តុលាការឃុំខ្លួនអ្នកប្ដូរយេនឌ័រជាស្ត្រីម្នាក់ក្រោយជាប់បទចោទប្រកាន់ចំនួន៣មានទាំងបទចោទក្លែងឯកសារ
- 01/09/2026
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
អ្នកសម្របសម្រួលគម្រោងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក លឹម បូរិន បានឱ្យដឹងថា ប្រទេសកម្ពុជានៅពុំទាន់មានច្បាប់សម្រាប់ការផ្លាស់ប្ដូអត្តសញ្ញាណ ឬការទទួលស្គាល់អត្តសញ្ញាណ ឬលិខិតគតិយុត្តិណាមួយ ទៅតាមអត្តសញ្ញាណរបស់បុគ្គលក្នុងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅឡើយទេ។
លោក លឹម បូរិន៖ «វាជាការព្រួយបារម្ភមួយ ក្នុងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាដែរ អ្នកមួយចំនួនគាត់ទៅរត់ការក្រៅផ្លូវការ ហើយគាត់បានអត្តសញ្ញាណបណ្ណ ឬប៉ាស្ព័រ ឬក៏បណ្ណបើកបរ[ក្នុងករណីនេះ]ជាក់ស្ដែង អ៊ីចឹងជាការព្រួយបារម្ភគឺបទក្លែងឯកសារសាធារណៈ អ៊ីចឹងមិនមែនជាប់តែគាត់ទេ តែសួរថាអ្នកណាចេញឱ្យគាត់ ហើយចេញបានដោយវិធីណា»។
យ៉ាងណាលោក លឹម បូរិន រំឭកថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលយកអនុសាសន៍ទាំង ១២ ទាក់ទងនឹងការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ដែលក្នុងចំណោមអនុសាសន៍ទាំងនោះមានមួយ និយាយអំពីការសម្រួល ធ្វើយ៉ាងណាដើម្បីឱ្យការកែប្រែច្បាប់ឱ្យអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្ដូរយេនឌ័រអាចស្នើសុំ ឬក៏អាចដាក់អត្តសញ្ញាណរបស់គាត់ក្នុងអត្តសញ្ញាបណ្ណ សៀវភៅ ឬលិខិតបទដ្ឋានផ្សេងៗទៅតាមការកំណត់អត្តសញ្ញាណរបស់គាត់។
លោក បូរិន រៀបរាប់៖ «ប៉ុន្ដែវាជាយន្តការអន្តរជាតិត្រូវការដំណាក់កាលជាជំហានៗ ដល់ពេលមិនទាន់មានច្បាប់ តុលាការគាត់សម្រេចទៅតាមច្បាប់អ្វីដែលមានជាធរមាន»។
លោកបន្ថែម៖ «គាត់មានភេទកំណើតប្រុសក៏ពិតមែន ប៉ុន្ដែគាត់ផ្លាស់ប្ដូររាងកាយរបស់គាត់ គាត់កំណត់ខ្លួនឯងជាមនុស្សស្រី អ៊ីចឹងមិនដឹងថាតើពន្ធនាគារដែលត្រូវឃុំឃាំងនោះ ដាក់គាត់ខាងប្រុស ឬខាងស្រី។ បើសិនជាឃុំឃាំងគាត់ជាមួយខាងបុរស ក្នុងនាមគាត់អ្នកប្ដូរយេនឌ័រជាស្រ្តី អ៊ីចឹងគ្រោះថ្នាក់សម្រាប់គាត់»។
