សកម្មជនបរិស្ថានបួនរូបត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល
| កាលបរិច្ឆេទបង្កើត | : 17 / Jun / 2021 |
|---|---|
| លក្ខណៈនៃការគំរាម | : |
| សិទ្ធិដែលពាក់ព័ន្ធ | : |
ការពិពណ៌នាលម្អិត
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សកម្មជនបរិស្ថានចំនួនបីនាក់ត្រូវបានចាប់ខ្លួននៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញនៅម៉ោងប្រហែល ១១ ព្រឹក បន្ទាប់ពីពួកគេបានចុះទៅថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែងនៅតាមដងទន្លេក្បែរព្រះបរមរាជវាំង។ សកម្មជនទាំងបីនាក់នោះមានកញ្ញា ស៊ុន រដ្ឋា លោក សិដ្ឋ ឈីវលីម៉េង និង លោក លី ចាន់ដារ៉ាវុទ្ធ។ សកម្មជនមួយរូបផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីគាត់ត្រូវបានអាជ្ញាធរកោះហៅ។ អ្នកទាំងបួននាក់នោះគឺជាសមាជិកមាតាធម្មជាតិកម្ពុជា។ យោងតាមព័ត៌មានចុងក្រោយដែលយើងទទួលបាន សកម្មជនបីនាក់ដែលត្រូវបានចាប់ខ្លួននៅខណ្ឌដូនពេញនោះត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីសួរចម្លើយ។ ត្រឹមរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកទាំងបីកំពុងត្រូវបានឃាត់ខ្លួនដើម្បីសួរចម្លើយនៅអគ្គស្នងការដ្ឋាននគបាលជាតិ។ ពួកគេអាចនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីបន្ទាប់ពីការសួរចម្លើយចប់។ មិនមានព័ត៌មានណាមួយបញ្ជាក់ថាសកម្មជនម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននៅខេត្តកណ្តាលនោះកំពុងស្ថិតនៅទីណានោះទេ។
កាលពីខែកញ្ញា ឆ្នាំ២០២០ សកម្មជនបរិស្ថានចំនួនបីនាក់រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកមាតាធម្មជាតិកម្ពុជាដែរនោះ ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញពាក់ព័ន្ធនឹងគម្រោងដើរទៅកាន់ផ្ទះនាយករដ្ឋមន្ត្រីដោយស្ត្រីម្នាក់ដើម្បីបង្ហាញពីក្តីកង្វល់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថានជុំវិញការអភិវឌ្ឍបឹងតាមោក ជាបឹងចុងក្រោយដែលនៅសល់ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទញុះញង់ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនបួនលានរៀល កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ។ អ្នកទាំងបីនាក់កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។
| ទំនាក់ទំនង |
| សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលោក រស់ សារ៉ាត់ អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាន នៃ ម.ស.ម.ក តាមរយៈទូរស័ព្ទលេខ៖ +៨៥៥ (០) ១៧ ៨៨៦ ៦៩៥ ឬអ៊ីម៉ែល៖ [email protected] |
