គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន

អ្វី​?

​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន (“​គម្រោង​”) មាន​គោលបំណង​ជួយ​ដោះស្រាយ​ទៅលើ​ការ​រឹតត្បិត​សេរីភាព​មូលដ្ឋាន រួមមាន សេរីភាព​ខាង​ការបង្កើត​សមាគម សេរីភាព​ខាង​ការជួបប្រជុំ និង​សេរីភាព​ខាង​ការបញ្ចេញមតិ ដែល​នៅតែ​បន្ត​កើតមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (“​កម្ពុជា​”) ជាពិសេស​ការ​រឹតត្បិត​ទៅដល់​អ្នកការ​ពារ​សិទ្ធិមនុស្ស មេដឹកនាំ​សហជីព និង​កម្មករ សកម្មជន​សហគមន៍​/ សកម្មជន​លើ​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត​/ សកម្មជន​នយោបាយ អ្នកកាសែត និង​អ្នក​តវ៉ា​អហិង្សា​។​

​​គម្រោង​នេះ មាន​វិសាលភាព​គ្របដណ្តប់​ទូទាំងប្រទេស​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅលើ​ការងារ ៣ ផ្នែក​ផ្សេងគ្នា តែមាន​ទំនាក់ទំនង​គ្នា​ជាប់​។ ផ្នែក​ទីមួយ​គឺ បង្កើន​ភស្តុតាង​នៃ​ការរំលោភបំពាន​សេរីភាព​មូលដ្ឋាន ដើម្បី​ទាក់ទាញ​ឲ្យ​មានការ​ចូលរួម​ពី​អ្នកសម្រេចចិត្ត​នៅក្នុង​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធតុលាការ​។ ផ្នែក​ទី​ពីរ ធ្វើការ​កាត់បន្ថយ​ស្ថានភាព​ដែល​បទដ្ឋាន​គតិយុត្ត​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ក្នុងការ​រំលោភបំពាន​សេរីភាព​មូលដ្ឋាន​។ ជា​ចុងក្រោយ គម្រោង​មានបំណង​ឲ្យ​សាធារណជន​កាន់តែច្រើន​យល់​ជ្រួតជ្រាប់​អំពី​សេរីភាព​មូលដ្ឋាន​។​

​ហេតុអ្វី​?

​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​នៅតែ​បន្ត​រឹតត្បិត និង​ដាក់​កម្រិត​ជាខ្លាំង​។ ទោះបីជា​សេរីភាព​មូលដ្ឋាន​ត្រូវ​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​រដ្ឋធម្មនុញ្ញ​) មាត្រា ៣៥ និង​៤១ និង​បើទោះបីជា​មានការ​កំណត់​ក្នុង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ក៏ដោយ ក៏​ពុំមាន​យន្តការ​ជាតិ​ឯករាជ្យ​ណាមួយ​នៅ​កម្ពុជា ដែល​ការពារ និង​លើកកម្ពស់​ការអនុវត្ត​សេរីភាព​ទាំងនោះ​ឡើយ​។ កង្វះខាត​តុលាការ​ឯករាជ្យ និង​មិន​លម្អៀង រួមទាំង​ក្របខ័ណ្ឌ​ច្បាប់​ទន់ខ្សោយ​បានធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​។​

កន្លងមក ច្បាប់​ដែលមាន​លក្ខណៈ​រឹតត្បិត ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការយាយី​ដោយ​ប្រព័ន្ធតុលាការ​ទៅលើ​អ្នក​បញ្ចេញមតិ បាន​បង្ក​ឲ្យ​មាន​ការរីក​រាលដាល​នូវ​វប្បធម៌​ស្ងៀមស្ងាត់​។ ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​តែងតែ​ត្រូវបាន​ដៅ​មុខសញ្ញា យាយី និង​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ ដោយសារ​ការបញ្ចេញមតិ​មិន​គាំទ្រ​គោលនយោបាយ​ដែលមាន​លក្ខណ​:​គាបសង្កត់​។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល​កម្ពុជា (“​រដ្ឋាភិបាល​”) បង្កើតឡើង​ដើម្បី​អនុវត្ត​ច្បាប់​ថ្មី ដែលមាន​សក្តានុពល​ក្នុង​ការបន្ត​រឹតត្បិត​សេរីភាព​មូលដ្ឋាន និង​ដាក់ទណ្ឌកម្ម​ទៅលើ​អ្នក​ដែល​ព្យាយាម​អនុវត្ត​សិទ្ធិ​ទាំងនេះ​។ មេដឹកនាំ​សហជីព និង​បាតុករ​ប្រឈមមុខ​នឹង​កា​រឹតត្បិត​នាពេល​អនាគត​បន្ថែមទៀត តាមរយ​: ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព​។ ស្រដៀង​គ្នា​នេះដែរ ប្រសិនបើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​អនុម័ត រួមទាំង​ច្បាប់​បី​ស្ដីពី​តុលា​ការដែល​ទើបតែ​ត្រូវបាន​អនុម័ត​នាពេល​ថ្មីៗ នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការរួម​តូច​នៃ​លំហ​បញ្ចេញមតិ​។ ជាក់ស្តែង អ្នកកាសែត និង​អ្នក​ដទៃទៀត​ដែល​បាន​បញ្ចេញមតិ​រិះគន់ សំឡេង​របស់​ពួកគេ​ត្រូវបាន​រឹតត្បិត​តាមរយ​:​ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​។ ច្បាប់​ស្តី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​អាច​នឹងត្រូវ​អនុម័ត​នាពេលខាងមុខ ហាក់ដូចជា​បង្កើន​លទ្ធ​ភាព​ក្នុងការ​ដៅ​មុខសញ្ញា​លើ​សកម្មជន​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ប្រើប្រាស់​បទដ្ឋាន​គតិយុត្ត​។​

​ទោះបីជា​យ៉ាងណាក៏ដោយ តាំងពី​មានការ​បង្ក្រាប​ពី​សំណាក់​រដ្ឋាភិបាល​ទៅលើ​សេរីភាព​ខាង​ការជួបប្រជុំ​នៅ​ខែមករា ឆ្នាំ​២០១៤ ម​.​ស​.​ម​.​ក បាន​កត់ត្រា​នូវ​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ចំនួន​អ្នកការពារ​សិទ្ធិមនុស្ស និង​បាតុករ​អហិង្សា​ដែល​ត្រូវការ​ជំនួយ​ផ្នែក​ច្បាប់ និង​ជំនួយ​ជាក់ស្តែង​ផ្សេងទៀត​។ កម្ពុជា​បានឃើញ​ការកើនឡើង​សកម្ម​និយម និង​ការព្យាយាម​គាបសង្កត់​តាម​សកម្មភាព​មួយចំនួន ជាពិសេស​នៅក្នុង​ចំណោម​សហជីព និង​កម្មករ​ដែល​ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ​អប្បបរមា និង​បង្កើន​លក្ខខណ្ឌ​ការងារ​ឲ្យ​បានល្អ​ប្រសើរ​។ ការទាមទារ​នេះ បង្ហាញ​ពី​ភាពមិន​ពេញចិត្ត​ចំពោះ​ស្ថានភាព​សង្គម​នយោបាយ​ក​ម្ពុ​ជា និង​ការកើនឡើង​នូវ​ការលើកទឹកចិត្ត​ក្នុង​ការធ្វើសកម្មភាព​ដើម្បី​ទទួលបាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ ដោយ​ផ្អែកលើ​មូលដ្ឋាន​បែបនេះ គម្រោង​នឹង​ផ្សព្វផ្សាយ​សកម្មភាព​រប​ស់​ខ្លួន​ទៅ​អ្នកទទួលផល​នៃ​គម្រោង និង​ក្រុម​គោលដៅ​ឲ្យ​កាន់តែ​ទូលាយ​ថែមទៀត​។ គម្រោង​នឹងធ្វើ​កិច្ចការ​នេះ​ដើម្បី​ឲ្យ​មាន​កំណែទម្រង់​។​

​ដោយ​របៀប​ណា​?

​គម្រោង​នឹងធ្វើ​សកម្មភាព​ផ្សេងៗ​ជាច្រើន ផ្អែក​តាម​គោលបំណង​ជាក់លាក់​នៃ​ផ្នែក​នីមួយៗ​។​

គម្រោង​នឹង​តាមដាន​ត្រួតពិនិត្យ​ជា​ប្រព័ន្ធ និង​កត់ត្រា​នូវ​រាល់​ការរំលោភបំពាន​សេរីភាព​មូលដ្ឋាន ដើម្បី​ឲ្យ​ភស្តុតាង​ស្ដីពី​ការរំលោភបំពាន​មានការ​កើនឡើង​។ ទិន្នន័យ​ទាំងនេះ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​កំណត់​របត់ និង​ទម្រង់​នៃ​ការ​រឹតត្បិត និង​ដើម្បី​ទាក់ទាញ​ឲ្យ​មានការ​ចូលរួម​ពី​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុងការ​ធ្វើកំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធតុលាការ​។ ព័ត៌មាន​ដែល​ប្រមូលបាន​នឹងត្រូវ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត នៅក្នុង​គេហទំព័រ sithi.org​។

​ដើម្បី​កាត់បន្ថយ​ស្ថានភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ក្នុងការ​គំរាមកំហែង ឬ​រំលោភបំពាន​លើ​សេរីភាព​មូលដ្ឋាន ជាពិសេស​តាមរយៈ​ការចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ គម្រោង​នឹង​ផ្ដល់ជំនួយ​ផ្នែក​ច្បាប់ ព្រមទាំង​ជំនួយ​ជាក់ស្តែង​ដល់​បុគ្គល​ជា​ជនរងគ្រោះ​ដោយ​ការរំលោភ​សេរីភាព​មូលដ្ឋាន​។ គម្រោង​នឹង​បង្កើត និង​គ្រប់គ្រង​ជំនួយ​ថវិកា​សេរីភាព​មូលដ្ឋាន​សម្រាប់​ប្រើប្រាស់​ក្នុង​វិសាលភាព​នេះ​។​

សកម្មភាព​ចម្បង​មួយ​របស់​គម្រោង​គឺ​ការបង្កើត និង​ចែកចាយ​ព័ត៌មាន ការវិភាគ និង​ការឆ្លើយតប​ផ្សេងៗ និង​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ ដើម្បី​ផ្តល់ព័ត៌មាន​ស្ដីពី​សេរីភាព​មូលដ្ឋាន​។ យុទ្ធនាការ ការបណ្តុះបណ្តាល និង​សិក្ខាសាលា​សហគមន៍​មួយចំនួន​នឹង​រៀបចំឡើង​ដើម្បី​ពង្រឹង​អំណាច​អ្នកទទួលផល​ពី​គម្រោង ដែល​រួមមាន​អ្នកការពារ​សិទ្ធិមនុស្ស អ្នកកាសែត កម្មករ​សហជីព អង្គការ​សង្គម​​ស៊ីវិល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែមាន​សំឡេង​ក្នុង​តម្រូវ​ការយល់ដឹង​ពី​សេរីភាព​មូលដ្ឋាន​របស់ខ្លួន​។ គម្រោង​ក៏​នឹងមាន​ផ្ដល់ជំនួយ​ថវិកា​ខ្នាតតូច​ដើម្បី​គាំទ្រ​សកម្មភាព​ថ្នាក់មូលដ្ឋាន​ផងដែរ​។​

ដើម្បី​នរណា​?

​គម្រោង​នឹង​កំណត់​ក្រុម​គោលដៅ និង​អ្នកទទួលផល​ចម្បងៗ​បី​នៅក្នុង​សង្គម​កម្ពុជា ៖

  • ​បុគ្គល និង​ស្ថាប័ន​ដែល​រាយការណ៍ ឬ​ធ្វើការ​ដោះស្រាយ​ការរំលោភបំពាន​សិទ្ធិមនុស្ស​រួមមាន​អ្នកការពារ​សិទ្ធិមនុស្ស មេដឹកនាំ​សហជីព និង​កម្មករ សកម្មជន​សហគមន៍​/ សកម្មជន​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណែ​ត​/ សកម្មជន​នយោបាយ អ្នកកាសែត និង​បាតុករ​អហិង្សា​។ អ្នក​ទាំងនោះ​នឹង​ទទួលបាន​ជំនួយ​ផ្នែក​ច្បាប់ និង​ជំនួយ​សុវត្ថិភាព ការបណ្តុះបណ្តាល យុទ្ធនាការ និង​ជំនួយ​តាម​ទម្រង់​ផ្សេងទៀត​តាម​ដែល​អាចជួយ​បាន​។​
  • សាធារណជន​ទូទៅ​នឹង​ក្លាយជា​ក្រុម​ទទួលផល​ពី​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​។ ជាពិសេស​គម្រោង​នឹង​ប្រើប្រាស់​កម្មវិធី​វិទ្យុ និង​មធ្យោបាយ​ផ្តល់ព័ត៌មាន​ផ្សេងទៀត​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន និង​បង្កើន​តម្រូវការ​សាធារណ​:​ឲ្យ​យល់ដឹង​អំពី​កំណែទម្រង់​ច្បាប់ និង​តុលាការ​។​
  • អ្នកធ្វើការ​សម្រេចចិត្ត​ដែល​ពាក់ព័ន្ធ​រួមមាន​សមាជិក​ក្រសួង​សំខាន់ៗ សមាជិកសភា សមាជិក​នៃ​ស្ថាប័ន​តុលាការ និង​គណបក្សនយោបាយ​នឹង​ក្លាយជា​ក្រុម​គោលដៅ​ចម្បង​ក្នុង​ការជជែក​ពិភាក្សា និង​ការតស៊ូ​មតិ​។​

​ក្រុម​គោលដៅ​បន្ទាប់បន្សំ​រួមមាន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល អង្គការ​សហគមន៍​ថ្នាក់មូលដ្ឋាន និង​យន្តការ​នៃ​អង្គការសហប្រជាជាតិ (“​អ​.​ស​.​ប​”) រួមមាន​នីតិវិធី​ពិសេស​របស់ អ​.​ស​.​ប តួអង្គ​សន្ធិសញ្ញា​នៃ អ​.​ស​.​ប ក្រុមការងារ​នៃ អ​.​ស​.​ប និង​ក្រុមប្រឹក្សា​សិទ្ធិ​​មនុស្ស​។​