គម្រោងវេទិកាអប់រំសិទ្ធិមនុស្សកម្ពុជា
តើវេទិកាអប់រំសិទ្ធិមនុស្សកម្ពុជាជាអ្វី?
គម្រោងវេទិកាអប់រំសិទ្ធិមនុស្សកម្ពុជា ជាគម្រោងដែលសម្របសម្រួលដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) មានគោលបំណងបង្កើនចំណេះដឹងដល់យុវជនកម្ពុជាក្នុងទីក្រុង អំពីបញ្ហាសំខាន់ៗជុំវិញសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា។
គម្រោងនេះមានគោលបំណង (i) ដើម្បីរកឲ្យឃើញនូវចំណុចសំខាន់ៗ ចំនួន ៥ ពាក់ព័ន្ធនឹងសិទ្ធិដីធ្លីនៅកម្ពុជា និងមធ្យោបាយដ៏ប្រសើរបំផុតក្នុងការផ្សព្វផ្សាយនូវព័ត៌មានទាំងនេះ (ii) ដើម្បីបង្កើតខ្លឹមសារដែលងាយស្រួលយល់ស្ដីពីការអប់រំសិទ្ធិដីធ្លីនៅលើបណ្ដាញអ៊ិនធឺណិត និង (iii) ដើម្បីចែករំលែកមាតិកានៅលើបណ្ដាញអ៊ិនធឺណិត និងរៀនពីបទពិសោធន៍ទាក់ទងនឹងការអភិវឌ្ឍគម្រោងនេះសម្រាប់បង្កើតមេរៀនអំពីសិទ្ធិមនុស្សក្នុងពេលអនាគត។
ហេតុអ្វីចាំបាច់មានគម្រោងនេះ?
នៅកម្ពុជា ការអប់រំស្ដីពីសិទ្ធិមនុស្សនៅមានកម្រិតនៅឡើយ។ ដូចបណ្ដាប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក កង្វះខាតកិច្ចសហប្រតិបត្តិការស្ដីពីការបញ្ចូលការអប់រំសិទ្ធិមនុស្សជាមូលដ្ឋានទៅក្នុងកម្មវិធីសិក្សាធ្វើឲ្យយុវជនមួយភាគធំ ធំធាត់ឡើងដោយទទួលបានចំណេះដឹងសិទ្ធិមនុស្សនៅមានកម្រិត។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើននៅតែមិនបានដឹងអំពីសិទ្ធិ ដែលពួកគេគួរតែទទួលបានដោយផ្អែកលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហេតុដូច្នេះហើយបានជាធ្វើឲ្យអាជ្ញាធរបន្តរំលោភបំពានសិទ្ធមនុស្សគ្រប់ទីកន្លែង និងមានលក្ខណៈជាប្រព័ន្ធ។ ការរំលោភបំពានទាំងនេះ មានដូចជា ការរំលោភសិទ្ធិកាន់កាប់ទ្រព្យសម្បតិ្ត (អចលនទ្រព្យ) សិទ្ធបញ្ចេញមតិ សិទ្ធិជួបប្រជុំ និងប្រមូលផ្តុំ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងសិទ្ធិផ្សេងៗទៀត។ ប្រសិនបើពុំមានការបង្កើនចំណេះដឹងមូលដ្ឋានស្ដីពីសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋទូទៅទេនោះ នឹងធ្វើឲ្យតម្រូវការនៃការទាមទារឲ្យមានការគោរពសិទ្ធិមនុស្សក៏មិនមានការកើនឡើងនោះដែរ។
តាមរយៈការបង្កើនលទ្ធភាពក្នុងការទទួលចំណេះដឹងស្ដីពីសិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍវេទិកាដែលមានលក្ខណៈអន្តរកម្មសម្រាប់យុវជន គម្រោងនេះនឹងជួយបង្កើនតម្រូវការសម្រាប់ការផ្លាស់ប្តូរសង្គមនៅកម្ពុជា ដែលមកដល់ពេលនេះនៅមានកម្រិតនៅឡើយ។
តើយើងធ្វើការនេះដោយរៀបណា?
ដើម្បីធ្វើឲ្យសម្រេចបាននូវគោលបំណងខាងលើ យើងត្រូវអនុវត្តន៍សកម្មភាពដូចខាងក្រោម ៖
- រៀបចំ ការវាយតម្លៃពីតម្រូវការព័ត៌មានស្ដីពីសិទ្ធិមនុស្សជាមួយនឹងក្រុមគោលដៅតាមរយៈការពិភាក្សាក្រុម។
- កំណត់ និងបង្កើត ចំណុចសំខាន់ៗទាំង ៥ ដែលទាក់ទងនឹងសិទ្ធិដីធ្លី និងបង្កើតវេទិកាអន្តរកម្មមួយសម្រាប់ក្រុមគោលដៅ។
- ធ្វើការជាមួយ ក្រុមគោលដៅ ក្នុងគោលបំណងជំរុញឲ្យមានការស្វែងយល់បន្ថែមទៀតស្ដីពីវេទិកានេះ តាមរយៈការផ្សព្វផ្សាយជាសាធារណៈនៅតាមកម្មវិធីវិទ្យុរបស់ ម.ស.ម.ក ផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងដាក់លើគេហទព័រ Sithi.org និងខិតប័ណ្ណនានា។
តើគម្រោងនេះធ្វើដើម្បីនរណា?
ក្រុមគោលដៅនៃគម្រោងនេះ រួមមានក្រុមយុវជនក្នុងទីក្រុង និងសាធារណជនទាំងអស់ ដែលអាចមានលទ្ធភាពប្រើប្រាស់អ៊ិនធឺណិត។ គម្រោងនេះមានគោលបំណងធានាថាប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ទៀតនឹងទទួលបាននូវព័ត៌មានទាំងនេះប្រសើរជាងមុន ហើយត្រៀមខ្លួន និងតាំងចិត្តក្នុងការអនុវត្តន៍សិទ្ធិរបស់ពួកគេ។
