គម្រោងអ្នកការពារសិទ្ធិមនុស្សស្រ្តី
តើគម្រោងអ្នកការពារសិទ្ធិមនុស្សស្ត្រី ជាអ្វី?
គម្រោងអ្នកការពារសិទ្ធិមនុស្សស្ត្រី (“គម្រោង”) មានបំណងពង្រឹងសិទ្ធិអំណាច និងការពារអ្នកការពារសិទ្ធិមនុស្សស្ត្រីនៅក្នុងប្រទេសកម្ពុជា។ គម្រោងនឹងផ្តល់ជំនួយផ្នែកច្បាប់ មនុស្សធម៌ និងចិត្តសាស្ត្រដល់អ្នកការពារសិទ្ធិមនុស្សស្ត្រីដែលប្រឈមនឹងអំពើហិង្សា ការយាយី និងការគំរាមកំហែងដោយសារការបំពេញការងាររបស់ ខ្លួន។ ការបំពារបំពានទៅលើអ្នកការពារសិទ្ធិមនុស្សស្ត្រី ជាញឹកញាប់កើតមានឡើងតាមទម្រង់យាយីផ្នែកប្រព័ន្ធតុលាការ រួមមាន ការចាប់ដោយអំពើចិត្តខ្លួន ការឃុំខ្លួនដោយខុសច្បាប់ និងការកាត់ទោសដោយគ្មានហេតុផលតាមតែអំពើចិត្តចំពោះបទល្មើសលហុ។ លើសពីនេះ អ្នកការពារសិទ្ធិមនុស្សស្ត្រីត្រូវបានគេបង្ខំឲ្យចុះហត្ថលេខាយល់ព្រមលើឯកសារដែលសន្យាអោយឈប់ចូលរួមក្នុងសកម្មភាពតវ៉ានានាទៀតនៅថ្ងៃខាងមុខ។
ហេតុអ្វីបានជាមានគម្រោងនេះ?
អំពើហិង្សាលើស្ត្រីដែលជះឥទ្ធិពលពីការឲ្យតម្លៃយ៉េនឌ័រតាមប្រពៃណីដែលកំណត់ថាស្ត្រីទន់ខ្សោយជាងបុរស ហើយផ្នត់គំនិតនេះបានបន្សល់នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកដឹកនាំសហគមន៍ ឬជាសកម្មជនសង្គមស៊ីវិល យល់ឃើញថា អ្នកការពារសិទ្ធិមនុស្សស្ត្រីកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការពង្រឹង និងការពារសិទ្ធិមនុស្ស។ ទោះជាយ៉ាងណា ជាញឹកញាប់អ្នកការពារសិទ្ធិមនុស្សស្ត្រីបានប្រឈមមុខនឹងការគំរាមកំហែង ការយាយី ដូច្នេះហើយគឺវាមានភាពអសន្តិសុខខណៈពេលដែលខ្លួនកំពុងបំពញការងារ។ ម.ស.ម.ក បានកត់សម្គាល់ដោយក្តីបារម្ភថា អ្នកការពារសិទ្ធិមនុស្សស្ត្រី ទទួលរងការរំលោភ និងការបំពារបំពាន ជាច្រើន ក្នុងនោះរួមទាំង អំពើហិង្សាផ្អែកលើយ៉េនឌ័រ ដែលចាក់ឬសក្នុងការរើសអើង និងទំនៀមទំលាប់សង្គមដែលបណ្ដោយឲ្យមានអំពើហិង្សាទៅលើស្ត្រី។ ការបំពារបំពានទាំងនេះជាញឹកញាប់ពុំទទួលការផ្តន្ទាទោសទេ។ អ្នកការពារសិទ្ធិមនុស្សស្ត្រីជាច្រើនរូប ត្រូវបានរាយការណ៍ថា ដោយសារតែអំពើហិង្សា ការគំរាមកំហែង និង/ឬការយាយីដែលស្ត្រីទាំងនោះបានជួបប្រទះបានធ្វើឲ្យពួកគេប្រឈមនឹងភាពតានតឹង និងការភ័យព្រួយជាខ្លាំង ។
តើគម្រោងនេះនឹងអនុវត្តដោយរបៀបណា?
គម្រោងនឹងអនុវត្តនូវសកម្មភាពផ្សេងៗដែលមានគោលបំណងការពារអ្នកការពារសិទ្ធិមនុស្សស្ត្រី និងពង្រឹងសមត្ថភាពរបស់ពួកគេ។ អ្នកការពារសិទ្ធិមនុស្សស្ត្រីនឹងទទួលបានជំនួយ រួមមាន ៖
- ជំនួយផ្នែកច្បាប់ និងការបណ្ដុះបណ្ដាល ដើម្បីជំរុញឲ្យអ្នកការពារសិទ្ធិមនុស្សស្ត្រីអាចជំទាស់តវ៉ាទៅនឹងការរំលោភបំពានទៅលើសិទ្ធិរបស់ពួកគេ។ គម្រោងនឹងជួយសម្រួលដល់ការចូលរួមរបស់អ្នកការពារសិទ្ធិមនុស្សស្ត្រីនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលអំពីវិធីសាស្ត្រ និងរបៀបតស៊ូមតិបែបអហិង្សា។
- ជំនួយផ្នែកមនុស្សធម៌ និង /ឬជំនួយបន្ទាន់ (ទីកន្លែងមានសុវត្ថិភាព ការផ្គត់ផ្គង់អាហារ និងគ្រឿងឧបភោគនានា ការថែទាំសុខភាព និងការចុះទៅសួរសុខទុក្ខក្នុងករណីជាប់ក្នុងពន្ធធនាគារ) ក្នុងគោលបំណងដើម្បីជួយដល់អ្នកការពារសិទ្ធិមនុស្សស្ត្រីឲ្យរួចចេញពីស្ថានភាពដែលមានហានិភ័យខ្ពស់។
- ជំនួយផ្នែកផ្លូវចិត្ត ក្នុងគោលបំណងដើម្បីកាត់បន្ថយនូវឧប្បត្តិហេតុដែលអាចប៉ះទង្គិចដល់ផ្លូវចិត្ត។
បន្ថែមពីនេះ គម្រោងនឹងប្រមូលទិន្នន័យដែលមានទាំងគុណភាព និងបរិមាណ ព្រមទាំងវិភាគដើម្បីបង្កើននូវប្រភពព័ត៌មាន លើកកម្ពស់ការគោរពសិទ្ធិអ្នកការពារសិទ្ធិមនុស្សស្ត្រី និងការតស៊ូមតិសម្រាប់ការផ្លាស់ប្ដូរ។
តើក្រុមគោលដៅរបស់គម្រោងជានរណា?
ក្រុមគោលដៅ ឬ ក្រុមទទួលផលពីគម្រោងនេះ គឺជាអ្នកការពារសិទ្ធិមនុស្សស្ត្រីនៅក្នុងប្រទេសកម្ពុជាដែលធ្លាប់ទទួលរង ឬប្រឈមនឹងអំពើហិង្សា ឬប៉ះទង្គិចផ្លូវចិត្តដោយសារតែការងាររបស់ពួកគេ។