ម្តាយជរារបស់លោក កើត សារ៉ាយ បារម្ភខ្លាចមិនបានឃើញមុខកូនមុនអស់បុណ្យទៅ
- 01/09/2026
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR លោក សេង សុវឌ្ឍនា គាំទ្រំចំពោះការទាមទារ និងការលើកឡើងរបស់គ្រួសារលោក កើត សារ៉ាយ ដែលរដ្ឋាភិបាលនិងតុលាការ គួរតែដោះលែងគាត់ឱ្យមានសេរីភាព។
លោកយល់ថា ការឃុំខ្លួន លោក កើត សារ៉ាយ គឺជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជាការរឹតត្បិតសិទ្ធិសេរីភាពលើសកម្មជនសិទិ្ធមនុស្ស ដែលនេះជាការរំលោភបំពានធ្ងន់ធ្ងរទៅលើសិទ្ធិពលរដ្ឋ។
លោកអះអាងថា សកម្មភាពលោក កើត សារ៉ាយ កន្លងមក ធ្វើឡើងសុទ្ធតែដើម្បីការពារសិទ្ធិមនុស្ស បរិស្ថាន និងជួយស្វែងរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះបញ្ហាដីធ្លីប៉ុណ្ណោះ ដូច្នេះតុលាការគួរពិចារណា ដោះលែងគាត់។
លោកថា៖ «ចំពោះយើងជាអង្គការសង្គមស៊ីវិល នៅតែអំពាវនាវដល់រាជរដ្ឋាភិបាលនិងតុលាការ ដោះលែង និងផ្តល់សិទ្ធិសេរីភាពដល់លោក កើត សារ៉ាយ ដើម្បីឱ្យគាត់បានមកជួបជុំគ្រួសារ ជាពិសេសម្តាយគាត់ដែលចាស់ជរា ត្រូវការជួបមុខកូននៅដំណាក់កាលចុងក្រោយ ខណៈដែលសុខភាពរបស់ម្តាយគាត់កាន់តែទ្រុឌទ្រោម»។
លើសពីនេះ លោក សេង វឌ្ឍនា បានបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ធ្លាប់បានធ្វើយទ្ធនាការស្នើឱ្យតុលាការដោះលែង និងលើកលែងការចោទប្រកាន់លើសកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ ដើម្បីឆ្លុះបញ្ចាំងពីយុតិ្តធម៌សង្គម និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ ស្របតាមច្បាប់ជាតិ និងអន្តរជាតិផងដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ទៀតថា បទចោទលើលោក កើត សារ៉ាយ ត្រូវបានធ្វើឡើងដោយសារតែគាត់ធ្វើការអត្ថាធិប្បាយទាក់ទងនឹងជម្លោះដីធ្លីនៅខេត្តព្រះវិហារ អំឡុងឆ្នាំ២០២៤ កន្លងទៅ។
ការណ៍នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការ ស្ថាប័នពាក់ព័ន្ធ ស្នើយ៉ាងទទួចឱ្យតុលាការ និងរដ្ឋាភិបាល ពិចារណា ដោះលែង និងលើកលែងទោសដល់សកម្មជនសង្គម លោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ។
