គម្រោងស្រាវជ្រាវដើម្បីបញ្ចប់អំពើហិង្សាទឹកអាស៊ីត
អ្វី?
គម្រោងស្រាវជ្រាវ និងតស៊ូមតិ ដើម្បីបញ្ចប់អំពើហិង្សាទឹកអាស៊ីតនៅកម្ពុជា សម្របសម្រួលដោយមជ្ឈ-មណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ក្នុងគោលបំណងបញ្ចប់អំពើហិង្សាទឹកអាស៊ីត និងវប្បធម៌និទណ្ឌភាព តាមរយៈការស្រាវជ្រាវ និងតស៊ូមតិផ្អែកលើភស្តុតាង។ គោលបំណងនៃគម្រោងគឺ ១) ផ្តល់ចំណេះដឹងមូលដ្ឋានពីស្ថានភាពអំពើហិង្សាទឹកអាស៊ីតនៅកម្ពុជា និ វិធានការដើម្បីបញ្ចប់ទង្វើទាំងនេះ ២) បង្កើនការយល់ដឹងក្នុងសង្គមពីផលប៉ះពាល់នៃអំពើហិង្សាទឹកអាស៊ីត និង ៣) រៀបចំការពិភាក្សា និងតស៊ូមតិដើម្បីឲ្យមានការបង្កើត និងអនុវត្តច្បាប់ដែលអាចបំបាត់អំពើហិង្សាទឹកអាស៊ីតប្រកបដោយប្រសិទ្ធភាព។
ហេតុអ្វី?
ការវាយប្រហារដោយទឹកអាស៊ីត គឺទង្វើដែលជនប្រព្រឹត្តជះ ឬចាក់ទឹកអាស៊ីតលើជនរងគ្រោះ ជាទូទៅគឺតម្រង់រកផ្ទៃមុខ ទង្វើនេះភាគច្រើនមិនមានបំណងសម្លាប់នោះទេ គ្រាន់តែធ្វើឲ្យពិការ បាត់បង់សម្រស់ ឬធ្វើទារុណ-កម្ម។ ផលវិបាកនៃការវាយប្រហារនេះ រួមមាន ធ្វើឲ្យពិការភ្នែក ស្លាកស្នាមអចិន្រ្តៃយ៍នៅលើផ្ទៃមុខ និងដងខ្លួន និងពេលខ្លះធ្វើឲ្យពិការយ៉ាងធ្ងន់ធ្ងរ។ ជនរងគ្រោះមិនត្រឹមតែរងទុក្ខវេទនាផ្លូវកាយនោះទេ ប៉ុន្តែក៏អាចមានបញ្ហាផ្លូវចិត្តផងដែរ ព្រោះភាគច្រើន ជនរងគ្រោះដោយទឹកអាស៊ីតត្រូវបានបោះបង់ឲ្យនៅក្រៅសង្គម។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់អង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាស៊ីត ឆ្នាំ២០០៩ មានករណីវាយប្រហារដោយទឹកអាស៊ីតចំនួន ២៨ករណី មានជនរងគ្រោះចំនួន៣៣នាក់ និងក្នុងឆ្នាំ២០១០ មានករណីវាយប្រហារ ១៩ករណី ៣ករណី ជាករណីធ្វេសប្រហែស និង ១ករណីជាករណីធ្វើអត្តឃាត បន្សល់ទុកនូវជនរងគ្រោះប្រហែលជា ៤០នាក់។ របាយការណ៍ថ្មីៗ ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ ២០១១ មានករណីវាយប្រហារ ៦ករណី និងករណីធ្វេសប្រហែស ៣ករណី មានជនរងគ្រោះសរុប ១៥នាក់។ ក្នុងខែឧសភា ឆ្នាំ២០១០ ម.ស.ម.កនិង អង្គការជួយជនរងគ្រោះកម្ពុជាដោយសារទឹកអាស៊ីត បានរួមគ្នាតាក់តែងរបាយការណ៍មួយស្តីពីស្ថានភាពអំពើហិង្សាទឹកអាស៊ីតនៅកម្ពុជា ដែលមានចំណងជើងថា ”នំាគ្នាបញ្ឈប់អំពើហិង្សាដោយអាស៊ីតនៅកម្ពុជា”។ របាយការណ៍បញ្ជាក់ថា ការវាយប្រហារដោយទឹកអាស៊ីត ជាទូទៅកើតឡើងដើម្បី ឬត្រូវមើលឃើញថាជាមធ្យោបាយ ដោះស្រាយជម្លោះរវាងបុគ្គល ដែលភាគច្រើននៃការវាយប្រហារដែលបានរាយការណ៍គឺដោយសារតែបញ្ហាគ្រួសារ ឬទំនាក់ទំនងផ្ទាល់ខ្លួន។ ជម្លោះមុខជំនួញ និងដីធ្លី ក៏ជាមូលហេតុចម្បងមួយដែរ។ ទោះបីជាយ៉ាងណា ករណីវាយប្រហារជាច្រើន មានមូលហេតុមិនច្បាស់លាស់ និងមិនអាចកំណត់មុខសញ្ញាជនល្មើសបាន។ របាយការណ៍ក៏បានបន្ថែមទៀតបង្ហាញថា បើធ្វើការប្រៀបធៀប ការវាយប្រហារលើស្រ្តីគឺមានចំនួនប្រហាក់ប្រហែលនឹងបុរស។
ចំណុចដែលគួរយកចិត្តទុកដាក់ជាបន្ទាន់ ពាក់ព័ន្ធនឹងការវាយប្រហារដោយទឹកអាស៊ីតគឺ បញ្ហានិទណ្ឌភាព ដែលជាទូទៅ ជនល្មើសគេចវេះពីការសម្រេចក្តី និងផ្តន្ទាទោសចំពោះបទល្មើសដែលពួកគេបានប្រព្រឹត្ត។ ចាប់តាំងពីឆ្នាំ១៩៩០ បទល្មើសដែលបានបញ្ជូនទៅតុលាការមានចំនួនតិចតួចណាស់ ហើយបើសិនជាមានការផ្តន្ទាទោស ក៏ទោសនោះមិនសមាមាត្រនឹងភាពធ្ងន់ធ្ងរនៃបទល្មើសដែលបានប្រព្រឹត្តដែរ។
ក្នុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការពិសេសមួយដែលមានតួនាទីពិនិត្យលើស្ថានភាពអំពើហិង្សាទឹកអាស៊ីតនៅកម្ពុជា និងធ្វើសេចក្តីព្រាងច្បាប់អាស៊ីត ដើម្បីចាត់វិធានការមកលើស្ថានភាពអំពើហិង្សាទឹកអាស៊ីតនៅកម្ពុជា។ របាយការណ៍របស់ ម.ស.ម.ក និង អង្គការជួយជនរងគ្រោះកម្ពុជាដោយសារទឹកអាស៊ីត បានបញ្ជាក់ថា ច្បាប់នេះគួរតែផ្តោតលើចំណុចបួនសំខាន់ៗ ដែលមានដូចជា ការយកអាស៊ីតមកប្រើប្រាស់ និទណ្ឌភាព បញ្ញត្តិស្តីពីការជួយគាំទ្រដល់ជនរងគ្រោះជាបន្តបន្ទាប់ និងទស្សនរបស់សាធារណជន។
របៀបណា?
គម្រោងនេះ ត្រូវបានបង្កើតឡើងដើម្បីបន្តការងារដែលបានចាប់ផ្តើមក្នុងរបាយការណ៍នំាគ្នាបញ្ឈប់អំពើហិង្សាទឹកអាស៊ីតនៅកម្ពុជា ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពតាមរយៈ ៖
-
- ការស្រាវជ្រាវនិងវិភាគ ៖ ធ្វើការបន្តលើការស្រាវជ្រាវដែលបានបញ្ចប់ជាស្ថាពរ ម.ស.ម.ក នឹងផ្តល់នូវចំណេះដឹងពីស្ថានភាពអំពើហិង្សាទឹកអាស៊ីតនៅកម្ពុជា និងវិធានការដើម្បីបញ្ចប់ទង្វើនេះ។ ចំណុចមួយ ទៀតដើម្បីឲ្យមានការយល់ដឹងពីស្ថានភាពអំពើហិង្សាទឹកអាស៊ីតនៅកម្ពុជា ម.ស.ម.ក នឹងចងក្រងនូវករណីអំពើហិង្សាទឹកអាស៊ីតទាំងឡាយ និងបង្ហាញករណីទាំងនេះនៅលើគេហទំព័រសិទ្ធិមនុស្ស Sithi.org ។
- ការអប់រំសាធារណៈ ៖ ម.ស.ម.ក នឹងសហការជាមួយអ្នកពាក់ព័ន្ធនានា និងអង្គការសង្គមស៊ីវិល រួមទាំង អង្គការជួយសង្រ្គោះជនរងគ្រោះកម្ពុជាដោយសារអាស៊ីតផងដែរ ក្នុងការបង្កើនការយល់ដឹងក្នុងសង្គមអំពីផលប៉ះពាល់នៃអំពើហិង្សាទឹកអាស៊ីត។ សកម្មភាពនេះ រួមទាំងការអប់រំអំពីរបួសស្នាមដែលបណ្តាលមកពីទឹកអាស៊ីត សារៈសំខាន់ក្នុងការប្រើទឹកអាស៊ីតយ៉ាងមានសុវត្ថិភាពក្នុងជីវភាពប្រចាំថ្ងៃ វិធានការដាក់ទោសដ៏ធ្ងន់ធ្ងរដែលនឹងត្រូវអនុវត្ត និងមធ្យោបាយដើម្បីដោះស្រាយបញ្ហាតាមវិធីអហិង្សា។
- ការពិភាក្សានិងតស៊ូមតិ ៖ ម.ស.ម.ក នឹងរៀបចំការពិភាក្សា និងតស៊ូមតិដើម្បីឲ្យមានការបង្កើត និងអនុវត្តច្បាប់ដែលអាចដោះស្រាយបញ្ហាអំពើហិង្សាទឹកអាស៊ីតយ៉ាងមានប្រសិទ្ធភាព។ ឯចំណុចមួយទៀតគឺ គម្រោងនឹងធ្វើការសង្កេតមើលករណីវាយប្រហារដោយទឹកអាស៊ីត ដើម្បីមើលថាតើប្រព័ន្ធតុលាការ និងភ្នាក់ងារអនុវត្តច្បាប់ដោះស្រាយជាមួយករណីទាំងនេះដោយរបៀបណា។ លទ្ធផលនឹងនៃការសង្កេតនេះនឹងជួយឲ្យមានការកែលម្អក្នុងវិស័យតុលាការនៅកម្ពុជា និងភ្នាក់ងារនីតិរដ្ឋដទៃទៀតក្នុងបរិបទនៃអំពើហិង្សាទឹកអាស៊ីត។M
ដើម្បីនរណា?
ក្រុមគោលដៅនៃ សកម្មភាពស្រាវជ្រាវនិងវិភាគ និង ការពិភាក្សា និងតស៊ូមតិ គឺស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ អង្គការមិនមែនរដ្ឋាភិបាល អង្គការមហាជន និងប្រជាពលរដ្ឋទូទៅដើម្បីធានាការអនុម័តច្បាប់ដ៏មានប្រសិទ្ធភាព និងការអនុវត្តយ៉ាងតឹងរ៉ឹង។ ចំណែកក្រុមគោលដៅនៃការអប់រំសាធារណៈគឺប្រជាពលរដ្ឋទូទៅ តាមរយៈការបង្កើនការយល់ដឹងដល់ពួកគេពីផលប៉ះពាល់នៃអំពើហិង្សាទឹកអាស៊ីត និងផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេដែលមានមកលើជនរងគ្រោះដោយសារទឹកអាស៊ីត។
