សង្កេតការណ៍សវនាការ
តើគម្រោងសង្កេតការណ៍ជាអ្វី?
គម្រោងសង្កេតការណ៍សវនាការ (“គម្រោង”) ត្រូវបានបង្កើតឡើង ដើម្បីសង្កេតលើការជំនុំជម្រះក្តីព្រហ្មទណ្ឌនៅកម្ពុជា និងដើម្បីវាយតម្លៃលើការប្រតិបត្តិតាមបទដ្ឋានជំនុំជម្រះដោយយុត្តិធម៌ជាតិ និងអន្តរជាតិ។ គម្រោងប្រើប្រាស់លទ្ធផលដែលបានរកឃើញ ដើម្បីបង្កើនការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងតស៊ូមតិដើម្បីឲ្យការអនុវត្តន៍របស់តុលាការកាន់តែប្រសើរឡើង។
ហេតុអ្វីបានមានគ្រោងនេះ?
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា ប្រទេសកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចដែលមានចែងនៅក្នុងលិខិតូបករណ៍អន្តរជាតិដែលពាក់ព័ន្ធទាំងអស់។ សិទ្ធិទាំងនេះ រួមបញ្ចូលទាំងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ជាពិសេស កំណត់យ៉ាងច្បាស់នៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ថាជាសិទ្ធិរបស់ជនជាប់ចោទគ្រប់រូបដែលជាប់ចោទក្នុងបទល្មើសណាមួយទទួលបាននូវការជំនុំជម្រះដោយយុត្តិធម៌ និងជាសាធារណៈ ដោយសាលាជម្រះក្តីមានសមត្ថកិច្ច ឯករាជ្យ ឥតលម្អៀង ដែលបានបង្កើតឡើងដោយច្បាប់។ នៅក្នុងការអនុវត្តន៍ជាក់ស្តែង តុលាការកម្ពុជាត្រូវបានគេមើលឃើញថា មិនឯករាជ្យ គ្មានសមត្ថកិច្ចគ្រប់គ្រាន់ និងលម្អៀង។ តុលាការត្រូវបានចាត់ទុកថា ស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកនយោបាយ ដោយអំណាចនីតិប្រតិបត្តិគ្រប់គ្រងលើអំណាចនីតិបញ្ញត្តិ និងស្ថាប័នតុលាការ ដោយគ្មានការបែងចែកអំណាចពិតប្រាកដនោះទេ។ ចៅក្រមភាគច្រើនទទួលបានការអប់រំផ្នែកច្បាប់នៅមានកម្រិត ដោយសារតែសង្គ្រាមស៊ីវិលដែលបានអូសបន្លាយរយៈពេលយូរអង្វែង។ តុលាការបច្ចុប្បន្នពោរពេញទៅដោយភាពគ្មានជំនឿ និងអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ បញ្ហាទាំងនេះឈានទៅរកកង្វះខាតនៃការគោរពគោលការណ៍សន្មតជាមុនថាគ្មានទោស ដែលជាសិទ្ធិមូលដ្ឋានមួយរបស់ជនជាប់ចោទ។ បញ្ហាទាំងអស់នេះត្រូវតែដោះស្រាយ ដើម្បីបង្កើននូវភាពយុត្តិធម៌ និងប្រសិទ្ធភាពនៃការជំនុំជម្រះនៅកម្ពុជា។ ក្នុងគោលបំណងហើយនេះ ទើបគម្រោងតុលាការគំរូ ត្រូវបានបង្កើតឡើង។ គម្រោងតុលាការគំរូគឺជាគម្រោងនៃកម្មវិធីសិទិ្ធ និងយុត្តិធម៌ ដែលឧបត្ថម្ភដោយទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
របៀបណា?
គម្រោងនេះត្រូវបានអនុវត្តតាមរយៈសកម្មភាព ៣ ខាងក្រោម៖
- មន្ត្រីសង្កេតការណ៍សវនាការ សង្កេតសវនាការព្រហ្មទណ្ឌ ដើម្បីប្រមូលយកទិន្នន័យតាមបែបបរិមាណ និងគុណភាព ដោយផ្តោតសំខាន់លើនីតិវិធី និងធាតុផ្សំនៃបទល្មើស ដោយប្រើតារាងសង្កេតការណ៍សវនាការ ដែលជាឧបករណ៍មួយ សម្រាប់វាស់វែងការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
- គម្រោងចេញផ្សាយរបាយការណ៍ ២ ដង ក្នុងរយៈពេល១ឆ្នាំ ដែលរបាយការណ៍ស្តីពីការអនុវត្តន៍នៅសាលាដំបូង និងរបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តន៍នៅសាលាឧទ្ធរណ៍។ របាយការណ៍ទាំងនេះបង្ហាញអំពីទិន្នន័យដែលប្រមូលបាននៅក្នុងអំឡុងពេលនៃរបាយការណ៍ ផ្តល់ជូននូវករណីសិក្សាជាគំរូ លើកឡើងពីច្បាប់ពាក់ព័ន្ធទៅនឹងការជំនុំជម្រះនៅកម្ពុជា និងផ្តល់អនុសាសន៍ជាក់លាក់សម្រាប់កំណែទម្រង់ច្បាប់ គោលនយោបាយ និងការអនុវត្តន៍ជាក់ស្តែង។
- បុគ្គលិកគម្រោងរៀបចំកិច្ចពិភាក្សាជាមួយតុលាការ និងដៃគូសំខាន់ៗដ៏ទៃទៀត រួមទាំងតុលាការដែលបានសង្កេត និងក្រសួងយុត្តិធម៌ ដើម្បីចែករំលែកគំនិត និងលើកកម្ពស់ការយល់ដឹងអំពីការរកឃើញរបស់គម្រោងពាក់ព័ន្ធនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា។
ចាប់ពីខែសីហា ឆ្នាំ២០០៩ ដល់ចុងឆ្នាំ២០១២ គម្រោងផ្តោតលើការសង្កេតនៅសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តកណ្តាល សាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលាដំបូងខេត្តរតនគិរី។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ ដើម្បីវាយតម្លៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលត្រូវបានអនុវត្តនៅតុលាការជាន់ខ្ពស់ គម្រោងបានធ្វើការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ។ ការសង្កេតការណ៍សវនាការត្រូវបានធ្វើឡើងតាមរបៀបព្រាវ មិនរើសសវនាការដែលត្រូវសង្កេតនោះទេ។ សម្រាប់សវនាការនីមួយៗដែលបានសង្កេត ទិន្នន័យត្រូវបានកត់ត្រាចូលទៅក្នុងតារាងសង្កេតការណ៍។ ព័ត៌មានត្រូវបានកំណត់ត្រឹមតែដំណើរការនីតិវិធីតែប៉ុណ្ណោះ ដូច្នេះគ្មានបទសម្ភាសន៍ ឬកិច្ចពិភាក្សាបន្ថែមធ្វើឡើងនោះទេ លើកលែងការស្វែងរកនូវការកត់ត្រាសេចក្តីសម្រេចដែលត្រូវប្រកាសនៅពេលសវនាការក្រោយៗទៀត។
មកដល់ពេលបច្ចុប្បន្ន គម្រោងសម្រេចបាននូវលទ្ធផលមួយចំនួនដែលជាផ្នែកមួយនៃកិច្ចការរបស់ខ្លួនទាក់ទងនឹងការវាយតម្លៃការគោរពបទដ្ឋាន និងគោលការណ៍សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅតុលាការកម្ពុជាដូចខាងក្រោម៖
ការចងក្រងឯកសារ៖
- តារាងសង្កេតការណ៍សវនាការ៖ តារាងសង្កេតការណ៍សវនាការនេះកំណត់នូវសំណួរមួយចំនួន ដែលអាចឲ្យមន្ត្រីសង្កេតការណ៍សវនាការកត់ត្រាអំពីការគោរពបទដ្ឋាននៃការជំនុំជម្រះដោយយុត្តិធម៌នៅក្នុងដំណាក់នីមួយៗ នៃសវនាការជំនុំជម្រះ។ សំណួរទាំងនេះឆ្លុះបញ្ចាំងបទប្បញ្ញតិ្តនៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ និងច្បាប់អន្តរជាតិ។ តារាងនេះផ្តល់លទ្ធភាពឲ្យមន្ត្រីសង្កេតការណ៍សវនាការអាចបំពេញដោយផ្ទាល់នៅក្នុងបន្ទប់សវនាការ ដើម្បីធានានូវការប្រមូលទិន្នន័យជាក់លាក់។ តារាងសង្កេតការណ៍សវនាការត្រូវបានបែងចែកជាពីរប្រភេទគឺ តារាងសង្កេតការណ៍សវនាការប្រើប្រាស់នៅសាលាដំបូង និងតារាងសង្កេតការណ៍សវនាការប្រើប្រាស់នៅសាលាឧទ្ធរណ៍។ ភាពខុសគ្នានៃតារាងសង្កេតការណ៍ទាំងពីរនេះគឺថា តារាងសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ ផ្តោតទៅលើធាតុផ្សំសំខាន់ៗនៃអង្គសេចក្តី និងនីតិវិធីនៃ សវនាការឧទ្ធរណ៍។
- សេចក្តីណែនាំស្តីពីការប្រើប្រាស់តារាងសង្កេតការណ៍សវនាការ៖ សេចក្តីណែនាំពិស្តារអំពីការប្រើប្រាស់តារាងសង្កេតការណ៍ត្រូវបានចងក្រង ដើម្បីផ្តល់ព័ត៌មានបន្ថែមដល់មន្ត្រីសង្កេតការណ៍សវនាការអំពីមូល ដ្ឋានច្បាប់ និងអត្ថន័យនៃសំណួរនីមួយៗនៅក្នុងតារាងសង្កេតការណ៍ ព្រមទាំងរបៀបឆ្លើយសំណួរនីមួយៗផងដែរ។ សេចក្តីណែនាំនេះមានសារៈសំខាន់ក្នុងការធានាការយល់ច្បាស់លាស់អំពីសំណួរនីមួយៗ និងធានានូវភាពស៊ីសង្វាក់គ្នាក្នុងចំណោមមន្ត្រីសង្កេតការណ៍ទាំងឡាយនាពេលបច្ចុប្បន្ន និងអនាគត។
- បញ្ជីច្បាប់៖ ឧបករណ៍នេះបង្ហាញពីច្បាប់ជាតិ និងអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះនៃសំណួរនីមួយៗដែលមានកំណត់នៅក្នុងតារាងសង្កេតការណ៍សវនាការ។
- ក្រមសីលធម៌៖ ឯកសារនេះបង្ហាញអំពីកាតព្វកិច្ចមិនជ្រៀតជ្រែក មិនលម្អៀង និងរក្សាការសម្ងាត់ដែលមន្ត្រីសង្កេតការណ៍សវនាការត្រូវគោរពតាម។
(កំណត់សម្គាល់៖ រាល់ឯកសារខាងលើនេះអាចរកបានដោយចូលទៅកាន់គេហទំព័រ https://sithi.org/tmp )
ប្រព័ន្ធគ្រប់គ្រងទិន្នន័យ៖
មកដល់ពេលបច្ចុប្បន្ន សវនាការចំនួន ១.៧២២ ត្រូវបានសង្កេតនៅសាលាដំបូងរាជធានីភ្នំពេញ សវនាការចំនួន ៥០៥ ត្រូវបានសង្កេតនៅសាលាដំបូងខេត្តកណ្តាល សវនាការចំនួន ២៥២ ត្រូវបានសង្កេតនៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងសវនាការចំនួន ៦៥ ត្រូវបានសង្កេតនៅសាលាដំបូងខេត្តរតនគិរី និងសវនាការចំនួន ១៤ ផ្សេងទៀតទាក់ទងនឹងករណីជួញដូរមនុស្ស និងរឿងក្តីសំខាន់ៗនៅសាលាដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យដែលបានប្រមូលពីសវនាការទាំងនេះ ត្រូវបានកត់ត្រាទុកក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យសង្កេតការណ៍សវនាការ ដែលបានចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣។ ទិន្នន័យដែលប្រមូលបានពីសវនាការសាលាឧទ្ធរណ៍នឹងត្រូវកត់ត្រាទុកក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យមួយផ្សេងទៀត។ សម្រាប់ព័ត៌មានបន្ថែមស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យសង្កេតការណ៍សវនាការ សូមទាក់ទងតាមរយៈអ៊ីម៉ែល [email protected].
របាយការណ៍៖
ម.ស.ម.ក បានចេញផ្សាយរបាយការណ៍ប្រចាំឆមាសស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជាចំនួន ៥ ដងរួចមកហើយ។ របាយការណ៍ស្តីពីការរកឃើញរបស់គម្រោង ត្រូវបានផ្ញើទៅរាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ សាកលវិទ្យាល័យ ដៃគូក្នុងវិស័យយុត្តិធម៌ និងអង្គការអន្តរជាតិមួយចំនួន។
សៀវភៅមគ្គុទេសក៍៖
បច្ចុប្បន្ននេះ គម្រោងបានបោះពុម្ភសៀវភៅមគ្គុទេសក៍ចំនួនពីរ គឺ សៀវភៅមគ្គុទេសក៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការសង្កេតការណ៍សវនាការនៅកម្ពុជា ក្នុងខែមីនា ឆ្នាំ២០១២ និងសៀវភៅមគ្គុទេសក៍ស្តីពីនីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះនៅក្នុងតុលាការព្រហ្មទណ្ឌកម្ពុជា ក្នុងខែសីហា ឆ្នាំ២០១៣។
ខិត្តប័ណ្ណ៖
គម្រោងបានបង្កើតនូវខិត្តប័ណ្ណស្តីពីសិទ្ធិជាក់លាក់មួយចំនួនរបស់ជនជាប់ចោទ ដែលស្ថិតក្រោមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ខណៈដែលខិត្តប័ណ្ណនេះចំនួន ៣ ត្រូវបានបិទរួចហើយនៅបន្ទប់រង់ចាំចំនួន ៣ របស់ជនជាប់ចោទ ក្នុងសាលាដំបូងខេត្តបន្ទាយមានជ័យ និងខិត្តប័ណ្ណចំនួន ៣ ទៀតក៏បានបិទនៅសាលាឧទ្ធរណ៍ហើយដែរនោះ ខិត្តប័ណ្ណបែបនេះនឹងត្រូវបិទនៅតាមតុលាការផ្សេងទៀតដែលបានសង្កេតការណ៍ បិទនៅតាមប៉ុស្តិ៍នគរបាល និងពន្ធនាគារជាក់លាក់មួយចំនួនក្នុងប្រទេសកម្ពុជា។
កិច្ចពិភាក្សា៖
- ជូនដំណឹងដល់តុលាការអំពីគម្រោង៖ ប្រធានសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តកណ្តាល សាលាដំបូងខេត្តបន្ទាយមានជ័យ សាលាដំបូងខេត្តរតនគិរី និងសាលាឧទ្ធរណ៍ បានទទួលដំណឹងអំពីការអនុវត្តន៍គម្រោង ចាប់តាំងពីពេលដែលគម្រោងនេះចាប់ផ្តើម។
- ពិភាក្សាមុនពេលចេញផ្សាយរបាយការណ៍ សៀវភៅមគ្គុទេសក៍ និងខិត្តប័ណ្ណស្តីពីសិទ្ធិជនជាប់ចោទ៖ ប្រធានសាលាដំបូងខេត្តកណ្តាល ប្រធានសាលាដំបូងខេត្តរតនគិរី អនុប្រធានទាំង ២ រូបនៃសាលាដំបូងរាជធានីភ្នំពេញ ចៅក្រមនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រធាន និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានជួបជាមួយបុគ្គលិកគម្រោង និងបង្ហាញអំពីកិច្ចសហការជាមួយគម្រោង។ លើសពីនេះទៀត បុគ្គលិកគម្រោងបានជួបជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាអំពីការស្នើសុំដាក់និមិត្តសញ្ញាក្រសួងយុត្តិធម៌នៅលើខិត្តប័ណ្ណស្តីពីសិទ្ធិរបស់ជនជាប់ចោទដែលផ្តួចផ្តើមដោយគម្រោង។
- រៀបចំកិច្ចពិភាក្សាអំពីការរកឃើញនៃរបាយការណ៍៖ បន្ទាប់ពីការបោះពុម្ភផ្សាយ គម្រោងធ្វើការចែកចាយរបាយការណ៍ទៅឱ្យដៃគូក្នុងវិស័យយុត្តិធម៌ដែលពាក់ព័ន្ធ និងស្នើសុំជួបប្រជុំដើម្បីធ្វើការបង្ហាញ និងផ្តល់ការពន្យល់បន្ថែមទៅលើទិន្នន័យ ការវិភាគ និងការផ្តល់អនុសាសន៍សម្រាប់ដោះស្រាយបញ្ហាដែលជាក្តីបារម្ភទាក់ទងនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
ដើម្បីនរណា?
គោលដៅនៃការសង្កេតការណ៍សវនាការ របាយការណ៍ និងសកម្មភាពនៃកិច្ចពិភាក្សា គឺតុលាការដែលបានសង្កេត ស្ថាប័នតុលាការទាំងមូល និងបណ្តាដៃគូក្នុងវិស័យយុត្តិធម៌ដទៃទៀត។ អ្នកដែលទទួលបានអត្ថប្រយោជន៍នៃគម្រោង គឺសាធារណជនទូទៅតាមរយៈការជួយឲ្យអ្នកទាំងនោះក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនុកចិត្ត និងការគោរពដល់ស្ថាប័នតុលាការ ព្រមទាំងបង្កើននូវភាពជឿជាក់លើដំណើរការរបស់តុលាការ។