ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៤
សេចក្តីផ្តើម
ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៤ មិនឃើញមានភាពល្អប្រសើរ និងផ្លាស់ប្តូរដូចការរំពឹងទុក ទោះបីជាមានមេដឹកនាំថ្មីឡើងកាន់តំណែងក៏ដោយ។ ជាក់ស្តែង ដូចជាមានការធ្លាក់ចុះទ្វេរដងទៅវិញទេចំពោះតួអង្គសង្គមស៊ីវិល ជាពិសេសអ្នកដែលសម្តែងមតិផ្ទុយ ហើយបញ្ហានេះត្រូវបានគេមើលឃើញថាជាការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្មីដើម្បីបង្ហាញពីអំណាចរបស់ខ្លួន។ ការបង្រ្កាបនេះត្រូវបានអនុវត្តតាមរយៈការផ្ដន្ទាទោស និងដាក់ពន្ធនាគារអ្នកការពារសិទ្ធិបរិស្ថានដ៏លេចធ្លោនៅក្នុងឆ្នាំ២០២៤ ដូចជា លោក កើត សារ៉ាយ និងសកម្មជននៃក្រុមមាតាធម្មជាតិកម្ពុជាចំនួន១០ នាក់ រួមទាំងការចាប់ខ្លួនអ្នកសារព័ត៌មានដ៏ល្បីឈ្មោះ លោក ម៉ិច ដារ៉ា និងការចាប់ខ្លួនបុគ្គលជាង ៨០ នាក់ផ្សេងទៀតនៅចន្លោះខែកក្កដា និងខែសីហា ពាក់ព័ន្ធនឹងការរិះគន់លើកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ការរារាំងអ្នកបញ្ចេញមតិផ្ទុយ និងការប្រើប្រាស់ប្រព័ន្ធតុលាការមិនត្រឹមត្រូវពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា («រដ្ឋាភិបាល») មិនត្រឹមតែនៅលើទឹកដីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសកម្មជននយោបាយនិងអតីតសមាជិកគណបក្សភ្លើងទៀនមួយចំនួនទៀតដែលត្រូវបាននិរទេសទៅប្រទេសថៃ ជាទីដែលពួកគេបានស្វែងរកកន្លែងមានសុវត្ថិភាព។ បន្ថែមលើការនិរទេសទាំងនេះ សមាជិកគណបក្សជំទាស់មួយចំនួនត្រូវបានរងការចោទប្រកាន់ ផ្ដន្ទាទោស និង/ឬ ការផ្តន្ទាទោសទៅលើពួកគេត្រូវបានតម្កល់។ យោងតាមកំណត់ត្រារបស់ ម.ស.ម.ក មានសកម្មជននយោបាយ និងសមាជិកនៃគណបក្សជំទាស់ប្រមាណ ៤៤នាក់ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០២៤។
កាលពីខែឧសភា កំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជាត្រូវបានវាយតម្លៃតាមរយៈយន្តការដំណើរពិនិត្យឡើងវិញតាមកាលកំណត់ជាសកល («យូភីអ») ជុំទី៤ របស់អង្គការសហប្រជាជាតិ។ ជាផ្នែកមួយនៃដំណើរការនេះ អង្គការសង្គមស៊ីវិលកម្ពុជាបានធ្វើការរួមគ្នាដាក់បញ្ជូនរបាយការណ៍ពាក់ព័ន្ធប្រធានបទមួយចំនួន ដើម្បីចូលរួមចំណែកផ្តល់អនុសាសន៍បន្ថែមដល់រដ្ឋាភិបាលក្នុងការទទួលយក និងយល់ព្រមទៅលើអនុសាសន៍ទាំងនោះ។ រដ្ឋាភិបាលបានទទួលយល់ព្រមយកអនុសាសន៍ចំនួន ២៣២ ដែលរដ្ឋជាសមាជិកនៅក្នុងយូភីអជុំទីបួនបានផ្តល់ជូន បើប្រៀបធៀបទៅនឹងយូភអជុំទីបី ដែលរដ្ឋាភិបាលបានទទួលយកតែចំនួន១៧៣ ប៉ុណ្ណោះ។ រដ្ឋាភិបាលទទួលបានអនុសាសន៍ចំនួន ៤៨ ទាក់ទងនឹងលំហស៊ីវិល ដែលក្នុងនោះបានទទួលយល់ព្រមអនុសាសន៍ចំនួន ៤១។ ខណៈដែលការទទួលយល់ព្រមយករបស់រដ្ឋាភិបាលលើអនុសាសន៍ទាំងនេះគឺជាសូចនាករលើកទឹកចិត្តមួយ ក៏ប៉ុន្តែមានផលប៉ពាល់ខ្លះចំពោះ «ការកត់សម្គាល់» របស់ខ្លួនទៅលើអនុសាសន៍ទាក់ទងនឹងលំហស៊ីវិលផ្សេងទៀត ដូចជាបញ្ហាអ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយដែលកំពុងជាប់ពន្ធនាគារ ការបិទប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពសារព័ត៌មាន និងច្បាប់ស្តីពីសហជីព ក្នុងចំណោមបញ្ហាដទៃផ្សេងទៀត។ ការទទួលយល់ព្រមយករបស់រដ្ឋាភិបាលចំពោះអនុសាសន៍ភាគច្រើនដែលបានទទួលនោះមានសារៈសំខាន់យ៉ាងណាក៏ដោយ ប៉ុន្តែការអនុវត្តអនុសាសន៍ទាំងនោះតាមវិធីផ្សេងៗ គឺជារង្វាស់ពិតប្រាកដអំពីចេតនា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។
កាលពីខែធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិបានវាយតម្លៃថា កម្ពុជានឹងចាកចេញពីប្រភេទប្រទេសអភិវឌ្ឍន៍តិចតួចត្រឹមឆ្នាំ២០២៩។ ទោះបីជានេះជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់កម្ពុជា និងជាសូចនាករនៃវឌ្ឍនភាពសេដ្ឋកិច្ចប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏នៅមានការព្រួយបារម្ភថា រដ្ឋាភិបាលអាចប្រើប្រាស់សូចនាករនេះខុស ដើម្បីពន្លឿនការអភិវឌ្ឍដែលមិនមាននិរន្តរភាព ឬសមធម៌ និងបន្តកំណត់មុខសញ្ញាតួអង្គសង្គមស៊ីវិលដែលលើកឡើងពីការព្រួយបារម្ភអំពីវិធីសាស្រ្តដែលមិនស្ថិតស្ថេរទាំងនោះ។
I. បរិយាកាសនយោបាយ
គណបក្សជំទាស់នៅតែជាគោលដៅនៃការវាយប្រហារពីរដ្ឋាភិបាល តាមរយៈការប្រើប្រាស់ប្រព័ន្ធច្បាប់។ នៅក្នុងឆ្នាំនេះ សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធសំណើរបស់លោក កឹម សុខា សហស្ថាបនិកគណបក្សសង្គ្រោះជាតិដែលបានស្នើសុំឱ្យពិនិត្យលក្ខខណ្ឌនៃការឃុំខ្លួននៅក្នុងផ្ទះរបស់លោក។ លោក កឹម សុខា ដែលមានអាយុ ៧០ឆ្នាំ ត្រូវបានកាត់ទោសពីបទ«ក្បត់ជាតិ»ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ។ យ៉ាងហោចណាស់សកម្មជននយោបាយ និងសមាជិកនៃគណបក្សជំទាស់ចំនួន៤៤នាក់ នៃគណបក្សធំៗចំនួនបី គឺគណបក្សកម្លាំងជាតិ គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ជារឿយៗត្រូវបានចោទប្រកាន់ពីបទ«ញុះញង់» និង/ឬ បទ«បរិហារកេរ្តិ៍»។ ថ្នាក់ដឹកនាំគណបក្សទាំងនេះបានក្លាយជាគោលដៅនៃការវាយប្រហារទាំងនេះ ដោយប្រធានគណបក្សកម្លាំងជាតិគឺលោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ចំណែកលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍កាលពីខែកក្កដា។ លោក វណ្ណុល ត្រូវបានតុលាការបង្គាប់ឱ្យ សងជំងឺចិត្តចំនួន ៦ ពាន់លានរៀល (ប្រមាណ ១,៥ លានដុល្លារអាមេរិក) និងបង់ប្រាក់ពិន័យចំនួន ១០ លានរៀល (ប្រមាណ ២.៥០០ ដុល្លារអាមេរិក) ដោយសារតែការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ទាក់ទងនឹងការដឹកនាំប្រទេស។
កាលពីខែឧសភា កន្លងទៅ តុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោសលើសហស្ថាបនិកគណបក្សបេះដូងជាតិកម្ពុជា លោក សៀម ភ្លុក និងជនជាប់ចោទបីនាក់ផ្សេងទៀត ពីបទក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែងបន្លំ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងប្រឆាំងនឹងអ្នកទាំងបួនចំពោះការចោទថា ពួកគេបានក្លែងបន្លំឯកសារដែលបានប្រើនៅពេលព្យាយាមចុះបញ្ជីគណបក្សរបស់ខ្លួននៅឆ្នាំ២០២១។
លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ អតីតអនុប្រធានគណបក្សភ្លើងទៀន និងជាសកម្មជនសិទ្ធិការងារ ត្រូវបានចោទប្រកាន់ម្តងទៀតពីបទ «ញុះញង់» កាលពីខែកក្កដា។ ការចោទប្រកាន់នេះធ្វើឡើងពាក់ព័ន្ធនឹងវីដេអូដែលលោកនិយាយទៅកាន់សមាជិកគណបក្សរបស់ខ្លួននៅក្នុងខេត្តកណ្តាល ដែលលោកបានចោទប្រកាន់រដ្ឋាភិបាលថា «មិនគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ» ក៏ដូចជាបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីដែលលោកបានលើកឡើងថា មានភាពមិនប្រក្រតីក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ ក្នុងឆ្នាំ ២០២១ លោកធ្លាប់រងការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ និងអនុវត្តទោសរយៈពេល ១៥ ខែពីបទ «ញុះញង់»។
ការចាប់ខ្លួនសកម្មជនគណបក្សជំទាស់មួយចំនួនក្នុងប្រទេសថៃ ដែលបានភៀសខ្លួនទៅទីនោះដោយសារខ្លាចមានការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ បានបង្ហាញថា សូម្បីតែនៅពួកគេនិរទេសខ្លួននោះហើយក៏ដោយ ក៏ពួកគេមិនអាចរួចផុតពីកណ្តាប់ដៃគណបក្សកាន់អំណាចដែរ។ សកម្មជនគណបក្សជំទាស់ចំនួនប្រាំមួយនាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីខែកុម្ភៈ ដោយបីនាក់ក្នុងចំណោមនោះត្រូវបានចាប់ខ្លួនមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសថៃ។
II. ការវិវត្តន៍ផ្នែកច្បាប់
នៅក្នុងឆ្នាំដំបូងរបស់ខ្លួន រដ្ឋាភិបាលថ្មីបានផ្តួចផ្តើមកំណែទម្រង់ច្បាប់មួយចំនួន។ ជាឧទាហរណ៍មួយ ក្រសួងយុត្តិធម៌បានប្រកាសកាលពីខែសីហាថា ក្រសួងកំពុងដំណើរការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌកម្ពុជាដើម្បីបង្កើនគុណភាពប្រព័ន្ធតុលាការស្របតាមស្តង់ដារអន្តរជាតិ និងមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ យោងតាមសេចក្តីប្រកាសរបស់ខ្លួន ក្រសួងយុត្តិធម៌កំពុងចូលរួមជាមួយអ្នកជំនាញផ្នែកច្បាប់ ចៅក្រម ព្រះរាជអាជ្ញា និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីធានាឱ្យមានកំណែទម្រង់ស្របតាមតម្រូវការសង្គមបច្ចុប្បន្ន និងសម្លឹងមើលពីតម្រូវការនាពេលអនាគតផងដែរ។ ក្រសួងបានបញ្ជាក់ផងដែរថា កំណែទម្រង់នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពត្រឹមត្រូវនៃប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលឆ្លុះបញ្ចាំងពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន។ យោងតាមសេចក្តីថ្លែងការណ៍មានចំណុចជាក់លាក់ត្រូវបានដាក់បញ្ចូលដើម្បីការពារសិទ្ធិរបស់ជនសង្ស័យ និងជនជាប់ចោទ រួមទាំងសិទ្ធិមានតំណាងផ្នែកច្បាប់ សិទ្ធិមិនដាក់បន្ទុកខ្លួនឯង និងសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ការកែសម្រួលក្រមព្រហ្មទណ្ឌគួរតែបញ្ចប់ក្នុងអាណត្តិនេះ។
III. សេរីភាពខាងការបញ្ចេញមតិ
ការអនុវត្តសិទ្ធិសេរីភាពខាងការបញ្ចេញមតិនៅតែបន្តជាសកម្មភាពដែលអាចមានហានិភ័យខ្ពស់សម្រាប់អ្នកដែលបញ្ចេញទស្សនៈមិនគាំទ្រដល់គណបក្សកាន់អំណាច ឬគោលនយោបាយ ឬសកម្មភាពរបស់រដ្ឋាភិបាល។ សូម្បីតែអ្នកដែលប្រើសិទ្ធិនេះដើម្បីបញ្ចេញសំឡេងសម្រាប់ជនងាយទទួលរងគ្រោះបំផុតក្នុងសង្គមកម្ពុជា ក៏ត្រូវប្រឈមមុខនឹងការដាក់ទោសយ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័ស ដូចស្ដែងឱ្យឃើញតាមរយៈករណីរបស់អ្នកការពារសិទ្ធិមនុស្ស លោក កើត សារ៉ាយ ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់កាលពីខែមេសា ដោយសារការបញ្ចេញមតិអំពីជម្លោះដីធ្លី និងការបណ្តេញចេញដោយហិង្សានៅខេត្តព្រះវិហារ អំឡុងពេលដែលអាជ្ញាធរបានដុតផ្ទះរបស់ប្រជាសហគមន៍។ ការបញ្ចេញមតិនេះត្រូវបានធ្វើឡើងក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី និងការបង្ហោះនៅលើហ្វេសប៊ុកពីខែមុន ដែលពេលនោះលោក សារ៉ាយបានសម្តែងពីការព្រួយបារម្ភទាក់ទងនឹងដីធ្លី ផ្ទះសម្បែង និងសិទ្ធិកម្មសិទ្ធិរបស់សហគមន៍ និងបានអំពាវនាវដល់អាជ្ញាធរឱ្យដោះស្រាយបញ្ហានេះ។
ការបំបិទប្រព័ន្ធផ្សព្វផ្សាយសេរី និងការបៀតបៀនអ្នកសារព័ត៌មាន
ការប្រកាសយ៉ាងប្រញាប់ប្រញាល់របស់ក្រសួងព័ត៌មានឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺបានបង្ហាញឱ្យឃើញអំពីការខកខាននូវការពិគ្រោះយោបល់ប្រកបដោយអត្ថន័យជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលធ្វើការក្នុងវិស័យនេះ អំពីខ្លឹមសារនៃធម្មនុញ្ញនេះ និងជាការបង្កើតឧបករណ៍ ដែលអាចងាយនឹងប្រើប្រាស់ខុស ដើម្បីបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅកម្ពុជា។ ក្រសួងបានរៀបចំកិច្ចពិគ្រោះយោបល់ជាមួយអ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធនៅថ្ងៃទី២៤ ខែកក្កដា ដោយបើកឱកាសរយៈពេល១០ថ្ងៃ ដល់ភាគីពាក់ព័ន្ធអាចផ្តល់មតិកែលម្អលើធម្មនុញ្ញនេះ។ ទោះជាយ៉ាងណាក្តី នៅថ្ងៃទី៦ ខែសីហា គឺត្រឹមតែរយៈពេលបួនថ្ងៃ បន្ទាប់ពីថ្ងៃផុតកំណត់នៃការទទួលយកធាតុចូល ក្រសួងបានប្រកាសឱ្យប្រើធម្មនុញ្ញ ដោយមិនមានការពិភាក្សាបន្ថែមលើធាតុចូលដែលទទួលបានទេ។ យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ការដាក់ឱ្យប្រើធម្មនុញ្ញនេះគឺដើម្បី «បង្កើតឱ្យមានសណ្តាប់ធ្នាប់» នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយលោកថ្លែងថាថា «ក្រោមលេសនៃសេរីភាពសារព័ត៌មាន» ប្រជាជនកម្ពុជាបាន «ធ្លាក់ក្នុងអន្ទាក់» ដែលអាចទទួលព័ត៌មានពិត ឬក្លែងក្លាយ។
ក្រុមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានអំពាវនាវជាសាធារណៈឱ្យព្យួរ ធម្មនុញ្ញនេះសិន ដោយសារតែការចេញឱ្យប្រើយ៉ាងប្រញាប់ និងបទប្បញ្ញត្តិដែលមាននៅក្នុងធន្មនុញ្ញនោះ។ ពួកគេបានសម្តែងការព្រួយបារម្ភអំពីវិសាលភាពសក្តានុពលនៃការអនុវត្តធម្មនុញ្ញនេះ ដោយបញ្ជាក់ថា ហាក់ដូចជាមានបំណងអនុវត្តយ៉ាងទូលំទូលាយ និងខកខានក្នុងការដាក់បញ្ចូលផលប្រយោជន៍សាធារណៈ។
ក្នុងចំណាត់ការដែលបង្ហាញពីភាពងាយរងគ្រោះធ្ងន់ធ្ងរទៅលើអ្នកសារព័ត៌មានដែលលាតត្រដាងបញ្ហាជាប្រយោជន៍សាធារណៈ និងផលវិបាកដែលកើតមានពីសកម្មភាពនោះ អ្នកកាសែតដ៏ល្បីឈ្មោះលោក ម៉ិច ដារ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ជាការឆ្លើយតបនឹងការបង្ហោះសាររបស់លោកនៅលើបណ្តាញសង្គម នូវការខូចខាតដែលបង្កឡើងដោយប្រតិបត្តិការគាស់យកជណ្តើរថ្មឡើងទៅភ្នំបាភ្នំ ដែលជាវត្ត និងជាតំបន់ទាក់ទាញទេសចរណ៍មួយកន្លែងក្នុងខេត្តព្រៃវែង។ នៅថ្ងៃទី១ ខែតុលា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់គាត់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដោយសារការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែកញ្ញា និងបានបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលតុលាការបានចេញផ្សាយនៅថ្ងៃជាមួយគ្នាបញ្ជាក់ថា ខ្លឺមសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺ «បំភ្លៃការពិត បង្កាច់បង្ខូច និងប្រឌិត» និងធ្វើឡើងក្នុងចេតនា «ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីញុះញង់ឱ្យមានហិង្សា និងការភ័ន្តច្រឡំក្នុងចំណោមសាធារណជនមកលើថ្នាក់ដឹកនាំ»។
ខណៈដែលនេះមិនមែនជារឿងចម្លែកទេសម្រាប់អ្នកសារព័ត៌មាន និងបុគ្គលដែលត្រូវរងទោសទណ្ឌពាក់ព័ន្ធនឹងការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែមានការគិតយ៉ាងទូលំទូលាយថា លោក ម៉ិច ដារ៉ា ត្រូវបានកំណត់ជាគោលដៅដោយសារសេចក្តីរាយការណ៍របស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីលាតត្រដាងនូវមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា ដែលនាំឱ្យមានការជួញដូរមនុស្សនៅទូទាំងតំបន់ឱ្យធ្វើការនៅក្នុងបរិវេណទាំងនេះ និងការជាប់ពាក់ព័ន្ធរបស់មន្ត្រីរដ្ឋាភិបាលនៅក្នុងបណ្តាញទាំងនោះ។ ការរាយការណ៍នេះបាននាំឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាន ទទួលស្គាល់ ថា «ជាអ្នកកាសែតមានភាពសកម្មក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការជួញដូរមនុស្ស» នៅឆ្នាំ២០២៣។ ជាការទទួលស្គាល់ការងាររបស់គាត់ សហគមន៍អន្តរជាតិបានតាមដានពីការចាប់ខ្លួនគាត់យ៉ាងយកចិត្តទុកដាក់ ព្រមទាំងមានការអំពាវនាវអំពីការចាប់ខ្លួនគាត់ពីសំណាក់អង្កការសង្គមស៊ីវិលកម្ពុជាផងដែរ។ សំណើសុំនៅក្រៅឃុំរបស់គាត់ត្រូវបានបដិសេធ និងបន្តឃុំខ្លួនបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៤ ខែតុលា នៅពេលដែលគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន មួយថ្ងៃបន្ទាប់ពីវីដេអូរបស់គាត់ត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយមាននិន្នាការគាំទ្ររដ្ឋាភិបាល ដែលក្នុងនោះលោកបានសុំទោសចំពោះការបង្ហោះសារតាមបណ្តាញសង្គមដែលនាំទៅដល់ការចាប់ខ្លួនគាត់។ គិតត្រឹមថ្ងៃចេញផ្សាយរបាយការណ៍នេះ បទចោទប្រកាន់ចំពោះលោក ដារ៉ា គឹនៅតែមាននៅឡើយ ហើយគាត់ត្រូវរាយការណ៍ទៅនគរបាលជារៀងរាល់ខែ និងត្រូវហាមប្រាមក្នុងការចាកចេញពីប្រទេសកម្ពុជាផងដែរ។ បន្ទាប់ពីទទួលបានការដោះលែង លោកបានប្រកាសជាសាធារណៈថា លោកសូមផ្អាកការងារពីវិស័យសារព័ត៌មាន។
ឧទាហរណ៍មួយផ្សេងទៀតអំពីភាពងាយរងគ្រោះរបស់អ្នកសារព័ត៌មាន ហើយពេលខ្លះភាពងាយរងគ្រោះកាន់តែធ្ងន់ធ្ងរដូចជាករណីអ្នកកាសែត ឈឿង ឆេង ដែលត្រូវបានបាញ់ប្រហារ ខណៈពេលរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើនៅខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ។ គាត់បានស្លាប់នៅថ្ងៃទី៧ ខែធ្នូ ដោយសារតែរងបួសធ្ងន់។ របាយការណ៍បឋម និងសេចក្តីថ្លែងការណ៍របស់អាជ្ញាធរបានលើកឡើងថា ជនដៃដល់បានបាញ់លោក ឈឿង ឆេង ពាក់ព័ន្ធនឹងជម្លោះផ្ទាល់ខ្លួន។ របាយការណ៍បានបង្ហាញថា ជនដៃដល់ដែលត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃបន្ទាប់ មានជាប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់។ អង្គការសង្គមស៊ីវិលកម្ពុជា អំពាវនាវផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះក្នុងសំណុំរឿងនេះឱ្យបានឆាប់រហ័ស ពីព្រោះឃាតកម្មនេះធ្វើឱ្យអ្នកសារព័ត៌មាននៅកម្ពុជាស្ថិតនៅឆ្ងាយពីសេរីភាពក្នុងការអនុវត្តការងាររបស់ពួកគេ ដោយមិនខ្លាចការសងសឹក ឬការវាយប្រហាររហូតដល់ស្លាប់។
ការបញ្ចេញមតិតាមអ៊ីនធឺណិត
កាលពីខែកក្កដា ការចាប់ខ្លួនបានចាប់ផ្តើមធ្វើឡើងប្រឆាំងនឹងបុគ្គលដែលបានបញ្ចេញមតិតាមអ៊ីនធឺណិតអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (តំបន់ត្រីកោណអភិវឌ្ឍន៍) ដែលរិះគន់ថា មានលក្ខណៈអំណោយផលផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេសវៀតណាម។ ការចាប់ខ្លួនដំបូង គឺធ្វើឡើងចំពោះសកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួនបួននាក់ ដែលបានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក ដោយមានកិច្ចពិភាក្សាអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ និងទស្សនៈរបស់ពួកគាត់អំពីការជាប់ពាក់ព័ន្ធនឹងការបាត់ប្រយោជន៍របស់ប្រទេសកម្ពុជា និងដែនអធិបតេយ្យរបស់ខ្លួន។ ទោះបីជាមានការឆ្លើយតបដោយការចាប់ខ្លួននេះក៏ដោយ ការរិះគន់លើតំបន់ត្រីកោណអភិវឌ្ឍន៍មានការកើនឡើង រហូតដល់មានការរៀបចំផែនការប្រមូលផ្ដុំជាសាធារណៈ និងធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការមួយនេះ។ ប្រជាជនកម្ពុជារាប់ពាន់នាក់នៅកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក បានធ្វើបាតុកម្មប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ រហូតដល់អតីតនាយករដ្ឋមន្ត្រីជំរុញឱ្យរដ្ឋាភិបាល «ចងក្រងករណីទាំងអស់របស់បុគ្គលដែលរស់នៅក្រៅប្រទេស ហើយសិក្សាពីប្រវត្តិគ្រួសារ ទីលំនៅរបស់ពួកគេ ឬប្រសិនបើអ្នកទាំងនោះរស់នៅក្រៅប្រទេស»។ ក្រោយមក នៅថ្ងៃទី១៦ ខែសីហា ប្អូនប្រុសរបស់សកម្មជនបក្សជំទាស់ លោក ហៃ វណ្ណា ដែលរស់នៅប្រទេសជប៉ុន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាការឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់បងប្រុសលោកអំពីតំបន់ត្រីកោណអភិវឌ្ឍន៍។ គ្មានអ្នកណាដឹងអំពីទីកន្លែងឃុំខ្លួនរបស់លោកអស់រយៈពេលជាច្រើនថ្ងៃ រហូតដល់ខ្សែអាត់សំឡេង «ចម្លើយសារភាព» ដែលលោកបានថត ត្រូវបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យរដ្ឋាភិបាល។
បាតុកម្មនៅក្នុងប្រទេសកម្ពុជាមិនអាចធ្វើទៅបានតាមការគ្រោងទុកនោះទេ ដោយសារតែអ្នករៀបចំត្រូវបានចាប់ខ្លួន ឬដោយសារតែការរឹតបន្តឹងរបស់អាជ្ញាធរ ដូចជាការបិទផ្លូវនៅតាមដងផ្លូវចូលរាជធានីភ្នំពេញ និងការឆែកឆេររថយន្តដឹកទំនិញ និងតាក់ស៊ីចូលរាជធានី។
ក្នុងខែសីហា ក្រសួងយុត្តិធម៌បានព្រមានថា «កិច្ចខិតខំប្រឹងប្រែងដើម្បីញុះញង់ឱ្យមានការប្រឆាំង» តំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាផ្នែកនៃគ្រោងការណ៍ក្នុងការញុះញង់ឱ្យមាន «បដិវត្តន៍ពណ៌» ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល។ យោងតាមការកត់ត្រារបស់ ម.ស.ម.ក យ៉ាងហោចណាស់មានមនុស្សចំនួន៨០ នាក់ ត្រូវបានចាប់ខ្លួននៅចន្លោះខែកក្កដា និងខែសីហា ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ ខណៈដែលស្ថាប័នខ្លះប៉ាន់ប្រមាណថាតួលេខខ្ពស់ជាងនេះ។ អ្នកដែលត្រូវបានចាប់ខ្លួនមានអាយុចាប់ចន្លោះពី ១៦ ឆ្នាំដល់ ៧០ ឆ្នាំ និងយ៉ាងហោចណាស់មានមនុស្សចំនួនបួននាក់ ជាអនីតិជនអាយុក្រោម១៨ ឆ្នាំ។ ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួនរងការចោទប្រកាន់តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ «រួមគំនិតក្បត់» ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់ ១០ ឆ្នាំ។ អ្នកផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលអាចដាក់ទោសពន្ធនាគារពីប្រាំមួយខែ ដល់ពីរឆ្នាំ។
កាលពីថ្ងៃទី២០ ខែកញ្ញា រដ្ឋាភិបាលបានប្រកាសដកខ្លួនរបស់កម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដោយលើកឡើងពី «ការព្រួយបារម្ភរបស់ប្រជាជនចំពោះបញ្ហាទឹកដី» និងតម្រូវការ «ទទួលយកអាវុធពីពួកជ្រុលនិយម»។ ទោះបីជាមានការចង្អុលបង្ហាញថា រដ្ឋាភិបាលកំពុងឆ្លើយតបចំពោះការមិនពេញចិត្តរបស់ពលរដ្ឋទៅលើតំបន់ត្រីកោណអភិវឌ្ឍន៍ក៏ដោយ ក៏អ្នកដែលត្រូវបានចាប់ខ្លួន និងដាក់ទោសចំពោះការបង្ហាញការមិនពេញចិត្តចំពោះបញ្ហានេះ នៅតែរងការឃុំខ្លួនជាមួយនឹងបទចោទប្រកាន់ចំពោះពួកគេដដែល។ គិតត្រឹមចុងឆ្នាំ មានបុគ្គលប្រមាណ ៣០ នាក់នៅតែស្ថិតក្នុងពន្ធនាគារទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍។
ឧទាហរណ៍មួយផ្សេងទៀតអំពីផលវិបាក មិនត្រឹមតែកើតមានចំពោះការបញ្ចេញទស្សនៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការគាបសង្កត់ឆ្លងដែនពីសំណាក់គណបក្សកាន់អំណាចផងដែរ ដោយពលករធ្វើការតាមផ្ទះកម្ពុជាម្នាក់ត្រូវបាននិរទេសពីប្រទេសម៉ាឡេស៊ីដោយសារការរិះគន់អតីតមេដឹកនាំកម្ពុជានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅដើមខែតុលា កញ្ញា នួន តឿន ត្រូវនគរបាលចាប់ខ្លួនពីក្នុងផ្ទះនិយោជករបស់នាងក្នុងរដ្ឋសេឡាស្គ័រ (Selangor) ប្រទេសម៉ាឡេស៊ី និងបាននិរទេសត្រឡប់មកកម្ពុជាវិញ។ កញ្ញាត្រូវបានចោទប្រកាន់ពីបទ «ញុះញង់» និងបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលកែប្រែទី២ ដែលគេស្គាល់ថាពន្ធនាគារព្រៃស។
IV. សេរីភាពសមាគម
សិទ្ធិសេរីភាពខាងការបង្កើតសមាគមបានបន្តស្ថិតនៅក្រោមការរឹតត្បិតយ៉ាងតឹងរ៉ឹង ទាំងទៅលើអ្នកដែលអនុវត្ត និងអ្នកដែលគ្រាន់តែពិភាក្សា ឬរាយការណ៍អំពីការលំបាកក្នុងការអនុវត្តសិទ្ធិនេះនៅក្នុងប្រទេសកម្ពុជា។
ឧទាហរណ៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃរឿងនេះ គឺការធ្វើសវនកម្ម និង សវនកម្ម«សន្តិសុខជាតិ» ទៅលើអង្គការដែលធ្វើការលើកកម្ពស់សិទ្ធិការងារ គឹមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស («សង់ត្រាល់») តាមការបញ្ជារបស់ក្រសួងមហាផ្ទៃ ប៉ុន្មានសប្តាហ៍បន្ទាប់ពីអង្គការនេះបានចេញផ្សាយរបាយការណ៍រួមអំពីសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម។ របាយការណ៍នេះ បានផ្តោតទៅលើកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងអង្គការអន្តរជាតិខាងការងារ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោក ដែលខកខានក្នុងការពិនិត្យមើលនូវភាពអនុលោមតាមគោលការណ៍សិទ្ធិសេរីភាពក្នុងការបង្កើតសមាគមនៅក្នុងរោងចក្រដែលខ្លួនធ្វើការវាយតម្លៃ។ របាយការណ៍បានរកឃើញភស្តុតាងដែលបញ្ជាក់ថាកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ខកខានក្នុងការកំណត់ពីការរំលោភសិទ្ធិសេរីភាពខាងការបង្កើតសមាគមនៅក្នុងរោងចក្រដែលខ្លួនបានពិនិត្យមើលនោះទេ។ ទោះបីជារបាយការណ៍នេះត្រូវបានផលិតរួមគ្នាដោយ សង់ត្រាល់ ជាមួយនឹងសម្ព័ន្ធសហជីពកម្ពុជា និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ក៏ដោយ ក៏ការរុញច្រានប្រឆាំងនឹងរបាយការណ៍នេះ និងការរកឃើញរបស់របាយការណ៍នេះគឺសំដៅទៅលើអង្គការសង់ត្រាល់តែប៉ុណ្ណោះ។
មុនការបញ្ជាឱ្យធ្វើសវនកម្មសន្តិសុខជាតិ នៅថ្ងៃទី ១៥ ខែកក្កដា អង្គការសង់ត្រាល់ បានទទួលរងនូវការគំរាមកំហែងពីសំណាក់សហជីពដែលមានទំនោរគាំទ្ររដ្ឋាភិបាល ក្នុងនោះមានបាតុកម្មនៅខាងក្រៅការិយាល័យ ពាក្យបណ្តឹងប្រឆាំងនឹងបុគ្គលិករបស់អង្គការ និងញត្តិដាក់ជូនទៅរដ្ឋាភិបាលដើម្បីស៊ើបអង្កេតអង្គការសង់ត្រាល់។ ពួកគេបានចោទប្រកាន់ថា ការរកឃើញនេះមិនពិត និង«បង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចកម្ពុជា» ហើយបានចោទ អង្គការសង់ត្រាល់ ថាបានចូលរួមក្នុងសកម្មភាពខុសច្បាប់។ ទោះបីជាមានការអះអាងបែបនេះក៏ដោយ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានធ្វើការឆ្លើយតបទៅលើអ្នកធ្វើរបាយការណ៍ថាខ្លួនមិនមានការព្រួយបារម្ភចំពោះទស្សនៈរបស់របាយការណ៍នោះទេ ហើយថារបាយការណ៍នេះបានផ្តល់នូវអនុសាសន៍ដ៏មានតម្លៃសម្រាប់កម្មវិធីទាំងមូល។ ជាងនេះទៅទៀត ការជំរុញឱ្យមានសវនកម្មនេះ រងការថ្កោលទោសពីសំណាក់តួអង្គមួយចំនួន ដូចជាសមាគមវាយនភណ្ឌសម្លៀកបំពាក់ និងស្បែកជើង និងផលិតផលធ្វើដំណើរអាមេរិក និងសមាគមការងារសមរម្យ (តំណាងឱ្យម៉ាកវាយនភណ្ឌសម្លៀកបំពាក់ដែលមានប្រភពចេញពីរោងចក្រនៅកម្ពុជា) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិសភាសហភាពអឺរ៉ុប និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។
សមាជិកនៃអង្គការសង្គមស៊ីវិលក៏ជាក្រុមគោលដៅនៃការដាក់ទោសទណ្ឌជាការសងសឹកចំពោះការងារស្របច្បាប់របស់ពួកគេផងដែរ។ ឧទាហរណ៍មួយ គឺការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ទៅលើលោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាលធ្វើការការពារសិទ្ធិដីធ្លីកាលពីខែមីនា។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងអំឡុងពេលដែលអង្គការសមធម៌កម្ពុជា បានដាក់ពាក្យបណ្តឹង ទាក់ទងនឹងការផ្តល់ប្រាក់កម្ចីដ៏ពីសំណាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុដែលគាំទ្រដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោក។ លោក អៀង វុទ្ធី បានទទួលដីកាកោះហៅរបស់តុលាការពាក់ព័ន្ធនឹងការចោទប្រកាន់ ស្របពេលដែលការិយាល័យស៊ីបអង្កេតរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ កំពុងបំពេញបេសកកម្មស៊ើបអង្កេតលើករណីនេះ
V. សេរីភាពខាងការជួបប្រជុំ
ការអនុវត្តសិទ្ធិសេរីភាពខាងការជួបប្រជុំនៅបន្តជួបប្រទះនឹងការរឹតត្បិតស្ទើរតែជាប្រព័ន្ធ ឬសកម្មភាពរបស់អាជ្ញាធរក្នុងការរារាំងការអនុវត្ត ដូចដែលបានបង្ហាញតាមរយៈការរឹតបន្តឹងទៅលើការអនុវត្តសិទ្ធិទាក់ទងនឹងការប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍។
ជាឧទាហរណ៍មួយ សមាជិកសហគមន៍ប្រមាណ ៦០នាក់ មកពីស្រុកសំបូរ ខេត្តក្រចេះ បានធ្វើដំណើរមកទីក្រុងភ្នំពេញកាលពីខែមិថុនា ដើម្បីដាក់ញត្តិទៅអាជ្ញាធរស្នើឱ្យបញ្ឈប់ការឈូសឆាយដំណាំ និងដីស្រែចម្ការរបស់ពួកគាត់ពីសំណាក់ក្រុមហ៊ុនកសិកម្មយុវជនស្វាយរៀង។ ផ្ទះចំនួនប្រាំខ្នងត្រូវបានក្រុមហ៊ុនឈូសឆាយបំផ្លាញ ជាផ្នែកមួយនៃការឈូសឆាយដីដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា។ ពេលមកដល់ភ្នំពេញ ក្រុមតំណាងឱ្យប្រជាពលរដ្ឋ១.៣១៨ គ្រួសារ ត្រូវបានបដិសេធមិនឱ្យស្នាក់នៅក្នុងវត្តមួយ ហើយបន្ទាប់មកត្រូវបានអាជ្ញាធរសាកសួរ និងស្នើសុំមើលឯកសារ។ នៅថ្ងៃបន្ទាប់ ក្រុមនេះត្រូវបានអាជ្ញាធររារាំងមិនឱ្យដើរដង្ហែញត្តិទៅក្រសួងមហាផ្ទៃ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី។ ញត្តិបានរៀបរាប់លម្អិតពីផលប៉ះពាល់ហិរញ្ញវត្ថុកើតចេញពីការឈូសឆាយដី ព្រោះមានម្ចាស់ដីជាច្រើនបានយកប្រាក់កម្ចី។ ដោយសារត្រូវបានរារាំងពីការហែក្បួនដោយសន្តិវិធី តំណាងសហគមន៍បាននាំញត្តិនោះតាមរ៉ឺម៉កវិញ។
នៅទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ការហាមប្រាមស្ទើរតែជាប្រព័ន្ធលើការដង្ហែក្បួនដោយសន្តិវិធី បានធ្វើឡើងចំពោះមនុស្សប្រមាណ១៥ នាក់ ដែលប៉ុនប៉ងដើរពីផ្សាររាត្រីទៅកាន់ព្រះអង្គដងកើ ដើម្បីបួងសួងឱ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។ ក្រុមនេះរួមមានទាំងសមាជិកគ្រួសារនៃអ្នកដែលចាប់ដាក់ពន្ធនាគារផងដែរ។ យ៉ាងណាក៏ដោយ សន្តិសុខខណ្ឌដូនពេញបានបញ្ឈប់ការធ្វើដំណើរដោយថ្មើរជើងរបស់ពួកគេ មុនពេលចាប់ផ្តើមដោយមិនបញ្ជាក់ពីមូលហេតុអ្វីឡើយ។ យោងតាមការឃ្លាំមើលរបស់ ម.ស.ម.ក មេសន្តិសុខបានបញ្ជាឱ្យកងសន្តិសុខវាយនិងបំបាក់ជើងក្រុមអ្នកតវ៉ា ប្រសិនបើក្រុមយុវជននៅតែជម្នះដើរ និងបានប្រើពាក្យប្រមាថមកលើក្រុមសង្កេតការណ៍សិទ្ធិមនុស្សដែលបានចូលរួមឃ្លាំមើលព្រឹត្តិការណ៍នោះ ដោយចាត់ទុកពួកគេជា«ឆ្កែ»បម្រើបរទេស។ ទីបំផុត បាតុករបានបោះបង់គម្រោងហែក្បួនដោយសន្តិវិធី និងប្រើរឺម៉កកង់បីធ្វើដំណើរឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យវិញ។
VI. សិទ្ធិសង្គម និងសេដ្ឋកិច្ច
សិទ្ធិដីធ្លី
សិទ្ធិដីធ្លីនិងអាស្រ័យលើធនធានធម្មជាតិនៅតែជាបញ្ហាចម្រូងចម្រាស់ ដោយក្រុមអ្នកការពារសិទ្ធិដីធ្លី និងក្រុមដែលធ្វើការលើបញ្ហាទាំងនេះប្រឈមនឹងការចាប់ខ្លួន ដាក់ទោសទណ្ឌ និងការយាយី ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការឃ្លាំមើល និងចងក្រងការកាប់ឈើខុស និងសកម្មភាពខុសច្បាប់ផ្សេងទៀតដែលជាផលប្រយោជន៍សាធារណៈ។
នៅខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ុក ម៉ៅ អ្នកសារព័ត៌មាន និងការពារបរិស្ថានត្រូវបានចោទប្រកាន់ពីបទកាប់រានដីព្រៃរដ្ឋដោយខុសច្បាប់ និងបទញុះញង់ពាក់ព័ន្ធនឹងការរាយការណ៍របស់គាត់អំពីការកាប់ឈើខុសច្បាប់នៅក្នុងព្រៃសហគមន៍ភ្នំជំរកសត្វ។ ការរាយការណ៍របស់គាត់បានរួមចំណែកក្នុងការលាតត្រដាងអំពីភាពពាក់ព័ន្ធរបស់ក្រុមហ៊ុនរុករករ៉ែដែលភ្ជាប់ទៅនឹងយោធាកម្ពុជាដែលបានកាប់បំផ្លាញព្រៃឈើ។
អំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកការពារសិទ្ធិបរិស្ថានចំនួនប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនដោយយោធានៅក្នុងឃុំតាឡាត់ ស្រុកសេសាន ក្នុងខេត្តស្ទឹងត្រែង ខណៈដែលពួកគេកំពុងស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់។ ពួកគេត្រូវបានឃុំខ្លួននៅប្រមាណជា ៦ ម៉ាយ ពីទីតាំងប្រតិបត្តិការកាប់ឈើនៅឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង និងឃាត់ខ្លួនអស់រយៈពេលជិតបីថ្ងៃ មុនពេលពួកគេត្រូវបានដោះលែងនៅថ្ងៃទី២៥ ខែវិច្ឆិកា។
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ផ្នែកនៃកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដ៏ធំនៅទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីបានប្រកាសថា មកដល់ថ្ងៃនេះមានដីចំនួនពីរលានក្បាលដីត្រូវបានចុះបញ្ជី និងបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីចំនួនជិត ៥៩០.000 ប័ណ្ណ។ លោកនាយករដ្ឋមន្ត្រីបានប៉ាន់ប្រមាណថាមាននូវទឹកប្រាក់ចំនួន ១០០ លានដុល្លារសហរដ្ឋអាមេរិកដើម្បីធ្វើការសិក្សាទៅលើក្បាលដីចំនួន ២,៥ លានក្បាលដីបន្ថែមដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ក្នុងឆ្នាំ ២០២៥។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោកទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីខែកញ្ញា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានកត់សម្គាល់ថា «បញ្ហាសំខាន់ៗ» ទាក់ទងនឹងការអភិវឌ្ឍមិនស្មើភាពនៅតែមាន ដោយបានគូសបញ្ជាក់ថា ភាពក្រីក្រ និងការគ្រប់គ្រងគ្មានតុល្យភាពនៃធនធានគឺជាប់ទាក់ទងគ្នាមិនអាចកាត់ថ្លៃបានទៅនឹងការគ្រប់គ្រងដីធ្លីនិងធនធាន។ លោកបានសង្ខេបបន្ថែមទៀតអំពីជម្លោះជុំវិញការគ្រប់គ្រង និងការចូលប្រើប្រាស់ដីធ្លីក្នុងប្រទេស និងតួអង្គពាក់ព័ន្ធ ដោយគូសបញ្ជាក់ថា «ការព្រួយបារម្ភជាយូរមកហើយនៅតែមាន ទាក់ទងនឹងអសន្តិសុខនៃការកាន់កាប់ដីធ្លី និងសហគមន៍ត្រូវបានដកហូតដីធ្លីដោយសារផលប្រយោជន៍ពាណិជ្ជកម្ម ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងឥស្សរជនដែលមានអំណាចលើសលុប និងការរួមផ្សំនៃការធ្វើឯកជនភាវូបនីយកម្មដីរបស់រដ្ឋ»។
សិទ្ធិការងារ
សិទ្ធិការងារ និងជាពិសេស ការងារអនុវត្តនូវសិទ្ធិសេរីភាពខាងសមាគម និងខាងការបញ្ចេញមតិ ដើម្បីតស៊ូមតិធ្វើឱ្យប្រសើរឡើងនូវសិទ្ធិការងារ បានបន្តជាបញ្ហារាំងស្ទះដល់ការអភិវឌ្ឍ និងដល់បុគ្គលដែលធ្វើការតស៊ូមតិជួបប្រទះនូវការលំបាក។
នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ លោក ជា ចាន់ថា ជាថ្នាក់ដឹកនាំម្នាក់នៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀងចាប់ខ្លួន និងចោទប្រកាន់ពីបទឆបោក និងបទធ្វើសកម្មភាពបង្កើតឱ្យមានការភាន់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ តាមមាត្រា ៣៧៧ និង៣៧៨ និងមាត្រា ៦១០ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់ទាំងនេះពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានដល់អ្នកលក់ដូរក្រៅប្រព័ន្ធអំពីដំណើរការចុះបញ្ជីដើម្បីទទួលបានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីទទួលអត្ថប្រយោជន៍និងកិច្ចការពារផ្នែកការងារ។ គាត់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន មុនពេលសាលាដំបូងខេត្តស្វាយរៀងបើកការជំនុំជម្រះនៅថ្ងៃទី៩ ខែធ្នូ និងផ្ដន្ទាទោសដាក់ពន្ធនាគាររយៈ១៨ ខែ ទោះបីជាមិនមានអង្គហេតុបញ្ជាក់ថាមានជនរងគ្រោះកើតពីទង្វើរបស់គាត់ត្រូវបានបង្ហាញនៅក្នុងសវនាការ ឬបញ្ជាក់នៅក្នុងសាលក្រមក៏ដោយ។ លោក ចាន់ថា បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះនៅថ្ងៃទី២៣ ខែធ្នូ។
ការកើនឡើងប្រាក់ឈ្នួលអប្បររបស់កម្មករនិយោជិតចំនួន ៤ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៥ ត្រូវប្រកាសនៅខែកញ្ញា។ ការកំណត់ប្រាក់ឈ្នួលអប្បរមាចំនួន ២០៨ ដុល្លារអាមេរិកនេះ តិចជាងការទាមទាររបស់សហជីពដែលបានតស៊ូមតិឱ្យកើនឡើងចំនួន ១៤ ដុល្លារអាមេរិក ។ អ្នកឃ្លាំមើលលក្ខខណ្ឌការងារសមរម្យអន្តរជាតិបានប៉ាន់ប្រមាណថាមានគម្លាតចំនួន ៤១% រវាងប្រាក់ចំណូលជាមធ្យមរបស់កម្មករនិយោជិត និងចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូច្នេះ ជំរុញឱ្យកម្មករនយោជិតចំនួន ៧៣% ជំពាក់បំណុលគេដើម្បីដោះស្រាយតម្រូវការជាមូលដ្ឋាន។ នេះបង្ហាញថាការទទួលបានប្រាក់ឈ្នួលទាប ជាមូលហេតុហានិភ័យខ្ពស់លើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ចំនួន៣ឆ្នាំជាប់គ្នា។
ក្នុងខែកញ្ញា អ្នកការពារសិទ្ធិការងារ និងជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ («សហជីពណាហ្គាវើលដ៍») កញ្ញា ឈឹម ស៊ីថរ ត្រូវបានដោះលែងពីពន្ធនាគារបន្ទាប់ពីបានអនុវត្តទោសចំនួនពីរឆ្នាំពីបទញុះញង់។ គាត់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការធ្វើកូដកម្មដោយសន្តិវិធីដែលសមាជិករបស់សហជីពណាហ្គាវើលដ៍ធ្វើឡើងប្រឆាំងនិយោជក។ ក្នុងកិច្ចសម្ភាសន៍មួយបន្ទាប់ពីការដោះលែង កញ្ញា ស៊ីថរ បានអះអាងពីការប្តេជ្ញាចិត្តក្នុងការទាមទារឱ្យមានលក្ខខណ្ឌការងារល្អប្រសើរដោយថ្លែងថា «ជាកំហុសមួយសម្រាប់អ្នកដែលគិតថា យកមនុស្សទៅដាក់ពន្ធនាគារដើម្បីបញ្ឈប់កម្មករកុំឱ្យធ្វើការតវ៉ា»។
VII. ប្រព័ន្ធយុត្តិធម៌
ដូចដែលបានលើកឡើងខាងលើ រដ្ឋាភិបាលបានប្រកាសនូវផែនការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ។ កំណែទម្រង់ប្រព័ន្ធតុលាការធ្វើឡើងក្នុងគោលបំណងឱ្យប្រសើរឡើងនូវឯករាជ្យភាព និងអព្យាក្រិត្យភាពរបស់តុលាការ គឺជាការគួរឱ្យស្វាគមន៍ ព្រោះជាក្ដីប្រាថ្នាដែលសង្គមស៊ីវិល និងដែគូផ្សេងទៀតបានធ្វើការតស៊ូមតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តម្រូវការកំណែទម្រង់ប្រកបដោយអត្ថន័យ ត្រូវបានបង្ហាញតាមរយៈឧទាហរណ៍ខាងក្រោម ដែលប្រព័ន្ធយុត្តិធម៌មិនត្រូវប្រើប្រាស់ដើម្បីបំបិទសំឡេងអ្នកដែលមានទស្សនៈផ្ទុយ និង/ឬជំទាស់នឹងគោលនយោបាយ ឬសកម្មភាពរបស់រជ្ឋាភិបាលនោះទេ។
ការប្រើបា្រស់ប្រព័ន្ធតុលាការធ្វើជាអាវុធ
ដូចដែលបានលើកឡើងខាងលើ អ្នកការពារសិទ្ធិមនុស្ស និងប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងចាប់ខ្លួនក្នុងខែមេសា ឆ្នាំ២០២៤ ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់គាត់ និងសហការីរបស់គាត់ចំនួន ៤នាក់ផ្សេងទៀតថា «បានរៀបចំផែនការលួងលោមប្រជាជនឱ្យកាន់កាប់ដីដោយខុសច្បាប់ និងប្រើហិង្សាប្រឆាំងនឹងអាជ្ញាធរ ព្រមទាំងធ្វើឱ្យប្រជាជនភ័យខ្លាចអាជ្ញាធរ និងលាក់ខ្លួនក្នុងព្រៃ»។ គាត់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និងចោទប្រកាន់ពីការមិនរាងចាលពីក្នុងបទមជ្ឈិមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈិម តាមមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ។ នៅខែវិច្ឆិកា គាត់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល (ប្រមាណ ៥០០ ដុល្លារអាមេរិក)។ បច្ចុប្បន្ន គាត់កំពុងអនុវត្តទោសក្នុងមណ្ឌលអប់រំកែប្រែទី១ (ម១) ដែលគេស្គាល់ថាពន្ធនាគារ ព្រៃស។
នៅខែមិថុនា អ្នកការពារសិទ្ធិដីធ្លីក្នុងខេត្តកោះកុងចំនួន១២ នាក់ ត្រូវបានសាលាដំបូងខេត្តនេះកាត់ទោសពី«បទញុះញង់» និងផ្តន្ទាទោសពន្ធនាគាររយៈពេល ៦ ខែប៉ុន្តែទោសនោះត្រូវព្យួរ។ ពួកគេត្រូវបានចោទប្រកាន់ដោយសារតែការប៉ុនប៉ងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញដើម្បីដាក់ញត្តិជូនអាជ្ញាធរពាក់ព័ន្ធស្នើសុំឱ្យមានការដោះស្រាយចំពោះទំនាស់ដីធ្លីរបស់ពួកគេដែលបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងឧកញ៉ាចំនួនពីរទទួលបានដីសម្បទានសម្រាប់ដាំដំណាំអំពៅ ដែលដីទាំងនោះត្រួតគ្នាលើដីរបស់សហគមន៍។ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកការពារសិទ្ធិដីធ្លីក្នុងខេត្តកោះកុងត្រូវបានផ្តន្ទាទោសទាក់ទិននឹងបញ្ហាដីធ្លី ហើយភាគច្រើននៃអ្នកទាំង ១២ នាក់ធ្លាប់រងបទចោទជាច្រើនក្នុងសំណុំរឿងផ្សេងៗគ្នា។
នៅថ្ងៃទី២ ខែកក្កដា អ្នកការពារបរិស្ថាននៃក្រុមមាតាធម្មជាតិចំនួន ១០ នាក់ ត្រូវបានសាលាដំបូងភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៦ ឆ្នាំ ទៅដល់ ៨ ឆ្នាំ ពីបទ «រួមគំនិតក្បត់» និងបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ បន្ទាប់ពីការប្រកាសសាលក្រម សកម្មជនបួននាក់ក្នុងចំណោមប្រាំនាក់ ដែលមានវត្តមាននៅក្រៅតុលាការដើម្បីស្ដាប់លទ្ធផលសាលក្រម ត្រូវបានកងកម្លាំងនគរបាលដែលមានគ្នាប្រមាណ ៥០ នាក់ឡោមព័ទ្ធ និងចាប់ខ្លួនយ៉ាងហិង្សា។ អ្នកទាំងបួននាក់នោះ មានលោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា ត្រូវបានទាញដោយហិង្សាឱ្យចូលក្នុងឡានដែលត្រៀមចាំជាស្រេច ហើយយ៉ាងហោចណាស់ពួកគេចំនួនពីរនាក់នាក់ត្រូវបានចាប់ទាញ ក ។ នៅថ្ងៃនោះលោក យីម លាងហ៊ី មិនមានវត្តមាននៅតុលាការទេ ប៉ុន្តែគាត់ត្រូវបានចាប់ខ្លួននៅខាងក្រៅផ្ទះរបស់គាត់ប៉ុន្មានម៉ោងមុនពេលដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារលោករយៈពេលប្រាំបីឆ្នាំ និងពិន័យជាប្រាក់ចំនួន១០ លានរៀល (ប្រមាណ ២៥០០ ដុល្លារអាមេរិក)។ សកម្មជនប្រាំនាក់ផ្សេងទៀតនៃក្រុមមាតាធម្មជាតិ រួមមាន លោក អាឡិច ហ្គន់សាឡេស កញ្ញា ស៊ុន រដ្ឋា លោក ពក ខើយ លោក ប៉ិច ពិសិដ្ឋ និងអ្នកស្រី រ៉ី រក្សា ត្រូវបានប្រកាសផ្តន្ទាទោសដោយមិនមានវត្តមានពួកគេ។
បទចោទ «រួមគំនិតក្បត់» ដែលត្រូវបានប្រើប្រាស់ប្រឆាំងអ្នកការពារបរិស្ថានចំនួន ១០ នាក់ ទាក់ទិននឹងការប្រមូលព័ត៌មានរបស់ពួកគេអំពីការបង្ហូរទឹកស្អុយចូលទន្លេសាប ខណៈដែលបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវបានប្រើប្រាស់ ពាក់ព័ន្ធនឹងការសន្ទនាក្នុងកិច្ចប្រជុំតាមអនឡាញ នៅខែឧសភា ឆ្នាំ២០២១។ ការចាប់ខ្លួនរបស់ពួកគេនៅថ្ងៃទី២ ខែកក្កដា និងឃុំខ្លួនពួកគេគឺដោយសារតែសកម្មភាពបរិស្ថានរបស់ក្រុមខ្លួន។ ការចាប់ខ្លួន និងការផ្តន្តនាទោសលើពួកគេត្រូវរងការថ្កោលទោសយ៉ាងខ្លាំង ក្នុងនោះមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផងដែរ។
VII. សិទ្ធិស្ត្រី និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ អន្តរភេទ និងអ្នកដែលមិនអាច/មិនកំណត់អត្តសញ្ញាណយេនឌ័រខ្លួនឯង)
សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា
ការពិនិត្យជាសកលតាមកាលកំណត់ជុំទី៤ សម្រាប់កម្ពុជា គឺជាផ្នែកមួយដែលបានផ្តល់នូវសូចនាករវិជ្ជមានក្នុងការបន្តវឌ្ឍនភាពនៃបញ្ហាសិទ្ធិសមភាព និងការមិនរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។ រដ្ឋាភិបាលបានទទួលយកអនុសាសន៍ទាំង ១២ ដែលបានលើកឡើងទាក់ទងនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងនិន្នការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ។ អនុសាសន៍ទាំងនេះគ្របដណ្តប់លើវិស័យសំខាន់ៗចំនួនបី៖ ការបន្តដំណើរការឆ្ពោះទៅរកការទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា។ ការទទួលស្គាល់យេនឌ័រស្របច្បាប់នៃអ្នកប្តូរយេនឌ័រ និងអ្នកដែលមានយេនឌ័រចម្រុះ។ ការបន្តវឌ្ឍនភាពឆ្ពោះទៅរកសមភាពពេញលេញសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នា និងការអនុម័តវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការការពារការរើសអើងទាក់ទងនឹងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ។
សិទ្ធិស្ត្រី
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បានដាក់បញ្ចូលស្ថានភាពសិទ្ធិស្ត្រីជាផ្នែកមួយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ស្របពេលដែលអ្នករាយការណ៍ពិសេសបានកត់សម្គាល់អំពីការរីកចម្រើនជាទូទៅលើសិទ្ធិស្ត្រីក្នុងវិស័យផ្សេងៗ គាត់ក៏បានកត់សម្គាល់ជាពិសេសអំពីការចូលរួមរបស់ស្រី្តនៅមានកម្រិតនៅឡើយក្នុងថ្នាក់នយោបាយ កំពូល។ គាត់លើកឡើងថា កាលណាអំណាចត្រូវបានបុរសគ្របដណ្តប់បែបនេះ «ទំនោរគឺសម្រាប់តែស្ត្រីដែលមានទំនាក់ទំនងជិតស្និតនឹងឥស្សរជននយោបាយជាន់ខ្ពស់ ជាជាងសម្រាប់ស្រ្តីមិនជាប់ខ្សែស្រឡាយ អាចមានឱកាសកាន់អំណាច»។ ភាពជាតំណាងនៅមានកម្រិតនេះបានបង្ហាញឱ្យឃើញច្បាស់នៅក្នុងប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់។ ពាក់ព័ន្ធនឹងវិស័យការងារគ្រប់ទម្រង់ របាយការណ៍បានបញ្ជាក់ថា «បន្ទុកបីយ៉ាងដែលស្ត្រីត្រូវទទួលគឺការងារក្រៅផ្ទះ ការងារផ្ទះ និងការមើលថែកូន គឺជាបន្ទុកដែលមិនត្រូវបានរាប់បញ្ចូលក្នុងស្ថិតិ និងសមនឹងទទួលបានការទទួលស្គាល់បន្ថែមទៀត»។ អ្នករាយការណ៍ពិសេសក៏បានឆ្លុះបញ្ចាំងពីអត្រាខ្ពស់នៃស្ត្រីដែលត្រូវបង្ខំចិត្តខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែលបណ្តាលឱ្យមានបំណុលដ៏ធំនិងធ្ងន់ធ្ងរ។ ជាការឆ្លើយតប អ្នករាយការណ៍ពិសេសបានណែនាំឱ្យមានសកម្មភាពឆ្លើយតបជាបន្ទាន់ទៅនឹងយេនឌ័រ ដើម្បីនាំមកនូវការកាត់បន្ថយបំណុល និងទប់ស្កាត់ការផ្តល់ប្រាក់កម្ចីបោកប្រាស់។
របាយការណ៍នេះបានបញ្ជាក់ថា អំពើហិង្សាទាក់ទងនឹងយេនឌ័របានកើតឡើងនៅទូទាំងសង្គមកម្ពុជា ដោយស្ត្រីម្នាក់ក្នុងចំណោមប្រាំនាក់បានជួបប្រទះអំពើហិង្សាផ្លូវកាយយ៉ាងហោចណាស់ម្តង។ របាយការណ៍នេះបានដកស្រង់លទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិចុងក្រោយបំផុត ដែលបានរាយការណ៍ថាស្ត្រី ១០% ដែលមានអាយុចន្លោះពី១៥ ទៅ ៤៩ ឆ្នាំបានជួបប្រទះនូវអំពើហិង្សាផ្លូវកាយតាំងពីអាយុ១៥ ឆ្នាំ និង ៣% បានទទួលរងនូវអំពើហិង្សាផ្លូវភេទ។
ពាក់ព័ន្ធនឹងការឃុំខ្លួនស្ត្រីដោយសារតែការងារលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសបានបញ្ជាក់ថា៖
«ស្ត្រីដែលក្លាហាន និងមានការប្តេជ្ញាចិត្តគឺជាបេះដូងនៃសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ដែលដើរតួជាអ្នកត្រួតពិនិត្យនិងឱ្យមានតុល្យភាព ក្នុងការតស៊ូមតិដើម្បីយុត្តិធម៌ និងការគោរពសិទ្ធិប្រឆាំងនឹងទង្វើមិនត្រឹមត្រូវ។ ក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ ពួកគេគឺជាផ្នែកសំខាន់មួយនៃបរិយាកាសចម្រុះដែលចាំបាច់ដើម្បីជួយលុបបំបាត់អំណាចផ្តាច់ការ វិមជ្ឈការ និងជំរុញឱ្យមានការផ្លាស់ប្តូរសម្រាប់អនាគតអន្តរជំនាន់របស់កម្ពុជា។»
សេចក្តីសន្និដ្ឋាន
នៅក្នុងឆ្នាំ២០២៤ មានការកើនឡើងនៃការកំណត់គោលដៅជាក់លាក់ទៅលើអង្គការសង្គមស៊ីវិល និងតួអង្គផ្សេងទៀតដូចជាអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំសហជីព ក្រុមសហគមន៍ ។ល។ ការការកើនឡើងបែបនេះទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋបាលថ្មីក្នុងការពង្រឹងអំណាចរបស់ខ្លួន។ ដូចដែលបានបង្ហាញតាមរយៈការបង្រ្កាបលើអ្នកបញ្ចេញទស្សនៈជំទាស់ទៅនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ជាការបញ្ចេញទស្សនៈមិនស្របដែលអាចត្រូវបានបកស្រាយដោយខុសឆ្គងភ្លាមៗថាជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ នេះបង្ហាញពីហានិភ័យដែលកើតឡើងដោយសារតែសម្តែងទស្សនៈមិនស្រប ដែលជាសូចនាករច្បាស់លាស់នៃការគាបសង្កត់។ ទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់រដ្ឋាភិបាលតាមរយៈយន្តការការពិនិត្យជាសកលតាមកាលកំណត់ និងការប្តេជ្ញាចិត្តដែលបានប្រកាសដើម្បីអនុវត្តនូវអ្វីដែលខ្លួនបានយល់ព្រម អាចជាក្តីសង្ឃឹម ទោះបីជាត្រូវរង់ចាំមើលថាតើការប្តេជ្ញាចិត្តទាងនេះនឹងត្រូវបានអនុវត្ត ឬយ៉ាងណាក៏ដោយ។
ចប់
-
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៥
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៤
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២៣
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២២
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២១
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២០
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៩
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៨
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៧
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៦
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៥
- ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៤
- ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៣
- សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ២០១២
- សិទ្ធិមនុស្សនៅប្រទេសកម្ពុជា៖ ស្ថានភាពឆ្នាំ ២០១១
