គម្រោងលើកស្ទួយសមាសភាពស្រ្តីនៅក្នុងវិស័យនយោបាយនៅកម្ពុជា

តើអ្វីជា​គម្រោង​លើកស្ទួយ​សមាសភាពស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ​នៅកម្ពុជា?

គម្រោងនេះមាន​បំណង​​លើកស្ទួយ​សមាសភាពស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា ​ជា​ពិសេស​តាម​រយៈ​ការ​​តស៊ូមតិ​ដើម្បី​ ឲ្យ​មាន​​អ្នក​តំណាង​ជាស្រ្តី​យ៉ាង​តិច៣០ភាគរយក្នុង​គ្រប់​លំដាប់​រដ្ឋាភិបាល។ គម្រោង​​នេះជា​ផ្នែកមួយ​នៃ​កម្ម​វិធី​​ថ្នាក់​តំបន់​មាន​គោល​បំណង​ “កសាង​​ដៃគូ​ប្រកប​ដោយ​ស្ថិរភាព​ក្នុង​ការ​លើកស្ទួយ​អ្នកតំណាង​​ស្រ្តី​ក្នុង​វិស័យ​នយោ​បាយ​​នៅតំបន់​អាស៊ី​អាគ្នេយ៍” ។ កម្ម​វិធី​នេះ​​គ្រប់​គ្រង​​ដោយ​អង្គការ​ដៃគូរ​ដើម្បី​កំណែ​​ទម្រង់​អភិបាល​កិច្ច​(Kemitraan) ដែល​ជា​អង្គការ​​មិន​មែន​រដ្ឋា​ភិបាល​នៅ​ប្រទេស​ឥណ្ឌូនេស៊ី សហការ​​ជា​មួយ​​នឹង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី ​ក្រោម​កិច្ច​ឧបត្ថម្ភ​ពី​ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ(USAID)។ កម្មវិធី​នេះ​​នឹង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ប្រជាធិប​តេយ្យ​​និង​សិទ្ធិ​នយោបាយ​​របស់​ស្រ្តី​នៅ​ក្នុង​ប្រទេស​៥នៅ​តំបន់​អាស៊ី​​​អាគ្នេយ៍តាមរយៈ​ការលើក​ស្ទួយ​កំណើន​​អ្នក​តំណាង​ជា​​ស្ត្រី​ក្នុង​​នយោបាយ​​តាម​រយៈគំនិត​ផ្តួច​ផ្តើម​របស់​ដៃ​គូ​​នៅ​ថ្នាក់តំបន់។ ម.ស.ម.ក​. នឹងជា​ដៃ​គូ​ប្រចាំ​ប្រទេស​​កម្ពុជា រួម​ជាមួយនឹង​ អង្គការ​សម្ព័ន​ស្រ្តី​ឥណ្ឌូនេស៊ី (KPI) នៅ​​ប្រទេស​ឥណ្ឌូនេស៊ី អង្គការអឹម​ផោវើ (Persatuan Kesedaran Komuniti Selangor) នៅ​ប្រទេស​មាឡេស៊ី ​ អង្គការ​ក្រុម​ចលនា​​ស្រ្តីនៅ​ប្រទេស​ទីម័រ​​លេស្ទ និង​ មជ្ឈមណ្ឌល​ពង្រឹង​អំណាច​​ប្រជា​ជន (CEP) នៅ​ប្រទេស​ហ្វីលីពិន។ សកម្មភាព​គម្រោង​នេះ​នឹង​អនុវត្ត​រយៈពេល​ពីរឆ្នាំ​ ដោយ​ផ្តោត​លើ​អ្នក​តំណាង​ជាស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ ជាពិសេស​នៅ​ក្នុង​បរិបទការ​បោះ​ឆ្នោត​ឃុំសង្កាត់ខែ​មិថុនា​២០១២ និង​ ការបោះ​ឆ្នោត​ថ្នាក់ជាតិឆ្នាំ​ ២០១៣។ ​ ​

តើហេតុ​អ្វីជា​មាន​គម្រោង​នេះឡើង?

ដោយ​ហេតុ​ផល​មួយ​ចំនួនទាំង​ វប្បធម៌ នយោបាយ សេដ្ឋកិច្ច​និង​សង្គម និង​ប្រវត្តិសាស្រ្ត អត្រា​ចូលរួម​របស់​ស្រ្តី​នៅក្នុង​វិស័យ​នយោបាយ​កម្ពុជា​​មាន​កំរិត​ទៀប​នៅ​ឡើយ។ ដូច​នេះ​ហើយ​អ្នក​តំណាង​ជា​ស្រ្តី​នៅ​តែ​មាន​កំរិត​ទៀប​ណាស់​នៅ​ក្នុងគ្រប់​លំដាប់​អភិបាល​កិច្ច។ នៅ​​​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់ឆ្នាំ ២០១២ និង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នាពេល​ខាង​មុខ​នេះ ពិត​​ជាសំខាន់​ណាស់​ដែល​ផ្តោត​ទៅ​លើ​​កំណើន​សមាសភាព​ស្រ្តី​នៅក្នុង​វិស័យ​នយោបាយ។ ​ស្រ្តី​អាច​ជា​តំណាង​នៅ​ក្នុង​វិស័យ​​នយោបាយ​ពីលំដាប់​ថ្នាក់​រដ្ឋាភិបាល​ជាតិ​រហូត​ដល់​ថ្នាក់​ឃុំ​សង្កាត់។ ការ​បោះ​ឆ្នោត​នេះ​គឺជា​ឱកាស​ដ៏​ពិសេស​​សម្រាប់​គោល​នយោបាយ​បញ្ច្រាប​​យេនឌ័រ។ ​

តើ​គម្រោង​នេះ​ត្រូវ​អនុវត្ត​ដោយ​របៀប​ណា?

ដើម្បី​ឲ្យ​ការ​តស៊ូ​មតិ​​បង្កើន​សមាសភាពស្រ្តីនៅ​ក្នុង​វិស័យ​នយោបាយ ម.ស.ម​.ក ​នឹង​ប្រើ​យុទ្ធសាស្រ្ត​ចម្រុះ​ រួម​មាន (១)ការ​ឃ្លាំ​មើល​និង​ការ​រៀបចំផែនទី​នៃ​បេក្ខភាព​ស្រ្តី​ក្នុងការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ឆ្នាំ​២០១២ និង​ ការ​បោះ​​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ (២)រៀប​ចំ​សិក្ខាសាលា/កិច្ច​ប្រជុំ​ពហុគណបក្សដល់បេក្ខភាព​ស្រ្តី​សម្រាប់ការ​​បោះ​ឆ្នោត​ទាំង​ពីរ​ (៣)រៀប​ចំ​កិច្ច​ពិភាក្សា​តុមូលដោយ​ផ្តោ​ត​លើ​​បញ្ហា​ស្រ្តី​នៅ​ក្នុង​នយោបាយ និង (៤)​ការ​តស៊ូមតិថ្នាក់ជាតិ​និង​អន្តរ​ជាតិ។ ម.ស.ម​.ក​នឹង​តស៊ូមតិ​នូវ​លទ្ធផលទាំង​នេះ​ដោយ​ការ​ផ្សព្វផ្សាយ​តាមវិទ្យុ ការ​ផ្សព្វផ្សាយ​តាម​អ៊ិន​ធើណែត របាយការណ៍ អត្ថបទ​ស្រាវជ្រាវ​សង្ខេប សលាកបត្រ​ព័ត៌មាន ជាពិសេស​កិច្ច​ប្រជុំ​ជាមួយ​អ្នក​ពាក់ព័ន្ធ និង ​កិច្ច​ពិភាក្សា​តុ​មូល​ជាមួយ​នឹង​សមាជិកគោល​​របស់​សង្គម​ស៊ីវិលនិង​អ្នក​តំណាង​របស់​គណៈបក្ស​នយោបាយ។ ម.ស.ម​.ក​នឹង​ជួប​ជា​មួយ​នឹង​សមាជិក​របស់​ចលនា​ស្រ្តីនៅ​កម្ពុជា ដើម្បី​លើកពី​​ចំណេះ​ដឹងទាក់ទង​នឹង​​​កូតា​ដែលជា​មធ្យោបាយ​មួយក្នុង​ការ​ធានា ឲ្យ​មាន​តុល្យ​ភាព​​​យេនឌ័រ​ក្នុង​នយោបាយ។ ​

តើ​អ្នក​ណា​ជា​គោល​ដៅ​របស់គម្រោង

គោល​ដៅ​របស់​គម្រោង​រួមមាន ​អ្នក​តំណាង​របស់​គណៈបក្ស​នយោបាយ អ្នក​តាក់តែង​ច្បាប់ បេក្ខភាព​ស្រ្តី​ក្នុងការបោះ​ឆ្នោត​ និង សមាជិក​​​របស់​ចលនា​ស្រ្តី ព្រមទាំង​ស្រ្តី​និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​បាន​ថ្លែង​ការ​គាំទ្រ​បោះ​ឆ្នោតឲ្យ​បេក្ខភាព​ជា​ស្រ្តី។