សេចក្តីប្រកាសព័ត៌មានរបស់ ម.ស.ម.ក សកម្មជនបរិស្ថានបីរូបត្រូវបានចាប់ខ្លួន

កាលបរិច្ឆេទបង្កើត : 03 / Sep / 2020
លក្ខណៈនៃការគំរាម : សេរីភាពបញ្ចេញមតិ
សិទ្ធិដែលពាក់ព័ន្ធ :

ការពិពណ៌នាលម្អិត


នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក ថុ​ន រដ្ឋា​ដែលជា​សកម្មជន​បរិស្ថាន និង​ជា​សមាជិក មាតា​ធម្មជាតិ​កម្ពុជា​ត្រូវបាន​ចាប់ខ្លួន​នៅ​ផ្ទះជួល​របស់លោក​ដែល​ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ មាន​អាជ្ញាធរ​ជាច្រើន​នាក់ ដែល​រួមមាន​សន្តិសុខ និង​នគរបាល​ប្រមាណ​២៥​នាក់ បាន​ឡោមព័ទ្ធ​ផ្ទះ​របស់លោក​អស់​រយៈពេល​ប្រមាណ​ពីរ​ម៉ោង​មុនពេល​នាំខ្លួន​ចេញទៅ​នៅ​ម៉ោង ១២:៤០ នាទី​រសៀល​។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ត្រូវបាន​អាជ្ញាធរ​រារាំង​ក្នុង​ការចូល​ទៅជិត​ផ្ទះ​របស់លោក រដ្ឋា ខណៈពេលដែល​នគរបាល​ចាប់ខ្លួន​រូបលោក​។ អាជ្ញាធរ​បាន​ចាក់សោរ​ផ្ទះ ហើយ​បិទ​លិខិត​មួយច្បាប់​ជាប់​នឹង​ទ្វារផ្ទះ​របស់លោក រដ្ឋា ដែល​បង្ហាញថា​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ ស្នងការរង​រាជធានី​ភ្នំពេញ សហការ​ជាមួយ អនុប្រធាន​មន្ទីរ​ព័ត៌មាន ព្រះរាជអាជ្ញារង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត​។

ក្នុង​លិខិត​នោះ​បញ្ជាក់ថា វិធានការ​ត្រូវបាន​ធ្វើឡើង​ដោយសារតែ​លោក រដ្ឋា បាន «​ផ្សាយ​ព័ត៌មាន​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​»​។ ទោះបីយ៉ាងណា​នៅ​មិនទាន់​ដឹងថា​ព័ត៌មាន​អ្វីដែល​ត្រូវបាន​ផ្សព្វផ្សាយ ឬ​ច្បាប់​ណា​ដែល​តម្រូវឱ្យ​សុំ​ការអនុញ្ញាត​ចំពោះ​ការផ្សព្វផ្សាយ​នោះ​នៅឡើយ​ទេ​។​​សកម្មជន​មាតា​ធម្មជាតិ​មួយរូប​ទៀត​គឺ​កញ្ញា ឡុង គ​ន្ធា ជា​ជន​ទី​ពីរ​ត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃនេះ​។ មានការ​រាយការណ៍​ថា អាជ្ញាធរ​បាន​តាមដាន​គាត់​ខណៈពេលដែល​កញ្ញា​គ្រោង​ដើរ​ពី​វត្តភ្នំ​សំដៅទៅ​ផ្ទះ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នាពេល​ព្រឹក​នេះ​។ កញ្ញា​មានបំណង​ស្នើសុំ​ជួប​ជាមួយ​នាយក​រដ្ឋ​​មន្ត្រី​ដើម្បី​បង្ហាញ​ពី​ក្តីកង្វល់​របស់​នាង​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន​មួយចំនួន រួមមាន​ការអភិវឌ្ឍ​បឹង​តា​មោក ដែលជា​បឹង​ចុងក្រោយបង្អស់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​នៅ​សេសសល់ ដែល​នឹង​ប៉ះពាល់​ពពួកសត្វ​ស្លាប និង​បំផ្លាញ​ជីវៈចម្រុះ ហើយ​វា​អាច​បណ្តាលឱ្យមាន​គ្រោះទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​។ ​

កញ្ញា ភួ​ន កែវ​រស្មី ជា​សកម្មជន​មាតា​ធម្មជាតិ​ទី​បី​ដែល​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​កញ្ញា ឡុង គ​ន្ធា នា​ព្រឹក​នេះ ប៉ុន្តែ​មូលហេតុ​នៃ​ការចាប់ខ្លួន​នៅ​មិនទាន់​ដឹង​នៅឡើយ​។ មានការ​រាយការណ៍​ថា គ​ន្ធា និង រស្មី ត្រូវ​ឃាត់ខ្លួន​ដើម្បី​សួរចម្លើយ​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​ច្បារអំពៅ ហើយ​នគរបាល​បាន​បញ្ជូន​ពួកគេ​ចេញ​នៅ​ម៉ោង​ប្រមាណ ៦​ល្ងាច​ទៅ​កន្លែង​ផ្សេងទៀត​។ អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់អំពីការចាប់ខ្លួននៃសកម្មជនទាំងបីរូបនោះផងដែរ។

ព័ត៌មានទំនាក់ទំនង


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលោក សួន យុធ្យា នាយកផ្នែកតស៊ូមតិ នៃ ម.ស.ម.ក តាម រយៈទូរស័ព្ទ៖ +៨៥៥ (០) ៨៨ ៨១ ៤២ ៧៨៣ ឬអ៊ីម៉ែល ៖ [email protected]