គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
តើគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ជាអ្វី?
គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“គម្រោង”) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដើម្បីសង្កេតការណ៍សវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងដើម្បីវាយតម្លៃលើការអនុវត្តបទដ្ឋានជំនុំជម្រះដោយយុត្តិធម៌តាមច្បាប់ជាតិ និងអន្តរជាតិ ។ គម្រោងនេះប្រើប្រាស់របកគំហើញពីការសង្កេតការណ៍សវនាការ ក្នុងគោលបំណងលើកកម្ពស់ការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ឱ្យមានភាពប្រសើរឡើង តស៊ូមតិឱ្យមានការអនុវត្តតាមបទដ្ឋានធានាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅតុលាការ និងបង្កើនការយល់ដឹង និងចំណេះដឹងទាក់ទងនឹងគោលគំនិតនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ក្នុងចំណោមសាធារណជនទូទៅ។
គោលបំណងរួមរបស់គម្រោងគឺ ធ្វើឱ្យមានប្រសើរឡើងផ្នែកនីតិវិធី និងការអនុវត្តរបស់តុលាការកម្ពុជាដែលធានាថាមានការគោរពយ៉ាងពេញលេញនូវបទដ្ឋាននៃការជំនុំជម្រះដោយយុត្តិធម៌ក្នុងសវនាការព្រហ្មទណ្ឌ ព្រមទាំងបង្កើនការយល់ដឹង និងចំណេះដឹងទាក់ទិននឹងគោលគំនិតនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដល់សាធារណជន។
មូលហេតុអ្វីមានគម្រោងនេះ?
មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងលិខិតុបករណ៍អន្តរជាតិដែលពាក់ព័ន្ធទាំងអស់។ មាត្រា១៤ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចែងថា គ្រប់ជនជាប់ចោទក្នុងរឿងព្រហ្មទណ្ឌ គឺទទួលបាននូវការកាត់ក្តីដោយយុត្តិធម៌ និងជាសាធារណៈ ដោយតុលាការមានសមត្ថភាព ឯករាជ្យ និងមិនលម្អៀង ដែលបង្កើតឡើងដោយច្បាប់។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ លោកសាស្ត្រាចារ្យបណ្ឌិត សូរីយ៉ា ស៊ូបេឌី បានថ្លែងថា “តុលាការកម្ពុជាមិនទាន់បានផ្តល់យុត្តិធម៌ទៅតាមអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាននៅឡើយទេ”។
បញ្ហានេះ គឺចាំបាច់ត្រូវតែដោះស្រាយដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធយុត្តិធម៌ និងប្រសិទ្ធភាពនៅក្នុងសវនាការជំនុំជម្រះនៅក្នុងប្រទេសកម្ពុជា។
តើគម្រោងនេះអនុវត្តដោយរបៀបណា?
គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នឹងសម្រេចគោលបំណងរបស់ខ្លួនតាមរយៈ៖ ការផលិតឧបករណ៍ឌីជីថលបែបអប់រំទាក់ទិននឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ការផ្តល់កម្មវិធីបំពាក់បំប៉នស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ការរៀបចំកិច្ចពិភាក្សាតាមវិទ្យុស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការសង្កេតការណ៍សវនាការជាលក្ខណៈប្រព័ន្ធនៅតុលាការកម្ពុជា ដើម្បីធានាការគោរពឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ព្រមទាំងការចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានប្រចាំត្រីមាស និងរបាយការណ៍ប្រចាំឆ្នាំដោយផ្អែកលើលទ្ធផលដែលបានមកពីការសង្កេតការណ៍សវនាការ។
តើគម្រោងនេះអនុវត្តសម្រាប់នរណាខ្លះ?
គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នឹងធ្វើការផ្ទាល់ជាមួយដៃគូជាច្រើនរួមមាន តុលាការ និងនិស្សិតនៅតាមសាកលវិទ្យាល័យនានាជាដើម។ គម្រោងនេះក៏សង្ឃឹមថានឹងអាចចែករំលែកសកម្មភាព និងលទ្ធផលនានារបស់គម្រោងដល់សាធារណជនខ្មែរមួយភាគធំតាមរយៈសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន។
