គម្រោងធុរកិច្ចនិងសិទ្ធិមនុស្ស​ II

តើ​គម្រោង​នេះ​ជា​អ្វី​?

“​ការពង្រឹង​សមត្ថភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​តស៊ូ​មតិ​ដើម្បី​បង្កើន​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ពី​សំណាក់​ក្រុមហ៊ុន​សាជីវកម្ម​ក្នុង​វិស័យ​ដីធ្លី​” គឺជា​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​ដែល​អនុវត្ត​រួមគ្នា​រវាង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​។ គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​មាន​គោលដៅ​ជំរុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ក្នុងចំណោម​ក្រុមហ៊ុន​សាជីវកម្ម​ទាំងឡាយ​ដែល​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី​នៅ​កម្ពុជា ជាពិសេស​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​សកម្មភាព​ជំនួញ​លើ​វិស័យ​ក​សិ​-​ធុរកិច្ច​របស់​ក្រុមហ៊ុន​មកពី​សហគមន៍​អឺរ៉ុប​។ ម្យ៉ាងទៀត​គម្រោង​នេះ​នឹង​ជំរុញឱ្យមាន​ការទទួល​យក​នូវ​គំនិត​ដែល​ក្រុមហ៊ុន​សាជីវកម្ម​មាន​កាតព្វកិច្ច​តាក់តែង​និង​អនុវត្ត​គោលនយោបាយ​ស្តីពី​ទំនួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្ម​អនុលោម​ទៅតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​ហេតុអ្វី​ចាំបាច់​មាន​គម្រោង​នេះ​?

ការបង្កើត​ឲ្យ​មាន​គម្រោង​នេះ​ពិតជា​តម្រូវ​ការចាំបាច់​ណាស់​នៅ​កម្ពុជា​ដែល​នៅក្នុង​ប្រទេស​នេះ​ពុំទាន់​មាន​ប័ណ្ណកម្មសិទ្ធិ​ផ្លូវការ​គ្រប់គ្រាន់ និង​ការអនុវត្ត​ច្បាប់​នៅមាន​លក្ខណៈ​ទន់ខ្សោយ ហើយ​កាន់តែ​អាក្រក់​ទៅទៀត​នោះ​គឺមាន​អំពើរ​ពុករលួយ​ត្រាំត្រែង ដែលជា​កត្ដា​អំណោយផល​ដល់​ក្រុមហ៊ុន​សាជីវកម្ម​ប្រព្រឹត្ត​នូវ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ក្នុង​វិស័យ​ដីធ្លី​ដោយ​រួច​ផុតពី​ទោសទណ្ឌ​។ មានការ​ប៉ាន់ប្រមាណ​ថា​គ្រួសារ​ពលរដ្ឋ​កម្ពុជា​ចំនួន​រហូតដល់​មួយ​ភាគ​បួន មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដី​ធី្ល[1] ដែលជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​សាជីវកម្ម​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តើ​គម្រោង​នេះ​អនុវត្ត​យ៉ាងដូចម្តេច​?

​គម្រោង​នេះ​នឹង​ខិតខំ​ដើម្បី​សម្រេច​ទិសដៅ​របស់ខ្លួន​តាមរយៈ​សកម្មភាព​ដូចខាងក្រោម ៖

  • ​សម្របសម្រួល​ឲ្យ​មាន​កិច្ចពិភាក្សា​រវាង​រដ្ឋាភិបាល ក្រុមហ៊ុន​សាជីវកម្ម និង​សហគមន៍​រង​ផលប៉ះពាល់​
  • ពង្រឹង​អំណាច​ដល់​សហគមន៍​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការតស៊ូ​មតិ​ដើម្បី​សិទ្ធិ​របស់​ពួកគេ​និង​
  • ធ្វើ​យុទ្ធនាការ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បង្កើន​ឲ្យ​មានការ​ទាមទារ​ពី​សាធារណជន​ចំពោះ​ទំនួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្ម និង​ការគោរព​សិទ្ធិមនុស្ស​អោយ​កាន់តែ​ប្រសើរឡើង​

គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ក្នុង​រយៈពេល ៥ ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០២០ ហើយ​ទទួលបាន​ការឧបត្ថម្ភ​មូលនិធិ​ពី​សំណាក់​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​បៃតង​សកល​ដែល​ជាស​ម្ព័​ន​អង្គការ​សង្គម​ស៊ីវិល​នៃ​ប្រទេស​ហូ​ឡង់ ធ្វើការ​ផ្ដោត​សំខាន់​ទៅលើ​ប្រតិ​ប​ត្ដិ​ការ​របស់​ក្រុមហ៊ុន​សាជីវកម្ម ពាណិជ្ជកម្ម​និង​ការវិនិយោគ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ពន្ធដា​។

តើន​រណា​ជា​ក្រុម​គោលដៅ​

ក្រុម​គោលដៅ​នៃ​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​គឺ​សំដៅ​ទៅលើ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ទំនាស់​ដីធ្លី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​សាជីវកម្ម រួមមាន សហគមន៍​ដែល​រង​ការប៉ះពាល់​នានា រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​សាជីវកម្ម​ខ្លួនឯង​ផ្ទាល់​។ ប​នែ្ថ​ម​លើ​នេះ គម្រោង​នឹង​ផ្តោត​គោលដៅ​ទៅលើ​សាធារណៈជន​ដើម្បី​បង្កើន​ការទាមទារ​ឱ្យមាន​ទំនួល​ខុសត្រូវ​របស់​សង្គម​សាជីវកម្ម និង​ការគោរព​សិទ្ធិមនុស្ស​ឲ្យ​កាន់តែ​ប្រសើរឡើង​។

-------------------------------------------------

[1] ម.ស.ម.ក របាយការណ៍ “ទំនាស់ដីធ្លី ៖ ទិដ្ឋភាពទូទៅ​អំពីស្ថានភាព​ដីធ្លី“ ធ្នូ​២០១៣ http://bit.ly/1KtPNVy