សកម្មជនបរិស្ថានលោក វ៉ែន អៀត ត្រូវបានគេលបបាញ់នៅតំបន់អារ៉ែង ប៉ុន្តែមិនមានរងរបួស

កាលបរិច្ឆេទបង្កើត : 17 / May / 2018
លក្ខណៈនៃការគំរាម :
សិទ្ធិដែលពាក់ព័ន្ធ :

ការពិពណ៌នាលម្អិត


កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែលជា​១០​យប់ សកម្មជន​បរិស្ថាន​លោក វ៉ែន អៀ​ត ត្រូវបាន​គេ​លប​បាញ់ប្រហារ​នៅឯ​ផ្ទះ​របស់លោក​ស្ថិតក្នុង​ភូមិ​ច្រក​ឬ​ស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង តែ​ជា​សំណាងល្អ​ដែល​លោក​មិនត្រូវ​រងរបួស​នោះទេ​។ លោក វ៉ែន អៀ​ត បាន​ស្នាក់​នៅផ្ទះ​របស់លោក​ជាមួយនឹង​មិត្តភក្តិ​ម្នាក់ នៅពេលដែល​គេ​លប​បាញ់​លោក ខណៈពេលដែល​លោក​ទៅ​បន្ទប់ទឹក​នៅឯ​ក្រោយ​ផ្ទះ​។ ដោយសារតែ​ស្ថានភាព​ងងឹត​ពេក លោក វ៉ែន អៀ​ត និង​មិត្តភក្តិ​របស់លោក​មិនអាច​មើលឃើញ​អ្នក​ដែល​លប​បាញ់​លោក​នោះទេ ហើយក៏​មិនអាច​កំណត់​បាន​ថា​មាន​មនុស្ស​តែ​ម្នាក់​ជា​អ្នកបាញ់​ប្រហារ ឬ​ច្រើន​នាក់​នោះ ដែរ​។ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ក៏បាន​អះអាងថា​បានលឺ​គ្រាប់កាំភ្លើង ហើយ​ពួកគាត់​បាន​បន្ថែមថា​គ្រាប់កាំភ្លើង​នោះ​គឺ​លឺ​ចេញពី​ទិស​នៃ​ផ្ទះ​របស់លោក វ៉ែន អៀ​ត​។​​លោក វ៉ែន អៀ​ត គឺជា​ប្អូនប្រុស​បង្កើត​របស់លោក វ៉ែន វ៉ន់ ដែលជា​សកម្មជន​បរិ​ស្ថាន​ដ៏​ល្បី​ម្នាក់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​នៅក្នុង​តំបន់​អា​រ៉ែ​ង ខេត្តកោះកុង​។ នៅ​ឆ្នាំ​២០១៣ លោក វ៉ែន អៀ​ត ធ្លាប់​ចូលរួម​តស៊ូ​មតិ​ប្រឆាំងនឹង​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​នៅ​តំបន់​អា​រ៉ែ​ង ហើយ​បច្ចុប្បន្ន​លោក​ចូលរួម​យ៉ាងសកម្ម​ផងដែរ​ក្នុង​ការចុះ​ល្បាត​ព្រៃ​ជាមួយនឹង​សកម្មជន​បរិស្ថាន​ផ្សេងទៀត​ដើម្បី​ប្រឆាំងនឹង​ការជួញដូរ​ឈើ​ខុសច្បាប់​។ លោក វ៉ែន អៀ​ត ក៏​កំពុងធ្វើការ​គាំទ្រ​ក្រុម​ជនជាតិដើម​ភាគតិច “​ជង​” ក្នុងការ​ចុះបញ្ជី​ទទួលស្គាល់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​ផងដែរ​។ លោក វ៉ែន អៀ​ត ក៏​ធ្លាប់ជា​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងអំឡុងពេល​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ផងដែរ ប៉ុន្តែ​លោក​មិនមាន​ការពាក់ព័ន្ធ​ជាមួយ​គណបក្សនយោបាយ​នេះ​ទៀតឡើយ បន្ទាប់ពី​គណបក្ស​នេះ​ត្រូវបាន​រំលាយ​ដោយ​សាលដីការ​របស់​តុលាការ​កំពូល​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ មក​។ ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨ លោក វ៉ែន អៀ​ត ត្រូវបាន​ជំទប់​ឃុំ​ម្នាក់​ប្រាប់ថា “​អន្ទិត​អៀ​ត​ឯង​មិនយូរ​ទេ បន្តិចទៀត​នឹង​លាចាក​លោក​នេះហើយ បើសិនជា​អន្ទិត​អៀ​ត​ឯង​គេចខ្លួន​ទៅ​នៅ​ស្រុក​ខាង​ប្រពន្ធ​ក៏ដោយ​” ដែល​នេះ​លោក​គិតថា​ជាការ​គំរាម​សម្លាប់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​បន្ទាប់ពី​លោក​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ជាមួយ​សមាជិក​សហគម​ន៍​ជនជាតិដើម​ភាគតិច​ជង ១០ នាក់​ផ្សេងទៀត ដើម្បី​ដាក់​សំណើសុំ​ការចុះបញ្ជី​ទទួលស្គាល់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច ហើយ​មួយ​សប្ដាហ៍​បន្ទាប់មក មាន​បុរស​ម្នា​ក់បាន​ដឺ​ដង​ពាក្យសំដី​ដាក់​លោក​ថា​គោលបំណង​ពិត​ដែល​លោក វ៉ែន អៀ​ត ទៅ​រាជធានី​ភ្នំពេញ​គឺ​ដើម្បី​ចូលរួម​ការប្រមូលផ្ដុំរ​បស់​ចលនា​គណៈបក្ស​ស​ង្គ្រោះ​ជាតិ​។ បើទោះបីជា​លោក វ៉ែន អៀ​ត បានដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ូលិស​បុ​ស្តិ បន្ទាប់ពី​មានការ​គំរាមកំហែង​ពី​សំណាក់​ជំទប់​ឃុំ​ក៏ដោយ ក៏​មិនមាន​ការចាត់វិធានកា​រណ៍​ណាមួយ​ផងដែរ​។ បន្ទាប់ពី​គ្មាន​ចំណាត់ការ​ពី​សំណាក់​អាជ្ញាធរ និង​ដោយមាន​ការភ័យខ្លាច​ចំពោះ​សុវត្ថិភាព​របស់លោក និង​ក្រុមគ្រួសារ លោក​ជាមួយ​ប្រពន្ធ និង​កូនប្រុស​ម្នាក់​ក៏បាន​គេចខ្លួន​ចេញពីផ្ទះ​មួយរយៈ​។ ទោះជា​យ៉ាងណា លោក​បាន​ត្រលប់មក​ផ្ទះ​វិញ នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​លោក​ទទួលបាន​ទូរស័ព្ទ​ពី​ស្នងការ​នៃ​ស្រុក​ថ្មបាំង​ដើម្បី​មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ដែល​លោក​បានដាក់​ទៅ​ប៉ុ​ស្ត​ប៉ូលិស ដោយ​ទុក​គ្រួសារ​របស់លោក​ឱ្យនៅ​កន្លែង​មាន​សុវត្ថិភាព​ផ្សេង​មួយទៀត​។ បន្ទាប់ពី​មានការ​ពិភាក្សា​វាង​លោក វ៉ែន អៀ​ត និង​ជំទប់​ឃុំ​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ រួចមក ជំទប់​ឃុំ​បាន​បញ្ជាក់ថា​ពាក្យ​ដែល​លោក​និយាយ​គំរាម​គឺ​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ ហើយ​ជំទប់​ឃុំ​ក៏មាន​ការធានា​នូវ​សុវត្ថិភាព​របស់ វ៉ែន អៀ​ត និង​ក្រុមគ្រួសារ​របស់លោក​ផងដែរ​។ ថ្វីបើ​មានការ​ធានា​នេះ​ក៏ដោយ ក៏​នៅតែមាន​ការបាញ់ប្រហារ​ទៅលើ​លោក វ៉ែន អៀ​ត ដែលជា​ការគំរាមកំហែង​មួយ​ផ្សេងទៀត ហើយ​វា​អាក្រក់​បំផុត គឺ​ការប៉ុនប៉ង​ធ្វើឱ្យមាន​របួស​ធ្ងន់ធ្ងរ ឬក៏​សម្លាប់​លោក​តែម្ដង​។​​ទាំង​ការ​គំរាម​សម្លាប់ និង​ការបាញ់ប្រហារ​ទាំងពីរ​នេះ ទំនង​បណ្តាលមកពី​ការជាប់​ពាក់ព័ន្ធ​ទៅលើ​សកម្មភាព​របស់ វ៉ែន អៀ​ត ដែល​លោក​គឺជា​សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស​។ លើសពីនេះ ការប៉ុនប៉ង​បាញ់ប្រហារ​នេះ​គឺជា​ការប៉ុនប៉ង​ដល់​អាយុជីវិត​របស់ វ៉ែន អៀ​ត ផ្ទាល់​តែម្ដង​។ ការគំរាមកំហែង​ទាំងពីរ​នេះ ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​ជាបន្ទាន់​ដោយមាន​តម្លាភាព និង​មិន​លម្អៀង​ពី​សំណាក់​អាជ្ញាធរ ក៏ដូចជា​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់ វ៉ែន អៀ​ត ព្រមទាំង​ក្រុមគ្រួសារ​របស់លោក​។

ព័ត៌មានទំនាក់ទំនង


សម្រាប់​ព័ត៌មានបន្ថែម សូម​ទាក់ទង ម.ស.ម.ក ​តាមរយៈទូរស័ព្ទ​លេខ ៖ ០២៣​ ៧២៦ ៩០១ និង ​អ៊ីម៉ែល ​៖ [email protected]