គម្រោង​ការពារ និង​លើក​កម្ពស់​សិទ្ធិ​បច្ចេក​វិទ្យា

តើ​គម្រោង​ការពារ និង​លើកកម្ពស់​សិទ្ធិ​បច្ចេកវិទ្យា​ជា​អ្វី​?

​គម្រោង​ការពារ និង​លើកកម្ពស់​សិទ្ធិ​បច្ចេកវិទ្យា (“​គម្រោង​”) មាន​គោលបំណង​នៅ​លើកកម្ពស់​សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត តាមរយៈ ការអប់រំ​ប្រជាពលរដ្ឋ​អំពី​សិទ្ធិមនុស្ស​នៅក្នុង​ពិភព​បច្ចេកវិទ្យា​។ នេះ​ជា​គម្រោង​ច្នៃប្រឌិត​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(“​ម​.​ស​.​ម​.​ក​”) ដែល​ធ្វើការ​ការពារ​សេរីភាព​មូលដ្ឋាន រួមទាំង​សេរីភាព​បញ្ចេញមតិ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។ គម្រោង​នឹង​ជួយ​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ឱ្យ​យល់ដឹង​អំពី​សិទ្ធិ​បច្ចេកវិទ្យា បង្កើន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ផ្តល់​វិធីសាស្ត្រ​ចាំបាច់ ដើម្បី​ធ្វើការ​តស៊ូ​មតិ​ឱ្យមាន​ការគោរព​សិទ្ធិ​បច្ចេកវិទ្យា និង​សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។ សកម្មជន​អ៊ី​ន​ធើ​ណែ​ត និង​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ទូទៅ តែង​ជា​ជនរងគ្រោះ​នៃ​អំពើ​វាយដំ ការចាប់ខ្លួន​តាម​អំពើ​ចិត្ត ការគំរាមកំហែង​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ការបំភិតបំភ័យ ដោយសារ​សកម្មភាពរ​បស់​ពួកគេ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដូច្នេះ​សិទ្ធិ​អ្នក​ទាំងនេះ​ត្រូវតែ​ទទួល​បានការ​គាំពារ និង​លើកកម្ពស់​ជា​ចាំបាច់ ។​

​ហេតុអ្វី​បានជា​មាន​គម្រោង​នេះ​?

​អ៊ី​ន​ធើ​ណែ​ត​បាន​ក្លាយជា​វេទិកា​សំខាន់​មួយ​សម្រាប់​ជជែក​អំពី​បញ្ហានយោបាយ​នៅ​កម្ពុជា ដែល​ភាព​សកម្ម​និយម និង​ការតស៊ូ​មតិ​របស់​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ​កំពុង​ផ្សារ​ទំនាក់ទំនង និង​ធ្វើឱ្យមាន​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ​ច្រើន​លើសលប់​។ ជាងនេះទៀត ការប្រាស្រ័យ​ទាក់ទង​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ក្លាយជា​វិធីសាស្ត្រ​សំខាន់​ក្នុង​វិស័យ​ការងារ​សិទ្ធិមនុស្ស និង​ការឃ្លាំមើល​ការបោះឆ្នោត ដែល​អាច​ជំរុញឱ្យមាន​ប្រតិកម្មរ​ហ័ស​ទៅលើ​ករណី​រំលោភសិទ្ធិ​មនុស្ស​។ ក្នុង​ខែឧសភា ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​នូវ​ចេតនា​របស់ខ្លួន​ក្នុងការ​អនុម័ត​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​របស់​កម្ពុជា​ជា​លើកដំបូង​។ សេចក្តីព្រាងច្បាប់​បាន​បែកធ្លាយ​ក្នុង​ខែមេសា ឆ្នាំ​២០១៤ ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ​ចេញផ្សាយ​សេចក្តីព្រាងច្បាប់​ផ្លូវការ​។ នៅ​ចុងឆ្នាំ​២០១៤ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានប្រកាស​អំពី​ការបង្កើត “​ក្រុមការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​” ដោយ​បញ្ជា​ក់នូវ​គោលបំណង​ក្នុងការ​ត្រួតពិនិត្យ​សកម្មភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត “​ការពារ​ជំហរ និង​កិត្យានុភាព​របស់​រដ្ឋាភិបាល​”​។ នៅ​ចុងខែ​ឧសភា ឆ្នាំ ២០១៥ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានប្រកាសថា សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា កំពុងតែ​ស្ថិតនៅក្នុង​ការពិចារណា ហើយ​ច្បាប់​នេះ​នឹងមាន​ដាក់ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ចំពោះ “​ជន​ណា​ដែលមាន​ចេតនា​ទុច្ចរិត​” ដែល “​រិះគន់​រដ្ឋាភិបាល​” ។ ចំណាត់ការ​ទាំងនេះ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ធ្វើឱ្យមាន​ការព្រួយបារម្ភ​ធ្ងន់ធ្ងរ​ចំពោះ​ការគំរាមកំហែង​ទៅលើ​សិទ្ធិ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​

តើ​គម្រោង​នេះ​នឹង​អនុវត្ត​ដោយ​របៀប​ណា​?

គម្រោង​នឹង​អនុវត្ត​សកម្មភាព​មួយចំនួន​ដូចខាងក្រោម​ដើម្បី​ធានាថា​សិទ្ធិ​បច្ចេកវិទ្យា និង​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ត្រូវបាន​គោរព​អនុលោម​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ៖ (១) ធ្វើ​ការស្ទង់មតិ និង​ពិភាក្សា​ក្រុម​តូច​អំពី​ការយល់ដឹង​សិទ្ធិ​បច្ចេកវិទ្យា (២) ផលិត​សម្ភារៈ​ឧបទេស​សម្រាប់​អប់រំ ស្តីពី​សិទ្ធិ​បច្ចេកវិទ្យា រួមមាន វីដេអូ​(​យូ​ធូប​) ខិត្តប័ណ្ណ​អប់រំ កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​វិទ្យុ ខ្សែអាត់​សំឡេង ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​

តើ​ក្រុម​គោលដៅ​នៃ​គម្រោង​នេះ​ជា​នរណា​?

ក្រុម​គោលដៅ​របស់​គម្រោង​រួមមាន ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ រួមទាំង អ្នកប្រើប្រាស់​ប្លុក សកម្មជន​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត អ្នកសារព័ត៌មាន អ្នកការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​ទូទៅ​។​