សំឡេងដើម្បីសមភាពយេនឌ័រ

ស្ត្រីកម្ពុជានៅតែប្រឈមនឹងហានិភ័យខ្ពស់ពីអំពើហិង្សាផ្អែកលើយេនឌ័រ ដោយស្ត្រីដែលមានដៃគូរហូតដល់ ២៥% បានទទួលរងការបំពារបំពានលើរូបរាងកាយនិងផ្លូវភេទ។ ទន្ទឹមនឹងនេះ ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរភេទ (“អ្នកស្រឡាញ់ភេទដូចគ្នា”) និងស្ត្រីទូទៅនៅតែប្រឈមនឹងបញ្ហាភាពមិនស្មើគ្នាដោយសារតែបទដ្ឋានសង្គមដែលមានលក្ខណៈរើសអើង។ ទោះបីជា ក្រុមរងគ្រោះទាំងនេះបានព្យាយាមធ្វើសកម្មភាពនានាដើម្បីទាមទារសិទ្ធិទទួលបានសមភាពរបស់ពួកគេជាច្រើនឆ្នាំកន្លងមកនេះក៏ដោយ ក៏នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពនៃការតស៊ូមតិ និងដើម្បីលុបបំបាត់ផ្នត់គំនិតចាស់កំរិលកន្លងមក ដើម្បីឲ្យមជ្ឈដ្ឋានទូទៅបានដឹងឮអំពីបញ្ហារបស់ពួកគេ។

គម្រោងនេះនឹងធ្វើសកម្មភាពដើម្បីបង្កើនសមត្ថភាពរបស់ស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នាក្នុងការទាមទារសិទ្ធិរបស់ពួកគេ ជាមួយគ្នានេះគម្រោងនឹងធ្វើការបង្កើនការយល់ដឹងរបស់អាជ្ញាធរមូលដ្ឋានអំពីក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធ និងលុបបំបាត់ទស្សនៈអវិជ្ជមានរបស់សាធារណជនតាមរយៈយុទ្ធនាការតាមសាលារៀន និងបណ្តាញផ្សព្វផ្សាយព័ត៌មាន។

សកម្មភាពសំខាន់ៗ រួមមាន៖

  • ចាប់ផ្តើមបង្កើតក្រុមនិងបណ្តាញគាំទ្រស្ត្រី និងសកម្មជនស្រឡាញ់ភេទដូចគ្នា ។
  • ផ្តល់វគ្គបណ្តុះបណ្តាលដល់អាជ្ញាធរមូលដ្ឋានអំពីសិទ្ធិ យេនឌ័រនិងក្របខ័ណ្ឌច្បាប់នានា ។
  • លើកកម្ពស់កិច្ចសន្ទនាអំពីសមភាពយេនឌ័រតាមរយៈសិល្បៈ និងការតាំងពិព័រណ៌រូបថត យុទ្ធនាការនៅតាមបណ្តាញផ្សព្វផ្សាយព័ត៌មានជាតិ (វិទ្យុ ទូរទស្សន៍ និង បណ្តាញអ៊ីនធឺណិត) និងកម្មវិធីពិភាក្សានានា ។
  • បង្កើតកម្មវិធីសិក្សាសាកល្បងពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារតាមរយៈសិល្បៈសម្រាប់សាលាបឋមសិក្សានិងអនុវិទ្យាល័យ និងរៀបចំកម្មវិធីនានាដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់និស្សិតសាកលវិទ្យាល័យ តាមដានការអនុវត្តក្របខ័ណ្ឌសិទ្ធិយេនឌ័រអន្តរជាតិ (អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ដ្រីភេទ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ) ។
  • ឃ្លាំមើលបណ្តាញផ្សព្វផ្សាយព័ត៌មាន និងសេចក្តីរាយការណ៍របស់អ្នកវិជ្ជាជីវៈខាងសារព័ត៌មាន និងការរាយការណ៍របស់អ្នកសារព័ត៌មានពលរដ្ឋទាក់ទងនឹងបញ្ហាយេនឌ័រ ។
  • ផ្តល់ការគាំទ្រដល់ស្ត្រីនិងសកម្មជនស្រឡាញ់ភេទដូចគ្នា ។
  • ផ្តល់មូលនិធិខ្នាតតូចសម្រាប់អង្គការតូចៗ និងក្រុមគោលដៅនៅតាមមូលដ្ឋានដើម្បីរៀបចំសកម្មភាពអន្តរាគមន៍នានានៅនៅមូលដ្ឋាននិងការឃ្លាំមើល ។

លទ្ធផល និងគោលបំណង៖

គម្រោងនេះមានគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងរចនាសម្ពន្ធរដ្ឋាភិបាល និងក្នុងជីវភាពសាធារណៈនៅកម្ពុជាដោយធានាថា ស្ត្រី ក្មេងស្រី និងអ្នកស្រឡាញ់ភេទដូចគ្នាដែលជាក្រុមគោលដៅទទួលបានសិទ្ធិអំណាចដើម្បីទាមទារសិទ្ធិរបស់ខ្លួននិងទទួលបានការគំាទ្របន្ថែមទៀតពីសំណាក់អាជ្ញាធរ និងសហគមន៍របស់ពួកគេ។