សេចក្តីប្រកាសព័ត៌មានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”)ប្រកាសផ្សព្វផ្សាយមេរៀនស្តីពី សេរីភាពខាងការបញ្ចេញមតិ
កាលបរិច្ឆេទបង្កើត | : 11 / Jul / 2021 |
---|---|
លក្ខណៈនៃការគំរាម | : សេរីភាពបញ្ចេញមតិ |
សិទ្ធិដែលពាក់ព័ន្ធ | : |
ការពិពណ៌នាលម្អិត
គម្រោង “លើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា” នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមប្រកាសផ្សព្វផ្សាយមេរៀនតាមប្រព័ន្ធអនឡាញទាក់ទងនឹងសេរីភាពខាងការបញ្ចេញមតិចំនួនបី ដើម្បីពង្រឹងចំណេះដឹងដល់សាធារណជនអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ មេរៀននីមួយៗរួមមាន វីឌេអូ ប័ណ្ណព័ត៌មាន និងសំណួរដែលរៀបរាប់លម្អិតអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
កម្មវិធីប្រកាសផ្សព្វផ្សាយមេរៀននេះនឹងត្រូវធ្វើឡើងនៅលើប្រព័ន្ធអនឡាញ នាថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១:៣០ រសៀល ដល់ ៥:០០ ល្ងាច។
កម្មវិធីនេះមានគោលបំណង៖
• លើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
• បង្ហាញនូវប័ណ្ណព័ត៌មាន និងវីឌេអូទាក់ទងនឹងខ្លឹមសារមេរៀននីមួយៗ និង
• ចូលរួមធ្វើតេស្តដោយផ្ទាល់ទាក់ទងនឹងសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ តាមរយៈប្រព័ន្ធអនឡាញ។
កម្មវិធីនេះនឹងចាប់ផ្តើមដោយមានមតិស្វាគមន៍របស់ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃ ម.ស.ម.ក ហើយបន្ទាប់មកនឹងមានបទបង្ហាញអំពីមេរៀនទាំងបី នៅលើគេហទំព័រអំពីសិទ្ធិមនុស្សកម្ពុជានៃ ម.ស.ម.ក (https://sithi.org/km/foe)។ បន្ថែមពីនេះ ក្រុមការងារគម្រោងនឹងចាក់បញ្ចាំងវីឌេអូទាក់ទងនឹងខ្លឹមសារមេរៀននីមួយៗ។ បន្ទាប់ពីការបង្ហាញអំពីមេរៀនទាំងនេះ អ្នកចូលរួមអាចចូលរួមឆ្លើយសំណួរតាមប្រព័ន្ធអនឡាញស្តីពី សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីមានឱកាសទទួលបានរង្វាន់ដបទឹកដែលមានសរសេរសារថា“យើងគាំទ្រសេរីភាពខាងការបញ្ចេញមតិ”។ កម្មវិធីនេះនឹងបញ្ចប់ដោយការថ្លែងសុន្ទរកថាដោយលោកស្រី ចក់ សុភាព ផងដែរ។
កម្មវិធី៖ ការប្រកាសផ្សព្វផ្សាយមេរៀនតាមប្រព័ន្ធអនឡាញស្តីពីសេរីភាពខាងការបញ្ចេញមតិ
កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១:៣០ រសៀល ដល់ ៥:០០ ល្ងាច
ទីកន្លែង៖ តាមប្រព័ន្ធអនឡាញ និងផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុករបស់ ម.ស.ម.ក៖ cchrcambodia
ព័ត៌មានទំនាក់ទំនង
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោក ហួន ផន អ្នកសម្របសម្រួលគម្រោង “លើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា” នៃ ម.ស.ម.ក តាមរយៈអ៊ីម៉ែល [email protected] ឬ លេខទូរស័ព្ទ ០៧០ ៧៥៧ ៨៨៤ ៕