គម្រោងស្រាវជ្រាវដើម្បីបញ្ចប់អំពើ​ហិង្សាទឹកអាស៊ីត

អ្វី?​

គម្រោង​ស្រាវជ្រាវ និង​តស៊ូ​មតិ​​ ដើម្បី​​បញ្ចប់​​អំពើ​​ហិង្សា​​ទឹកអាស៊ីតនៅកម្ពុជា ​​សម្រប​សម្រួល​ដោយ​​មជ្ឈ​-មណ្ឌល​​សិទ្ធិមនុស្សកម្ពុជា​ (ម.ស.ម.ក) ក្នុង​គោល​បំណង​បញ្ចប់​អំពើ​ហិង្សា​ទឹក​អាស៊ីត​ និងវប្បធម៌​​​និទណ្ឌ​ភាព តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​​​ផ្អែក​លើ​ភស្តុតាង។​ គោលបំណង​នៃ​គម្រោង​គឺ ១) ផ្តល់​​​ចំណេះ​ដឹង​​​មូលដ្ឋាន​​​​​ពី​ស្ថាន​ភាព​អំពើ​ហិង្សា​ទឹក​អាស៊ីត​​នៅកម្ពុជា និ វិធានការ​ដើម្បី​បញ្ចប់ទង្វើ​ទាំង​នេះ​ ២) បង្កើន​ការ​យល់​ដឹង​ក្នុង​​សង្គម​​​ពី​​ផលប៉ះពាល់នៃ​អំពើ​ហិង្សា​ទឹក​​អាស៊ីត​ និង ៣)​ រៀប​ចំ​ការ​ពិភាក្សា​ និង​​​​តស៊ូ​មតិដើម្បី​​​​​​​ឲ្យ​មាន​​​​ការបង្កើត​ និង​​​​អនុវត្ត​ច្បាប់​​ដែល​​អាច​​​​​​បំបាត់​​អំពើ​ហិង្សា​ទឹក​អាស៊ីត​ប្រកប​ដោយ​​​ប្រសិទ្ធភាព​។

ហេតុអ្វី?

ការ​វាយប្រហារ​​ដោយ​​​ទឹក​​អាស៊ីត​ ​​​​គឺ​ទង្វើ​​​ដែល​​​​ជន​ប្រព្រឹត្តជះ​ ឬចាក់​ទឹក​អាស៊ីត​​​លើ​ជន​រង​គ្រោះ​ ​ជា​ទូទៅ​​គឺ​តម្រង់​​រក​​ផ្ទៃ​មុខ ​ទង្វើ​​នេះ​ភាគច្រើន​មិនមាន​​បំណងសម្លាប់​​នោះ​ទេ​ ​​​គ្រាន់​តែ​​ធ្វើ​​​ឲ្យ​ពិការ បាត់បង់​​​សម្រស់ ឬ​​ធ្វើ​​ទា​រុណ-កម្ម​។ ផល​វិបាក​នៃ​ការវាយប្រហារនេះ រួម​មាន ធ្វើ​ឲ្យ​ពិការ​ភ្នែក ​​​ស្លាក​ស្នាម​អចិន្រ្តៃយ៍​នៅ​លើផ្ទៃ​មុខ ​និងដង​ខ្លួន និង​ពេល​​ខ្លះធ្វើ​ឲ្យ​​ពិការយ៉ាង​​ធ្ងន់​ធ្ងរ។​ ជន​រងគ្រោះ​មិន​ត្រឹម​តែ​រងទុក្ខ​វេទនា​​ផ្លូវ​កាយនោះទេ ប៉ុន្តែ​​ក៏​អាច​​មាន​បញ្ហា​​ផ្លូវ​ចិត្ត​ផង​ដែរ ព្រោះ​ភាគ​ច្រើន​ ជន​រងគ្រោះ​​​​​ដោយ​ទឹក​អាស៊ីត​ត្រូវ​បាន​​​​​បោះបង់​ឲ្យ​នៅ​ក្រៅ​សង្គម​​។

យោងតាមរបាយការណ៍​ប្រចាំឆ្នាំ របស់​អង្គការ​ជួយ​ជនរង​គ្រោះ​កម្ពុជា​ដោយសារ​​អាស៊ីត​​ ឆ្នាំ​២០០៩​ មាន​​ករណី​វាយ​ប្រហារ​ដោយទឹក​អាស៊ីត​ចំនួន ២៨ករណី មានជនរងគ្រោះចំនួន​៣៣​នាក់ និងក្នុង​ឆ្នាំ២០១០ មាន​ករណី​វាយ​ប្រហារ​ ១៩​ករណី ៣ករណី ជា​ករណី​​ធ្វេស​ប្រហែស និង ១ករណី​ជា​ករណី​​ធ្វើ​អត្ត​ឃាត បន្សល់​ទុក​នូវ​​ជនរងគ្រោះ​​ប្រហែល​ជា ​៤០នាក់។ របាយការណ៍​ថ្មីៗ​​​ ចាប់​ពី​ខែមករា ដល់​ ខែ​មិថុនា​ ឆ្នាំ​ ២០១១ មានករណី​វាយ​ប្រហារ​ ៦ករណី និង​ករណី​ធ្វេស​ប្រហែស​​ ៣ករណី មានជនរងគ្រោះសរុប​ ១៥នាក់។ ក្នុងខែឧសភា ឆ្នាំ​២០១០ ម.ស.ម.កនិង អង្គការជួយជនរងគ្រោះកម្ពុជាដោយ​សារ​​ទឹក​អា​ស៊ីត បានរួម​គ្នា​តាក់​តែង​​របាយការណ៍​​មួយ​​ស្តី​​ពីស្ថានភាពអំពើ​ហិង្សា​​ទឹក​អាស៊ីត​​នៅកម្ពុជា ដែល​មានចំណង​​ជើង​ថា​​​​ ”នំាគ្នាបញ្ឈប់អំពើហិង្សា​ដោយអាស៊ីតនៅកម្ពុជា​”។​ របាយ​ការណ៍​​បញ្ជាក់​​​ថា ការ​វាយ​ប្រហារ​ដោយ​​ទឹក​អាស៊ីត ជាទូទៅ​កើត​ឡើង​ដើម្បី​​ ឬត្រូវ​​មើលឃើញ​​​ថាជា​​មធ្យោ​បាយ​ ​ដោះ​ស្រាយ​​ជម្លោះ​រវាងបុគ្គល ដែល​ភាគ​ច្រើន​​នៃ​ការ​វាយ​ប្រហារ​ដែល​បាន​​រាយការណ៍​​គឺ​​ដោយ​សារ​តែ​​​បញ្ហា​គ្រួសារ​ ឬ​​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​។ ជម្លោះ​មុខ​ជំនួញ និង​​ដី​ធ្លី​ ក៏​ជា​​មូល​ហេតុ​​ចម្បង​​មួយ​​ដែរ​។ ទោះ​បី​ជា​យ៉ាង​ណា​​ ករណី​វាយ​ប្រហារ​​ជា​ច្រើន​​​ ​មាន​​មូលហេតុ​​​មិនច្បាស់លាស់ និង​មិន​​អាច​​កំណត់​មុខ​សញ្ញា​​​​ជន​​ល្មើសបាន​។​​​​​ របាយការណ៍​​​ក៏​បាន​បន្ថែម​ទៀត​​បង្ហាញ​ថា​ ​បើ​ធ្វើ​​ការ​ប្រៀប​ធៀប​ ការវាយប្រហារ​លើស្រ្តី​គឺ​មាន​ចំនួន​ប្រហាក់​ប្រហែល​នឹង​​​បុរស។​

ចំណុច​ដែល​គួរ​យក​ចិត្ត​ទុកដាក់​ជា​​បន្ទាន់​ ​ពាក់​ព័ន្ធ​នឹង​​​ការ​វាយប្រហារដោយទឹកអាស៊ីតគឺ បញ្ហានិទណ្ឌ​ភាព​ ដែល​​​ជា​ទូទៅ ​ជនល្មើស​​​​គេច​វេះ​ពី​ការ​សម្រេច​ក្តី​ និង​​ផ្តន្ទា​ទោស​ចំពោះ​បទល្មើស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​ បទល្មើស​​​​ដែល​​បាន​បញ្ជូន​ទៅ​តុលាការ​​មាន​ចំនួន​​តិច​​តួច​ណាស់​ ហើយបើ​សិន​ជា​មាន​​​ការ​ផ្តន្ទា​​ទោស ក៏ទោស​នោះ​​​​មិន​សមាមាត្រ​នឹង​ភាព​ធ្ងន់​ធ្ងរ​នៃ​​​បទ​ល្មើស​ដែល​បាន​ប្រព្រឹត្ត​​​​ដែរ​។

ក្នុងឆ្នាំ២០១០ រាជ​រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការពិសេសមួយដែលមានតួនាទីពិនិត្យ​​លើ​ស្ថាន​ភាព​អំពើ​ហិង្សា​​ទឹកអាស៊ីតនៅកម្ពុជា និង​ធ្វើ​សេចក្តី​​ព្រាង​ច្បាប់​​អាស៊ីត ដើម្បី​​​​​ចាត់​វិធាន​ការ​មក​លើ​​​ស្ថានភាព​​អំពើ​​ហិង្សា​​ទឹក​អាស៊ីត​នៅ​កម្ពុជា។​ របាយការណ៍​របស់​ ម.ស.ម.ក និង ​​​អង្គការជួយជនរងគ្រោះកម្ពុជាដោយ​សារ​​ទឹក​អា​ស៊ីត​​ បាន​បញ្ជាក់​ថា​ ច្បាប់​នេះ​គួរ​តែ​ផ្តោត​លើ​​​ចំណុច​បួន​សំខាន់ៗ​ ដែល​មាន​ដូចជា ​​​ការ​យក​អាស៊ីត​មក​ប្រើប្រាស់ និទណ្ឌភាព​ បញ្ញត្តិ​​ស្តី​ពី​ការ​ជួយ​គាំ​ទ្រ​ដល់​​ជន​រង​គ្រោះ​​​ជា​បន្ត​បន្ទាប់​​ និង​​​ទស្សន​របស់​សាធារណ​ជន​។​​​

របៀបណា?

គម្រោង​​នេះ​​ ​​​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​បន្ត​ការងារ​ដែល​បាន​ចាប់​ផ្តើម​​ក្នុង​របាយការណ៍​នំាគ្នា​បញ្ឈប់​អំពើ​ហិង្សា​​​ទឹក​អាស៊ីត​​នៅ​កម្ពុជា ដើម្បី​បញ្ចប់​​វប្បធម៌​និទណ្ឌ​ភាព​​​តាម​រយៈ ៖​

    ​​
  • ការស្រាវជ្រាវនិងវិភាគ ៖ ​ធ្វើ​ការ​បន្ត​​លើ​​ការ​ស្រាវជ្រាវ​ដែល​បាន​បញ្ចប់​​ជា​ស្ថាពរ​​​ ម.ស.ម.ក​​ នឹង​​​​​​​ផ្តល់​​​​​នូវ​ចំណេះ​ដឹង​​ពី​ស្ថានភាព​​អំពើ​ហិង្សា​ទឹក​អាស៊ីត​​នៅ​កម្ពុជា និង​វិធានការ​​ដើម្បី​បញ្ចប់​​ទង្វើ​​​នេះ​​។​ ​ចំណុច​មួយ​​ ​​ទៀត​​​ដើម្បី​ឲ្យ​មាន​​​ការ​យល់​ដឹង​ពី​​ស្ថានភាព​អំពើ​ហិង្សា​ទឹក​​អាស៊ីតនៅ​កម្ពុជា​ ​​ ម.ស.ម.ក នឹង​​ចង​​ក្រង​​​​នូវ​ករណី​​​​អំពើ​ហិង្សា​ទឹក​អាស៊ីត​​ទាំង​ឡាយ​ និង​​​​​បង្ហាញ​ករណី​ទាំង​នេះ​​​​​​នៅ​លើ​គេហទំព័រ​​សិទ្ធិមនុស្ស​ Sithi.org ​។
  • ការអប់រំសាធារណៈ ៖ ម.ស.ម.ក នឹង​សហការ​ជាមួយ​​​​​អ្នក​ពាក់​ព័ន្ធ​នានា និង​អង្គការ​សង្គម​ស៊ីវិល​ រួម​ទាំង​ អង្គការ​ជួយ​សង្រ្គោះ​​ជន​រង​គ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីត​ផង​ដែរ​​ ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​​ក្នុង​សង្គម​​​អំពី​ផល​ប៉ះពាល់​​នៃ​អំពើ​ហិង្សា​​​​ទឹក​អាស៊ីត។ សកម្មភាព​នេះ ​​រួមទាំង​ការ​អប់​រំ​​អំពី​​​​របួស​ស្នាម​ដែល​បណ្តាល​​​មក​ពី​​​ទឹក​អាស៊ីត​ សារៈ​សំខាន់​​ក្នុង​ការ​​​ប្រើ​​ទឹក​អាស៊ីត​​យ៉ាង​មាន​សុវត្ថិភាព​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ វិធានការ​​ដាក់​ទោស​​ដ៏​ធ្ងន់​ធ្ងរ​​ដែល​នឹង​ត្រូវ​អនុវត្ត​ និង​មធ្យោ​បាយ​​​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​តាម​​វិធី​​អហិង្សា​។
  • ​ការពិភាក្សានិងតស៊ូមតិ ៖ ​ម.ស.ម.ក នឹង​រៀប​ចំ​​ការ​ពិភាក្សា និង​តស៊ូ​មតិ​​ដើម្បី​ឲ្យ​មាន​ការ​បង្កើត​ និង​អនុវត្ត​​ច្បាប់​ដែល​​អាច​ដោះ​ស្រាយ​បញ្ហា​អំពើ​ហិង្សា​ទឹក​អាស៊ីត​​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ ឯចំណុច​មួយទៀត​​​​​​គឺ ​​​គម្រោង​នឹង​​​ធ្វើ​ការ​សង្កេតមើល​ករណី​វាយ​​ប្រហារ​ដោយ​ទឹក​អាស៊ីត​​ ដើម្បី​មើល​ថា​​តើប្រព័ន្ធ​តុលាការ​ និង​​ភ្នាក់​ងារ​​​អនុវត្ត​ច្បាប់​ដោះ​ស្រាយ​ជា​មួយ​ករណី​ទាំង​នេះ​ដោយ​របៀប​ណា​។ លទ្ធផល​នឹងនៃ​ការ​សង្កេត​​នេះ​​នឹង​ជួយ​ឲ្យ​មាន​ការ​​កែ​លម្អ​​ក្នុង​វិស័យ​តុលាការ​​​នៅ​កម្ពុជា និង​​ភ្នាក់​ងារ​នីតិ​រដ្ឋ​ដទៃ​ទៀត​​ក្នុង​បរិបទ​នៃ​​​អំពើ​ហិង្សាទឹក​អាស៊ីត។​​​​​​​M

ដើម្បី​នរណា?

ក្រុម​​គោល​ដៅ​​​នៃ​ សកម្មភាព​​​ស្រាវជ្រាវនិងវិភាគ និង​ ការ​ពិភាក្សា​ និង​តស៊ូ​មតិ​ គឺ​​​​ស្ថាប័ន​នីតិ​បញ្ញត្តិ ​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ និង​ស្ថាប័ន​​​តុលាការ​ អង្គការមិន​មែន​រដ្ឋាភិបាល អង្គការ​មហា​ជន​ ​និង​​ប្រជា​ពល​រដ្ឋ​​ទូទៅ​​ដើម្បី​ធានា​​​ការ​អនុម័ត​ច្បាប់​ដ៏​​មាន​ប្រសិទ្ធភាព​ និង​​ការ​អនុវត្ត​​យ៉ាង​តឹង​រ៉ឹង​​។ ចំណែក​​ក្រុម​គោល​ដៅ​នៃ​​ការ​អប់​រំ​សាធារណៈ​គឺ​​ប្រជាពលរដ្ឋ​ទូទៅ​ តាម​រយៈ​ការ​បង្កើន​ការ​យល់​ដឹង​​ដល់​​ពួក​គេ​ពី​​​ផល​ប៉ះពាល់​នៃ​​​​អំពើ​ហិង្សា​ទឹក​អាស៊ីត និង​ផ្លាស់​ប្តូរ​​​ផ្នត់​គំនិត​​​​របស់​ពួក​គេ​ដែល​មាន​មក​លើ​ជន​រង​គ្រោះ​ដោយសារ​ទឹក​អាស៊ីត។