ចុងក្រោយគេ និងជាបឹងធម្មជាតិដ៏ធំជាងគេក្នុងរាជធានីភ្នំពេញ ដើម្បីចាក់បំពេញដីសម្រាប់ធ្វើជាតំបន់អភិវឌ្ឍន៍ ដែលជាការបង្កហានិភ័យធ្ងន់ធ្ងរដល់បរិស្ថាន និងសិទ្ធិមនុស្សរបស់បុគ្គលដែលរស់នៅ និងធ្វើការងារនៅជុំវិញបឹងនោះ។

អ្នកការពារសិទ្ធិដីធ្លីនៅតែប្រឈមនឹងការយាយីតាមផ្លូវតុលាការ និងការធ្វើទុក្ខបុកម្នេញដោយសារសកម្មភាពរបស់ខ្លួន។ ឧទាហរណ៍ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ អ្នកស្រី អ៊ុំ សុភី អ្នកការពារសិទ្ធិដីធ្លីត្រូវបានចោទប្រកាន់ពីបទញុះញង់ពាក់ព័ន្ធក្នុងទំនាស់ដីធ្លីមួយក្នុងឆ្នាំ២០០៨ ត្រូវបានអាជ្ញាធរចោទប្រកាន់ថាអ្នកស្រីបានបញ្ចុះបញ្ចូលអ្នកភូមិដាំដំណាំលើដីដែលកំពុងមានទំនាស់។ អ្នកស្រីត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ដោយព្យួរទោស និងបានបង្គាប់ឱ្យបង់ប្រាក់សំណងចំនួនមួយលានរៀល។

៦.២. សិទ្ធិកម្មករ

ការដកផ្នែកខ្លះក្នុងកិច្ចព្រមព្រៀងរវាងសហភាពអ៊ឺរ៉ុបជាមួយប្រទេសកម្ពុជាលើការអនុគ្រោះពន្ធលើមុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) បានចូលធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ សហភាព អ៊ឺរ៉ុបបានចេញសេចក្តីសម្រេចនេះនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ដោយសារតែ «ការរំលោភបំពានធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធទៅលើគោលការណ៍សិទ្ធិមនុស្សមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ» ដោយគណៈកម្មការអ៊ឺរ៉ុបថ្លែងថា សហភាពអ៊ឺរ៉ុបនឹងមិនគាំទ្រប្រទេសកម្ពុជាចំពោះ «លទ្ធិប្រជាធិបតេយ្យចុះខ្សោយ ការកំហិតសិទ្ធិមនុស្ស និងការបំបិទសេរីភាពក្នុងការជជែកដេញដោល» ។ ប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ មានសារៈសំខាន់ដែលជួយធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើង ហើយសហភាពអ៊ឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំទីពីររបស់កម្ពុជា ដោយអត្រានាំចេញទៅកាន់សហភាពអ៊ឺរ៉ុបមានរហូតដល់ ១៧.៣% នៃពាណិជ្ជកម្មសរុបរបស់កម្ពុជា។ ការដកផ្នែកខ្លះនេះមានន័យថា ប្រភេទខ្លះនៃផលិតផលនាំចេញរបស់កម្ពុជា ក្នុងនោះរួមទាំងសម្លៀកបំពាក់ ស្បែកជើង និងផលិតផលយកតាមខ្លួនបានមានប្រមាណ ២០% នៃផលិតផលនាំចេញប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់សហភាពអ៊ឺរ៉ុប ឥឡូវនេះត្រូវប្រឈមនឹងកាតព្វកិច្ចបង់ពន្ធពេញ។ ការដកគម្រោងអនុគ្រោះពន្ធផ្នែកខ្លះនេះជាលទ្ធផលនៃការមិនអាចស្តារឡើងវិញបាននូវវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា និងនាំឱ្យកម្ពុជាឈប់ទទួលបានផលប្រយោជន៍ក្នុងគម្រោងមួយដែលកម្មករនិយោជិតរាប់ម៉ឺននាក់គ្រួសារ និងសេដ្ឋកិច្ចពឹងផ្អែក ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើននិងសិទ្ធិការងារផងដែរ។

ម្យ៉ាងទៀត ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកម្មករនិយោជិតទូទៅនៅក្នុងប្រទេស ដោយសារកម្មកររាប់ម៉ីននាក់បាត់បង់ការងាររបស់ខ្លួន ខណៈដែលរោងចក្រ ទេសចរណ៍ និងអាជីវកម្មផ្នែកកម្សាន្តបិទទ្វារនៅទូទាំងប្រទេស។ ផលវិបាកមួយទៀតនោះ គឺថាស្ថានភាពទាំងនេះបានបង្កភាពអស់សង្ឃឹមដល់កម្មករជាច្រើនដោយសារតែសិទ្ធិការងាររងផលប៉ះពាល់ក្នុងកម្រិតធ្ងន់ធ្ងរ ទន្ទឹមនេះក្រុមហ៊ុនក៏បានឆ្លៀតកេងចំណេញផលប្រយោជន៍ពីស្ថានភាពនេះ។ របាយការណ៍នានាបានលើកឡើងពីការកាត់បន្ថយសហជីពនៅកន្លែងការងារជាលក្ខណៈប្រព័ន្ធតាមរយៈការដៅមុខសញ្ញាលើសមាជិកសហជីពដោយបញ្ឈប់ការងារដោយយកជំងឺកូវីដ-១៩ មកបិទបាំង។ មានការរាយការណ៍ផងដែរថា កម្មករនិយោជិតជាច្រើនធ្វើការងារលើសម៉ោងក្នុងស្ថានភាពលំបាកដើម្បីរក្សាការងារនោះ ខណៈកម្មករគ្មានការងារធ្វើជាច្រើនដណ្តើមគ្នាធ្វើការងារប្តូរវេន។ ទោះបីជារដ្ឋាភិបាលបានផ្តល់ជំនួយឧបត្ថម្ភមួយចំនួនដល់កម្មករនិយោជិតក្នុងអំឡុងពេលនេះគួរឱ្យកត់សម្គាល់ (ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម) ក្តី ក៏ជំនួយនេះផ្តល់ជូនចំពោះតែកម្មករនិយោជិតក្នុងវិស័យមួយចំនួនតែប៉ុណ្ណោះ ហើយជំនួយហិរញ្ញវត្ថុនោះស្ថិតក្រោមបន្ទាត់ក្រីក្រ ក្នុងទំហំស្តួចស្តើង ដែលអាចជួយសម្រាលការចំណាយបានតែមួយគ្រាខ្លីតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ពុំមានការចាត់វិធានការគួរឱ្យកត់សម្គាល់ដើម្បីការពារ និង/ឬស្តារឡើងវិញនូវស្ថានភាពសិទ្ធិការងារដែលបានធ្លាក់ចុះខ្លាំងនោះទេ។

៧. ប្រព័ន្ធយុត្តិធម៌៖ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

ក្នុងឆ្នាំ២០២០ ម.ស.ម.ក បានបន្តឃ្លាំមើលសវនាការក្នុងសំណុំរឿងព្រហ្មណ្ឌនៅតាមសាលាឧទ្ធរណ៍ និងការប្រតិបត្តិសិទ្ធិជំនុំជម្រះដោយយុត្តិធម៌តាមក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ ។ ទោះបីជាក្រុមការងារបានកត់ត្រារបកគំហើញវិជ្ជមានច្រើនក្តី តែនៅមានបញ្ហាមួយចំនួនទាក់ទងនឹងកិច្ចការប្រតិបត្តិរបស់តុលាការ ដូចជា សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាពពិរុទ្ធភាព; សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ; សិទ្ធិយល់ដឹងអំពីប្រភេទនិងមូលហេតុនៃការចោទប្រកាន់; សិទ្ធិមានមេធាវី; និងសិទ្ធិមានវត្តមាននៅពេលសវនាការ; សិទ្ធិរបស់ អនីតិជន; សិទ្ធិបង្ហាញភ័ស្តុតាង; និងការសន្មតទុកជាមុនថាគ្មានទោស។

ការឃុំខ្លួនបណ្តោះអាសន្នហួសថិរវេលាកំណត់ក៏ជាបញ្ហាដែរ។ ក្នុងខែសីហា ឆ្នាំ២០២០ មានការរាយការណ៍ថាមានជនជាប់ឃុំតែ ២៧% ប៉ុណ្ណោះ ក្នុងពន្ធនាគារចំនួន ២៨ ទូទាំងប្រទេសកម្ពុជា បានទទួលសាលក្រមស្ថាពរក្នុងសំណុំរឿងរបស់ខ្លួន ដោយ ៣៧% រង់ចំាលទ្ធផលនៃសវនាការឧទ្ធរណ៍ ហើយ៣៥% ស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលបានប្រឹងប្រែងក្នុងការកាត់បន្ថយការឃុំខ្លួនបណ្តោះអាសន្ន ដោយសារពន្ធនាគារចង្អៀតណែន ព្រមទាំងពន្យារក្នុងជំនុំជម្រះនានា ដោយផ្តោតលើយុទ្ធនាការជម្រះក្តីក្នុងសំណុំរឿងកកស្ទះវិញ ដោយមានការលើកឡើងថាការជំនុំជម្រះសម្រេចបាន ៨៩% នៃសំណុំរឿងទាំងនេះនៅចន្លោះខែឧសភា និងខែធ្នូ។ ទោះយ៉ាងណាក្តី មានការព្រួយបារម្ភចំពោះសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការគោរពឱ្យបានត្រឹមត្រូវតាមនីតិវិធីនៅក្នុងការជំនុំជម្រះដែលលឿន និងពេលវេលាខ្លីទាំងនោះ។ ម្យ៉ាងទៀត យុទ្ធនាការនេះបានបង្ហាញបញ្ហាមួយចំនួនអំពីការរើសអើង ព្រោះពុំបានអនុវត្តស្មើភាពគ្នាសម្រាប់ជនជាប់ឃុំដែលរង់ចាំសវនាការឡើយ។ អ្នកជាប់ឃុំក្នុងបទចោទទាក់ទងនឹងនយោបាយ ឬដោយសារបញ្ចេញមតិជំទាស់ ក្នុងនោះរួមទាំងសមាជិករបស់គណបក្សជំទាស់ និងអ្នកការពារសិទ្ធិមនុស្សពុំទទួលបានអត្ថប្រយោជន៍ពីយុទ្ធនាការនេះឡើយ។ ឧទាហរណ៍សំខាន់មួយ គឺការពន្យារពេលជ្រុលពេកក្នុងការជំនុំជម្រះក្តីក្នុងសំណុំរឿងរបស់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដូចបានលើកឡើងខាងលើនោះជាដើម។

សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២០ នៃគម្រោងយុត្តិធម៌ពិភពលោក ដែលវាយតម្លៃលើកម្រិតនៃការគោរពនីតិរដ្ឋនៅទូទាំងពិភពលោក បានផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាទី១២៧ ក្នុងចំណោមប្រទេសចំនួន ១២៨ ដែលជាពិន្ទុពុំល្អប្រសើរមិនខុសគ្នាពីប៉ុន្មានឆ្នាំកន្លងទៅឡើយ។ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសនានានៅទូទាំងពិភពលោកដែលមាននីតិរដ្ឋទន់ខ្សោយ ដែលនេះជាផ្នែកមួយនៃកង្វះឯករាជ្យភាពខ្លាំងនៃស្ថាប័នតុលាការ ពីស្ថាប័ននីតិប្រតិបត្តិ។

៨. សិទ្ធិរបស់ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ អន្តរភេទ និងអ្នកមិនកំណត់ខ្លួនឯងច្បាស់លាស់ (អ្នកស្រឡាញ់ភេទដូចគ្នា)

ទោះបីជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមិនត្រូវបានកំណត់ទោសទណ្ឌក្រោមច្បាប់ជាតិ ដោយសារតែបង្ហាញជាអ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ ក៏បុគ្គលជាអ្នកស្រឡាញ់ភេទដូចគ្នានៅតែប្រឈមនឹងការរើសអើង និងការផាត់ចេញពីសង្គមដោយសារតែនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទរបស់ពួកគេ។ នេះដោយសារតែកង្វះច្បាប់អនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា កង្វះសិទ្ធិស្មុំកូនសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា និងពុំមានច្បាប់ទទួលស្គាល់យេនឌ័រតាមផ្លូវច្បាប់ (ការទទួលស្គាល់តាមច្បាប់នូវអត្តសញ្ញាណយេនឌ័ររបស់បុគ្គលទោះបីជាខុសពីភេទពីកំណើតរបស់ពួកគេក្តី) អ្នកស្រឡាញ់ភេទដូចគ្នាពុំទទួលបានការបានធានា ក្នុងការទទួលបានសិទ្ធិពលរដ្ឋ និងនយោបាយរបស់ខ្លួនដោយពេញលេញទេ។ ម្យ៉ាងទៀត អ្នកស្រឡាញ់ភេទដូចគ្នាប្រឈមនឹងការរើសអើងផ្នែកសង្គម និងការផាត់ចេញក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ សាធារណជនទូទៅនៅតែមានផ្នត់គំនិតរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា ដែលជាផ្នត់គំនិតចាក់ឫសគល់ដ៏រ៉ឹងមាំនៅក្នុងវប្បធម៌ ដែលនេះនាំឱ្យបុគ្គលជាច្រើនទទួលរងការយាយីពីសមាជិកគ្រួសាររបស់ខ្លួនផ្ទាល់និងពីមជ្ឈដ្ឋានខាងក្រៅ។

តាមរយៈដំណើរការនៃការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ) ជុំទី៣ របស់ប្រទេសកម្ពុជា នៅឆ្នាំ២០១៩ មានអនុសាសន៍ចំនួន៩ ក្នុងចំណោមអនុសាសន៍ចំនួន១៩៨ ផ្តល់ជូនមកដល់កម្ពុជា បានគូសបញ្ជាក់ច្បាស់ៗអំពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ដែលជាលើកទីមួយដែលមានការផ្តល់អនុសាសន៍អំពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាតាមរយៈដំណើរការ យូភីអ។ រដ្ឋាភិបាលបានទទួលយកអនុសាសន៍ទាំង៩ នោះ ប៉ុន្តែការអនុវត្តអនុសាសន៍ទាំងនេះទទួលបានលទ្ធផលតិចតួចណាស់នៅក្នុងឆ្នាំ២០២០។ យ៉ាងណាក្តី រដ្ឋាភិបាលបានបង្ហាញបំណងមួយចំនួនចំពោះការបង្កើតច្បាប់ប្រឆាំងការរើសអើងដោយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងសារផ្តាំផ្ញើដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងសារ

ធារណជនថា «សូមសហគមន៍ ក្រុមគ្រួសារដែលមានកូន ចៅ ឬ ក្មួយ ដែលមានបង្ហាញអត្តសញ្ញាណភេទ និន្នាការភេទ ស្រឡាញ់ភេទដូចគ្នា សូមបើកចិត្តទូលាយ ទទួលស្គាល់ការពិត ចៀសវាងការប្រើអំពើហិង្សា ទារុណកម្មទៅលើរូបរាងកាយ ហិង្សាតាមរយៈពាក្យសម្តី ការប្រមាថ តិះដៀល ការគាបសង្កត់ទៅលើផ្លូវចិត្ត ការបណ្តេញកូនចៅចេញទៅក្រៅផ្ទះ។ សូមផ្តល់ការយល់យោគដល់ពួកគេជាពិសេសផ្តល់សិទ្ធិសេរីភាព ទទួលស្គាល់កូនចៅ។ ប្រសិនជាយើងជាពលរដ្ឋល្អដែលបង្ហាញសហគមន៍ និងសង្គម សូមឱ្យសាធារណជនយល់ថាការស្រឡាញ់ភេទដូគ្នាគឺជាដំណើរធម្មជាតិ ខ្ញុំគិតថារដ្ឋាភិបាលជាពិសេសស្ថាប័ននីតិប្បញ្ញត្តិនឹងធ្វើសេចក្តីព្រាងច្បាប់គាំទ្រអ្នកទាំងអស់គ្នា»។ ទោះបីជាសារទាំងនេះបង្ហាញពីការផ្តល់កម្លាំងចិត្តដល់សហគមន៍អ្នកស្រឡាញ់ភេទដូគ្នាក្តី ប៉ុន្តែត្រឹមតែតាមរយៈសារតែប៉ុណ្ណឹងនៅពុំទាន់គ្រាន់ឡើយ រឿងដែលសំខាន់នោះរដ្ឋាភិបាលចាំបាច់ត្រូវអនុវត្តតាមការប្តេជ្ញាចិត្តក្នុងអនុសាសន៍យូភីអ ដោយប្រែក្លាយឱ្យទៅជាសកម្មភាពជាក់ស្តែងដើម្បីលុបបំបាត់អំពើហិង្សា ការរើសអើង និងការរំលោភបំពានសិទ្ធិមនុស្សដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជួបប្រទះប្រចាំថ្ងៃ។

នៅឆ្នាំ២០២០ ថ្ងៃប្រារព្វទិវាលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិបុគ្គលអន្តរភេទ ម.ស.ម.ក បានប្តូរឈ្មោះគម្រោងបច្ចុប្បន្នរបស់ខ្លួន«គម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ» ដើម្បីរាប់បញ្ចូលបុគ្គលអន្តរភេទ។ គម្រោងនោះប្តូរឈ្មោះទៅជា «គម្រោងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ» ដែលលើកកម្ពស់អត្តសញ្ញាណរបស់បុគ្គលអន្តរភេទនៅកម្ពុជាឱ្យបានប្រសើរ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ ម.ស.ម.ក ក្នុងការធានាថាបុគ្គលដែលមានលក្ខណៈភេទផ្សេងៗត្រូវបានទទួលស្គាល់ និងការពារ។

សេចក្តីសន្និដ្ឋាន

ស្ថានភាពសិទ្ធិមនុស្សបន្តប្រឈមក្នុងឆ្នាំ២០២០ ជាពិសេស ទាក់ទងនឹងសេរីភាពមូលដ្ឋាន ក្នុងនោះ មានការចាប់ពិរុទ្ធភាពខ្លួនឯងនៅទូទាំងប្រទេស ខណៈដែល វប្បធម៌ភ័យខ្លាចនៅតែបន្តរាលដាលនៅកម្ពុជា ហើយលម្ហសម្រាប់អនុវត្តសេរីភាពមូលដ្ឋានបន្តរងការរឹតត្បិតយ៉ាងខ្លាំង។ សិទ្ធិដីធ្លី និងការរំលោភបំពានសិទ្ធិរបស់កម្មករនៅតែបន្តកើតឡើងជាច្រើននៅទូទាំងប្រទេសកម្ពុជា និងជាឆ្នាំដែលពុំឃើញមានការចាត់វិធានការគួរឱ្យកត់សម្គាល់ក្នុងការនាំយកយុត្តិធម៌ជូនដល់ជនរងគ្រោះ។ ជាការចាំបាច់ រដ្ឋាភិបាលត្រូវគោរពតាមការប្តេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សរបស់ខ្លួន ដោយបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដែលកំពុងតែបន្តកើតមានទៅលើសំឡេងជំទាស់នានានៅក្នុងប្រទេស និងដោះលែងបុគ្គលនានាដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តដោយសារតែការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន ព្រមទាំងធានាថាច្បាប់ជាធរមានទាំងអស់អនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។