ការរឹតត្បិតនាពេលថ្មីៗនេះលើការទៅសួរសុខទុក្ខអ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយគណបក្សជំទាស់ដែលកំពុងជាប់ឃុំ
កាលបរិច្ឆេទបង្កើត |
: 26 / Apr / 2017 |
លក្ខណៈនៃការគំរាម |
: |
សិទ្ធិដែលពាក់ព័ន្ធ |
: សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងបង្កើតសមាគម |
ការពិពណ៌នាលម្អិត
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ សំណើរបស់ ម.ស.ម.ក ស្នើសុំចូលទៅសួរសុខទុក្ខអ្នកការពារសិទ្ធិមនុស្សទាំង៥ដែលកំពុងជាប់ឃុំ រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុនី ក្នុងពន្ធនាគារព្រៃស និង លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ដែលត្រូវជាអតីតបុគ្គលិកសមាគមអាដហុក) ក្នុងពន្ធនាគាររាជធានីភ្នំពេញ ត្រូវបានបដិសេធដោយសាលាដំបូងរាជធានីភ្នំពេញ។ ពុំមានការផ្តល់ហេតុផលណាមួយជុំវិញការបដិសេធនោះឡើយ។ ជាផ្នែកមួយនៃការងារជាបន្តបន្ទាប់របស់ខ្លួនក្នុងការគាំទ្រអ្នកការពារសិទ្ធិមនុស្ស និងសកម្មជន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានទៅសួរសុខទុក្ខអ្នកការពារសិទ្ធិមនុស្សទាំង៥ជាទៀងទាត់ ចាប់តាំងពីពួកគាត់ជាប់ឃុំក្នុងខែមេសា ឆ្នាំ២០១៦ ព្រមទាំងសកម្មជនដីធ្លី និងអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ទេព វន្នី ដែលត្រូវបានឃុំក្នុងពន្ធនាគារព្រៃសចាប់តាំងពីត្រូវបានចាប់ខ្លួនក្នុងខែសីហា ឆ្នាំ២០១៦។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានប្រកាសថា សមាជិករបស់គណបក្ស សង្គ្រោះជាតិកម្ពុជា (“គ.ស.ជ”) អាចនឹងត្រូវហាមប្រាមការចូលទៅសួរសុខទុក្ខសមាជិក គ.ស.ជ ដែលកំពុងជាប់ឃុំនៅពេលខាងមុខ។ ក្រសួងមហាផ្ទៃបានលើកឡើងថា អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់ គឺ លោក ហួត ឃិនវុទ្ធី (ហៅ ជុន ចាន់បុត្រ) បានចូលរួមជាមួយសមាជិកសភារបស់ គ.ស.ជ មួយក្រុម ដើម្បីចូលទៅក្នុងពន្ធនាគារក្នុងអំឡុងពេលចូលទៅសួរសុខទុក្ខនោះ ដោយធ្វើសេចក្តីប្រកាសមិនត្រឹមត្រូវ។ នៅថ្ងៃទី២៥ ខែមេសា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បម្រាមនោះធ្វើឡើងផ្អែកតាម “គោលការណ៍នៃគោលនយោបាយរដ្ឋបាលសាធារណៈ” និងថា “ដើម្បីរក្សាសន្តិសុខសង្គម និង សណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរមានសិទ្ធិប្រើវិធានការណាមួយ ដូចជា ការហាមឃាត់ប្រជាពលរដ្ឋជាដើម”។ ទោះយ៉ាងណាក្តី ពុំមានមូលដ្ឋានផ្លូវច្បាប់ត្រូវបានលើកយកមកជាសម្អាងក្នុងការគាំទ្រអំណះអំណាងជុំវិញករណីនេះ។ រដ្ឋាភិបាលមិនអាចប្រើវិធានការរដ្ឋបាល ដែលផ្ទុយទៅនឹងច្បាប់ជាធរមានបានឡើយ។ មាត្រា ៥៥ នៃច្បាប់ស្តីពីពន្ធនាគារ ចែងថា “ជនជាប់ឃុំត្រូវបានអនុញ្ញាតឱ្យគ្រួសារ ឬញាតិមិត្តមកសួរសុខទុក្ខតាមការកំណត់ លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការ”។ ដូច្នេះ នេះច្បាស់ណាស់ថា ក្រសួងមហាផ្ទៃពុំមានសិទ្ធិអំណាចក្នុងការហាមប្រាមការចូលទៅសួរសុខទុក្ខជនជាប់ឃុំតាមរយៈសេចក្តីសម្រេចផ្នែករដ្ឋបាលរបស់ខ្លួន ដោយពុំមានការសម្រេចពីអាជ្ញាធរតុលាការនោះឡើយ។ បទប្បញ្ញតិ្តជាបទដ្ឋានអប្បបរមារបស់អង្គការសហប្រជាជាតិសម្រាប់ការគ្រប់គ្រងអ្នកទោស ដែលត្រូវបានអនុម័តដោយមហាសន្និបាតក្នុងឆ្នាំ១៩៥៥ ចែងថា អ្នកទោសត្រូវតែបានអនុញ្ញាតឱ្យទាក់ទងជាមួយគ្រួសារ សាច់ញាតិ និងមិត្តភក្តិតាមកាលកំណត់ជាទៀងទាត់។នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ លោក ហួត ឃិនវុទ្ធី បានទទួលដីកាកោះពីសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី០២ ខែឧសភា ផ្អែកលើសម្អាងហេតុថា លោកជាប់សង្ស័យថាបានផ្តល់សេចក្តីថ្លែងមិនពិតទៅកាន់អនុរក្សពន្ធនាគារ។ នៅថ្ងៃដដែលនោះលោកស្រី មូ សុខហួរ និងលោក ឡុង រី សមាជិកសភាគណបក្សសង្គ្រោះជាតិ ក៏បានទទួលដីកាកោះដើម្បីសាកសួរក្នុងនាមជាសាក្សីទាក់ទងទៅនឹងករណីដូចគ្នានេះដែរ។ [1] បែន សុខហ៊ាន “CNRP ត្រូវបានហាមមិនឱ្យទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារ” ខេមបូឌា ដេលី (ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៧) http://www.cambodiadailykhmer.com/37239
ព័ត៌មានទំនាក់ទំនង
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលោក ឌុច ពិសិដ្ឋ នាយកផ្នែកតស៊ូមតិនៃ ម.ស.ម.ក តាមរយៈទូរស័ព្ទ ៖ +៨៥៥ (០) ១២ ៧១ ២៣ ៧១ ឬ អ៊ីម៉ែល៖ duchpiseth@cchrcambodia.org៕