១៤ឆ្នាំនៃការសម្លាប់លោក ឈុត វុទ្ធី៖ ក្រុមគ្រួសារនិងសង្គមស៊ីវិលទាមទារឲ្យអាជ្ញាធរវែកមុខឃាតករនៅក្រោយខ្នង

  • 01/09/2026
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

«មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យដោះស្រាយ និងបញ្ចប់វប្បធម៌និទណ្ឌភាព តាមរយៈស្ថាប័នដែលឯករាជ្យ និងមិនលម្អៀងមួយ និងនាំយកអ្នកដែលទទួលខុសត្រូវរាល់ករណីសម្លាប់ក្រៅប្រព័ន្ធតុលាការទាំងអស់ ព្រមទាំងករណីអ្នកការពារសិទ្ធិមនុស្សដូចជាលោក ឈុត វុទ្ធី ផងដែរ មកផ្តន្ទាទោសតាមច្បាប់។» នេះគឺសាររបស់លោក សេង សុវឌ្ឍនា នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលត្រូវបានបង្ហោះនៅក្នុងឱកាសខួប ១៤ឆ្នាំនៃការបាញ់សម្លាប់លើសកម្មជនការពារព្រៃឈើដ៏ល្បីល្បាញលោក ឈុត វុទ្ធី។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្រង់សម្តីកូនប្រុសលោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី ដែលបានរៀបរាប់ថា អស់រយៈពេល១៤ឆ្នាំមកនេះ ក្រុមគ្រួសាររបស់លោកនៅមិនទាន់ទទួលបានយុត្តិធម៌។ ក្នុងនាមជាកូនប្រុសរបស់លោក ឈុត វុទ្ធី លោក ឆឺយ ឧត្តមរស្មី នៅតែទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដដល់គ្រួសាររបស់លោក។ បើតាមលោក ឧត្តមរស្មី មកដល់ពេលនេះ មេគំនិតដែលនៅពីក្រោយខ្នងឃាតករ ដែលបាញ់សម្លាប់ឪពុករបស់លោក នៅមិនទាន់បានចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ។