កម្ពុជា៖ សាលាឧទ្ធរណ៍ប្រទេសថៃនឹងចេញសេចក្តីសម្រេចលើបណ្តឹងជាសមូហភាពឆ្លងដែនដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះការរំលោភបំពានសិទ្ធិមនុស្ស

កាលបរិច្ឆេទបង្កើត : 30 / Jul / 2020
លក្ខណៈនៃការគំរាម :
សិទ្ធិដែលពាក់ព័ន្ធ :

ការពិពណ៌នាលម្អិត


តើតុលាការថៃនឹងប្រកាន់ខ្ជាប់នូវបទដ្ឋានធុរកិច្ច និងសិទ្ធិមនុស្សដូចដែលបានណែនាំដោយគណៈ កម្មាធិការសិទ្ធិមនុស្សជាតិថៃ និងផែនការសកម្មភាពជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្សដែរឬទេ?នៅថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ ២០២០ តុលាការ រដ្ឋប្បវេណីក្រុងបាងកកខាងត្បូងនឹងចេញសេចក្តីសម្រេចជាប្រវត្តិសាស្ត្រលើបណ្តឹងឧទ្ធរណ៍ស្នើសុំ ឋានៈជា បណ្តឹងសហមូហភាព នៅក្នុងរឿងក្តីរបស់លោកស្រី ហូយ ម៉ៃ និងជនរងគ្រោះផ្សេងទៀត ជាមួយនឹងក្រុមហ៊ុន មីត្រផូល ខូអិលធីឌី (Mitr Phol Co., Ltd)។ បណ្តឹងជាសមូហភាព ឆ្លងដែននេះ គឺជាបណ្តឹងដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលពាក់ព័ន្ធរវាងកសិកររងគ្រោះនៅកម្ពុជាជាមួយនឹងក្រុមហ៊ុនពហុជាតិដ៏ធំរបស់ប្រទេសថៃ។ ករណីនេះនឹងកំណត់ពីសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ដើមបណ្តឹងនៅក្នុងប្រព័ន្ធយុត្តិធម៌របស់ថៃ និងគណនេយ្យភាពសាជីវកម្មនៅក្នុងតំបន់ផងដែរ។ រឿងនេះប្រៀបដូចករណី រឿង ដេវីឌ (David) និង កូលីយ៉េត (Goliath) ផងដែរ (រឿងបុរសតូច ដែលបានប្រយុទ្ធតទល់នឹងយក្សដ៏ធំសម្បើម នៅក្នុងរឿងទេវកថា របស់អង់គ្លេស)ក្នុងអំឡុងឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០០៩ ដើមបណ្តឹង អ្នកស្រី ហូយ ម៉ៃ និងលោក ស្មិន តិត ត្រូវបាន បណ្តេញចេញដោយបង្ខំពីដីរបស់ពួកគាត់ នៅក្នុងប្រទេសកម្ពុជាដើម្បីយកដីទាំងនោះមកដាំអំពៅ ដោយក្រុមហ៊ុន មីត្រផូល (Mitr Phol) ដែលជាក្រុមហ៊ុនផលិតស្ករសធំបំផុតនៅក្នុងតំបន់អាស៊ី។ ផ្ទះនិងទ្រព្យសម្បត្តិរបស់ដើមបណ្តឹងត្រូវបានដុតបំផ្លាញចោល ហើយប្រជាពលរដ្ឋរងគ្រោះត្រូវបានគំរាមកំហែងដោយប្រើអំពើ ហឹង្សាលើរូបរាងកាយ និងចាប់ដាក់ពន្ធនាគារនៅពេលដែលពលរដ្ឋធ្វើការតវ៉ានឹងក្រុមហ៊ុន។ អ្នកស្រី ហូយ ម៉ៃ បានជាប់ពន្ធនាគារអស់រយៈពេល ០៨ខែ រហូតដល់គាត់សម្រាលបានកូនប្រុសម្នាក់។ ចំពោះ អ្នកស្រីហូយ ម៉ៃ និងលោក ស្មិន តិត បណ្តឹងជាសមូហភាពនេះគឺជាឱកាសតែមួយគត់ដើម្បីទទួលបានយុត្តិធម៌ពីការរំលោភសិទ្ធិមនុស្ស សម្រាប់ក្រុមពលរដ្ឋរងគ្រោះក្នុងសហគមន៍ជាង៧០០គ្រួសារ ដែលអ្នកស្រីហូយ ម៉ៃ និងលោក ស្មិន តិត តំណាងឱ្យ។ “ឋានៈជា បណ្តឹងសមូហភាព គឺមានការចាំបាច់ដើម្បីការពារសិទ្ធិរបស់ប្រជាជនកម្ពុជាដែលងាយរងគ្រោះទាំងនេះ។ ការផ្តល់នូវឋានៈប្រភេទនេះ នឹងក្លាយជាគំរូផ្លូវច្បាប់ដ៏រឹងមាំមួយដែលបង្ហាញថាក្រុមហ៊ុនសាជីវកម្មធំៗនឹងត្រូវទទួលខុសត្រូវចំពោះព្យសនកម្មទាំងឡាយដែលបណ្តាលមកពីប្រតិបត្តិការរបស់ខ្លួនមិនថានៅទីណានោះទេ ” នេះបើតាមប្រសាសន៍របស់លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ។សម្រាប់ប្រទេសថៃ និងតំបន់អាស៊ីអាគ្នេយ៍ បណ្តឹងសមូហភាព និងការអនុវត្តចំពោះបណ្តឹងប្រភេទនេះ ក្នុងការធ្វើបណ្តឹងឆ្លងដែន ដើម្បីការពារសិទ្ធិរបស់ក្រុមជនងាយរងគ្រោះបំផុតមួយចំនួននៅក្នុងតំបន់គឺ ការសាកល្បងថ្មីមួយ។ ករណីនេះនឹងកំណត់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃចំពោះផែនការសកម្មភាពជាតិ ស្តីពីធុរ កិច្ច និងសិទ្ធិមនុស្សដែលបានចែងយ៉ាងច្បាស់ពីការផ្តល់សិទ្ធិក្នុងការទទួលបានយុត្តិធម៌នៅក្នុងប្រទេសថៃ រួមទាំងសិទ្ធិក្នុងការទទួលបានដំណោះស្រាយ និងកិច្ចការពារដែលទាក់ទងនឹងប្រតិបត្តិការឆ្លងដែន។ (ដំណើររឿងនៃបណ្តឹងសមូហភាពនេះអាចរកបាននៅគេហទំព័រ Al Jazeera និងគេហទំព័រគណៈកម្មាធិការសិទ្ធិមនុស្សជាតិថៃ។)“រឿងក្តីនេះគឺជាការសាកល្បងដ៏ពិតប្រាកដមួយថា តើប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃគឺគ្រាន់តែសម្រាប់រឿងក្តីក្នុងស្រុក ឬសម្រាប់មនុស្សគ្រប់គ្នាដែលស្វែងរកយុត្តិធម៌ រួមទាំងករណី បណ្តឹងឆ្លងដែនផងដែរ។ ករណីនេះជាឱកាសមួយសម្រាប់ប្រទេសថៃដើម្បីបង្ហាញដល់ប្រជាជនថៃ និងសហគមន៍អន្តរជាតិថាប្រទេសថៃនឹងលើកស្ទួយសិទ្ធិមនុស្ស ក៏ដូចជាសេចក្តីថ្លៃថ្នូរ និងតម្រូវការសម្រាប់ការប្រតិបត្តិធុរកិច្ចល្អបំផុត” នេះបើតាមលោកស្រីមេធាវី Sor.Rattanamanee Polkla ដែលជាមេធាវីរបស់មជ្ឈមណ្ឌលធនធានសហគមន៍។ការបើកសវនការសម្រេចនឹងធ្វើឡើងនៅ៖ម៉ោង ៩ ព្រឹក ថ្ងៃសុក្រទី ៣១ ខែកក្កដាតុលាការរដ្ឋប្បវេណីបាងកកខាងត្បូង

ព័ត៌មានទំនាក់ទំនង


ព័ត៌មានលំអិតសូមទាក់ទង៖ - លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការ សមធម៌កម្ពុជាអ៊ីម៉ែល៖ [email protected] ទូរសព្ទ៖ +855 23 210 508- លោកស្រី Sor.Rattanamanee Polkla មន្ត្រីសម្របសម្រួលប្រតិបត្តិនៃមូលនិធិមជ្ឈមណ្ឌលធនធានសហគមន៍ (CRC)អ៊ីម៉ែល៖ [email protected] ទូរសព្ទ៖ +66817725843- លោក Melissa Ananthraj ប្រធានកម្មវិធីទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ វេទិកាអាស៊ី អ៊ីម៉ែល៖ co[email protected] កំណត់សម្គាល់៖ ខណៈដែលមានការដាក់បម្រាមដោយសារជំងឺ Covid-19 ដើមបណ្តឹងនឹងមិនបានចូលរួមក្នុងសវនាការនោះទេ ប៉ុន្តែអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសថៃ និងភាគីពាក់ព័ន្ធផ្សេងទៀតនឹងមានវត្តមាន។ ដើមបណ្តឹង និងអង្គការសង្គមស៊ីវិលកម្ពុជាអាចទំនាក់ទំនងបានតាមរយៈទូរសព្ទ។