គម្រោងការពារសេរីភាពមូលដ្ឋាន
អ្វី?
គម្រោងការពារសេរីភាពមូលដ្ឋាន (“គម្រោង”) មានគោលបំណងជួយដោះស្រាយទៅលើការរឹតត្បិតសេរីភាពមូលដ្ឋាន រួមមាន សេរីភាពខាងការបង្កើតសមាគម សេរីភាពខាងការជួបប្រជុំ និងសេរីភាពខាងការបញ្ចេញមតិ ដែលនៅតែបន្តកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ជាពិសេសការរឹតត្បិតទៅដល់អ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និងកម្មករ សកម្មជនសហគមន៍/ សកម្មជនលើបណ្តាញអ៊ីនធើណែត/ សកម្មជននយោបាយ អ្នកកាសែត និងអ្នកតវ៉ាអហិង្សា។
គម្រោងនេះ មានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើការងារ ៣ ផ្នែកផ្សេងគ្នា តែមានទំនាក់ទំនងគ្នាជាប់។ ផ្នែកទីមួយគឺ បង្កើនភស្តុតាងនៃការរំលោភបំពានសេរីភាពមូលដ្ឋាន ដើម្បីទាក់ទាញឲ្យមានការចូលរួមពីអ្នកសម្រេចចិត្តនៅក្នុងកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ។ ផ្នែកទីពីរ ធ្វើការកាត់បន្ថយស្ថានភាពដែលបទដ្ឋានគតិយុត្តត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងការរំលោភបំពានសេរីភាពមូលដ្ឋាន។ ជាចុងក្រោយ គម្រោងមានបំណងឲ្យសាធារណជនកាន់តែច្រើនយល់ជ្រួតជ្រាប់អំពីសេរីភាពមូលដ្ឋាន។
ហេតុអ្វី?
សេរីភាពមូលដ្ឋាននៅកម្ពុជានៅតែបន្តរឹតត្បិត និងដាក់កម្រិតជាខ្លាំង។ ទោះបីជាសេរីភាពមូលដ្ឋានត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ) មាត្រា ៣៥ និង៤១ និងបើទោះបីជាមានការកំណត់ក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិក៏ដោយ ក៏ពុំមានយន្តការជាតិឯករាជ្យណាមួយនៅកម្ពុជា ដែលការពារ និងលើកកម្ពស់ការអនុវត្តសេរីភាពទាំងនោះឡើយ។ កង្វះខាតតុលាការឯករាជ្យ និងមិនលម្អៀង រួមទាំងក្របខ័ណ្ឌច្បាប់ទន់ខ្សោយបានធ្វើឲ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ។
កន្លងមក ច្បាប់ដែលមានលក្ខណៈរឹតត្បិត ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងការយាយីដោយប្រព័ន្ធតុលាការទៅលើអ្នកបញ្ចេញមតិ បានបង្កឲ្យមានការរីករាលដាលនូវវប្បធម៌ស្ងៀមស្ងាត់។ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសតែងតែត្រូវបានដៅមុខសញ្ញា យាយី និងចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដោយសារការបញ្ចេញមតិមិនគាំទ្រគោលនយោបាយដែលមានលក្ខណ:គាបសង្កត់។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) បង្កើតឡើងដើម្បីអនុវត្តច្បាប់ថ្មី ដែលមានសក្តានុពលក្នុងការបន្តរឹតត្បិតសេរីភាពមូលដ្ឋាន និងដាក់ទណ្ឌកម្មទៅលើអ្នកដែលព្យាយាមអនុវត្តសិទ្ធិទាំងនេះ។ មេដឹកនាំសហជីព និងបាតុករប្រឈមមុខនឹងការឹតត្បិតនាពេលអនាគតបន្ថែមទៀត តាមរយ: ការអនុវត្តច្បាប់ស្តីពីសហជីព។ ស្រដៀងគ្នានេះដែរ ប្រសិនបើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអនុម័ត រួមទាំងច្បាប់បីស្ដីពីតុលាការដែលទើបតែត្រូវបានអនុម័តនាពេលថ្មីៗ នឹងបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារការរួមតូចនៃលំហបញ្ចេញមតិ។ ជាក់ស្តែង អ្នកកាសែត និងអ្នកដទៃទៀតដែលបានបញ្ចេញមតិរិះគន់ សំឡេងរបស់ពួកគេត្រូវបានរឹតត្បិតតាមរយ:ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍។ ច្បាប់ស្តីឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា ដែលអាចនឹងត្រូវអនុម័តនាពេលខាងមុខ ហាក់ដូចជាបង្កើនលទ្ធភាពក្នុងការដៅមុខសញ្ញាលើសកម្មជនលើប្រព័ន្ធអ៊ីនធើណែត និងប្រព័ន្ធផ្សព្វផ្សាយដោយប្រើប្រាស់បទដ្ឋានគតិយុត្ត។
ទោះបីជាយ៉ាងណាក៏ដោយ តាំងពីមានការបង្ក្រាបពីសំណាក់រដ្ឋាភិបាលទៅលើសេរីភាពខាងការជួបប្រជុំនៅខែមករា ឆ្នាំ២០១៤ ម.ស.ម.ក បានកត់ត្រានូវការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកការពារសិទ្ធិមនុស្ស និងបាតុករអហិង្សាដែលត្រូវការជំនួយផ្នែកច្បាប់ និងជំនួយជាក់ស្តែងផ្សេងទៀត។ កម្ពុជាបានឃើញការកើនឡើងសកម្មនិយម និងការព្យាយាមគាបសង្កត់តាមសកម្មភាពមួយចំនួន ជាពិសេសនៅក្នុងចំណោមសហជីព និងកម្មករដែលទាមទារឲ្យមានការដំឡើងប្រាក់ខែអប្បបរមា និងបង្កើនលក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ ការទាមទារនេះ បង្ហាញពីភាពមិនពេញចិត្តចំពោះស្ថានភាពសង្គមនយោបាយកម្ពុជា និងការកើនឡើងនូវការលើកទឹកចិត្តក្នុងការធ្វើសកម្មភាពដើម្បីទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន។ ដោយផ្អែកលើមូលដ្ឋានបែបនេះ គម្រោងនឹងផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនទៅអ្នកទទួលផលនៃគម្រោង និងក្រុមគោលដៅឲ្យកាន់តែទូលាយថែមទៀត។គម្រោងនឹងធ្វើកិច្ចការនេះដើម្បីឲ្យមានកំណែទម្រង់។
ដោយរបៀបណា?
គម្រោងនឹងធ្វើសកម្មភាពផ្សេងៗជាច្រើន ផ្អែកតាមគោលបំណងជាក់លាក់នៃផ្នែកនីមួយៗ។
គម្រោងនឹងតាមដានត្រួតពិនិត្យជាប្រព័ន្ធ និងកត់ត្រានូវរាល់ការរំលោភបំពានសេរីភាពមូលដ្ឋាន ដើម្បីឲ្យភស្តុតាងស្ដីពីការរំលោភបំពានមានការកើនឡើង។ ទិន្នន័យទាំងនេះនឹងត្រូវប្រើប្រាស់ដើម្បីកំណត់របត់ និងទម្រង់នៃការរឹតត្បិត និងដើម្បីទាក់ទាញឲ្យមានការចូលរួមពីអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ។ ព័ត៌មានដែលប្រមូលបាននឹងត្រូវផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណែត នៅក្នុងគេហទំព័រ sithi.org។
ដើម្បីកាត់បន្ថយស្ថានភាពនៃការប្រើប្រាស់ប្រព័ន្ធច្បាប់ក្នុងការគំរាមកំហែង ឬរំលោភបំពានលើសេរីភាពមូលដ្ឋាន ជាពិសេសតាមរយៈការចោទប្រកាន់ពីបទព្រហ្មទណ្ឌ គម្រោងនឹងផ្ដល់ជំនួយផ្នែកច្បាប់ ព្រមទាំងជំនួយជាក់ស្តែងដល់បុគ្គលជាជនរងគ្រោះដោយការរំលោភសេរីភាពមូលដ្ឋាន។ គម្រោងនឹងបង្កើត និងគ្រប់គ្រងជំនួយថវិកាសេរីភាពមូលដ្ឋានសម្រាប់ប្រើប្រាស់ក្នុងវិសាលភាពនេះ។
សកម្មភាពចម្បងមួយរបស់គម្រោងគឺការបង្កើត និងចែកចាយព័ត៌មាន ការវិភាគ និងការឆ្លើយតបផ្សេងៗ និងបង្កើតប្រព័ន្ធផ្សព្វផ្សាយចម្រុះ ដើម្បីផ្តល់ព័ត៌មានស្ដីពីសេរីភាពមូលដ្ឋាន។ យុទ្ធនាការ ការបណ្តុះបណ្តាល និងសិក្ខាសាលាសហគមន៍មួយចំនួននឹងរៀបចំឡើងដើម្បីពង្រឹងអំណាចអ្នកទទួលផលពីគម្រោង ដែលរួមមានអ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត កម្មករសហជីព អង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានសំឡេងក្នុងតម្រូវការយល់ដឹងពីសេរីភាពមូលដ្ឋានរបស់ខ្លួន។ គម្រោងក៏នឹងមានផ្ដល់ជំនួយថវិកាខ្នាតតូចដើម្បីគាំទ្រសកម្មភាពថ្នាក់មូលដ្ឋានផងដែរ។
ដើម្បីនរណា?
គម្រោងនឹងកំណត់ក្រុមគោលដៅ និងអ្នកទទួលផលចម្បងៗបីនៅក្នុងសង្គមកម្ពុជា ៖
- បុគ្គល និងស្ថាប័នដែលរាយការណ៍ ឬធ្វើការដោះស្រាយការរំលោភបំពានសិទ្ធិមនុស្សរួមមានអ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព និងកម្មករ សកម្មជនសហគមន៍/ សកម្មជនលើបណ្ដាញអ៊ីនធឺណែត/ សកម្មជននយោបាយ អ្នកកាសែត និងបាតុករអហិង្សា។ អ្នកទាំងនោះនឹងទទួលបានជំនួយផ្នែកច្បាប់ និងជំនួយសុវត្ថិភាព ការបណ្តុះបណ្តាល យុទ្ធនាការ និងជំនួយតាមទម្រង់ផ្សេងទៀតតាមដែលអាចជួយបាន។
- សាធារណជនទូទៅនឹងក្លាយជាក្រុមទទួលផលពីសកម្មភាពលើកកម្ពស់ការយល់ដឹង។ ជាពិសេសគម្រោងនឹងប្រើប្រាស់កម្មវិធីវិទ្យុ និងមធ្យោបាយផ្តល់ព័ត៌មានផ្សេងទៀតដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងបង្កើនតម្រូវការសាធារណ:ឲ្យយល់ដឹងអំពីកំណែទម្រង់ច្បាប់ និងតុលាការ។
- អ្នកធ្វើការសម្រេចចិត្តដែលពាក់ព័ន្ធរួមមានសមាជិកក្រសួងសំខាន់ៗ សមាជិកសភា សមាជិកនៃស្ថាប័នតុលាការ និងគណបក្សនយោបាយនឹងក្លាយជាក្រុមគោលដៅចម្បងក្នុងការជជែកពិភាក្សា និងការតស៊ូមតិ។
ក្រុមគោលដៅបន្ទាប់បន្សំរួមមាន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិល អង្គការសហគមន៍ថ្នាក់មូលដ្ឋាន និងយន្តការនៃអង្គការសហប្រជាជាតិ (“អ.ស.ប”) រួមមាននីតិវិធីពិសេសរបស់ អ.ស.ប តួអង្គសន្ធិសញ្ញានៃ អ.ស.ប ក្រុមការងារនៃ អ.ស.ប និងក្រុមប្រឹក្សាសិទ្ធិមនុស្ស។
