គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា
អ្វី?
គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា មានគោលបំណងបង្កើតឲ្យមានការផ្លាស់ប្ដូរផ្នែករចនាសម្ព័ន្ធ ផ្នែកគោលនយោបាយ និងផ្នែកនីតិកម្ម ដើម្បីធ្វើឲ្យស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជាមានភាពប្រសើរឡើង។
គោលបំណងនៃគម្រោង (១) ដាក់ស្នើឲ្យមានការធ្វើវិសោធនកម្មចាំបាច់សម្រាប់នីតិកម្មទាំងឡាយណាដែលផ្ទុយនឹងសេរីភាពបញ្ចេញមតិ និងដើម្បីធានាថាបទដ្ឋានអន្តរជាតិនឹងត្រូវបានអនុវត្ត (២) ដើម្បីធានាឲ្យមានការកាត់បន្ថយករណីបទព្រហ្មទណ្ឌ និងករណីនៃការគំរាមកំហែងរូបរាងកាយ ឬករណីអំពើហិង្សាប្រឆាំងនឹងអង្គការសង្គមស៊ីវិល និងសមាជិកគណបក្សប្រឆាំង និង (៣) ដើម្បីលើកកម្ពស់ការអនុវត្តន៍នូវអនុសាសន៍ដែលធ្វើឡើងដោយអ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ និងការត្រួតពិនិត្យជាសាកលតាមពេលកំណត់។
ហេតុអ្វី?
សិទ្ធិសេរីភាពបញ្ចេញមតិ ត្រូវបានការពារ និងលើកដម្កើងនៅក្នុងច្បាប់ជាតិ។ ឧទាហរណ៍ មាត្រា៤១ នៃរដ្ឋធម្ម-នុញ្ញបានចែងថាពលរដ្ឋខ្មែរគ្រប់រូប “មានសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំ” ។ ចំណែកមាត្រា៣៥ បានចែងថាពលរដ្ឋខ្មែរគ្រប់រូបគួរតែមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយរបស់ប្រទេសជាតិ ឯមាត្រា៣១ ចែងថាកម្ពុជាត្រូវតែទទួលស្គាល់ និងគោរពសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និងរាល់អនុសញ្ញា និងកតិកាសញ្ញាណាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ហើយដូច្នេះបានបញ្ចូលសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទៅក្នុងច្បាប់ជាតិ។ មួយវិញទៀត មាត្រា១៩ នៃសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បានចែងពីសិទ្ធិសេរីភាពបញ្ចេញមតិ ថានឹងត្រូវរងការដាក់កំហិតក្នុងកាលៈទេសៈដ៏តិចតួចមួយបំផុត ដូចជា ការគោរពសិទ្ធិ ឬកេរ្ដិ៍ឈ្មោះរបស់អ្នកដទៃ និងដើម្បីការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុខភាព និងសីលធម៌សាធារណៈ ជាដើម។
ប៉ុន្តែ ស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្នគឺគួរឲ្យព្រួយបារម្ភ។ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចមានកម្មសិទ្ធិ និងគ្រប់គ្រងលើបណ្ដាញសារព័ត៌មានភាគច្រើន ៖ ការផ្ដល់អាជ្ញាបណ្ណផ្សព្វផ្សាយត្រូវបានកម្រិតតែសម្រាប់អ្នកដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល ការបង្រ្កាបមកលើសារព័ត៌មានប្រឆាំង និងការគំរាមកំហែងទៅលើអ្នកសារព័ត៌មានបានរាំងស្ទះនូវសេរីភាពបញ្ចេញមតិ និងជំរុញឲ្យមានការកើនឡើងនូវការចាប់ពិរុទ្ធខ្លួនឯង ហើយបច្ចុប្បន្នមានស្ថានីយវិទ្យុឯករាជ្យចំនួនបីប៉ុណ្ណោះនៅក្នុងប្រទេស។ ថ្មីៗនេះ រដ្ឋាភិបាលកំពុងតែប្រកាសពីគោលបំណងដើម្បីអនុម័តច្បាប់គ្រប់គ្រងអ៊ិនធើណែត ដើម្បីការពារសាធារណជនពី ‘ការផ្សព្វផ្សាយព័ត៌មានមិនពិត’ ហើយក៏មានការបិទប្លុក និងវែបសាយដែលប្រឆាំងនឹងរដ្ឋាភិបាលមួយចំនួនរួចមកហើយដែរ។
ក្រមព្រហ្មទណ្ឌថ្មី ដែលមានបទល្មើសថ្មីមួយចំនួនដែលជះឥទ្ធិពលមកលើសិទ្ធិសេរីភាពបញ្ចេញមតិ បណ្ដាលឲ្យស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជាស្ថិតក្នុងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរជាងមុន។ ក្រមព្រហ្មទណ្ឌរក្សាទុកបទល្មើសផ្ដល់ព័ត៌មានមិនពិត និងបទបរិហារកេរ្តិ៍ ហើយធ្វើឲ្យបទល្មើសបរិហារកេរ្តិ៍គ្របដណ្តប់មកលើការនិយាយស្ដីដែលមានលក្ខណៈប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ន ខណៈពេលដែលមានបទល្មើសថ្មីពីរទៀតនៃការអត្ថាធិប្បាយ “ដើម្បីធ្វើសម្ពាធលើយុត្តាធិ-ការ” និងការរិះគន់ដល់សកម្មភាព និងសេចក្ដីសម្រេចរបស់តុលាការ។ មាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌថ្មី បានចែងថាបុគ្គលណាដែលធ្វើឲ្យបាត់ជំនឿលើ “លិខិត ឬសេចក្ដីសម្រេចរបស់តុលាការ” ក្នុងគោលដៅបង្ក “ឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា” នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ ៦ខែ និងពិន័យជាប្រាក់ ១លានរៀល។ មាត្រា៤៩៥ (បទញុះញង់) មាត្រា៥០២ (បទប្រមាថ) និងមាត្រា៥២២ (បទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីធ្វើសម្ពាធលើយុត្តាធិការ) ចែងពីវិសាលភាពដ៏ធំទូលាយស្ដីពីការចាត់ទុកការរិះគន់លើប្រព័ន្ធយុត្តាធិការជាបទល្មើស។
លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមស្ដីពីស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា សូមចូលទៅកាន់វែបសាយរបស់ ម.ស.ម.ក ក្នុងផ្នែកការងាររបស់យើង ៖ http://cchrcambodia.org/our_work_kh ឬអានរបាយការណ៍របស់ ម.ស.ម.ក “កម្ពុជា ត្រូវបានបំបិទមាត់ ៖ លទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់?” ។
ដោយរបៀបណា?
ដើម្បីអាចសម្រេចបាននូវគោលបំណងដែលបានរៀបរាប់ខាងលើ សកម្មភាពខាងក្រោមនឹងត្រូវរៀបចំឡើង៖
- តាមដានសារព័ត៌មាន ៖ ធ្វើការតាមដាននូវករណីទាំងវិជ្ជមាន និងអវិជ្ជមាននៅក្នុងប្រទេសកម្ពុជាជាប្រចាំថ្ងៃ
- ធ្វើការរួមជាមួយ ៖ សមាជិកសង្គមស៊ីវិលជាច្រើននឹងត្រូវបានផ្ដល់ឱកាសឲ្យមានការធ្វើការជាមួយនឹងរដ្ឋាភិបាល អភិបាលខេត្ត សមាជិកសភាគណបក្សប្រឆាំង និងអ្នកជំនាញផ្នែកសេរីភាពបញ្ចេញមតិក្នុងការជជែកពិភាក្សាដែលមានលក្ខណៈកែលម្អ
- តស៊ូមតិ ៖ ក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិដើម្បីឲ្យមានការផ្លាស់ប្ដូរផ្នែកគោលនយោបាយ រចនាសម្ព័ន្ធ និងផ្នែកច្បាប់ សម្រាប់ការពារ និងលើកដម្កើងសេរីភាពបញ្ចេញមតិនៅកម្ពុជា ។
ដើម្បីនរណា?
គម្រោងនេះមានគោលបំណងសម្រាប់បម្រើក្រុមមួយចំនួន ដូចជា សង្គមស៊ីវិល និងរដ្ឋាភិបាល។ ក្រុមគោលដៅពិសេស រួមមាន អ្នកការពារសិទ្ធិមនុស្ស សកម្មជន អ្នកសារព័ត៌មាន អ្នកសរសេរប្លុក អង្គការសហគមន៍មូលដ្ឋាន តំណាងសហជីព អង្គការមិនមែនរដ្ឋាភិបាល តំណាងរដ្ឋាភិបាលកម្ពុជា តំណាងក្រសួង និងអាជ្ញាធរខេត្ត។
គម្រោងនេះមានគោលដៅធានានូវសិទ្ធិសេរីភាពបញ្ចេញមតិសម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស អ្នកក្រីក្រ និងដាច់ស្រយាល ដែលជាញឹកញាប់សំឡេងរបស់ពួកគាត់មិនអាចត្រូវបានឮ។ គម្រោងនេះមានបំណងការពារអ្នកការពារសិទ្ធិមនុស្ស សកម្មជន អ្នកសារព័ត៌មាន និងអ្នកសរសេរប្លុក ដែលចង់បញ្ចេញគំនិតប្រឆាំងនឹងរដ្ឋាភិបាល និងគណបក្ស ប្រជាជនកម្ពុជាដែលកាន់អំណាច ឬក្រុមអ្នកប្រឆាំងដែលចង់បញ្ចេញមតិ។ គម្រោងនេះនឹងធ្វើការរួមជាមួយក្រុមគោលដៅ ខាងលើ ដើម្បីបង្កើតកិច្ចសន្ទនា និងសម្រេចបាននូវគោលបំណងសំខាន់ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិនៅកម្ពុជា។