ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៣

សេចក្តីផ្តើម

ឆ្នាំ២០២៣ គឺជាឆ្នាំដែលមានការផ្លាស់ប្តូរដ៏សំខាន់នូវអភិបាលកិច្ចរបស់កម្ពុជា ប៉ុន្តែការផ្លាស់ប្តូរនេះមិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សប្រសើរឡើងនោះទេ។ ផ្ទុយទៅវិញ ការផ្ទេអំណាចពីអតីតនាយករដ្ឋមន្ត្រីទៅកូនប្រុសរបស់គាត់បន្ទាប់ពីការបោះឆ្នោតជាតិកាលពីខែកក្កដា នាំឱ្យមានការរឹតត្បិត និងគៀបសង្កត់សិទ្ធិមនុស្សកាន់តែខ្លាំងឡើង។ ការកើនឡើងនៃការរឹតត្បិតសិទ្ធិមនុស្សត្រូវបានអង្គការ CIVICUS ដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលរបស់ខ្លួនដោយសារ«ការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃសេរីភាពពលរដ្ឋ» និងបានចាត់ថ្នាក់កម្ពុជាថាជាប្រទេស«គាបសង្កត់»។ ការវាយតម្លៃនេះក៏ស្របទៅនឹងការរកឃើញនៅក្នុងរបាយការណ៍ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជារបស់ ម.ស.ម.ក ដោយឈានដល់ការសន្និដ្ឋានថា នៅឆ្នាំ២០២៣ ការអនុវត្តសេរីភាពជាមូលដ្ឋានប្រឈមនឹងការរឹតបន្តឹងកើនឡើង។

នយោបាយពហុនិយមដែលមាននៅក្នុងការបោះឆ្នោតកាលពីពីរលើកមុន ត្រូវបានគណបក្សកាន់អំណាចបញ្ចប់យ៉ាងតក់ក្រហល់ ដោយមានការសម្របសម្រួលពីប្រព័ន្ធតុលាការ នាំឱ្យការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០២៣ ត្រូវបានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាវាយតម្លៃថា «ឆ្ងាយពីភាពសេរី និងយុត្តិធម៌» ។ ទោះបីជាមានក្តីសង្ឃឹមថាការផ្ទេរអំណាចទៅអ្នកដឹកនាំជំនាន់ថ្មីនឹងនាំមកនូវការផ្លាស់ប្ដូរនូវរបៀបដឹកនាំក៏ដោយ ក៏អ្នកដឹកនាំជំនាន់ថ្មីនៅតែបន្តអំណាចផ្តាច់មុខរបស់គណបក្សកាន់អំណាច។

កំណត់ត្រាប្រទេសកម្ពុជាអំពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ត្រូវបានត្រួតពិនិត្យនៅចំពោះមុខគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលបានចេញផ្សាយសេចក្តីសន្និដ្ឋានពីការពិនិត្យរបស់ខ្លួននៅក្នុងខែមីនា។ គណៈកម្មាធិការនេះមានភារកិច្ចវាយតម្លៃរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងឡាយណាដែលបានផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលក្នុងនោះប្រទេសកម្ពុជាបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ១៩៩២ ដែលមានន័យថាកម្ពុជាត្រូវគោរព ការពារ និងលើកកម្ពស់សិទ្ធិដែលមានចែងនៅក្នុងកតិកាសញ្ញានេះ។ ស្របពេលដែលគណៈកម្មាធិការបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការពង្រីកប្រព័ន្ធសន្តិសុខសង្គមតាមរយៈការអនុម័តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) និងការកែលម្អដែលធ្វើឡើងដើម្បីកាត់បន្ថយអត្រាភាពក្រីក្រនេះ មានបញ្ហាមួយចំនួនដែលគណៈកម្មាធិការបានសម្តែងការព្រួយបារម្ភ។     គណៈកម្មាធិការបានគូសបញ្ជាក់ពីកង្វះខាតសំណងតាមផ្លូវច្បាប់ឱ្យបានសមរម្យសម្រាប់ករណីរំលោភសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងលើបញ្ហានៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ គណៈកម្មាធិការក៏បានលើកឡើងនូវការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹង «កង្វះនូវកិច្ចពិគ្រោះយោបល់ពិតប្រាកដ» ជាមួយអង្គការសង្គម  ស៊ីវិល។ គណៈកម្មាធិការបានលើកឡើងថាខ្លួន «មានការព្រួយបារម្ភយ៉ាងខ្លាំង» អំពី «របាយការណ៍នៃការចាប់ខ្លួន ការឃុំខ្លួន និងការកាត់ទោសដោយមិនគោរពតាមនីតិវិធីច្បាប់ទៅលើអ្នកការពារសិទ្ធិមនុស្សដែលធ្វើការការពារសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌» ហើយថាច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល («ច្បាប់អង្គការ») នៅមិនទាន់ត្រូវបានធ្វើវិសោធនកម្មនៅឡើយ ទោះបីជាមានរបាយការណ៍ថាច្បាប់នេះត្រូវបាន          «អាជ្ញាធររដ្ឋប្រើប្រាស់ដើម្បីបិទ ឬបដិសេធការចុះបញ្ជីអង្គការសង្គមស៊ីវិលដែលធ្វើលើសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌»។ ជាងនេះទៅទៀត គណៈកម្មាធិការបានសម្តែងការព្រួយបារម្ភរបស់ខ្លួនអំពី «អំពើពុករលួយ និងអំពើនិទណ្ឌភាពកម្រិតខ្ពស់ដែលបន្តកើតឡើងនៅក្នុងភាគីរដ្ឋ ក្នុងនោះមានការគ្រប់គ្រងដីធ្លី សម្បទានដីធ្លីសម្រាប់ការវិនិយោគ និងគម្រោងអភិវឌ្ឍន៍នានា» និងជាការឆ្លើយតបទៅនឹង «ព័ត៌មានទាក់ទងនឹងអំពើពុករលួយ និងកង្វះឯករាជ្យក្នុងប្រព័ន្ធតុលាការ និងយន្តការគណនេយ្យភាពផ្សេងៗទៀត»។ គណៈកម្មាធិការបានកត់សម្គាល់ថា ទាំងនេះបានរារាំងដល់សិទ្ធិទទួលយុត្តិធម៌ពាក់ព័ន្ធនឹងការរំលោភសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ “ជាពិសេសក្នុងបរិបទដែលទាក់ទងនឹងដីធ្លី”។ សេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកខាងក្រោម។

            ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅតែមានការវិវឌ្ឍតិចតួចសម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ទោះបីជាមានសេចក្តីព្រាងច្បាប់ដែលនឹងបង្កើតស្ថាប័ននេះហើយក៏ដោយ ក៏នៅមានចម្ងល់ជាច្រើនក្នុងចំណោមតួអង្គសង្គមស៊ីវិល និងអង្គការនានា អំពីការបំពេញលក្ខខណ្ឌនៃឯករាជ្យភាព ពហុនិយម និងប្រសិទ្ធភាព។

I. បរិយាកាសនយោបាយ

នៅថ្ងៃទី២៣ ខែកក្កដា ការបោះឆ្នោតជាតិបានប្រព្រឹត្តទៅនៅទូទាំងប្រទេស ដោយគណបក្សប្រជាជនកម្ពុជាបានបន្តឡើងកាន់អំណាចជាថ្មី បន្ទាប់ពីការប្រកួតប្រជែងដែលប្រព្រឹត្តទៅដោយមិនមានវត្តមានគណបក្សជំទាស់ដែលគួរឱ្យទុកចិត្ត។ ការបោះឆ្នោត ត្រូវបានពិពណ៌នាតាមរយៈការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់ និងការវិវឌ្ឍន៍ច្បាប់នានា និងការសម្រេចចិត្តដែលបានចង្អុលបង្ហាញពីលទ្ធផលទុកមុន ត្រូវបានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោកសាស្ត្រាចារ្យ វីទីត មុនថាបន វាយតម្លៃថា «ស្ទើរតែជាការសន្និដ្ឋានទុកជាមុន»។

កាលពីថ្ងៃទី៩ ខែមករា សន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីដែលបានថ្លែងនៅខេត្តកំពង់ចាម ហាក់ដូចជាគំរាមកំហែងដល់គូប្រជែងនយោបាយរបស់លោកជាមួយនឹងចំណាត់ការផ្លូវច្បាប់ ឬអាចប្រឈមមុខនឹងអំពើហិង្សា («ត្រូវដំបង»)។ បន្ទាប់មកលោកបានច្រានចោលរាល់ការអះអាងចំពោះបណ្ដឹងតវ៉ាទាំងឡាយដែលបក្សប្រឆាំងបានធ្វើឡើងពាក់ព័ន្ធនឹងការបោះឆ្នោតលើកមុន គឺត្រូវបានការពារដោយសេរីភាពខាងការបញ្ចេញមតិ ដោយបញ្ជាក់ថា ចំពោះអ្នកដែលធ្វើការអះអាងបែបនេះ លោកអាចឆ្លើយតបដោយ «ប្រមូលមនុស្សនៅទីតាំងរបស់អ្នក និងតាមដល់ផ្ទះរបស់អ្នក»។ ក្នុងរយៈពេលត្រឹមតែបួនសប្តាហ៍ចន្លោះខែមីនា និងខែមេសា អំពើហឹង្សា ចំនួនប្រាំពីរ លើកប្រព្រឹត្តិទៅលើសមាជិកគណបក្សប្រឆាំងចំនួនប្រាំមួយនាក់ត្រូវបានកត់ត្រាទុក។ សន្ទរកថានេះនាំឱ្យក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុនមេត្តា ផ្តល់អនុសាសន៍ឱ្យបិទគណនីហ្វេសប៊ុក និងអ៊ីនស្ដាក្រាម (Instagram) របស់នាយករដ្ឋមន្ត្រីរយៈពេលប្រាំមួយខែ ដោយលើកឡើងថា មិនត្រឹមតែជា «ការរំលោភធ្ងន់ធ្ងរ» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន «ប្រវត្តិនៃការប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស និងការបំភិតបំភ័យគូប្រជែងនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបន្លឺសំឡេងការគំរាមកំហែង» របស់លោកផងដែរ។

កាលពីខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (“គ.ជ.ប”) បានច្រានចោលពាក្យស្នើសុំចុះបញ្ជីគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ដ៏សំខាន់ និងគណបក្សខ្មែររួបរួមជាតិ ដោយសារតែមិនមានឯកសារចុះបញ្ជីច្បាប់ដើមរបស់គណបក្ស បានរារាំងដល់ការចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២។ កាលពីថ្ងៃទី២៥ ខែឧសភា ពាក្យបណ្តឹងរបស់គណបក្សទាំងពីរត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នមានទំនាក់ទំនងជិតស្និតជាមួយគណបក្សកាន់អំណាច ធ្វើការច្រានចោល ។

ការធ្វើវិសោធនកម្មមាត្រា១១៩ នៃរដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តនៅឆ្នាំ២០២២ នាំឱ្យការទទួលខុសត្រូវក្នុងការតែងតាំងនាយករដ្ឋមន្ត្រីត្រូវបានផ្ទេរពីរដ្ឋសភាទៅគណបក្សដែលមានសំឡេងភាគច្រើន ឬគណបក្សកាន់អំណាច។ នៅថ្ងៃទី២៦ ខែកក្កដា ប៉ុន្មានថ្ងៃក្រោយការបោះឆ្នោត លោក ហ៊ុន សែន បានប្រកាសថាលោកនឹងផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត ប៉ុន្តែលោកនឹងបន្តធ្វើជាប្រធានគណបក្ស និងប្រធានព្រឹទ្ធសភា ដែលជាការប្រកាសផ្ទេរអំណាចនយោបាយអន្តរជំនាន់។

II. វឌ្ឍនភាពនីតិបញ្ញត្តិ

ការវិវឌ្ឍន៍នីតិបញ្ញត្តិសំខាន់ៗដែលកើតឡើងក្នុងកំឡុងឆ្នាំនេះគឺត្រូវបានកើតឡើងមុនការបោះឆ្នោត ជាពិសេសវិសោធនកម្មច្បាប់បោះឆ្នោតដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ វិសោធនកម្មនេះ រួមទាំងមាត្រា១៧១ ថ្មីផងដែរ បានអនុញ្ញាតឱ្យមានការផាកពិន័យជាប្រាក់ពី ៥ ទៅ ២០ លានរៀល ចំពោះអ្នកញុះញង់អ្នកដទៃមិនឱ្យចុះឈ្មោះបោះឆ្នោត ធ្វើឱ្យខូចសន្លឹកឆ្នោត និងទិញសន្លឹកឆ្នោតតាមរយៈការសូកប៉ាន់។ នេះមិនត្រឹមតែជាឧបករណ៍មួយបន្ថែមទៀតសម្រាប់ធ្វើការចោទប្រកាន់សមាជិកគណបក្សប្រឆាំង និងតួអង្គសង្គមស៊ីវិលជាមួយនឹងបទញុះញង់ ដូចដែលត្រូវបានធ្វើជាញឹកញាប់តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លើយតបទៅនឹងយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នកគាំទ្រគណបក្សភ្លើងទៀនធ្វើឡើងដើម្បីជំរុញឱ្យប្រជាពលរដ្ឋធ្វើពហិការបោះឆ្នោត។ អ្នកដែលបំពានលើមាត្រា១៧១ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត លុបបេក្ខភាពរបស់សាមីខ្លួន និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល ៥ ឆ្នាំ។ មាត្រា១៤២ និងមាត្រា១៤៣ ថ្មី ចែងថា ប្រសិនបើគណបក្សនយោបាយណាមួយត្រូវបានរកឃើញថាប្រព្រឹត្តិអំពើញុះញង់នោះ នឹងត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោតសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិច។ ប្រសិនបើឈ្មោះបុគ្គលដែលបានប្រព្រឹត្តិអំពើញុះញង់នោះ ត្រូវបានដាក់ក្នុងបញ្ជីបេក្ខជន គណបក្សនយោបាយត្រូវលុបឈ្មោះបេក្ខជននោះចេញ ឬប្រឈមនឹងការពិន័យជាប្រាក់ពី ១០ ទៅ ៣០លានរៀល។ មុនពេលអនុម័តវិសោធនកម្មនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា «ផ្លាស់ប្តូរទិសដៅឥឡូវនេះ» ដោយបញ្ជាក់ថា វិសោធនកម្មនេះនឹងបង្កើតជា«ការរឹតត្បិតយ៉ាងទូលំទូលាយលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»។

III. សេរីភាពខាងការបញ្ចេញមតិ

ការអនុវត្តសិទ្ធិសេរីភាពខាងការបញ្ចេញមតិក្នុងការបញ្ចេញមតិផ្ទុយ ឬទស្សនៈដែលត្រូវបានចាត់ទុកថាមិនគាំទ្រដល់គណបក្សកាន់អំណាច ឬអ្នកដែលមានឥទ្ធិពលនយោបាយ និងអ្នកមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចនៅតែបន្តជាទង្វើដែលអាចនាំមកនូវផលវិបាកយ៉ាងច្រើន។ ការបញ្ចេញទស្សនៈផ្ទុយកាន់តែប្រឈមហានិភ័យនៅក្នុងឆ្នាំ២០២៣ ស្របពេលដែលគណបក្សកាន់អំណាចពង្រឹងនូវកិច្ចប្រឹងប្រែង និងប្រមូលធនធានរបស់ខ្លួនកាន់តែច្រើន ដើម្បីធានាឱ្យបាននូវលទ្ធផលនៃការបោះឆ្នោត។

ការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយសេរី និងការបៀតបៀនអ្នកសារព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានក្លាយជាកម្មវត្ថុនៃការដាក់ទោសទណ្ឌពីសំណាក់រដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងការរាយការណ៍របស់ពួកគេដែលចោទប្រកាន់លើមន្ត្រីរដ្ឋាភិបាល និងដំណើរការរៀបចំការបោះឆ្នោត។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណរបស់សារព័ត៌មាន KCTV ដោយចោទប្រកាន់ថាសារព័ត៌មាននេះថាមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងចំនួនពីរលើក និង «បានរំលោភវិជ្ជាជីវៈធ្ងន់ធ្ងរ» ប៉ុន្តែមិនមានការបញ្ជាក់បន្ថែមអំពីការរំលោភបំពានទាំងនេះទេ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាប័ណ្ណផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចុងក្រោយមួយនៅក្នុងប្រទេសកម្ពុជាគឺវិទ្យុសំឡេងប្រជាធិបតេយ្យ (“វីអូឌី”) ត្រូវបានក្រសួងព័ត៌មានដកហូត ជាការឆ្លើយតបទៅនឹងការរាយការណ៍អំពីភាពពាក់ព័ន្ធរបស់កូនប្រុសនាយករដ្ឋមន្ត្រី ទាក់ទងនឹងការផ្តល់ជំនួយដល់ប្រទេសតួកគី។ ទោះបីជា វីអូឌី បានធ្វើការសុំទោសជាផ្លូវការទៅកាន់រដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ការដកហូតអាជ្ញាបណ្ណនៅតែបន្ត ដែលនាំឱ្យអ្នកជំនាញសិទ្ធិមនុស្សមួយចំនួនរបស់អង្គការសហប្រជាជាតិបានលើកឡើងថា «ស្ទើរតែគ្មានប្រព័ន្ធផ្សព្វផ្សាយសេរីដំណើរការនៅក្នុងប្រទេស»។

ការបាត់បង់នៃប្រភពផ្សព្វផ្សាយឯករាជ្យនេះ កាន់តែធ្ងន់ធ្ងរឡើងនៅខែបន្ទាប់ ពោលគឺនៅថ្ងៃទី១៨ ខែមីនា ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណព័ត៌មានចំនួនបីទៀត រួមមានសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា-អាស៊ាន សារព័ត៌មានរស្មីកំពង់ចាម និងសារព័ត៌មានដំណឹងក្នុងស្រុក បន្ទាប់ពីការរាយការណ៍របស់ពួកគេដែលចោទប្រកាន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្នុងខេត្តបន្ទាយមានជ័យថាជាប់ពាក់ព័ន្ធករណីឆបោកដីធ្លី។

ការធ្លាក់ចុះនូវប្រភពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតជាតិ ដោយរាជរដ្ឋាភិបាលបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតបិទខ្ទប់ការចូលទៅកាន់គេហទំព័រ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួនប្រាំបួន របស់សារព័ត៌មានឯករាជ្យធំៗចំនួនបីគឺ ខេមបូឌាដេលី វិទ្យុអាស៊ីសេរី និងកំណត់ត្រា។ បទបញ្ជានេះធ្វើឡើងដោយនិយតករទូរគមនាគមន៍កម្ពុជា ដែលបានថ្លែងថា ចំណាត់ការនេះធ្វើឡើងដោយសារតែការរាយការណ៍របស់សារព័ត៌មានទាំងនេះអាច «ធ្វើឱ្យមានការភ័ន្តច្រឡំ ប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រដ្ឋាភិបាល និងខកខានក្នុងការបំពេញលក្ខខណ្ឌរបស់ក្រសួងព័ត៌មាន»។ បទបញ្ជានេះធ្វើឱ្យនឹកឃើញដល់ការបិទខ្ទប់ការចូលទៅកាន់គេហទំព័ររបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចំនួន១៧ សម្រាប់រយៈពេល ៤៨ ម៉ោងមុនការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨។

មិនត្រឹមតែបណ្តាញសារព័ត៌មានឯករាជ្យប៉ុណ្ណោះទេ ប៉ុន្តែអ្នកសារព័ត៌មានក៏ត្រូវរងការយាយីតាមផ្លូវច្បាប់ និងការបំភិតបំភ័យ ជាការឆ្លើយតប ត ចំពោះការបំពេញវិជ្ជាជីវៈរបស់ពួកគេផងដែរ។ នៅចន្លោះខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ម.ស.ម.ក បានកត់ត្រាអ្នកសារព័ត៌មានចំនួនប្រាំនាក់ត្រូវបានចាប់ខ្លួន ប្រាំពីនាក់ត្រូវបានឃាត់ខ្លួន ប្រាំនាក់ប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ម្នាក់ត្រូវបានផ្តន្ទាទោស ពីរនាក់ត្រូវបានតម្កល់ទោស បីនាក់ត្រូវបានសួរចម្លើយ បួននាក់ត្រូវបានកោះហៅ និងម្នាក់ត្រូវបានបង្ខំឱ្យចុះហត្ថលេខាលើកិច្ចសន្យា។ អ្នកសារព័ត៌មានដែលធ្វើការចុះផ្សាយប្រធានបទរសើប ដូចជាបញ្ហាដីធ្លី បញ្ហាបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានទទួលរងការចោទប្រកាន់តាមផ្លូវច្បាប់ ដូចជាបទកំហែងយក បទញុះញង់ បទបរិហារកេរ្តិ៍ជាដើម ហើយករណីជាច្រើនត្រូវបានបង្ខំឱ្យលុបឬបដិសេធភាពសុក្រឹតនៃសេចក្តីរាយការណ៍របស់ពួកគេ ដែលទាំងនេះបានបង្កឱ្យមានការដាក់កំហិតខ្លួនឯង។

ការបញ្ចេញមតិតាមអ៊ីនធឺណិត

ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនត្រឹមតែជាវេទិកាសម្រាប់អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានធ្វើផ្សព្វផ្សាយព័ត៌មាន និងការតស៊ូមតិរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាសង្វៀនមួយដែលត្រូវបានប្រើដើម្បីដៅជាមុខសញ្ញា និងធ្វើការបំភិតបំភ័យទៅលើអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន  ដោយសារតែសកម្មភាពតាមអនឡាញ និងការងាររបស់ពួកគេផងដែរ។ នៅក្នុងហេតុការណ៍មួយកាលពីខែមិថុនា ដែលបង្ហាញពីយុទ្ធការគាបសង្កត់ប្រឆាំងនឹងសំឡេងរិះគន់លើរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា អ្នកអត្ថាធិប្បាយល្បីឈ្មោះតាមបណ្ដាញសង្គម និងមានអាជ្ញាប័ណ្ណផ្សព្វផ្សាយ លោក ផែង វណ្ណៈ បានផ្ញើសារគំរាមសម្លាប់ តាមសារឯកជន និងជាសាធារណៈ តាមរយៈទំព័រហ្វេសប៊ុក ទៅកាន់លោក តាំង សារ៉ាដា អ្នកសារព័ត៌មាន ខេមបូឌា ដេលី ដែលបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក។ លោក ផែង វណ្ណៈ ក៏បានបញ្ចេញមតិមាក់ងាយភរិយារបស់ លោក តាំង សារ៉ាដា ដែលនេះក៏ជាការរំឮកដល់ការអត្ថាធិប្បាយមាក់ងាយទៅលើស្ត្រីអ្នកសារព័ត៌មានរបស់ វីអូឌី ដែលលោកបានធ្វើឡើងកាលពីដើមឆ្នាំផងដែរ។ ទោះបីជាមានការអំពាវនាវពីអង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន និងអ្នកតស៊ូមតិផ្នែកប្រព័ន្ធផ្សព្វផ្សាយឱ្យចាត់វិធានការផ្លូវច្បាប់លើលោក ផែង វណ្ណៈ ដែលរំលោភលើក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយក៏ដោយ ក៏មិនមានចំណាត់ការផ្លូវច្បាប់ណាមួយពីរដ្ឋាភិបាលលើករណីនេះដែរ។

យោងតាមរបាយការណ៍ឃ្លាំមើលរបស់ ម.ស.ម.ក ប្រជាជនកម្ពុជាមានអារម្មណ៍ថាមានសេរីភាព កាន់តែតិចឡើងៗក្នុងការការអនុវត្តសិទ្ធិសេរីភាពខាងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណែត នៅក្នុងឆ្នាំ២០២៣។ ម.ស.ម.ក បានរកឃើញថា ប្រជាជនកម្ពុជាមានត្រឹមតែ ៣៦% នៃពលរដ្ឋដែលចូលរួមក្នុងការស្ទង់មតិ មានអារម្មណ៍សេរីក្នុងការនិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាចំនួនធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ៤៤% ក្នុងឆ្នាំ២០២២ ។ ដូចដែលបាននៅក្នុងរបាយការណ៍ការឃ្លាំមើល តួលេខនេះបង្ហាញពីការរួមតូចនៃសេរីភាពនេះនៅក្នុងឆ្នាំបោះឆ្នោត ដោយមានការតាមដាន និងការដាក់កំហិតខ្លួនឯងក្នុងកម្រិតខ្ពស់ចំពោះការបញ្ចេញមតិគាំទ្រដល់គណបក្សជំទាស់នៅលើបណ្ដាញសង្គម។ តួលេខនេះមិនត្រឹមតែបង្ហាញពីការគាបសង្កត់សិទ្ធិខាងការបញ្ចេញមតិដោយសេរីនៅលើបណ្តាញអ៊ីនធឺណែតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការកើនឡើងនូវបរិយាកាសតានតឹង និងគាបសង្កត់មុនការបោះឆ្នោតឈានមកដល់។

IV. សេរីភាពខាងសមាគម

សិទ្ធិសេរីភាពខាងការបង្កើតសមាគមបានទទួលរងនូវការរឹតត្បិតយ៉ាងខ្លាំងនៅឆ្នាំ២០២៣ ហើយច្រើនលើសលុបគឺពាក់ព័ន្ធនឹងការបោះឆ្នោត។ ដូចបានរៀបរាប់ខាងលើ គណបក្សជំទាស់សំខាន់ចំនួនពីរ គឺគណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិ ត្រូវបានរារាំងពីការចុះឈ្មោះសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ដែលនាំឱ្យពួកគេមិនអាចចូលរួមប្រកួតប្រជែងបានឡើយ។

សិទ្ធិរបស់កម្មករក្នុងការចូលរួមសហជីព និងសកម្មភាពកូដកម្មត្រូវបានធ្លាក់ចុះថែមទៀត ដូចដែលបានស្ដែងឱ្យឃើញតាមរយៈការផ្តន្ទាទោសសមាជិកប្រាំបួននាក់នៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (សហជីពណាហ្គាវើលដ៍) កាលពីខែឧសភា ទាក់ទងនឹងកូដកម្មរបស់ពួកគេដើម្បីទាមទារសំណង និងលក្ខខណ្ឌការងារកាន់តែប្រសើរឡើងនៅកាស៊ីណូណាហ្គាវើលដ៍ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១។  អ្នកទាំងប្រាំបួននាក់ត្រូវបានផ្តន្ទាទោសពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬញុះញង់បង្កភាពវឹកវរដល់សណ្ដាប់ធ្នាប់សង្គម» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៍ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ខណៈសមាជិកចំនួនប្រាំនាក់ផ្សេងទៀតរួមមាន ឈឹម សុខន, ហៃ សុភាព, ឃ្លាំង សូបិន, ស៊ុន ស្រីពេជ្រ និង ទូច សេរីមាស ត្រូវបានតុលាការបង្គាប់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរយៈពេល ១៨ ខែ ចំណែកសមាជិកបីនាក់ផ្សេងទៀតត្រូវបាន  ផ្តន្ទាទោសពន្ធនាគាររយៈពេល ១ ឆ្នាំ ប៉ុន្តែទោសនោះត្រូវព្យួរ។ កាលពីថ្ងៃទី១៩ ខែតុលា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់ការផ្តន្ទាទោសសមាជិកសហជីពណាហ្គាវើល៍ចំនួនប្រាំបីរូប ខណៈដែលសមាជិកមួយរូបផ្សេងទៀតមិនបានប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមរបស់តុលាការជាន់ទាប។

ក្នុងខែដដែល អ្នកការពារសិទ្ធិដីធ្លីបីនាក់មកពីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រួមមានលោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ត្រូវបានចោទប្រកាន់តាមមាត្រា៤៩៤ និង ៤៩៥ ដូចគ្នានឹងករណីខាងលើ ព្រមទាំងមាត្រា៤៥៣ (បទរួមគំនិតក្បត់)។ ពួកគេត្រូវបានចោទប្រកាន់ថាបានចាប់ផ្តើម     «បដិវត្តន៍កសិករ» ដោយភ្ជាប់ទៅនឹងសិក្ខាសាលាកសាងទំនាក់ទំនងក្រុម និងវគ្គបណ្តុះបណ្តាលដែលអង្គការនេះបានធ្វើឡើងនៅក្នុងខេត្តរតនគិរី នៅថ្ងៃទី១៣-១៤ ខែឧសភា។ នគរបាលខេត្តក្រចេះបានឃាត់រថយន្តក្រុងនៅពេលពួកគេកំពុងធ្វើដំណើរតាមដងផ្លូវត្រឡប់ទៅភ្នំពេញ ដោយតម្រូវឱ្យបុគ្គលិកចំនួន ១៧នាក់ ចុះពីរថយន្ត និងបានសួរចម្លើយពួកគេនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានអំពីខ្លឹមសារនៃសិក្ខាសាលា ហើយទីបំផុតសមត្ថកិច្ចបានចាប់ខ្លួន លោក សាវឿន លោក ភាព និងលោក ហាច។ ការប្រមូលផ្តុំត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែឧសភា នៅរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សទាំងបីរូប និងទាមទារឱ្យដោះលែងពួកគេ។ នៅថ្ងៃទី៧ ខែមិថុនា ក្រសួងមហាផ្ទៃបានប្រកាសថាខ្លួនបានព្យួរអាជ្ញាប័ណ្ឌរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រហូតដល់ការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌត្រូវបានបញ្ចប់។ នៅថ្ងៃទី២៧ ខែឧសភា សារព័ត៌មានដែលគាំទ្ររដ្ឋាភិបាលបានបង្ហោះវីដេអូរបស់លោក ថេង សាវឿន ដែលបានសារភាពចំពោះបទល្មើសដែលត្រូវបានចោទប្រកាន់ និងធ្វើការសុំទោសលោកនាយករដ្ឋមន្ត្រី។ បន្ទាប់ពីបានជួបសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យអង្គការនេះដំណើរការឡើងវិញ។ ក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាកុំឱ្យធ្វើការតវ៉ា ប៉ុន្តែជំនួសមកវិញដោយធ្វើការ«ប្រមូលយកបញ្ហា» រួច «ធ្វើញត្តិដាក់ទៅអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ»។ អ្នកទាំងបីត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់តុលាការនៅថ្ងៃទី៣០ ខែឧសភា។

នៅក្នុងខែឧសភាដូចគ្នានេះដែរ ក្រសួងមហាផ្ទៃបានចេញលិខិតមួយទៅកាន់អង្គការមជ្ឈមណ្ឌលសម្រាប់ការសិក្សាសន្តិភាព និងជម្លោះ បញ្ជាឱ្យលុបចោលសន្និសីទដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០-៣១ ខែឧសភា នៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទការកសាងសន្តិភាព និងដោះស្រាយជម្លោះនៅក្នុងតំបន់អាស៊ី។

យោងតាមក្រសួងមហាផ្ទៃ កម្មវិធីនេះបានជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ («អាស៊ាន») ដោយផ្ទុយនឹងធម្មនុញ្ញអាស៊ាន និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (ច្បាប់អង្គការ) របស់កម្ពុជា។ នៅថ្ងៃទី៣០ ខែឧសភា មជ្ឈមណ្ឌលសម្រាប់ការសិក្សាសន្តិភាព និងជម្លោះ បានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំត្រូវបានលុបចោល ស្របតាមលិខិតរបស់ក្រសួង។

សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ក៏បានរងការគំរាមកំហែងផងដែរ នៅប៉ុន្មានថ្ងៃបន្ទាប់ពីហេតុការណ៍នេះ ពោលគឺតាមរយៈសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីនៅពីថ្ងៃទី៤ ខែមិថុនា នៅក្នុងជំនួបជាមួយកម្មករនៅក្នុងខេត្តកណ្តាល ដោយលោកបានព្រមានអង្គការមិនមែនរដ្ឋាភិបាលថា ពួកគេអាចនឹងត្រូវរំលាយប្រសិនបើពួកគេមិនផ្ញើរបាយការណ៍ហិរញ្ញវត្ថុទៅរដ្ឋាភិបាល។ យោងតាមការរាយការណ៍ពីកម្មវិធីនោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «កុំនិយាយថា ហ៊ុន សែន គាបសង្កត់[អ្នក]មុនការបោះឆ្នោត។  អ្នកមានចេតនានយោបាយអាក្រក់ ប្រសិនបើអ្នកបង្កើតអង្គការមិនមែនរដ្ឋាភិបាលដើម្បីបំផ្លាញរដ្ឋាភិបាល»។

V. សេរីភាពក្នុងការជួបប្រជុំ

ការអនុវត្តសិទ្ធិសេរីភាពក្នុងការជួបប្រជុំនៅឆ្នាំ២០២៣ បានបន្តរងនូវហានិភ័យនៃការដាក់ទោស ការឃ្លាំមើល និងការបំភិតបំភ័យពីសំណាក់អាជ្ញាធរទៅលើអ្នកដែលប៉ុនប៉ងធ្វើការជួបជុំ ឬក្នុងករណីខ្លះត្រូវបានរារាំងទាំងស្រុង។

កាលពីថ្ងៃទី២២ ខែឧសភា សមាជិកនៃក្រុមបរិស្ថានមាតាធម្មជាតិ និងយុវជនប្រមាណ ២០ នាក់ បានហែក្បួនដោយសន្តិវិធីទៅកាន់ក្រសួងបរិស្ថានដើម្បីដាក់ញត្តិ។ ញត្តិនោះស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការផ្តល់ដីសម្បទាននៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យឱ្យទៅក្រុមហ៊ុនឯកជននូវទំហំដីចំនួន ២២១,៩៤ ហិកតាដូចមានចែងក្នុងអនុក្រឹត្យក្នុងឆ្នាំ២០២២។ នៅថ្ងៃទី២៤ ខែឧសភា តាមរយៈសារនៅលើទំព័រហ្វេសប៊ុក ក្រសួងបរិស្ថានបានចោទប្រកាន់សកម្មភាពនេះថា «ប្រឆាំងនឹងប្រយោជន៍សង្គមកម្ពុជា» ហើយថាក្រុមនេះបានប្រព្រឹត្ត «អំពើខុសច្បាប់» ព្រមទាំងថ្លែងថាបុគ្គលណាក៏ដោយដែលចូលរួមក្នុងចលនានេះនឹងត្រូវ «ទទួលខុសត្រូវ»។

ដើម្បីឆ្លើយតបទៅនឹងការរារាំងពីការចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតជាតិ ការជួបជុំដ៏ធំមួយបានគ្រោងធ្វើឡើងនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញនៅថ្ងៃទី៣-៤ ខែមិថុនា ក្នុងគោលបំណងនាំយកប្រជាពលរដ្ឋចំនួន ១០.០០០ នាក់ ឱ្យដើរហែក្បួនដោយសន្តិវិធីក្នុងទីក្រុងដើម្បីធ្វើការតវ៉ា។ លោកនាយករដ្ឋមន្ត្រីបានធ្វើការគំរាមជាសាធារណៈដាក់ពន្ធនាគារលោក រ៉ុង ឈុន អនុប្រធានគណបក្ស និងសមាជិកដទៃទៀតប្រសិនបើការហែក្បួននេះកើតមានឡើង។ កាលពីថ្ងៃទី២ ខែមិថុនា មន្ត្រីគណបក្សបានបញ្ជាក់ថា ពួកគេនឹងមិនដាក់សំណើសុំការអនុញ្ញាតទៅសាលាក្រុង ហើយក៏មិនមានបាតុកម្មតាមការគ្រោងទុកដែរ

VI. សិទ្ធិសង្គម និងសេដ្ឋកិច្ច

ដូចដែលបានរៀបរាប់ខាងដើម គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ បានពិនិត្យលើការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកតិកាសញ្ញា ដោយបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន និងបានផ្ដល់អនុសាសន៍លើបញ្ហាមួយចំនួន ជាពិសេសសិទ្ធិដីធ្លី ការបណ្តេញចេញដោយបង្ខំ សកម្មភាពអាជីវកម្ម និងសិទ្ធិជនជាតិដើមភាគតិច នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត។ ក្តីកង្វល់ដែលគណៈកម្មាធិការបានលើកឡើង ស្ដែងឱ្យឃើញយ៉ាងច្បាស់តាមរយៈព្រឹត្តិការណ៍មួយចំនួនដែលបានកើតឡើងក្នុងឆ្នាំ២០២៣ នៅកម្ពុជាទាក់ទងនឹងសិទ្ធិសង្គម និងសេដ្ឋកិច្ច ដូចដែលមានរៀបរាប់ខាងក្រោម។

គណៈកម្មាធិការបានសម្តែងការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹង «ផលប៉ះពាល់អវិជ្ជមាន» នៃការរំលោភយកដីដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយថាជម្លោះដីធ្លីដែលអូសបន្លាយពេលយូរអង្វែង ក្រោមគម្រោងសម្បទានដីសេដ្ឋកិច្ច និងវិធានការសំណងជួសជុលសម្រាប់ជនរងគ្រោះ មិនទាន់ត្រូវបានអនុវត្តនៅឡើយ។ ចំនួនសហគមន៍ជាច្រើនដែលត្រូវបានបណ្តេញចេញដោយបង្ខំ ឬប្រឈមមុខនឹងការគំរាមកំហែងបែបនេះ មានទាំងនៅតំបន់ជនបទ និងទីក្រុង ក៏ជាបញ្ហានៃការព្រួយបារម្ភសម្រាប់គណៈកម្មាធិការផងដែរ។ គណៈកម្មាធិការក៏បានលើកឡើងផងដែរអំពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពអាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ធំៗ រួមទាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងរបៀបដែលពួកគេរារាំងការចូលទៅប្រើប្រាស់ដីធ្លី សិទ្ធិទទួលបានការរស់នៅ សិទ្ធិការងារ និងសិទ្ធិសុខុមាលភាពសមរម្យ។ ទាក់ទងនឹងសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា គណៈកម្មាធិការបានលើកឡើងថា ខ្លួនមានការ«ព្រួយបារម្ភយ៉ាងខ្លាំង»ចំពោះរបាយការណ៍ពាក់ព័ន្ធនឹង «ការដកហូត និងការផ្លាស់ទីលំនៅរបស់ជនជាតិដើមភាគតិចចេញពីដី និងភូមិឋានរបស់ពួកគេ» និងដំណើរការ «ស្មុគស្មាញ និងយឺតយ៉ាវ» ក្នុងការចុះបញ្ជី និងការវាស់វែងដីរបស់ពួកគេ ដែលចង់ឱ្យចេញប័ណ្ណកម្មសិទ្ធិសមូហភាព។

សិទ្ធិដីធ្លី

ការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិនៅតែជាបញ្ហាចម្រូងចម្រាស់នៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២៣ ដោយសារអ្នកមានអំណាចដែលទទួលបានផលប្រយោជន៍ធំក្នុងតំបន់ទាំងនេះ និងភាពមិនច្បាស់លាស់ចំពោះផលប្រយោជន៍ទាំងនោះថាជារបស់រដ្ឋាភិបាលឬឯកជនឬក៏ទាំងរដ្ឋាភិបាលនិងឯកជនចូលគ្នា។ ក្នុងបរិបទបែបនេះមានន័យថា អ្នកដែលតស៊ូមតិជំទាស់ទៅនឹង ឬរាយការណ៍អំពីការរំលោភដី ការកេងប្រវ័ញ្ចធនធាន និងការបណ្ដេញចេញដោយបង្ខំ ទទួលរងនូវការតបតគួរឱ្យខ្លាច និងជួបនូវការបំភិតបំភ័យ ការវាយប្រហារ ការគំរាមកំហែង និងដាក់ទោសទណ្ឌ។

ឧទាហរណ៍ជាក់ស្តែង អ្នកការពារសិទ្ធិដីធ្លីចំនួន ១០ នាក់មកពីខេត្តកោះកុង ដែលជាតំបន់មួយមានការរំលោភបំពាន និងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ត្រូវបានតុលាការខេត្តកោះកុងកាត់ទោសពីបទ «ញុះញង់» និង «បរិហារបង្កាច់កេរ្តិ៍» កាលពីថ្ងៃទី១៥ ខែសីហា។ ពួកគេត្រូវបានបង្គាប់ឱ្យបង់ប្រាក់សំណងជំងឺចិត្តចំនួន ៤០លានរៀលដល់ឧកញ៉ាជាម្ចាស់ក្រុមហ៊ុនដែលរំលោភយកដីសហគមន៍ និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ សេចក្តីបង្គាប់នេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលតម្កល់សាលក្រមតុលាខេត្តកោះកុងលើស្ត្រីអ្នកការពារសិទ្ធិដីធ្លីពីរនាក់ក្នុងសប្តាហ៍មុន ក្រោមការចោទប្រកាន់ពីបទញុះញង់ និងបរិហារបង្កាច់កេរ្តិ៍ ជាការឆ្លើយតបនឹងបណ្តឹងរបស់អតីតតំណាងសហគមន៍ ដែលក្រុមអ្នកការពារដីធ្លីបានចោទថារឹបអូសយកដីធ្លី។

ការវិវឌ្ឍន៍ផ្នែកច្បាប់បានបង្កលក្ខណៈស្មុគស្មាញថែមទៀតដល់សិទ្ធិកាន់កាប់ដីធ្លី ជាពិសេសសម្រាប់សហគមន៍ជនជាតិដើមភាគតិច។ នៅក្នុងខែមិថុនា ក្រមបរិស្ថាន និងធនធានធម្មជាតិ («ក្រមបរិស្ថាន») ត្រូវបានរដ្ឋាភិបាលអនុម័ត ហើយត្រូវបានកំណត់ឱ្យអនុវត្តនៅខែមិថុនា ឆ្នាំ២០២៤។ ក្រមនេះមានគោលបំណងដើម្បីសម្រួលដល់ច្បាប់បរិស្ថានមួយចំនួន។ ទោះយ៉ាងណាក៏ដោយ ចំពោះបញ្ហាសិទ្ធិជនជាតិដើមភាគតិច ក្រមនេះបានបង្ហាញពីដំណើរថយក្រោយដ៏ធំមួយ ដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចាត់ទុកថាជា «បញ្ហាកំពុងកើតឡើងដែលនាំឱ្យមានក្ដីបារម្ភ»។ នេះដោយសារហេតុថា ក្រមបរិស្ថាននេះបានប្រើពាក្យ «សហគមន៍មូលដ្ឋាន» ដោយមិនបានកំណត់និយមន័យច្បាស់លាស់ ជំនួសឱ្យលិខិតតូបករណ៍គតិយុត្តិពីមុនដែលប្រើពាក្យ «សហគមន៍ជនជាតិដើមភាគតិច»។ នេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ការទទួលស្គាល់ក្នុងច្បាប់អន្តរជាតិចំពោះសិទ្ធិសមូហភាពរបស់ជនជាតិដើមភាគតិច ជាពិសេសទាក់ទងនឹងដីធ្លី ទឹកដី និងធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក្រមនេះមិនយកចិត្តទុកដាក់លើការរួមចំណែកនូវចំណេះដឹង វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមធម៌ចំពោះបញ្ហាទាំងនេះ។ ភាពមិនច្បាស់លាស់នៃពាក្យនេះមានន័យថា មាត្រា៣៦៩ នៃក្រមបរិសា្ថន អាចត្រូវបានបកស្រាយដើម្បីពង្រីកការចូលប្រើប្រាស់ដីរបស់ជនជាតិដើមភាគតិច ដែលប្រើប្រាស់តាមទំនៀមទម្លាប់ ឱ្យទៅជាសហគមន៍ «មូលដ្ឋាន» ដែលអាចរាប់បញ្ចូលទាំងអ្នកមិនមែនជនជាតិដើមភាគតិច ដែលបានរំលោភ ឬទន្ទ្រានដីទាំងនោះ។ លើសពីនេះ មាត្រា៥០០ នៃក្រមបរិស្ថាន ធានានូវប្រភេទនៃសិទ្ធិអ្នកប្រើប្រាស់តាមបែបប្រពៃណីតិចជាងមុនលើផលិតផល និងអនុផលព្រៃឈើ បើធៀបនឹងមាត្រា៤០ នៃច្បាប់ស្តីពីព្រៃឈើ។ មាត្រា៣៥២ នៃក្រមបរិស្ថាន ហាក់ដូចជាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងការធ្វើស្រែចម្ការបង្វិលជុំ ដូចដែលមានធានានៅក្នុងមាត្រា២៥ នៃច្បាប់ភូមិបាល។ ដូចមានចែងក្នុងមាត្រា៨៦៤ ការការពារសហគមន៍ជនជាតិដើមភាគតិចតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ភូមិបាល និងច្បាប់ផ្សេងទៀតមិនមានសុពលភាពទេ ប្រសិនជាច្បាប់ទាំងនោះផ្ទុយនឹងក្រមបរិស្ថាន។ អ្វីដែលកាន់តែព្រួយបារម្ភជាងនេះទៀតនោះគឺ គម្រោងរបស់រដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ ដើម្បីប្រើពាក្យ «សហគមន៍មូលដ្ឋាន» ជំនួសឱ្យពាក្យ «សហគមន៍ជនជាតិដើមភាគតិច» ដូចក្នុងក្រមបរិស្ថានដែរ។ ការធ្វើដូច្នេះ អាចនឹងនឹងធ្វើឱ្យការការពារផ្លូវច្បាប់ដល់ក្រុមជនជាតិដើមកាន់តែចុះខ្សោយ និងគំរាមកំហែងដល់សិទ្ធិដីធ្លី និងជីវភាពរស់នៅរបស់ពួកគេ។

សិទ្ធិកម្មករ

ការបញ្ឈប់ពីសហជីពនៅតែជាបញ្ហា។ ម.ស.ម.ក បានកត់ត្រាថានយោជិតចំនួន ១៥៦ នាក់ត្រូវបានបង្ខំឱ្យលាឈប់ ឬត្រូវបានបញ្ឈប់ពីការងារនៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានបោះឆ្នោតឱ្យបង្កើតសហជីព។ បន្ថែមពីនេះ បុគ្គលចំនួន ២៣ នាក់ត្រូវបានផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន ឬមុខតំណែងថ្មីៗ បុគ្គលម្នាក់ត្រូវបានទម្លាក់ពីមុខតំណែង ហើយយ៉ាងហោចណាស់បុគ្គលចំនួន ៦៦ នាក់បានប្រឈមមុខនឹងការកោះហៅ ឬការគំរាមកំហែងផ្លូវច្បាប់ ដោយសារតែការចូលរួមក្នុងសកម្មភាពសហជីព។ ជាសូចនាករ សម្ព័ន្ធសហជីពចលនាកម្មករ  បានចេញសេចក្តីប្រកាសព័ត៌មានកាលពីខែកុម្ភៈ ដោយបញ្ជាក់ថា សមាជិកសហជីពម្នាក់ត្រូវបានបណ្តេញចេញ និងប្រាំបួននាក់ផ្សេងទៀតប្រឈមមុខនឹងការគំរាមកំហែងបន្ទាប់ពីការប៉ុនប៉ងបង្កើតសហជីពនៅក្នុងរោងចក្រ Caswell Apparel Co. នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការជ្រៀតជ្រែករបស់អាជ្ញាធរក្នុងដំណើរការចុះបញ្ជីបានរារាំងដល់ការបង្កើតសហជីពបន្ថែមទៀត ដែលក្នុងនោះរបាយការណ៍របស់ ម.ស.ម.ក បង្ហាញពីករណីមួយចំនួនដែលសមាជិកស្ថាបនិកត្រូវបានបង្ខំឱ្យលាលែងពីដំណែងក្នុងអំឡុងពេលដំណើរការបង្កើតសហជីព។ គិតត្រឹមខែតុលា យ៉ាងហោចណាស់ការចុះបញ្ជីសហជីពនៅកម្រិតសហគ្រាសចំនួន ២៣ កំពុងជាប់គាំង ដោយករណីខ្លះមានរយៈពេលរហូតដល់ជាងមួយឆ្នាំ។

បីឆ្នាំបន្ទាប់ពីការចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩ កម្មករក្នុងឧស្សាហកម្មកាត់ដេរ     សម្លៀកបំពាក់ និងស្បែកជើងបានបន្តទទួលរងផលប៉ះពាល់ ពោលគឺការកើនឡើងនូវភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ ខណៈដែលម៉ាកសញ្ញា ដែលបានចុះកិច្ចសន្យាជាមួយរោងចក្រដែលកម្មករទាំងនេះធ្វើការបន្តរកប្រាក់ចំណេញរបស់ពួកគេ។ កម្មករជាច្រើនទទួលបានប្រាក់ចំណូលតិចជាងកាលពីពួកគេទទួលបានមុនពេលជំងឺរាតត្បាត ស្របពេលដែលបច្ចុប្បន្នពួកគេនេះប្រឈមមុខនឹងការកើនឡើងថ្លៃចំណាយនៃការរស់នៅ ក៏ដូចជាការសងប្រាក់កម្ចីផងដែរ។ នៅក្នុងសេចក្តីសន្និដ្ឋានស្តីពីកម្ពុជា គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ បានសម្តែងការព្រួយបារម្ភដោយបានកត់សម្គាល់ថា កម្មករក្នុងវិស័យទាំងនេះ «ប្រឈមនឹងលក្ខខណ្ឌការងារមិនល្អ រួមទាំងការធ្វើការលើសម៉ោង ប្រាក់ឈ្នួលទាប និងសន្តិសុខការងារនៅមានកម្រិត ហើយមានហានិភ័យពីការកេងប្រវ័ញ្ច»។

VII. ប្រព័ន្ធយុត្តិធម៌

សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

នៅក្នុងឆ្នាំ២០២៣ ម.ស.ម.ក បានបន្តសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ព្រះសីហនុ និងត្បូងឃ្មុំ ដើម្បីវាយតម្លៃពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ អនុលោមតាមបទដ្ឋានតាមច្បាប់ជាតិនិងអន្តរជាតិ។ សិទ្ធិទទួលការជំនុំជម្រះក្តីដោយយុត្តិធម៌សំខាន់ៗមួយចំនួនត្រូវបានធានាយ៉ាងទូលំទូលាយនៅចំពោះមុខតុលាការគោលដៅទាំងនេះ ពោលគឺសិទ្ធិពិភាក្សាជាមួយមេធាវីមុនការជំនុំជម្រះ សិទ្ធិទទួលបានពេលវេលាសមរម្យ និងមធ្យោបាយគ្រប់គ្រាន់ដើម្បីរៀបចំការការពារក្តី និងសិទ្ធិទទួលបានសេចក្តីសម្រេចជាសាធារណៈ។ ទោះជាយ៉ាងនេះក្ដី មានការការឃុំខ្លួនមុនការជំនុំជម្រះជាច្រើន ក្នុងនោះមានទាំងជនជាប់ចោទជាកុមារ បានបន្តជាបញ្ហាគួរឱ្យការព្រួយបារម្ភដល់សិទ្ធិមានសេរីភាព។ យោងតាមទិន្នន័យសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក ជនជាប់ចោទប្រមាណ ៣ នាក់ក្នុងចំណោម ៤ នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងឆ្នាំ២០២៣ ទោះបីជាវិធានការនេះត្រូវបានកំណត់សម្រាប់តែករណីពិសេស ឬតាមកាលៈទេសៈក៏ដោយ។ សិទ្ធិមិនត្រូវបង្ខំឱ្យសារភាពកំហុសមិនត្រូវបានគោរពពេញលេញនោះទេ។ នេះបណ្ដាលមកមកមូលហេតុថាការចោទប្រកាន់ពីការប្រើហិង្សារបស់នគរបាលដើម្បីបង្ខំឱ្យជនជាប់ចោទសារភាព មិនត្រូវបានស៊ើបអង្កេតឱ្យបានត្រឹមត្រូវ។ តុលាការគោលដៅទាំងបួនខកខានក្នុងការផ្តល់សម្អាងលម្អិតសម្រាប់ការវិនិច្ឆ័យរបស់ខ្លួនក្នុងករណីចំនួនបួនក្នុងចំណោមករណីចំនួនប្រាំដែល ម.ស.ម.ក បានតាមដាន។ ជាក់ស្តែងសវនាការចំនួនប្រាំពីរក្នុងចំណោមសវនាការចំនួន ១០ ត្រូវបានធ្វើឡើងដោយមានរយៈពេល ត្រឹម ៣០ នាទី ឬតិចជាងនេះ ធ្វើឱ្យមានការចម្ងល់ថា តើចៅក្រមអាចពិនិត្យមើលធាតុសំខាន់ៗទាំងអស់នៃសំណុំរឿងបានដែរ ឬយ៉ាងណា។

ការប្រើប្រាស់ប្រព័ន្ធតុលាការ

នៅឆ្នាំ២០២៣ ប្រព័ន្ធតុលាការត្រូវបានបន្តប្រើប្រាស់ មិនត្រឹមត្រូវធ្វើជាឈ្នាន់ក្នុងការបញ្ចប់នយោបាយ ដែលក្នុងនោះមានការកាត់ទោសសមាជិកនៃគណបក្សជំទាស់ អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងតួអង្គសង្គមស៊ីវិលដទៃទៀត ពីបទផ្សេងៗ ជាពិសេសបទ «ញុះញង់» និងបទ «បរិហារកេរ្តិ៍»។

សំណុំរឿងដែលលេចធ្លោជាងគេគឺករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសពីបទក្បត់ជាតិ និងបទសន្ទិដ្ឋិភាពជាមួយបរទេសកាលពីខែមីនា។ បន្ទាប់ពីការជំនុំជម្រះក្តីដោយមានការពន្យារពេលដ៏យូរ តុលាការបានកាត់ទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ ការផ្តន្ទាទោសនេះត្រូវបានរងការរិះគន់ពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមួយចំនួនថាជា «រឿងនយោបាយ» និងថាជា «ភស្តុតាងបន្ថែមទៀតនៃការបន្តអនុវត្តច្បាប់មិនត្រឹមត្រូវទៅលើគូប្រជែងនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល»។

កាលពីខែកុម្ភៈ តុលាការកំពូលបានតម្កល់សាលដីការផ្ដន្ទាទោសលោក សុន ឆ័យ អតីតអនុប្រធានគណបក្សភ្លើងទៀន ពីបទបរិហារកេរ្តិ៍ ដោយសារការនិយាយបរិហារទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សកាន់អំណាច។ លោកត្រូវបានពិន័យជាប្រាក់ចំនួន ១ លានរៀល។ សមាជិកក្រុមប្រឹក្សាគណបក្សពន្លឺភ្លើងចំនួនពីរនៅឃុំសួង ខេត្តត្បូងឃ្មុំ ត្រូវបានឃាត់ខ្លួនកាលពីខែមិថុនា ពីបទញុះញង់ ដោយសារការសន្ទនាតាមទូរស័ព្ទ។

VIII. សិទ្ធិស្ត្រី និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ អន្តរភេទ និងអ្នកដែលមិនអាច/មិនកំណត់អត្តសញ្ញាណយេនឌ័រខ្លួនឯង)

សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីខែមករា អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិស្តីពីការការពារប្រឆាំងនឹងអំពើហិង្សា និងការរើសអើងផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ លោក Victor Madrigal-Borloz បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។

នៅក្នុងរបាយការណ៍បន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោកបានកត់សម្គាល់ថា «មានការយល់ខុសដែលថាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាជាបណ្ដុំនៃក្រុមតូច និង/ឬមនុស្សពិសេស ដែលត្រូវបានធ្វើឱ្យសុះសាយឡើងដោយសារតែរូបភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់តារាល្បីៗ និងបវរកញ្ញាប្ដូរភេទទទួលជ័យលាភី» ដោយមិនមានទិន្នន័យណាមួយដែលរដ្ឋបានធ្វើឡើងនោះទេ។ គាត់បានកត់សម្គាល់ថា ទំនងជាមនុស្សរាប់សែននាក់មាននិន្នាការភេទ ឬអត្តសញ្ញាណយេនឌ័រចម្រុះនៅកម្ពុជា។ យោងតាមរបាយការណ៍របស់អ្នកជំនាញឯករាជ្យរូបនេះបញ្ជាក់ លោក «មិនបានទទួលរបាយការណ៍អំពីអំពើហិង្សាទ្រង់ទ្រាយធំ ជាប្រព័ន្ធ ឬលើរូបរាងកាយជាក់ស្តែង ទៅលើបុគ្គលដោយផ្អែកលើនិន្នាការផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័ររបស់ពួកគេនៅក្នុងប្រទេសកម្ពុជានោះទេ»។ ទោះបីជាយ៉ាងនេះក៏ដោយ ប្រទេសកម្ពុជាមិនមានច្បាប់ណាមួយដែលអនុញ្ញាតឱ្យអ្នកប្តូរយេនឌ័រ និងអ្នកមានអត្តសញ្ញាណយេនឌ័រចម្រុះ ដើម្បីទទួលស្គាល់នូវភាពស្របច្បាប់ចំពោះបុគ្គលកំណត់អត្តសញ្ញាណនោះទេ។ ជុំវិញបញ្ហានេះ លោកបានបញ្ជាក់ថា៖

«ការទទួលស្គាល់ភាពស្របច្បាប់ នូវការកំណត់អត្តសញ្ញាណយេនឌ័រដោយខ្លួនឯង គឺជាជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅរកសង្គមប្រកបដោយបរិយាប័ននៃអ្នកប្តូរយេនឌ័រ និងអ្នកមានយេនឌ័រចម្រុះ ដែលកំពុងជួបប្រទះនូវឧបសគ្គដោយសារភាពមិនស៊ីសង្វាក់គ្នារវាងសញ្ញាណសម្គាល់យេនឌ័រលើឯកសារអត្តសញ្ញាណកម្ម និងអត្តសញ្ញាយេនឌ័ររបស់ពួកគេផ្ទាល់ ដែលនឹងមានផលជះអវិជ្ជមានទាក់ទងនឹងសិទ្ធិទទួលបានការងារ ការថែទាំសុខភាព និងការអប់រំ ក៏ដូចជាសុខភាពផ្លូវចិត្ត ការធ្វើដំណើរ និងសិទ្ធិគ្រួសារ ក្នុងចំណោមសិទ្ធិផ្សេងៗទៀតរបស់ពួកគេ»។

សិទ្ធិស្ត្រី

ស្ត្រីបានបន្តទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ហើយធ្ងន់ធ្ងរបំផុតគឺទាក់ទងនឹងការងារ។ មានស្រ្តី ៣០% ត្រូវបានរាយការណ៍ថាបាត់បង់ការងារក្នុងអំឡុងពេលជំងឺរាតត្បាតនេះ។ កង្វះតំណាងជាស្ត្រីក្នុងឆាកនយោបាយ បានបង្ហាញនូវបញ្ហាដែលជាក្តីកង្វល់នៅក្នុងបរិបទនៃការបោះឆ្នោតឆ្នាំ២០២៣។ លទ្ធផលនៃការបោះឆ្នោតបង្ហាញថាមានតំណាងរាស្ត្រជាស្ត្រីត្រឹមតែ១៦ រូបប៉ុណ្ណោះក្នុងចំណោមអាសនៈចំនួន១២៥ នៅរដ្ឋសភា។ នេះមានន័យថាស្ត្រីមានត្រឹមតែ ១២.៨% នៃអាសនៈក្នុងរដ្ឋសភានីតិកាលទី ៧ គឺថយចុះពី ១៥.២% នៅក្នុងរដ្ឋសភានីតិកាលទី ៦ ដែលជាប់ឆ្នោតក្នុងឆ្នាំ២០១៨ ។ ស្ត្រីទាំងអស់ដែលជាប់ឆ្នោតគឺជាសមាជិកគណបក្សកាន់អំណាច។

កាលពីខែមិថុនា គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រីភេទ បានរកឃើញពីភាពអសកម្មរបស់រដ្ឋាភិបាលកម្ពុជាក្នុងការការពារអ្នកការពារសិទ្ធិដីធ្លីស្ត្រីជនបទម្នាក់ឈ្មោះ X (ឈ្មោះក្លែងក្លាយ) ពីការបណ្តេញចេញដោយបង្ខំ និងការគំរាមកំហែងពីសំណាក់អ្នកអភិវឌ្ឍដីធ្លី ក៏ដូចជាការចោទប្រកាន់នូវបទព្រហ្មទណ្ឌ និងការបៀតបៀនជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរទៅលើស្ត្រីរូបនោះ។ គណៈកម្មាធិការបានគូសបញ្ជាក់នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនយ៉ាងច្បាស់ថា កម្ពុជាបានខកខានក្នុងការធានាសិទ្ធិរបស់លោកស្រី X តាមមាត្រា១៤ នៃអនុសញ្ញា ដែលទទួលស្គាល់តួនាទីដ៏សំខាន់របស់ស្ត្រីជនបទនៅក្នុងសង្គម និងសារៈសំខាន់នៃការធានាឱ្យមានការគោរពនូវភាពស្មើគ្នាក្នុងកំណែទម្រង់ដីធ្លី និងកសិកម្ម ក៏ដូចជាការតាំងទីលំនៅថ្មីលើដីធ្លី។ លើសពីនេះ គណៈកម្មាធិការបានរកឃើញថា ដំណើរការនីតិវិធីព្រហ្មទណ្ឌលើលោកស្រី X «បង្កើតជាការសងសឹកប្រឆាំងនឹងសកម្មភាពរបស់គាត់ ដែលរារាំងគាត់ពីការបន្តការពារផលប្រយោជន៍សហគមន៍ក្នុងវិវាទដីធ្លីដោយធ្វើការបំភិតបំភ័យ និងការបៀតបៀនអ្នកការពារសិទ្ធិមនុស្សជាស្ត្រី»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីសេចក្តីសម្រេច សមាជិកគណៈកម្មាធិការមួយរូបបាននិយាយថា «ករណីនេះបង្ហាញពីការទទួលបាន និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីមិនស្មើគ្នាសម្រាប់ស្ត្រីជនបទក្នុងប្រទេសកម្ពុជា» ហើយថា អស់រយៈពេលជាងមួយទសវត្សរ៍ ដែលលោកស្រី X បាន «ធ្វើការដោយមិននឿយហត់ដើម្បីការពារសិទ្ធិដីធ្លីរបស់សហគមន៍ខ្លួន ទោះបីជាប្រឈមមុខនឹងការគំរាមកំហែង និងធ្វើទុកបុកម្នេញពីក្រុមហ៊ុន KDC International និងទទួលរងនូវភាពអយុត្តិធម៌ពីតុលាការកម្ពុជាក៏ដោយ។ គណៈកម្មាធិការបានស្នើឱ្យកម្ពុជាផ្តល់សំណងពេញលេញដល់លោកស្រី X ដើម្បីធានាថាលោកស្រីអាចទទួលបានសិទ្ធិពេញលេញក្នុងការទទួលបានដីធ្លី និងអាចការពារផលប្រយោជន៍សហគមន៍របស់គាត់ដោយសុវត្ថិភាព។ បន្ថែមពីនេះ គណៈកម្មាធិការក៏បានស្នើឱ្យកម្ពុជាធានាថា ការយកដីនៅទីជនបទសម្រាប់សម្បទានសេដ្ឋកិច្ច និងសម្បទានផ្សេងទៀត ត្រូវអនុវត្តតាមនីតិវិធីត្រឹមត្រូវ រួមទាំងការយល់ព្រមដោយពេញចិត្ត ប្រាប់ឱ្យបានដឹងមុន និងទទួលបានមានពេញលេញ និងការពិនិត្យឱ្យបានហ្មត់ចត់ និងមិនលំអៀង ចំពោះការអះអាងលើកម្មសិទ្ធិណាមួយដែលធ្វើឡើងដោយស្ត្រី។

សេចក្តីសន្និដ្ឋាន

ការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភនៅឆ្នាំ២០២៣ ដែលហាក់ដូចជាធ្លាក់ចុះកាន់តែខ្លាំងឡើងនៅមុនពេលការបោះឆ្នោតជាតិឈានមកដល់។ នេះជានិន្នាការកើតឡើងជាថ្មីក្នុងប្រទេសកម្ពុជា ដែលមានការបង្រ្កាបលើតួអង្គសង្គមស៊ីវិល ជាពិសេសទៅលើសេរីភាពជាមូលដ្ឋានមុនការបោះឆ្នោត ដែលជះឥទ្ធិពលទៅដល់ដំណើរការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត។ ទោះជាយ៉ាងនេះក្តី គេត្រូវរង់ចាំមើលថាតើរដ្ឋបាលថ្មីនឹងបន្តដំណើរតាមគន្លងចាស់ទៅមុខទៀត ឬក៏ប្ដូរទិសដៅរបស់ខ្លួន ព្រមទាំងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជាផងដែរ៕

ចប់