សង្គមស៊ីវិល៧៣ស្ថាប័នស្នើនាយករដ្ឋមន្ត្រីកម្ពុជាដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់

  • 01/09/2026
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

អ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក រស់ សារ៉ាត់ មានប្រសាសន៍ថា ប្រសិនជាមានការដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងអាចមានការចូលរួមពីតំណាងមកពីប្រទេសជាង ៨០ នោះ វាបង្ហាញនូវការគោរពសិទ្ធិមនុស្សពីសំណាក់កម្ពុជា។

លោកថា៖ «ការដែលដោះលែងសកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សឱ្យមុនកិច្ចប្រជុំកំពូលនេះអាចជាការបង្ហាញនូវរូបភាពវិជ្ជមានមួយរបស់កម្ពុជាចំពោះកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួននៅក្នុងវេទិកាដ៏ធំមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ការដោះលែងសកម្មជនទាំងនេះ នឹងអនុញ្ញាតឱ្យពួកគេអាចបន្តកិច្ចការពារបរិស្ថាន ដើម្បីរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈមត្រូវដោះស្រាយជាសកល»។