គម្រោងសុវត្ថិភាពកាន់កាប់ដីធ្លី

តើ​គម្រោង​សុវត្ថិភាព​កាន់កាប់​ដីធ្លី​ជា​អ្វី​?

តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អា​កសិន​អេ​ត​កម្ពុជា (Action Aid Cambodia) ម​.​ស​.​ម​.​ក ដឹកនាំ​អនុវត្ត​គម្រោង​សុវត្ថិភាព​កាន់កាប់​ដីធ្លី​។ គម្រោង​នេះ​មាន​គោលបំណង​ផ្តោត​ជាពិសេស​ទៅលើ​ការពង្រឹង​សមត្ថភាពរ​បស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បីឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​វិស័យ​ឯកជន​ទទួលខុសត្រូវ​ចំពោះ​ផលប៉ះពាល់​ផ្នែក​សិទ្ធិមនុស្ស និង​ដើម្បី​ធានា​សុវត្ថិភាព​កាន់តែ​ប្រសើរ​ក្នុងការ​កាន់កាប់​ដីធ្លី​សម្រាប់​សហគមន៍​ដែល​ពុំ​សូវ​ត្រូវបាន​គេ​គិតគូ​នៅក្នុង​ប្រទេស​កម្ពុជា​។​

ហេតុអ្វី​បានជា​មាន​គម្រោង​នេះ​?

នៅក្នុង​ប្រទេស​កម្ពុជា ការរំលោភ​សិទ្ធិ​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែលជា​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​រាលដាល​មួយ​ក្នុងការ​ចំណោម​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងទៀត​នាពេល​បច្ចុប្បន្ន​។ សេរីភាវូបនីយកម្ម ការពង្រីក​ការនាំចេញ​យ៉ាង​ឆាប់រហ័ស និង​កំណើន​ផ្នែក​វិនិយោគទុន​បរទេស​នៅក្នុង​រយៈពេល​ពីរ​ទស្ស​វត៍​ចុង​ក្រោយនេះ ដែល​នាំឱ្យមាន​តម្រូវការ​ដីធ្លី​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាតិ​ឱ្យមាន​ការជួល​ដី​ក្នុង​តំបន់​មួយចំនួនធំ​សម្រាប់​ផលប្រយោជន៍​ពាណិជ្ជកម្ម​តាមរយៈ​សម្បទាន​ដី​សេដ្ឋកិច្ច ។ ការត្រៀម​លក្ខណៈ​របស់ រដ្ឋាភិបាល​ក្នុងការ​បែងចែក​ដីធ្លី​ឡើងវិញ រួមទាំង​អសន្តិសុខ​ក្នុងការ​កាន់កាប់ ព្រមទាំង​កង្វះខាត​នៃ​ប័ណ្ណកម្មសិទ្ធិ​ផ្លូវការ និង​ភាពកម្សោយ​នៃ​នីតិរដ្ឋ បាន​សម្រួល​ដល់​ការចាប់​ច្បាម​យក​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ​។ មានការ​ប៉ាន់ប្រមាណ​ថា​ដីធ្លី​ច្រើនជាង ២​លាន​ហិកតា​ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​ផ្តល់​តាមរយៈ​សម្បទា​ន​ដី​សេដ្ឋកិច្ច​ឱ្យទៅ​ក្រុមហ៊ុន​បរទេស​និង​ក្នុងស្រុក ក៏ដូចជា​អ្នកនយោបាយ​ដែលមាន​ទ្រព្យ​ស្តុកស្តម្ភ​ដើម្បី​ធ្វើក​សិ​-​ឧស្សាហកម្ម​។[1]

​បន្ថែម​ពីលើ​សម្បទាន​ដី​សេដ្ឋកិច្ច ការផ្តួចផ្តើម​ឱ្យមាន​សកម្មភាព​អភិវឌ្ឍន៍​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា បាន​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​។ ផ្ទៃដី​ទំហំ​២​លាន​ហិកតា​ទៀត ត្រូវបាន​ប៉ះពាល់​ដោយ​សម្បទាន​រ៉ែ និង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ធំៗ​យ៉ាងហោចណាស់​ចំនួន​៩ [2] ដែល​អាច​នឹង​នាំឱ្យមាន​ទឹក​ជន់​លិច​លើ​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ទូទាំងប្រទេស​។​

​ដោយសារតែ​មានការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​ដ៏​រាលដាល និង​បាន​រង​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ពុំ​សូវ​ត្រូវបាន​គេ​គិតគូ និង​សហគមន៍​ដែល​ងាយ​រងគ្រោះ​ដូច្នេះហើយ ទើបបានជា ម​.​ស​.​ម​.​ក កំណត់​យក​សុវត្ថិភាព​ក្នុងការ​កាន់កាប់​ដីធ្លី​ក្នុងប្រទេស​កម្ពុជា​ថា​ជា​បញ្ហា​សំខាន់បំផុត​។​

តើ​គម្រោង​នេះ​អនុវត្ត​ដោយ​របៀប​ណា ?

គម្រោង​សុវត្ថិភាព​កាន់កាប់​ដីធ្លី នឹង​សម្រេច​ឱ្យបាន​នូវ​គោលបំណង រួមមានៈ​

  • ​ការផ្តល់​ជំនួយ​បច្ចេកទេស និង​វគ្គ​បណ្តុះបណ្តាល​ដល់​អង្គ​ការ​សង្គម​ស៊ីវិល និង​សហគមន៍​ដែល​ងាយ​រងគ្រោះ​។ ផ្តល់​ការប្រឹក្សា​និង​ជំនួយ​ផ្នែក​ច្បាប់​ដល់​សកម្មជន​សិទ្ធិ​ដីធ្លី​និង​ប្រជា​សហគមន៍​ដែល​រង​ការគំរាមកំហែង​។
  • ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​ព័ត៌មាន​ជា​សាធារណៈ​ទាក់ទង​នឹង​បញ្ហាដីធ្លី និង​ព័ត៌មាន​ស្តីពី​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សេដ្ឋកិច្ច​។​ ​ការផលិត​កម្មវិធី​ផ្សព្វផ្សាយ​តាម​វិទ្យុជាតិ​លើ​បញ្ហា​សិ​ទិ្ធ​ដីធ្លី​។​
  • ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​សកម្មភាព​តស៊ូ​មតិ និង​ការបង្កើត​ផែនការ​តស៊ូ​មតិ​របស់​សហគមន៍​នៅតាម​សហគមន៍​គោលដៅ​។

តើន​រណា​ជា​ក្រុម​គោលដៅ​នៃ​គម្រោង​នេះ​?

គម្រោង​សុវត្ថិភាព​កាន់កាប់​ដីធ្លី​នឹង​ធ្វើការ​ដោយផ្ទាល់​យ៉ាង​ទូលំទូលាយ​ជាមួយ​តួអង្គ​ជាតិ និង អន្តរជាតិ រួមទាំង​ក្រុម​សហគមន៍​គោលដៅ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង ខេត្តកំពត អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិ​ដីធ្លី យុវជន​កម្ពុជា អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ មានការ​រំពឹងទុក​ថា​គម្រោង​នេះ​ក៏​នឹង​សម្រេចបាន​នូវ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ​តាមរយៈ​សក​ម្ម​ភាព​ផ្សព្វផ្សាយ​នានា​ផងដែរ​។

------------------------------------------

[1] របាយការណ៍​របស់អង្គការ​លីកាដូ​ស្តីពី​ដីសម្បទាន​ក្នុង​ប្រទេស ​ (ខែឧសភា ឆ្នាំ​២០១៥) http://bit.ly/1ME1DhY

[1] សារាហ៍ មីលនី “និស្សារណកម្ម​៖ “ការ​កាប់ឈើ​ខុស​ច្បាប់​ក្រោម​រូបភាព​នៃការ​គ្រប់គ្រង និង​វិនិយោគ​របស់​ក្រុម​ហ៊ុន​ដែលមាន​អ្នកមាន​អំណាច​នៅ​ពីក្រោយ​” ការ​សិក្សា​ស្រាវជ្រាវ​តំបន់អាស៊ីដោយ​ល្អិត​ល្អន់ ចេញ​ផ្សាយ​លើក​ទី៤៧ លេខ ២ (ខែឧសភា ឆ្នាំ២០១៥)។ ​