សកម្មជននៅតំបន់អារ៉ែងត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារនៅខេត្តកោះកុង
កាលបរិច្ឆេទបង្កើត | : 07 / Oct / 2015 |
---|---|
លក្ខណៈនៃការគំរាម | : |
សិទ្ធិដែលពាក់ព័ន្ធ | : សេរីភាពខាងការបញ្ចេញមតិសេរីភាពខាងបង្កើតសមាគម |
ការពិពណ៌នាលម្អិត
ថ្ងៃនេះនៅវេលាម៉ោងប្រមាណ ១២:២០នាទី ថ្ងៃត្រង់នេះ លោក វ៉ែន វ៉ន ជាសកម្មជនបរិស្ថានមួយរូបនៅតំបន់អារ៉ែង និងជាតំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិច ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅកាន់ពន្ធនាគារក្នុងខេត្តកោះកុង។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង លោក មិន មករា បានសាកសួរលោក វ៉ែន វ៉ន កាលពីព្រឹកមិញនេះពាក់ព័ន្ធទៅនឹងបទចោទចំនួនពីរ គឺ ទី១ ពីបទប្រមូលផល~អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតក្រោមមាត្រា ៩៨ នៃច្បាប់ស្តីពីព្រៃឈើ និង ទី២ ពីបទលុបបំបាត់វត្ថុតាង ក្រោមមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់ទាំងពីរបទនេះ ដោយសារតែលោក វ៉ែន វ៉ន និងសកម្មជនមូលដ្ឋានជាច្រើននាក់ផ្សេងទៀតបានសាងសង់មណ្ឌលសំណាក់តូចមួយ និងទីកន្លែងសម្រាប់ជួបប្រជុំក្នុងសហគមន៍ដើម្បីសកម្មជននានាចូលរួមក្នុងយុទ្ធនាការជំទាស់ទៅនឹងការសាងសង់ទំនប់វារីអគ្គិ សនីនៅតំបន់អារ៉ែង។ សម្រាប់គម្រោងនេះ លោក វ៉ន និងប្រជាពលរដ្ឋផ្សេងទៀត បានទិញឈើប្រមាណចំនួន ១០ ម៉ែត្រគូបពីឈ្មួញម្នាក់ក្នុងឆ្នាំ២០១៤ ហើយអាជ្ញាធរបានចោទថា ឈ្មួញនោះទទួលបានឈើតាមរយៈការកាប់ឈើខុសច្បាប់។ លោក វ៉ន ត្រូវបានអាជ្ញាធរកំណត់មុខសញ្ញា ដោយសារតែសកម្មនិយមរបស់លោកនាពេលកន្លងមក។ លោកត្រូវបានតុលាការខេត្តកោះកុងសាកសួរនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ការកាប់ឈើ ដូចបានលើកឡើងខាងលើ ប៉ុន្តែត្រូវបានដោះលែងវិញនៅថ្ងៃដដែលនោះ។ នាពេលថ្មីៗ នេះលោក វ៉ន ជាមួយប្រជាពលរដ្ឋចំនួន១៧នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅខាងក្រៅតុលាការខេត្តកោះកុង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ នៅពេលលោកកំពុងធ្វើការតវ៉ាឱ្យមានការដោះលែងសកម្មជនបរិស្ថានដែលជាប់ពន្ធនាគារចំនួន៣ នាក់ ដែលជាសមាជិកអង្គការមាតាធម្មជាតិ។ [1] សកម្មជនបរិស្ថានដែលជាសមាជិកអង្គការមាតាធម្មជាតិទាំងបីនាក់នោះក៏សកម្មផងដែរ ក្នុងការតវ៉ាជំទាស់ទៅនឹងការសាងសង់ទំនប់វារីអគ្គិសនី ហើយពួកគេត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃទី១៧ ខែសីហា។ លោក វ៉ែន វ៉ន ជាតំណាងសហគមន៍ជនជាតិដើមភាគតិច ជង ក្នុងខេត្តកោះកុង។ នាពេលកន្លងមក ម.ស.ម.ក ធ្លាប់បានសម្ភាស និងចងក្រងជីវប្រវត្តិសង្ខេបលោក វ៉ែន វ៉ន និងសហគមន៍របស់លោក ហើយជីវប្រវត្តិនោះអាចស្វែងរកបានតាមរយៈតំណភ្ជាប់នៅទីនេះ។ លោកបានដឹកនាំសហគម-ន៍ក្នុងស្រុកថ្មបាំង ក្នុងយុទ្ធនាការសហគមន៍ដើម្បីបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីអារ៉ែង ដែលបានគំរាមកំហែងដល់ដីធ្លី ជីវភាព និងបរិស្ថានធម្មជាតិក្នុងសហគមន៍។ ទំនប់វារីអគ្គិសនីនោះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិន ស៊ីណូហៃដ្រូ ជាក្រុមហ៊ុនមានកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធជាមួយដៃគូក្រុមហ៊ុនកម្ពុជា។ ករណីនេះ គឺជាឧទាហរណ៍មួយផ្សេងទៀតក្នុងការបង្ក្រាបដោយគ្មានត្រាប្រណីទៅលើជនដែលប្រឆាំងតវ៉ានឹងរាជរដ្ឋាភិបាលកម្ពុជា។ ការចាប់ខ្លួន និងការចោទប្រកាន់ដោយហេតុផលនយោ បាយជាច្រើនករណី ដូចជានាពេលថ្មីៗនេះ នៅក្នុងខេត្តកោះកុង និងនៅទូទាំងប្រទេសកម្ពុជាគឺកំពុងគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជាត្រូវធានាថាសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានអាចបំពេញការងាររបស់ខ្លួនដោយសេរីដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ និងការចាប់ខ្លួនតាមទំនើងចិត្ត។ ម.ស.ម.ក សូមគូសបញ្ជាក់ជាថ្មីថា រដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាអន្តរជាតិចងកាតព្វកិច្ចកម្ពុជា ដែលជារដ្ឋភាគីមួយមានកាតព្វកិច្ចត្រូវធានានូវសិទ្ធិសេរីភាពខាងការប្រមូលផ្តុំដោយសន្តិវិធី និងសេរីភាពបង្កើតសមាគម។
[1] លោក អាឡិក ហ្គុនហ្សាឡេហ្ស ដាវីដសុនស្ថាបនិកអង្គការមាតាធម្មជាតិ ត្រូវបាននិរទេសខ្លួនពីកម្ពុជាដោយសារតែសកម្មនិយមរបស់លោក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ សូមមើលសេចក្តីប្រកាសព័ត៌មាន ម.ស.ម.ក តាមរយៈតំណភ្ជាប់ ៖ http://goo.gl/M35nBz
ព័ត៌មានទំនាក់ទំនង
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្ត្រីស្រាវជ្រាវជាន់ខ្ពស់ ម.ស.ម.ក អ្នកស្រី ជរ ច័ន្ទធីតា តាមរយៈទូរស័ព្ទ ៖ +៨៥៥(០) ១២ ៥១៥ ៥០៦ ឬ អ៊ីម៉ែល៖ [email protected] ឬលោក ផាត ដឹប្រូន ទីប្រឹក្សា ម.ស.ម.ក តាមរយៈទូរស័ព្ទ ៖ + ៨៥៥ (០) ៨៩ ៥៣ ៦២ ១៥ ឬ អ៊ីម៉ែល៖ [email protected]។