ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២២
សេចក្តីផ្តើម
ស្ថានភាពសិទ្ធិមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា («កម្ពុជា») មិនមានភាពប្រសើរឡើងទេនៅឆ្នាំ២០២២ ។ បន្ថែមទៅនឹងការបន្តធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្សរយៈពេលជាច្រើនឆ្នាំ ឆ្នាំនេះត្រូវបានមើលឃើញបន្ថែមទៀតតាមរយៈការយាយីផ្លូវច្បាប់ទៅគណបក្សជំទាស់នៅមុនពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ការបង្ក្រាប និងការទប់ស្កាត់មតិមិនស្របតាមរយៈការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការកាត់ទោស សមាជិកគណបក្សជំទាស់ និងសកម្មជននយោបាយជាច្រើនរូប ការប្រើអំពើហិង្សាលើបុគ្គលដែលអនុវត្តសិទ្ធិសេរីភាពក្នុងការជួបជុំ និងការធ្លាក់ចុះនូវសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម។ ជាលទ្ធផល គឺមានការរួមតូចនូវលំហពលរដ្ឋ ដែលអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន សហជីព សកម្មជននយោបាយ អង្គការសង្គមស៊ីវិល និងសូម្បីតែប្រជាពលរដ្ឋដែលបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណែត ប្រឈមនឹងហានិភ័យខ្ពស់ពីការដាក់ទោស ការឃុំខ្លួនតាមអំពើចិត្ត និងការរឹតត្បិតចំពោះសកម្មភាពរបស់ពួកគេ។
យោងតាមរបាយការណ៍ឃ្លាំមើលរបស់ ម.ស.ម.ក អំពីស្ថានភាពសេរីភាពមូលដ្ឋានគឺ សេរីភាពក្នុងការបង្កើតសមាគម ការជួបប្រជុំ និងការបញ្ចេញមតិ រយៈពេញមួយឆ្នាំ បានសន្និដ្ឋានថា រាជរដ្ឋាភិបាលកម្ពុជា («រដ្ឋាភិបាល») បានដាក់គោលដៅកាន់តែច្រើនឡើងលើបុគ្គលដែលអនុវត្តសេរីភាពទាំងនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ការរកឃើញនេះបញ្ជាក់បន្ថែមទៀតពីដំណើរធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៧ មក។
បានគណៈកម្មាធិការសិទ្ធិមនុស្សបានធ្វើការវាយតម្លៃដូចគ្នានៅក្នុងសេចក្តីសន្និដ្ឋានរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជាពីឆ្នាំ២០១៦-២០២២ ដែលបានចេញផ្សាយកាលពីខែឧសភា។ ខណៈពេលដែលគណៈកម្មាធិការបានស្វាគមន៍ចំពោះវិធានការដែលបានធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អំពើហឹង្សាលើស្ត្រីភេទ ការជួញដូរ ការធ្វើទារុណកម្ម និងការចង្អៀតណែនក្នុងពន្ធនាគារ ខ្លួនបានបង្ហាញពីការព្រួយបារម្ភមួយចំនួនដោយផ្តោតលើសេរីភាពជាមូលដ្ឋាន។
នៅក្នុងសេចក្ដីសន្និដ្ឋានរបស់ខ្លួន គណៈកម្មាធិការបានសម្តែងការព្រួយបារម្ភទាក់ទងនឹងភាពជឿទុកចិត្ត និងឯករាជ្យភាពនៃស្ថាប័នសិទ្ធិមនុស្សជាតិដែលត្រូវបានស្នើឡើង ភាពអសកម្មរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងការបិទបញ្ចប់សំណុំរឿង និងការដែលមិនមានការវិភាគអំពីគុណសម្បត្តិអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា («អ.វ.ត.ក») ការរើសអើងទៅលើជនជាតិភាគតិច ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ អន្តរភេទ និងអ្នកដែលមិនអាច/មិនកំណត់អត្តសញ្ញាណយេនឌ័រខ្លួនឯង («អ្នកស្រឡាញ់ភេទដូចគ្នា») និងជនមានពិការភាព និងភាពជាតំណាងតិចតួចរបស់ស្ត្រីនៅក្នុងតួនាទីដឹកនាំ និងការសម្រេចចិត្តនៅក្នុងសង្គម។ ការសម្លាប់ក្រៅប្រព័ន្ធតុលាការលើមេដឹកនាំបក្សជំទាស់ អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជនដីធ្លី រួមទាំងកង្វះនូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព និងមិនលម្អៀង ក៏ជាមូលហេតុនៃការព្រួយបារម្ភសម្រាប់គណៈកម្មាធិការ។ ការរាយការណ៍អំពីកង្វះនៃការគោរពចំពោះការការពារផ្នែកច្បាប់ជាមូលដ្ឋានសម្រាប់អ្នកដែលត្រូវបានដកហូតសេរីភាព និងការប្រឈមមុខនឹងការកាត់ក្តីក៏ត្រូវបានលើកឡើងផងដែរ។ អំពើពុករលួយ និងកង្វះនូវភាពមិនលម្អៀង និងឯករាជ្យភាពនៃប្រព័ន្ធតុលាការក៏ជាក្ដីបារម្ភរបស់គណកម្មាធិការផងដែរ។
គណៈកម្មាធិការបានសម្តែងការព្រួយបារម្ភ«យ៉ាងខ្លាំង» ទាក់ទងនឹងការរំលោភលើសេរីភាពខាងការបញ្ចេញមតិ សមាគម និងការជួបប្រជុំ។ ចំពោះសេរីភាពនៃការបញ្ចេញមតិ គណៈកម្មាធិការបានបង្ហាញពីការព្រមានជាការឆ្លើយតបទៅនឹង «ការបិទប្រព័ន្ធផ្សព្វផ្សាយ ការបិទខ្ទប់គេហទំព័ររិះគន់រដ្ឋាភិបាល ការប្រើប្រាស់វិធានការព្រហ្មទណ្ឌ និងរដ្ឋប្បវេណីប្រឆាំងនឹងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស និងការយាយី និងការបំភិតបំភ័យយ៉ាងទូលំទូលាយលើសកម្មជនអនឡាញ រួមទាំងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៨ និងការរិះគន់ទៅលើវិធានការរបស់រដ្ឋក្នុងការដោះស្រាយជំងឺកូវីដ-១៩»។ ក្នុងអំឡុងពេលកិច្ចសន្ទនាជាមួយគណៈប្រតិភូរដ្ឋ គណៈកម្មាធិការជំនាញមួយបាននិយាយថា ស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសគឺ«ស្ថិតក្នុងកម្រិតវិបត្តិ»។
ចំពោះសិទ្ធិនៃការជួបប្រជុំដោយសន្តិវិធី គណៈកម្មាធិការបានសម្តែងការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹង «ការប្រើប្រាស់កម្លាំងហួសហេតុ និងមិនសមាមាត្រដើម្បីបំបែកបាតុកម្មដោយសន្តិវិធី ដែលនាំឱ្យមានការចាប់ខ្លួន និងការឃុំខ្លួនអ្នកតវ៉ាយ៉ាងច្រើន រួមទាំងអ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន មេដឹកនាំគណបក្សប្រឆាំង និងសហជីព»។ គណៈកម្មាធិការបានវាយតម្លៃថាច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបន្តរឹតត្បិតសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម តាមរយៈការដាក់លក្ខខណ្ឌតម្រូវឱ្យអង្គការដាក់របាយការណ៍ ដែលនាំទៅដល់ការបដិសេធការចុះបញ្ជីការ និងជួយសម្រួលដល់ការឃ្លាំមើលអ្នការពារសិទ្ធិមនុស្សផងដែរ។
ពាក់ព័ន្ធនឹងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ រដ្ឋាភិបាលបានបើកកិច្ចប្រជុំមួយកាលពីខែកក្កដា ដោយបានបញ្ជាក់ពីចេតនាចង់បញ្ចប់សេចក្តីព្រាងច្បាប់ ដើម្បីដាក់ជូនរដ្ឋសភានៅត្រឹមចុងឆ្នាំ។ យ៉ាងណាក៏ដោយ គិតត្រឹមចុងឆ្នាំ២០២២ សេចក្តីព្រាងច្បាប់នៅមិនទាន់ត្រូវបានបញ្ជូនទៅសភានៅឡើយ។ គេមិនទាន់ដឹងទេថាស្ថាប័នសិទ្ធិមនុស្សជាតិនឹងអនុលោមតាមគោលការណ៍ទីក្រុងប៉ារីស ដែលធានាបាននូវឯករាជ្យភាព ភាពមិនលំអៀង និងប្រសិទ្ធភាពរបស់ស្ថាប័នដែលបានស្នើឡើងនោះ ឬយ៉ាងណាទេ។
I. បរិយាកាសនយោបាយ
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តិទៅទូទាំងប្រទេសនៅថ្ងៃទី៥ ខែមិថុនា ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត («គ.ជ.ប») បានកត់ត្រាចំនួនអ្នកទៅបោះឆ្នោត ប្រមាណ ៨០% (មនុស្សប្រមាណ ៧,១ លាននាក់បានទៅបោះឆ្នោត ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន ៩,២ លាននាក់)។ ការបោះឆ្នោតបានអនុញ្ញាតឱ្យគណបក្សកាន់អំណាចបន្តគ្រប់គ្រងអំណាចបន្ទាប់ពីការប្រកួតប្រជែងដែលរងការរិះគន់ចំពោះការដកបេក្ខភាពមកពីគណបក្សជំទាស់ចេញពីបញ្ជីឈរឈ្មោះឱ្យគេបោះឆ្នោត ជាពិសេសគឺបេក្ខជនមកពីគណបក្សភ្លើងទៀន (មកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំសាយ) ដែលជាគូប្រជែងដ៏ធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា។ ការដកបេក្ខភាពបែបនេះ គឺធ្វើឡើងតាមរយៈការយាយីផ្លូវច្បាប់លើបេក្ខជនគណបក្សជំទាស់ក្នុងការឈរឈ្មោះបោះឆ្នោត (ដែលមានលើកឡើងលម្អិតនៅខាងក្រោម) ហើយការដកសិទ្ធិបេក្ខជនដោយសារការចោទប្រកាន់ថាមានភាពមិនប្រក្រតីក្នុងទម្រង់ចុះឈ្មោះរបស់ពួកគេ ដូច្នេះជាការរឹតត្បិតសិទ្ធិរបស់ពួកគេក្នុងការចូលរួមកិច្ចការសាធារណៈ។
នៅក្នុងរបាយការណ៍ឃ្លាំមើលរបស់ខ្លួន ម.ស.ម.ក បានកត់ត្រាហេតុការណ៍ទាក់ទងនឹងការបោះឆ្នោតចំនួន៥៦ ដែលរឹតត្បិត ឬរំលោភលើសេរីភាពជាមូលដ្ឋាន។ សេរីភាពខាងសមាគមត្រូវបានរារាំងជាពិសេស ដោយ គ.ជ.ប បានដកសិទ្ធិបេក្ខជនគណបក្សជំទាស់ចំនួន ១១០ រូប ក្រោមហេតុផលភាពមិនប្រក្រតីនៅក្នុងទម្រង់ចុះឈ្មោះរបស់ពួកគេ។ អ្នកផ្សេងទៀតបានប៉ាន់ប្រមាណនូវតួលេខនេះថាមានចំនួន ២00-៣00 ។ ភាពមិនប្រក្រតីដែលបានលើកឡើង រួមមានការអះអាងអំពីអនក្ខភាពរបស់បេក្ខជនដែលពួកគេមិនបានបំពេញទម្រង់ ខណៈដែលអក្ខរកម្មគឺជាលក្ខខណ្ឌតម្រូវសម្រាប់អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត។ នៅក្នុងហេតុការយ៉ាងតិចបី គ.ជ.ប បានលុបបញ្ជីឈ្មោះបេក្ខជនទាំងស្រុងមកពីគណបក្សជំទាស់ដែលបានផ្តល់ឱ្យសម្រាប់ការបោះឆ្នោតឃុំ/សង្កាត់ ជាជាងលុបតែឈ្មោះបុគ្គលដែលមានភាពមិនប្រក្រតីនៅក្នុងទម្រង់ចុះឈ្មោះរបស់ពួកគេ។ នេះ មានន័យថា គណបក្សកាន់អំណាចធ្វើការប្រកួតប្រជែងដោយមិនមានដៃគូប្រកួតនៅក្នុងឃុំដែលមិនមានបេក្ខភាពបក្សជំទាស់ចូលរួម។ បេក្ខជនបក្សប្រឆាំងក៏រងនូវការយាយី ការគំរាមកំហែង និងការបំភិតបំភ័យថែមទៀតមុនថ្ងៃបោះឆ្នោតឈានមកដល់។
អំពើហឹង្សាលើសមាជិកគណបក្សជំទាស់ ឬទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានកត់ត្រានៅក្នុងហេតុការណ៍ចំនួនប្រាំពីរ ហើយជនរងគ្រោះចំនួនពីរនាក់ក្នុងចំណោមនោះបាននិយាយថាពួកគេនឹងមិនដាក់ពាក្យបណ្តឹងនោះទេ ដោយសារតែមិនមានទំនុកចិត្តលើសមត្ថភាពរបស់អាជ្ញាធរក្នុងការផ្តល់យុត្តិធម៌ដល់ខ្លួន។ ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ យ៉ាងហោចណាស់មានហេតុការណ៍ចំនួន ១៦ ត្រូវបានរាយការណ៍ ថា គណបក្សជំទាស់ប្រឈមមុខនឹងការរំខាននៅពេលលើកផ្ទាំងប៉ាណូ និងផ្លាកសញ្ញា ដោយអាជ្ញាធរមូលដ្ឋានបានបញ្ជាឱ្យរុះរើ ឬរារាំង ក្រោមហេតុផលប៉ះពាល់ដល់ចរាចរណ៍។ សេរីភាពនៃការជួបប្រជុំក៏ត្រូវបានរារាំងផងដែរ ដោយអាជ្ញាធរ ខេត្តកណ្តាលបានបដិសេធ ការដើរហែរក្បួនរបស់ណបក្សភ្លើងទៀនចំនួនបួនដងតាមតំបន់ដែលមានប្រជាជន និងទីប្រជុំជន ដែលជាផ្នែកមួយនៃការប្រមូលផ្តុំរបស់ខ្លួនក្រោមហេតុផល«សណ្តាប់ធ្នាប់សាធារណៈ»។
លទ្ធផលផ្លូវការដែល គ.ជ.ប ប្រកាសនៅថ្ងៃទី២៦ ខែមិថុនា បានបង្ហាញថាគណបក្សកាន់អំណាចទទួលបាន ៧៤,៣% នៃសំឡេងឆ្នោត ដែលស្មើនឹង៩.៣៧៦ អាសនៈ ខណៈគណបក្សភ្លើងទៀនទទួលបាន ២២,៣% នៃសម្លេងឆ្នោត ស្នើនឹង ២.១៩៨ អាសនៈ។
បរិយាកាសរឹតត្បិតសម្រាប់គណបក្សនយោបាយជំទាស់ និងសេរីភាពនៃការបញ្ចេញមតិបានបន្តកើតឡើងរយៈពេលប៉ុន្មានខែបន្ទាប់ពីការបោះឆ្នោត ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការគំរាមរំលាយគណបក្សភ្លើងទៀននៅខែតុលា លុះត្រាតែខ្លួនថ្កោលទោសការលើកឡើងរបស់លោក សម រង្ស៊ី មេដឹកនាំជំទាស់កំពុងរស់នៅនិរទេសខ្លួនដែលរិះគន់ព្រះមហាក្សត្រនរោត្តម សីហមុនី។
II. ការវិឌ្ឍន៍នៃច្បាប់
ការប្រើប្រាស់ច្បាប់ជាមធ្យោបាយដើម្បីរារាំងសេរីភាពមូលដ្ឋានបានបន្តនៅឆ្នាំ២០២២។ ច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានបន្តប្រើប្រាស់មិនត្រឹមតែដើម្បីដោះស្រាយបញ្ហាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានប្រើប្រាស់បំបិទមាត់អ្នករិះគន់គោលនយោបាយរបស់រដ្ឋាភិបាលផងដែរ។ ដោយត្រូវបានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាបានពណ៌នាថា «មានវិសាលភាពនិងខ្លឹមសារទូលំទូលាយ» ច្បាប់នេះត្រូវបានប្រើប្រាស់ដើម្បីដាក់ទោសមនុស្សជាច្រើនរយនាក់។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានត្រូវបានពន្យារពេលជាបន្តបន្ទាប់។ ការអនុម័តត្រូវបានរារាំងអស់រយៈពេលជាច្រើនឆ្នាំ ដោយការពន្យារមួយបានកើតឡើងនៅក្នុងខែកក្កដា ជាការឆ្លើយតបទៅនឹងញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីសំណាក់អង្គការសង្គមស៊ីវិលចំនួន ៣៣ ដែលក្នុងនោះពួកគេបានអំពាវនាវឱ្យធ្វើការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះជាមួយនឹងអង្គការរបស់ពួកគេ។ ជាការឆ្លើយតប ក្រសួងព័ត៌មានបានរៀបចំកិច្ចប្រជុំនៅថ្ងៃទី១ ខែកក្កដា និងបានប្រកាសថាដំណើរការនេះនឹងមានការយឺតយ៉ាវ។ នៅចុងខែតុលា ក្រសួងព័ត៌មានបានប្រកាសថា សេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ ប៉ុន្តែមិនបានកំណត់ពេលវេលាសម្រាប់ការអនុម័តទេ។
ទាក់ទិននឹង អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលផ្ដល់លទ្ធភាពដល់រដ្ឋាភិបាលក្នុងការត្រួតពិនិត្យសកម្មភាពអ៊ីនធឺណិត និងការបិទខ្ទប់ និងផ្តាច់ការតភ្ជាប់អ៊ីនធឺណិត ត្រូវបានគ្រោងដាក់ឱ្យអនុវត្តនៅក្នុងខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ អនុក្រឹត្យនេះនៅតែមិនត្រូវបានអនុវត្តជាផ្លូវការគិតត្រឹមចុងឆ្នាំ។
ច្បាប់មួយទៀតដែលអាចនឹងកើតមាន ប៉ុន្តែនៅមិនទាន់ប្រាកដប្រជានៅឡើយនៅត្រឹមចុងឆ្នាំនេះ គឺច្បាប់ស្ដីពីការជ្រៀតជ្រែកពីបរទេស ដែលក្រសួងមហាផ្ទៃបានលើកឡើងពីចេតនារបស់ខ្លួនក្នុងការព្រាងច្បាប់នេះឡើងកាលពីខែកុម្ភៈ។ ដោយយកគំរូតាមច្បាប់ស្ដីពីការជ្រៀតជ្រែកពីបរទេសរបស់ប្រទេសសិង្ហបុរី និងមានគោលបំណង «ប្រឆាំង និងទប់ស្កាត់ការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស» ច្បាប់នេះអាចជាឧបសគ្គបន្ថែមទៀតដល់លទ្ធភាពរបស់សង្គមស៊ីវិលក្នុងការអនុវត្តការងាររបស់ពួកគេ។
ច្បាប់ក៏ត្រូវបានប្រើប្រាស់ដើម្បីរារាំងដល់ដំណើរការប្រជាធិបតេយ្យផងដែរ ជាក់ស្ដែង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដា ព្រឹទ្ធសភាអនុម័តនៅថ្ងៃទី៥ ខែសីហា និងត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើនៅថ្ងៃបន្ទាប់។ វិសោធនកម្មបានកែប្រែមាត្រាចំនួនប្រាំបី រួមមានមាត្រា ១៩, ៨៩, ៩៨, ១០២, ១១៩ និង ១២៥ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម។ វិសោធនកម្មសំខាន់បំផុតគឺធ្វើឡើងលើមាត្រា ១១៩ ដែលចែងថា គណបក្សនយោបាយដែលមានអាសនៈភាគច្រើនក្នុងរដ្ឋសភា មានសិទ្ធិអំណាចតែងតាំងនាយករដ្ឋមន្ត្រីដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់រដ្ឋសភា និងមានការជជែគដេញដោលជាសាធារណៈឡើយ។ វិសោធនកម្មនេះក៏កំណត់អ្នកដែលត្រូវតែងតាំងត្រូវតែជា «អ្នកមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ» ដែលហាក់មានគោលដៅលើអ្នកនយោបាយជំទាស់ដែលមានសញ្ជាតិពីរ។ វិសោធនកម្មនេះរងការរិះគន់យ៉ាងខ្លាំង ថាជាមធ្យោបាយមួយសម្រាប់នាយករដ្ឋមន្ត្រីផ្ទេរតំណែងទៅកូនប្រុសរបស់គាត់ ដែលអ្នកខ្លះហៅថា «ជាការស្នងតំណែង»។
III. សេរីភាពនៃការបញ្ចេញមតិ
ការកំណត់គោលដៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាននៅតែបន្តកើតឡើងដដែលក្នុងឆ្នាំ២០២២ ដោយអាជ្ញាប័ណ្ណព័ត៌មានត្រូវបានដកហូត និងអ្នកសារព័ត៌មានទទួលរងការគំរាមកំហែង ការផន្ទាទោស ការជាប់ពន្ធនាគារ និងការរំលោភបំពានលើរាងកាយ ជាការឆ្លើយតបទៅនឹងការរាយការណ៍ ឬចេតនារាយការណ៍រិះគន់លើសកម្មភាពរបស់រដ្ឋាភិបាល បញ្ហាដីធ្លី សកម្មភាពកូដកម្ម អំពើពុករលួយ និងប្រធានបទ ផ្សេងៗទៀត។ ការគំរាមកំហែងដោយទណ្ឌកម្មចំពោះការអនុវត្តការងារសារព័ត៌មានរបស់ពួកគេ បណ្តាលឱ្យអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សជាច្រើនត្រូវដាក់កំហិតខ្លួនឯង ដោយសារតែការភ័យខ្លាចថាត្រូវបានគេកំណត់គោលដៅ។ នៅក្នុងបទសម្ភាសន៍ជាមួយ ម.ស.ម.ក អ្នកការពារសិទ្ធិមនុស្សបានរាយការណ៍ពីការកែសម្រួលវិធីសាស្រ្តការងារដើម្បីអាចបន្តសកម្មភាពរបស់ពួកគេ ដូចជាការប្រុងប្រយ័ត្នជាពិសេសចំពោះអ្វីដែលខ្លួនសរសេរ ឬនិយាយទៅកាន់អ្នកសារព័ត៌មាន និងជម្រើសនៃការប្រាស់ពាក្យពេជន៍នៅពេលនិយាយ ឬសរសេរ ជាពិសេសពាក់ព័ន្ធនឹងរឿងនយោបាយ។ បរិយាកាសបែបនេះអាចបញ្ជាក់ពីចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាដែលត្រូវបានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ចាត់ថ្នាក់នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់ខ្លួននៅលេខរៀងទី ១៤២ ក្នុងចំណោម ១៨០ ដោយមានតួអង្គយ៉ាងតិចចំនួនពីរនៃក្រុមរិះគន់ចំពោះលំហពលរដ្ឋ គឺក្រុមអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស មានអារម្មណ៍តឹងតែងចំពោះរបៀបដែលពួកគេអាចបញ្ចេញមតិ និងចូលរួមជាមួយគ្នា។
ការបំបិទប្រព័ន្ធផ្សព្វផ្សាយសេរី និងការបៀតបៀនអ្នកសារព័ត៌មាន
នៅខែមីនា ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណរបស់អង្គភាពសារព័ត៌មានចំនួនបី រួមមានបាយ័នថាមស៍, ខ្មែរខូវើ ធីវី (Khmer Cover TV), និងខេមបូឌា ធូដេ (Cambodia Today) ដោយចោទប្រកាន់ថាពួកគេបានផ្សព្វផ្សាយព័ត៌មានបំពានក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងរំលោភកិច្ចសន្យា។ អ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថា ស្ថាប័នទាំងបីបានផ្សព្វផ្សាយព័ត៌មានមិនពិតដោយចោទប្រកាន់មន្ត្រីសាធារណៈថាប្រព្រឹត្តអំពើពុករលួយដោយគ្មានភស្តុតាង ដែលទំនងជាយោងលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គភាព ព័ត៌មាន ខេមបូឌា ធូដេ ទាក់ទងនឹងការក្លែងបន្លំនីតិវិធីលទ្ធកម្មក្នុងក្រសួងការងារ និងទាក់ទងនឹងអំពើពុករលួយដែលសារព័ត៌មានបាយ័នថាមស៍ បានធ្វើការរាយការណ៍។ ការដកហូតនេះបានកើតឡើងដោយមិនមានការព្រមាន ជាមួយនឹងការផ្ដល់អាជ្ញាប័ណ្ណឡើងវិញ ប្រសិនបើខ្លឹមសារជាក់លាក់ដែលពួកគេបានបោះពុម្ពត្រូវបានកែសម្រួល ឬលុបចោល។ កាលពីខែសីហា ក្រសួងព័ត៌មានបានប្រកាសថា សារព័ត៌មានណាក៏អាចនឹងត្រូវដកហូតអាជ្ញាប័ណ្ណដែរ ប្រសិនបើពួកគេប្រើ «ភាសាបំពាន»។
ប្រធានបទរសើបគឺពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងបរិស្ថាន កូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍ និងអំពើពុករលួយ។ កាលពីខែមករា អ្នកសារព័ត៌មានចំនួនប្រាំនាក់ត្រូវបានរារាំង មិនឱ្យចូលទៅក្នុងព្រៃឡង់ដើម្បីរាយការណ៍អំពីការការកាប់ឈើខុសច្បាប់។ មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងមិនអនុញ្ញាតឱ្យពួកគេចូលដោយអះអាងថា ពួកគេត្រូវការការអនុញ្ញាតពីមន្ទីរបរិស្ថានខេត្ត និងគំរាមដាក់ខ្នោះ និងចាប់ខ្លួនអ្នកសារព័ត៌មាន ប្រសិនបើពួកគេនៅតែប៉ុនប៉ងចូល។
នៅខែសីហា អ្នកការពារបរិស្ថានចំនួនបួននាក់មកពីក្រុមខ្មែរថាវរៈ និងអ្នកសារព័ត៌មានចំនួនប្រាំនាក់ដែលបម្រើការឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យ («វីអូឌី») ត្រូវបានមន្ត្រីមកពីអង្គភាពអង្គរក្សនាយករដ្ឋមន្ត្រីឃាត់ខ្លួនតាមអំពើចិត្តអស់រយៈពេលប្រាំពីរម៉ោង។ ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលពួកគេកំពុងរាយការណ៍អំពីសកម្មភាពកាប់ឈើនៅក្នុងតំបន់ភ្នំតាម៉ៅ ដែលព្រៃឈើចំនួន ៥00 ហិកតាត្រូវបានរាយការណ៍ថារងការកាប់បំផ្លាញកាលពីមួយសប្តាហ៍មុន។ មន្ត្រីទាំងនោះបានចោទពួកគេថាបានចូលទៅក្នុងតំបន់ហាមឃាត់ បើទោះបីជាមិនមានព័ត៌មានណាមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈអំពីការរឹតត្បិតដ៏គួរឱ្យសង្ស័យនេះក៏ដោយ។ អ្នកសារព័ត៌មានម្នាក់ត្រូវបានអង្គរក្សទះកំផ្លៀងនៅក្នុងហេតុការណ៍នោះ។ ជាការឆ្លើយតបទៅនឹងការតវ៉ាជាសាធារណៈទាក់ទងនឹងការកាប់ព្រៃរាប់រយហិកតា រដ្ឋាភិបាលក៏បានបញ្ជាឱ្យបញ្ឈប់ការកាប់ឈើនោះ។
ពេលខ្លះ អ្នកសារព័ត៌មានដែលព្យាយាមយកព័ត៌មានអំពីកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍ ត្រូវបានអាជ្ញាធររឹតត្បិតតាមរយៈការគំរាមកំហែងថានឹងចាត់វិធានការផ្លូវច្បាប់ បើពួកគេមិនចាកចេញពីតំបន់នោះ នគរបាលហាមឃាត់ពួកគេក្នុងការចូលរួមសន្និសីទសារព័ត៌មាន បង្ខំឱ្យពួកគេលុបរូប និងវីដេអូដែលពួកគេបានថត រារាំងពួកគេក្នុងការចូលទៅកាន់កន្លែងកូដកម្ម និងគំរាមដកហូតសម្ភារៈបើសិនជាពួកគេថតរូប។
ចំណាត់ការផ្លូវច្បាប់ត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងប្រឆាំងនឹងអ្នកសារព័ត៌មាន ដោយ ម.ស.ម.ក បានកត់ត្រាពីការកើនឡើងគួរឱ្យកត់សម្គាល់នូវហេតុការណ៍ដែលអ្នកសារព័ត៌មានត្រូវបានចោទប្រកាន់មិនត្រឹមត្រូវនៅក្នុងឆ្នាំមុន។ ការចោទប្រកាន់ទាំងនោះត្រូវបានធ្វើឡើងតាមបញ្ញតិ្តមាត្រា ៤៩៤, ៤៩៥, ៤៩៦ និង ៣០៥ នៃក្រមព្រហ្មទណ្ឌ គឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទញុះញង់ឱ្យមានការរើសអើង និងបទបរិហារកេរ្តិ៍ជាសាធារណៈ។
ការបញ្ចេញមតិតាមអ៊ីនធឺណិត
ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សបន្តរងការចាប់ខ្លួន និងកាត់ទោសដោយសារតែបញ្ចេញមតិ និងសកម្មភាពតាមអ៊ីនធឺណិតរបស់ពួកគេ ចំពោះមតិយោបល់ទាក់ទងនឹងជំងឺកូវីដ-១៩ និងការឆ្លើយតបរបស់រដ្ឋាភិបាល។
កាលពីខែមិថុនា នគរបាលខេត្តត្បូងឃ្មុំបានចាប់ខ្លួន និងដាក់ទោសអ្នកប្រើប្រាស់បណ្ដាញសង្គមទីកតុក (TikTok) ម្នាក់ពីបទ «ផ្សាយព័ត៌មានមិនពិត» ជាការឆ្លើយតបនឹងវីដេអូដែលគាត់បានបង្ហោះ ដោយអះអាងថា មនុស្សពីរនាក់នៅក្នុងខេត្តកោះកុងបានស្លាប់ដោយសារជំងឺកូវីដ-១៩។ នាយករដ្ឋមន្ត្រីបានប្រកាសនៅខែបន្ទាប់ថាលោកបានណែនាំអភិបាលខេត្តឱ្យចាប់ខ្លួន។
លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានសៀមរាបទាន់ហតុការណ៍ ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់ តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបទ រារាំងដល់ការអនុវត្តវិធានការ តាមបញ្ញត្តិមាត្រា ១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានសាលាឧទ្ធរណ៍បាត់ដំបងសម្រេចតម្កល់កាលពីខែកក្កដា។ បទចោទនេះត្រូវបានធ្វើឡើងឆ្លើយតបទៅនឹងការបង្ហោះចំនួនបីនៅសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគាត់បានធ្វើការរិះគន់រដ្ឋាភិបាល និងប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសចិន។
ការរិះគន់ចំពោះការប្រព្រឹត្តរបស់ថ្នាក់ដឹកនាំ និងធុរករដែលមានឥទ្ធិពល ក៏រងនូវការដាក់ទោសទណ្ឌ ផងដែរ។ លោក វឿន វាសនា សកម្មជនព្រៃឡង់ និងជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសពីបទ«ញុះញង់»កាលពីខែកុម្ភៈ ជាការឆ្លើយតបនឹងកំណាព្យដែលលោកបង្ហោះលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី ដែលលោករិះគន់ដល់ថ្នាក់ដឹកនាំដែលអនុញ្ញាតឱ្យមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ សកម្មជនរូបនេះត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនពីរលានរៀល (ប្រមាណ ៥00 ដុល្លារអាមេរិក) បន្ទាប់ពីត្រូវបាននិរទេសចេញពីប្រទេសថៃកាលពីខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាកំណាព្យរបស់គាត់មានចរិត «ជ្រុលនិយម» និងបញ្ជាឱ្យចាប់ខ្លួនគាត់ ដែលជាឧទាហរណ៍មួយផ្សេងទៀតបង្ហាញពីឥទ្ធិពលរបស់រដ្ឋាភិបាលក្នុងការគាបសង្កត់ឆ្លងដែនចំពោះអ្នកមានគំនិតផ្ទុយ។
ក្នុងខែដដែលនេះ តំណាងសហគមន៍មកពីឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង អ្នកស្រី ដេត ហួ ត្រូវបានសាលាដំបូងខេត្តកាត់ទោសពីបទ «បរិហារបង្កាច់កេរ្តិ៍» និងបទ«បរិហារកេរ្តិ៍» ជាការឆ្លើយតបទៅនឹងការបង្ហោះហ្វេសប៊ុកកាលពីឆ្នាំ២០២១ ដែលអ្នកស្រីបានបង្ហោះរូបថតរបស់ឧកញ៉ា ហេង ហ៊ុយ និងបានរិះគន់គាត់ចំពោះការទន្ទ្រានដីរបស់សហគមន៍ពីសំណាក់ក្រុមហ៊ុនរបស់គាត់ (ក្រុមហ៊ុន ហេង ហ៊ុយ អឹហ្គ្រីខាល់ឆឺ)។ បទចោទទៅលើអ្នកស្រី ដេត ហួ ត្រូវបានធ្វើឡើងបន្ទាប់ពីមានបណ្តឹងផ្លូវការពីសំណាក់លោក ហេង ហ៊ុយ ផ្ទាល់ ហើយជាលទ្ធផល អ្នកស្រី ហួ ត្រូវបានផ្តន្ទាទោសពន្ធនាគាររយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់ចំនួនពីរលានរៀល (ប្រមាណ ៥00 ដុល្លារអាមេរិក) ។ ទោះយ៉ាងនេះក៏ដោយ តុលាការមិនបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអ្នកស្រីសម្រាប់ការផ្តន្ទាទោសនេះឡើយ។ លោក ហេង ហ៊ុយ ក៏ត្រូវបានគេរាយការណ៍ថាបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងសមាជិកសហគមន៍ផ្សេងទៀតទាក់ទងនឹងការតវ៉ារបស់ពួកគេប្រឆាំងនឹងក្រុមហ៊ុនរបស់គាត់ ដែលជាផ្នែកនៃជម្លោះដីធ្លីដែលបន្តតាំងពីឆ្នាំ២00៧ មក។
IV. សេរីភាពខាងសមាគម
អង្គការសង្គមស៊ីវិល និងសហជីពនៅតែបន្តរងការរារាំងពីការអនុវត្តសិទ្ធិសេរីភាពខាងសមាគម ជាមួយនឹងការឆ្លើយតបរបស់អាជ្ញាធរចំពោះកូដកម្មនៅណាហ្គាវើលដ៍ គឺជាឧទាហរណ៍ជាក់ស្តែងមួយ។ សមាជិកចំនួនប្រាំបួននាក់នៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ («សហជីពណាហ្គាវើលដ៍») ដែលចូលរួមក្នុងកូដកម្មប្រឆាំងនឹងការបញ្ឈប់បុគ្គលិកនៅកាស៊ីណូនិងសណ្ឋាគារណាហ្គាវើលដ៍ ត្រូវបានចាប់ខ្លួននៅពីខែមករា និងរងការចោទប្រកាន់ពីបទញុះញង់ តាមបញ្ញតិ្តមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំងប្រាំបួនត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅក្នុងខែមីនា បន្ទាប់ពីបានសរសេរលិខិតស្នើសុំអន្តរាគមន៍ទៅក្រសួងការងារជាមួយនឹងការអំពាវនាវឱ្យកម្មករផ្អាកកូដកម្មដើម្បីសម្រួលដល់ការចរចា។ ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ទាំងនោះ មានប្រធានសហជីពណាហ្គាវើលដ៍ និងជាអ្នកការពារសិទ្ធិមនុស្ស កញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានចាប់ខ្លួនជាថ្មី នៅខែវិច្ឆិកា ពេលត្រឡប់ពីសន្និសីទសហព័ន្ធសហជីពអន្តរជាតិពិភពលោកនៅប្រទេសអូស្ត្រាលី ក្រោមហេតុផលថាកញ្ញាត្រូវបានចោទថាបានបំពានលក្ខខណ្ឌនៅក្រៅឃុំ ដែលទាំងកញ្ញា ស៊ីថរ ខ្លួនឯង និងមាធាវីគាត់មិនធ្លាប់បានដឹងអំពីលក្ខខណ្ឌនោះទេ។
គិតត្រឹមចុងឆ្នាំនេះ គេប៉ាន់ប្រមាណថា សមាជិក ឬសកម្មជនសហជីពចំនួន ៥៩ នាក់ត្រូវបានបណ្តេញចេញពីការងារ បង្ខំឱ្យលាឈប់ ឬត្រូវបានបញ្ចប់កិច្ចសន្យាដោយសារការចូលរួម ឬសកម្មភាពរបស់ពួកគេនៅក្នុងសហជីព ហើយប្រមាណពាក់កណ្តាលនៃករណីទាំងនោះកើតឡើងនៅក្នុងវិស័យកាត់ដេរ។ ឧទាហរណ៍ជាក់ស្ដែង ការបញ្ឈប់ប្រធាន និងព្យួរតំណែងលេខាធិការនៃសហជីពដែលទើបបង្កើតថ្មីនៅរោងចក្រកាត់ដេរ ញូវ មីងដា នៅមិនយូរប៉ុន្មានបន្ទាប់ពីការតវ៉ារបស់កម្មករនៅរោងចក្រ ជំទាស់ទៅនឹងការបញ្ឈប់សហជីពផ្សេងទៀត។
V. សេរីភាពក្នុងការជួបប្រជុំ
ចំនួននៃការជួបប្រជុំដែលបានកត់ត្រាមានការថយចុះធៀបទៅនឹងឆ្នាំមុន ខណៈដែលចំនួននៃការរឹតត្បិតត្រូវបានកត់ត្រាកើនឡើងស្ទើរតែទ្វេដង បានបង្ហាញពីបរិយាកាសរឹតត្បិតកាន់តែខ្លាំងឡើងក្នុងការអនុវត្តសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី។ ហេតុការណ៍ភាគច្រើនដែលការជ្រៀតជ្រែក ឬការហាមឃាត់ត្រូវបានរាយការណ៍ គឺពាក់ព័ន្ធនឹងការជួបប្រជុំដែលធ្វើឡើងពីសំណាក់ក្រុមស្ត្រីថ្ងៃសុក្រ ការជួបជុំរបស់ក្រុមបរិស្ថាន ឬយុវជន ហើយសំខាន់បំផុតគឺកូដកម្មណាហ្គាវើលដ៍។
កូដកម្មណាហ្គាវើលដ៍បាននាំឱ្យមានការកត់ត្រានូវចំនួននៃចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលប្រើប្រាស់សិទ្ធិក្នុងការប្រមូលផ្តុំដោយសន្តិវិធី។ ចាប់ពីខែមីនា ដល់ខែវិច្ឆិកា ការប៉ុនប៉ងរបស់កូដករធ្វើការតវ៉ានៅខាងក្រៅកាស៊ីណូត្រូវបានអាជ្ញាធរហាមឃាត់ ជាមួយនឹងការប្រើកម្លាំងបង្ខំឱ្យពួកគេចេញពីកន្លែងនោះ ដោយដាក់ពួកគេចូលឡានក្រុង រួចបើកយកទៅទម្លាក់នៅតំបន់ជាយក្រុង ឬនៅទីលានប្រជាធិបតេយ្យ។ កូដករត្រូវបានអូស រុញ ទះកំភ្លៀង ដាល់ក្បាលពោះ បៀតបៀនផ្លូវភេទ វាយក្បាលនឹងអាយកូម និងរុញក្បាលរបស់គេខ្ទប់នឹងរថយន្តនគរបាល។ ស្ត្រីមានផ្ទៃពោះក៏មិនត្រូវបានលើកលែងដែរ ដោយស្ត្រីមានផ្ទៃពោះម្នាក់ដែលត្រូវបាននគរបាលរុញឡើងឡានក្រុងបានរលូតកូនមួយសប្តាហ៍ក្រោយមក។ តាមរយៈចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការបរិហាររបស់កូដករចំពោះអំពើហឹង្សានេះ សាលារាជធានីភ្នំពេញបានប្រកាសថា រូបថត និងវីដេអូទាំងនោះ គឺជាព័ត៌មានមិនពិត ហើយថាអាកប្បកិរិយារបស់កូដករជាស្ត្រីទាំងនោះ «មិនសមជាស្ត្រីខ្មែរ»។ ក្នុងពេលនៃដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកសាស្ត្រាចារ្យ វីទីត មុនតាបន នៅខែសីហា រនាំងដែលធ្លាប់តែដាក់បាំងកូដកមិនឱ្យចូលទៅជិតអគារកាស៊ីណូត្រូវបានដកចេញ។ នេះជាលើកទីមួយដែលក្រុមកូដករអាចប្រមូលផ្តុំគ្នានៅមុខអគារ ចាប់តាំងពីពួកគេធ្វើកូដកម្មរយៈពេលជាច្រើនខែ។ អ្នករាយការណ៍ពិសេសបានចូលរួមឃ្លាំមើលការតវ៉ាទៅទីនោះជាមួយនឹងបុគ្គលិកការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស។ គ្មានអំពើហឹង្សា ឬការជ្រៀតជ្រែកពីអាជ្ញាធរត្រូវបានរាយការណ៍ទេ ខណៈពេលដែលអ្នករាយការណ៍ពិសេសមានវត្តមាន ប៉ុន្តែនៅពេលដែលដំណើរទស្សនកិច្ចរបស់គាត់ត្រូវបានបញ្ចប់ យុទ្ធសាស្ត្របង្ក្រាបបែបហិង្សាបានបន្តដូចដើម។
នៅខែសីហា សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្សវ័យក្មេងចំនួនបួននាក់មកពីក្រុមយុវជនខ្មែរថាវរៈ បីនាក់មកពីសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងអតីតសមាជិកគណបក្ស សង្គ្រោះជាតិចំនួនបីនាក់។ អ្នកទាំង១០នាក់នេះត្រូវបានចោទប្រកាន់ពីបទ «ញុះញង់» កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការចូលរួមក្នុងការជួបប្រជុំដោយសន្តិវិធី ទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេសហជីពដែលជាប់ពន្ធនាគារនៅពេលនោះ។ ពួកគេត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ ខែ ប៉ុន្តែត្រូវព្យួរទោសពី៥ ទៅ ៦ ខែ និងពិន័យជាប្រាក់ម្នាក់ៗ ២ លានរៀល (ប្រមាណ ៥០០ ដុល្លារ)។ ពួកគេចំនួនប្រាំបួននាក់ត្រូវបានដោះលែងពីពន្ធនាគារកាលពីខែវិច្ឆិកា ឆ្នាំ២០២១ និងត្រូវបានដាក់ឱ្យស្ថិតនៅក្នុងការសាកល្បងរយៈពេលពីរឆ្នាំ។
VI. សិទ្ធិសង្គម និងសេដ្ឋកិច្ច
សិទ្ធិដីធ្លី
ការរំលោភយកដីធ្លីពីសំណាក់រដ្ឋាភិបាល និងវិស័យឯកជនដែលបន្តកើតឡើងនៅឆ្នាំ២០២២ បានបង្កផលប៉ះពាល់ដល់លំនៅឋានប្រមាណ ៦.០០០ នៅទូទាំងប្រទេស។ ក្នុងដំណើរការទន្ទ្រានយកដីនេះ ពួកគេបានឈូសឆាយដីព្រៃ និងដីកសិកម្ម ឈូសឆាយព្រៃកោងកាង និងព្រៃលិចទឹកក្នុងតំបន់ការពារដែលបានកំណត់ និងបានគំរាមសហគមន៍ជាមួយនឹងការប្រើប្រាស់វិធានការផ្លូវច្បាប់ ដើម្បីទទួលបានការយល់ព្រមផ្ទេរកម្មសិទ្ធិដីធ្លី។ ករណីជាច្រើននៅតែមិនទាន់ដោះស្រាយ ហើយមានតែដីតិចតួចប៉ុណ្ណោះត្រូវប្រគល់ជូនពលរដ្ឋ វិញ។
ក្នុងអំឡុងឆមាសទីពីរនៃឆ្នាំ២០២២ រដ្ឋាភិបាលបានចាប់ផ្តើមបណ្តេញពលរដ្ឋយ៉ាងច្រើនចេញពីតំបន់អង្គរដោយបង្ខំ ក្រោមហេតុផលការពារប្រាសាទអង្គរវត្តពីការបាត់បង់ឋានៈជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ «កម្មវិធីផ្លាស់ប្តូរលំនៅឋាន» របស់រដ្ឋាភិបាលត្រូវបានប៉ាន់ប្រមាណថានឹងប៉ះពាល់ដល់ពលរដ្ឋជាង ១.០០០០ គ្រួសារ ដែលមានមនុស្សប្រមាណ ៤0.000 នាក់ និងត្រូវបានអ្នកខ្លះពិពណ៌នាថាជា «លេសនៃការបណ្តេញចេញដោយបង្ខំ»។ ផ្ទុយពីការបរិយាយរបស់រដ្ឋាភិបាលអំពីការផ្លាស់ទីលំនៅថាជា «ការស្ម័គ្រចិត្ត» ប្រជាពលរដ្ឋនៅតំបន់អង្គរ ដែលភាគច្រើនត្រូវបានកំណត់ថាជាជនជាតិដើមភាគតិច មិនទទួលបានការពិគ្រោះយោបល់ ជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន ហើយក៏មិនត្រូវបានផ្តល់សំណង ឬលំនៅដ្ឋានជំនួសសមរម្យនៅទីតាំងថ្មីនៅរុនតាឯក និងពាក់ស្នែង ស្របតាមបទដ្ឋាននិងច្បាប់មនុស្សអន្តរជាតិ ដែលតម្រូវឱ្យអនុវត្តឱ្យបានល្អប្រសើរចំពោះជនជាតិដើមភាគតិចនូវការយល់ព្រមជាសមូហភាពដោយគ្មានការបង្ខិតបង្ខំ ជាមុន ដើម្បីធ្វើការសម្រេចចិត្តនៅគ្រប់ដំណាក់កាលនៃគម្រោង។ ផ្ទុយទៅវិញ អ្នកស្រុកបានទទួលរងនូវការគំរាមកំហែង ការយាយី ការគំរាមកំហែង និងអំពើហឹង្សាក្នុងការប៉ុនប៉ងដាក់សម្ពាធពួកគេឱ្យចាកចេញពីផ្ទះ ដែលពួកគេត្រូវតែយល់ព្រម។ នៅទីតាំងដែលពលរដ្ឋត្រូវទៅរស់នៅឯរុនតាឯក ពួកគេត្រូវបានផ្ដល់ដីទំនេរ ទុកឱ្យសង់ផ្ទះដោយខ្លួនឯង។ មនុស្សជាច្រើនបានបាត់បង់ការងារ និងរបរចិញ្ចឹមជីវិតដោយសារការផ្លាស់ប្ដូរទីលំនៅធ្វើឱ្យប៉ះពាល់ដល់របៀបរស់នៅរបស់ពួកគេ ជាពិសេសកសិករ ដោយសារទីតាំងថ្មីនេះមិនអំណោយផលសម្រាប់ការធ្វើកសិកម្ម។ គិតត្រឹមខែវិច្ឆិកា ពលរដ្ឋប្រមាណ ៦.០០០ គ្រួសារត្រូវបានផ្លាស់ទីលំនៅដោយបង្ខំរួចហើយ ហើយពលរដ្ឋរាប់ពាន់គ្រួសារទៀតនឹងត្រូវផ្លាស់ទៅកាន់ទីតាំងថ្មីនេះនៅប៉ុន្មានខែខាងមុខ។ នៅពេលដែលក្រុមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងពីក្ដីកង្វល់របស់ពួកគេជាមួយរដ្ឋាភិបាល រដ្ឋាភិបាលបានឆ្លើយតបថា របាយការណ៍អំពីការផ្លាស់ទីលំនៅដោយបង្ខំគឺជា«...ព័ត៌មានបំភ្លៃលើសពីការពិត ប្រឌិតដោយក្រុមមានចេតនាទុច្ចរិតមួយចំនួនក្នុងគោលបំណងញុះញង់នយោបាយ បង្កចលាចលសង្គម ធ្វើឱ្យមានអរិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិភាពផ្លូវចិត្ត...»។
ការប៉ុនប៉ងរបស់សហគមន៍ និងអ្នកការពារសិទ្ធិដីធ្លី ក្នុងការទប់ស្កាត់ការកាប់ឆ្ការ និងការកាប់បំផ្លាញព្រៃឈើ ជារឿយៗបានទទួលរងនូវនូវការដាក់ទោសទណ្ឌ និងអំពើហិង្សាពីសំណាក់អាជ្ញាធរ។ នៅខែកុម្ភៈ ទាហាននៃកងពលតូចលេខ ៧០ បានបាញ់ព្រមានអ្នកភូមិ និងវាយពួកគេមួយចំនួន ខណៈដែលយោធាកំពុងការកាប់ឆ្ការព្រៃសហគមន៍ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ។ នៅខែកក្កដា សកម្មជនជនជាតិដើមភាគតិចទំពួនចំនួន ៥នាក់ ក្នុងខេត្តរតនគិរី ក្នុងនោះមានលោក ឆន ផល្លា អ្នកការពារសិទ្ធិបរិស្ថានមួយរូបផងដែរ ត្រូវបានកាត់ទោសពីបទ «កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឈាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ» " តាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៥៦(៤) និងមាត្រា ៦២ (១) នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងកិច្ចប្រជុំមួយដែលអ្នកទាំងប្រាំបានចូលរួមកាលពីឆ្នាំ២០១៧ ក្នុងគោលបំណងការពារព្រៃឈើ និងដីធ្លីរបស់ពួកគេ និងទាក់ទាញការយកចិត្តទុកដាក់លើបញ្ហានៃការកាប់ឈើខុសច្បាប់។
សិទ្ធិកម្មករ
ដូចបានរៀបរាប់ខាងលើ បុគ្គលិកណាហ្គាវើលដ៍បានបន្តធ្វើកូដកម្មទាមទារឱ្យទទួលយកកម្មករនិយោជិតដែលត្រូវបានបណ្តេញចេញពីការងារចូលធ្វើការឡើងវិញ និងផ្តល់សំណងសមរម្យបន្ទាប់ពីការបញ្ឈប់ការងារយ៉ាងច្រើនពីសំណាក់កាស៊ីណូកាលពីខែមេសា ឆ្នាំ២០២១។ ការបញ្ឈប់បានប៉ះពាល់យ៉ាងច្រើនដល់សមាជិកសហជីព និងថ្នាក់ដឹកនាំ ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន។ កាលពីខែតុលា ក្រុមហ៊ុនណាហ្គាដែលជាក្រុមហ៊ុនមេរបស់កាស៊ីណូណាហ្គាវើលដ៍ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងបុគ្គលិក និងអតីតបុគ្គលិកចំនួនបួននាក់ ចោទប្រកាន់ពួកគេពីបទ «លួចចូល បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងឃុំឃាំង និងបង្ខាំងដោយខុសច្បាប់»។ ពាក្យបណ្តឹងនេះត្រូវបានគេជឿថា ពាក់ព័ន្ធនឹងការលើកឡើងរបស់កូដករនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីកូដកម្ម និងការនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ នៅចុងឆ្នាំ កូដករត្រូវបានកោះហៅទៅកាន់តុលាការ ហើយសំណួរដែលត្រូវបានចោទសួររួមមានចេតនារបស់ពួកគេក្នុងការបន្តធ្វើកូដកម្មផងដែរ។ គិតត្រឹមខែធ្នូ គឺមានរយៈពេលមួយឆ្នាំហើយដែលវិវាទការងារមិនទាន់ត្រូវបានដោះស្រាយ រាប់ចាប់តាំងពីពេលកូដកម្មបានចាប់ផ្ដើម។
នៅក្នុងខែមីនា រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ក្នុងគោលបំណង បន្តពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាព និងបង្កើនគន្លងអាជីពសម្រាប់កម្មករ និយោជិត បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករ និងយោជិត លើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេស ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងផ្តោតលើផលិតផល ថ្លៃខ្ពស់ និងមានលក្ខណៈពិសេសទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មតភ្ជាប់ និងជំរុញការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង។
VII. ប្រព័ន្ធយុត្តិធម៌
នៅខែកញ្ញា ក្នុងសកម្មភាពសំខាន់ចុងក្រោយរបស់ អ.វ.ត.ក មុនពេលសាលាក្ដីនេះត្រូវបិទ អង្គជំនុំជម្រះតុលាការកំពូលបានតម្កល់ការផ្តន្ទាទោសពីបទ «អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ» ទៅលើលោក ខៀវ សំផន ប្រមុខរដ្ឋខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ សេចក្តីបន្ថែមនៃកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាល ស្តីពី អ.វ.ត.ក បានចូលធរមានជាផ្លូវការនៅថ្ងៃទី១២ ខែមករា ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលទទួលខុសត្រូវបណ្ណសាររបស់តុលាការ ក្នុងគោលបំណងឱ្យសាធារណជនអាចចូលប្រើប្រាស់កំណត់ត្រាដោយសេរី និងងាយស្រួល។ យើងនៅមិនទាន់ដឹងទេថាតើប្រព័ន្ធបណ្ណាសារប្រភេទណានឹងត្រូវអនុវត្ត ប៉ុន្តែការស្ទង់មតិជាសាធារណៈមួយកាលពីឆ្នាំ២០១៩ ទៅលើអ្វីដែលគួរកើតឡើងចំពោះប្រព័ន្ធនោះបានបង្ហាញថាអ្នកឆ្លើយសំណួរភាគច្រើនមានអារម្មណ៍ថាបណ្ណាសារទាំងនោះមិនគួរត្រូវបានគ្រប់គ្រង ដោយស្ថាប័នដែលមានទំនាក់ទំនង ឬឥទ្ធិពលនយោបាយណាមួយ ដើម្បីការពារកុំឱ្យមានការកែប្រែ កែសម្រួល ឬបំផ្លិចបំផ្លាញ។
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
ម.ស.ម.ក បានបន្តសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍តំបន់ចំនួនបួនរួមានបាត់ដំបង ត្បូងឃ្មុំភ្នំពេញ និងព្រះសីហនុ ដើម្បីវាយតម្លៃពីការអនុលោមតាមបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងទៅនឹងសិទ្ធិជំនុំជម្រះដោយយុត្តិធម៌។ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សំខាន់ៗមួយចំនួនត្រូវបានធានាយ៉ាងទូលំទូលាយនៅចំពោះមុខតុលាការគោលដៅទាំងអស់ ពោលគឺសិទ្ធិក្នុងការនិយាយជាមួយមេធាវីមុនការកាត់ក្តី សិទ្ធិទទួលបានពេលវេលានិងមធ្យោបាយគ្រប់គ្រាន់ដើម្បីរៀបចំការពារក្តី និងសិទ្ធិក្នុងការវិនិច្ឆ័យជាសាធារណៈ។ ខណៈដែលមានភាពខុសប្លែកគ្នាខ្លះៗនៅក្នុងតុលាការទាំងបួន ម.ស.ម.ក បានសន្និដ្ឋានជារួមថា មានការខ្វះខាតនូវគោរពសិទ្ធិជំនុំជម្រះដោយយុត្តិធម៌សំខាន់ៗគួរឱ្យព្រួយបារម្ភ។ សិទ្ធិមានសេរីភាពបន្តរងការរំលោភបំពានតាមរយៈការប្រើប្រាស់យ៉ាងទូលំទូលាយនូវការឃុំខ្លួនបណ្តោះអាសន្ន សិទ្ធិមិនត្រូវបានបង្ខំឱ្យសារភាពកំហុស និងផ្តល់សក្ខីកម្មដាក់បន្ទុកខ្លួនឯងក៏ដូចគ្នាផងដែរ។ សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ និងសិទ្ធិក្នុងការយល់ដឹងអំពីចរិត និងមូលហេតុនៃការចោទប្រកាន់មិនត្រូវបានគោរពទាំងពេញលេញនោះទេ។
សវនាការដ៏វែងលើករណីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិត្រូវបានបន្ត ដោយ សក្ខីកម្មផ្ទាល់មាត់របស់លោកក្នុងពេលសវនាការកាលពីខែមិថុនាត្រូវបានបែកធ្លាយតាមសារព័ត៌មាន។ ការបែកធ្លាយនេះកើតមានឡើង ទោះបីជាមានការត្រួតពិនិត្យសន្តិសុខល្អិតល្អន់ទៅលើគ្រឿងអេឡិចត្រូនិក និងមានបទបញ្ជាពាក់ព័ន្ធនឹងដំណើរការសវនាការក៏ដោយ។ សវនាការត្រូវបានពន្យារពេលយ៉ាងយូរ ក្រោយពេលដែលប្រធានសាលាដំបូងរាជធានីភ្នំពេញបានថ្លែងកាលពីឆ្នាំមុនថារឿងក្ដីនេះមិនមែនជាសំណុំរឿងអទិភាពទៀតទេ។ កាលណាការកាត់ក្តីករណីអតីតមេបក្សជំទាស់អូសបន្លាយកាន់តែវែង សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់កាន់តែមិនត្រូវបានគោរព។
ការប្រើប្រាស់ប្រព័ន្ធតុលាការជាអាវុធ
ការប្រើប្រាស់ប្រព័ន្ធតុលាការដោយមិនត្រឹមត្រូវដើម្បីបំបាក់អ្នកនយោបាយជំទាស់ និងអ្នកមានទស្សនៈនយោបាយមិនស្របបានបន្តយ៉ាងមានប្រសិទ្ធិភាពនៅក្នុងឆ្នាំ២0២២ តាមរយៈការបន្តកាត់ក្តីសមាជិកជាច្រើនរបស់គណបក្សសង្គ្រោះជាតិ និងសកម្មជនផ្សេងទៀតដែលបានចាប់ផ្តើមកាលពីឆ្នាំមុន។ បទចោទដែលពួកគេប្រឈមរួមមាន «បទញុះញង់» «បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់» និង «បទសមគំនិត» ពាក់ព័ន្ធនឹងការគាំទ្ររបស់ពួកគេចំពោះផែនការវិលត្រឡប់របស់លោក សម រង្ស៊ី មេដឹកនាំបក្សជំទាស់កំពុងរស់នៅនិរទេសខ្លួនកាលពីឆ្នាំ២០១៩។
នៅខែមីនា មនុស្សចំនួន ២០នាក់ រួមទាំងសាច់ញាតិរបស់សកម្មជនម្នាក់ផង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពី៥ឆ្នាំ ដល់ ១០ឆ្នាំ។ មនុស្សចំនួនប្រាំពីរនាក់ដែលកំពុងនិរទេសខ្លួនក៏ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំផងដែរ។ នៅខែមិថុនា មនុស្សចំនួន ៥១ នាក់ត្រូវបានកាត់ទោសនៅរាជធានីភ្នំពេញ ក្នុងចំណោមនោះ ជនជាប់ចោទចំនួន ១២ នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ និង ១៩នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំ។ ជនជាប់ចោទ ១២នាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ប៉ុន្តែត្រូវព្យួរ។ នៅខែធ្នូ អតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៣៦ រូប រួមទាំងលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ អតីតអនុប្រធានបក្ស ត្រូវបានផ្ដន្ទាទោសពីបទរួមគំនិតបក្បត់ ពាក់ព័ន្ធនឹងការប៉ុនប៉ងត្រឡប់ចូលស្រុករបស់លោកស្រី មូរ សុខហួរ កាលពីឆ្នាំ២០២១ ។ ស្រដៀងគ្នានេះដែរ មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ១១ រូប រួមទាំងមេដឹកនាំទាំងពីររូបខាងលើ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេលប្រាំឆ្នាំ ចំណែកឯមនុស្សចំនួន ២៥ នាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ដែលក្នុងនោះបីនាក់ត្រូវបានព្យួរទោស។
VIII. សិទ្ធិស្ត្រី និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ អន្តរភេទ និងអ្នកដែលមិនអាច/មិនកំណត់អត្តសញ្ញាណយេនឌ័រខ្លួនឯង)
សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា
ខណៈពេលដែលមានភាពរីកចម្រើនទាក់ទងនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជានៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋខ្មែរដែលជាអ្នកស្រឡាញ់ភេទដូចគ្នានៅតែបន្តប្រឈមមុខនឹងទម្រង់ផ្សេងៗនៃការរើសអើងផ្លូវច្បាប់ និងសង្គម។ មូលហេតុចម្បងបណ្តាលមកពីការមិនដាក់ឱ្យស្របច្បាប់នូវអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា កង្វះការការពារផ្លូវច្បាប់ច្បាស់លាស់ប្រឆាំងនឹងការរើសអើងទៅលើ ទំនោរផ្លូវភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និង លក្ខណៈផ្លូវភេទ ក្នុងវិស័យការងារ សុខភាព និងការអប់រំ និងកង្វះការទទួលស្គាល់យេនឌ័រស្របច្បាប់សម្រាប់អ្នកប្តូរភេទ។
ម.ស.ម.ក និងអង្គការមិនមែនរដ្ឋាភិបាលពីរផ្សេងទៀត ដែលធ្វើការលើការលើកកម្ពស់សិទ្ធិសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានវាយតម្លៃរួមគ្នាថា អនុសាសន៍ចំនួនប្រាំបួនដែលទាក់ទងនឹង ទំនោរផ្លូវភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និង លក្ខណៈផ្លូវភេទ និងសុខភាពផ្លូវភេទ និងការបន្តពូជ និងសិទ្ធិ ដែលកម្ពុជាបានទទួលយកក្នុងអំឡុងពេលជុំទីបីនៃការពិនិត្យឡើងវិញជាសកលតាមពេលកំណត់ រដ្ឋាភិបាលនៅមិនទាន់បង្ហាញសកម្មភាពរឹងមាំដើម្បីអនុវត្តការប្តេជ្ញារបស់ខ្លួននៅឡើយទេ។ អនុសាសន៍ដែលបានទទួលយកទាំងនេះផ្តោតលើកំណែទម្រង់ច្បាប់ និងគោលនយោបាយសំខាន់ៗចំនួនបីរួមមាន វិសោធនកម្មមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញ ដើម្បីឱ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ការអនុម័តច្បាប់ និងគោលនយោបាយដោយផ្អែកលើទំនោរផ្លូវភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈផ្លូវភេទ និងអនុម័តច្បាប់អនុញ្ញាតឱ្យមានការទទួលស្គាល់យេនឌ័រស្របច្បាប់សម្រាប់អ្នកប្តូរភេទ។
សិទ្ធិស្ត្រី
ខណៈពេលដែលប្រទេសកម្ពុជាមានភាពប្រសើរឡើងទាក់ទងនឹងការគោរព និងការលើកកម្ពស់សិទ្ធិស្ត្រី បញ្ហាប្រឈមនៅតែបន្តទាក់ទងនឹងបទដ្ឋានយេនឌ័រដែលជាប់គាំង ការងារដែលមិនមានប្រាក់ខែ អំពើហិង្សាផ្អែកលើយេនឌ័រ និងភាពជាតំណាងមិនស្មើគ្នា។
ភាពជាតំណាងរបស់ស្ត្រីត្រូវបានបង្ហាញឱ្យឃើញតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នៅឆ្នាំនេះ។ ក្នុងចំណោមបេក្ខជនប្រមាណ ៨៦.០០០ នាក់ មានស្ត្រីចំនួន ២៨.០០០ នាក់ ហើយក្នុងចំណោមឃុំ/សង្កាត់ចំនួន ១.៦៥២ មានមេឃុំជាស្ត្រីចំនួន ១៧៣ នាក់ត្រូវបានបោះឆ្នោតជ្រើសរើស។ ខណៈពេលដែលតួលេខនេះមានការកើនឡើងបន្តិចធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៧ ចំនួនស្ត្រីនៅមានត្រឹមតែ ១0% នៃអ្នកដែលត្រូវបានជ្រើសរើសឱ្យកាន់តំណែងជារួម។ គណបក្សនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នមិនមានកូតាណាមួយដែលតម្រូវឱ្យមានការចូលរួមអប្បបរមាពីស្ត្រីនោះទេ។ ស្របពេលដែលគណបក្សមួយចំនួនមានគោលនយោបាយផ្ទៃក្នុង «សមភាព»ទំនងជាត្រូវបានបកស្រាយនូវភាពជាតំណាងចន្លោះពី ២៥% ទៅ ៣0% ដែលជារឿយៗចំនួននេះកម្រនឹងសម្រេចបាន។
សេចក្តីសន្និដ្ឋាន
ការគោរព ការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាបានបន្តធ្លាក់ចុះនៅក្នុងឆ្នាំ២0២២។ ការប៉ុនប៉ងរារាំងដល់គណបក្សជំទាស់មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ជាគំរូយុទ្ធសាស្ត្រទាក់ទងនឹងការបោះឆ្នោតជាតិនៅឆ្នាំ២0២៣ ដូចនឹងនិន្នាការរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការប៉ុនប៉ងកាត់បន្ថយលទ្ធភាពរបស់សង្គមស៊ីវិលក្នុងការរាយការណ៍អំពី និងឆ្លើយតបទៅនឹងការរំលោភបំពាននានា រួមទាំងការបោះឆ្នោត និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈ តាមរយៈការបៀតបៀនផ្លូវច្បាប់ ការបំភិតបំភ័យ និងការដកហូតអាជ្ញាប័ណ្ណ គឺជាការធ្វើឱ្យរួមតូចនូវលំហពលរដ្ឋ និងមូលដ្ឋានគ្រឹះនៃសង្គមប្រជាធិបតេយ្យថែមទៀត។ ការទន្ទ្រានយកដីធ្លី ការកាប់បំផ្លាញព្រៃឈើ ការឈូសឆាយតំបន់ការពារ ការបណ្តេញចេញដោយបង្ខំ និងបញ្ហាសិទ្ធិដីធ្លីផ្សេងទៀតបានបន្តរងការគំរាមកំហែងពីសំណាក់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងតួអង្គឯកជនដ៏មានអំណាច ដោយហាក់ដូចជាមិនសូវយកចិត្តទុកដាក់ចំពោះសិទ្ធិសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច និងផលប៉ះពាល់នៃសកម្មភាពទាំងនោះមកលើពួកគេ។ បរិយាកាសមិនច្បាស់លាស់កើតឡើងចំពោះសហជីកាន់តែធ្ងន់ធ្ងរតាមរយៈការឆ្លើយតបរបស់អាជ្ញាធរទៅលើកូដកម្មណាហ្គាវើលដ៍ ដែលមានកម្មករជាច្រើនរងនូវអំពើហិង្សាលើរាងកាយ នៅពេលពួកគេអនុវត្តសិទ្ធិសេរីភាពក្នុងការជួបប្រជុំ ហើយកូដករជាច្រើននាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់កូវីដ-១៩ ។ ជាការចាំបាច់ដែលរដ្ឋាភិបាលត្រូវគោរពនូវការប្តេជ្ញាចិត្តសិទ្ធិមនុស្សរបស់ខ្លួនដោយបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដែលកំពុងបន្តកើតមានលើសំឡេងមិនស្របនៅក្នុងប្រទេស និងដោះលែងអ្នកដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តដោយសារការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេស្របច្បាប់ ព្រមទាំងធានាថាច្បាប់ដែលមានស្រាប់ និងច្បាប់ថ្មីទាំងអស់ត្រូវអនុលោមទៅនឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ៕
ចប់
-
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៥
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៤
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៣
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២២
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២១
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២០
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៩
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៨
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៧
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៦
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៥
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៤
- ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៣
- សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ២០១២
- សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ ២០១១
