អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា បន្តស្នើរដ្ឋាភិបាលបើកផ្លូវឱ្យមានច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា
- 28/08/2026
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
អ្នកសម្របសម្រួលគម្រោងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក លឹម បូរិន បានឱ្យដឹងថា ក្នុងនាមអង្គការ ដែលចូលរួមស្ដាប់ និងធ្វើការលើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងសមភាពច្បាប់អាពាហ៍ពិពាហ៍ រយៈពេលកន្លងមក លោកថា តំណាងក្រសួង និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញឆន្ទៈគាំទ្រ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការបន្តចូលរួមជជែកជាដើម។ យ៉ាងណាលោកមើលឃើញថា បញ្ហារាំងស្ទះ ដែលខាងតំណាងក្រសួង និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្លាប់លើកឡើងកន្លងមក គឺត្រូវការពេលវេលាក្នុងការទទួលយកពីសាធារណជន។
លោក លឹម បូរិន៖ «បើយើងមើលតាមរយៈការបង្ហាញឆន្ទៈការចូលរួមជាមួយនឹងអង្គការសង្គមស៊ីវិលធ្វើការលើរឿងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ហើយនិងការឆ្លើយតបជាបុគ្គលក្ដី ជាតំណាងក្រសួងក្ដី គាត់និយាយជាសាធារណៈ ក្នុងការគាំទ្រសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា យើងគិតថាវាជាជំហានវិជ្ជមានមួយ ជាសញ្ញាជាភ្លើងខៀវ ជាការផ្ដល់កម្លាំងចិត្ត ជាពិសេសសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ដែលគាត់ទន្ទឹងរង់ចាំ ឬក៏ស្នើសុំឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍»។
លោក លឹម បូរិន បន្ថែមថា៖ «ប៉ុន្ដែសួរថា ឆន្ទៈទៅមុខជាជំហាន ឱ្យឃើញរូបភាពចេញពេលណា យើងមិនហ៊ានថាខាងក្នុង គាត់[ក្រសួង]បានជជែកគ្នាយ៉ាងម៉េចទេ»។
តាមអ្នកធ្វើការលើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នារូបនេះដដែល ក្នុងដំណើរការឈានទៅដល់មានសមភាពច្បាប់អាពាហ៍ពិពាហ៍ ភាគីពាក់ព័ន្ធកំពុងសិក្សាលើជម្រើសច្រកចេញ នៃនីតិវិធីច្បាប់។
លោក លឹម បូរិន បន្ត៖ «អ្វីដែលយើងកំពុងធ្វើហ្នឹង វាមានច្រក ប៉ុន្ដែថាយើងតាមច្រកណា ថាតើយើង[បង្កើត]ច្បាប់ថ្មី ឬក៏វិសោធនកម្មលើរដ្ឋធម្មនុញ្ញ ឬក៏ជាមួយនឹងក្រមរដ្ឋប្បវេណី អ៊ីចឹងវានៅថាតើខ្ទាស់កន្លែងណា យើងគួរពិនិត្យមើលទៅលើពាក្យពេចន៍។ ឧទាហរណ៍ នៅក្នុងរដ្ឋធម្មនុញ្ញ គេនិយាយអំពីអាពាហ៍ពិពាហ៍រវាងប្ដី និងប្រពន្ធ ប៉ុន្ដែនៅក្នុងក្រមរដ្ឋប្បវេណី គឺនិយាយអំពីអាពាហ៍ពិពាហ៍ ដែលអាចកើតឡើងបានស្របច្បាប់ គឺបុរស និងស្ត្រី អ៊ីចឹងវាមានរឿងច្រើនដែលខ្ទាស់ ដែលកំពុងធ្វើការសិក្សាថាតើនឹងមានវិធីសាស្ត្រ ឬច្រកណាដែលអាចដំណើរការបាន»។
លោក បូរិន បន្ថែមយ៉ាងដូច្នេះ៖ «សុខចិត្តឱ្យវាយឺតៗ កុំឱ្យវាទៅលឿនពេក ហើយជះឥទ្ធិពលមកសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាវិញអ៊ីចឹង សុខចិត្តឱ្យវាទៅជាជំហានៗ ហើយយើងបានសិក្សាគ្រប់ជ្រុងជ្រោយ។ អ៊ីចឹង ខ្ញុំសុំមិនលម្អិតលើនីតិវិធី នៃការតាក់តែងច្បាប់ទេ ខ្លាចបកស្រាយទៅខុសអ៊ីចឹងណា»។
កម្ពុជាបានទទួលអនុសាសន៍ ចំនួន១២ តាមរយៈយន្ដការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ ក្នុងឆ្នាំ២០២៤ ទាក់ទងនឹងសិទ្ធិស្មើគ្នារបស់អ្នកស្រលាញ់ភេទដូចគ្នា LGBTQIA+ រួមទាំងអនុសាសន៍របស់ប្រទេសអូស្ត្រាលីឱ្យ «បន្តវឌ្ឍនភាពវិជ្ជមានឆ្ពោះទៅរកសមភាពពេញលេញសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា រួមទាំងការដើរឆ្ពោះទៅរកការធ្វើឱ្យស្របច្បាប់នូវការរៀបការរវាងភេទដូចគ្នា»។
នៅក្នុងរបាយការណ៍សិក្សាស្ដីពីអត្ថប្រយោជន៍ នៃសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់កម្ពុជា របស់អង្គការវេទិកាអនាគត និងអង្គការសហគមន៍ឥន្ធនូកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ លើកឡើងថា សមភាពច្បាប់អាពាហ៍ពិពាហ៍ ផ្ដល់ឱ្យនូវក្របខ័ណ្ឌផ្នែកច្បាប់ដល់គ្រួសារ ផែនការហិរញ្ញវត្ថុរួមគ្នា កាត់បន្ថយហានិភ័យតក់ស្លុតផ្សេងៗ ដោយឥតព្រាងទុក និងការព័ន្ធពាន់នឹងអចនាទ្រព្យរួម កេរមរតក ការស្មុំកូន និងអត្ថប្រយោជន៍សង្គមផ្សេងៗ។
របាយការណ៍ក៏បានដកស្រង់សម្តីរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គម នៃក្រសួងកិច្ចការនារី អ្នកស្រី ញាណ សុចិត្រា ដោយបានលើកឡើងថា៖ «នៅពេលដែលពួកគេ[អ្នកស្រលាញ់ភេទដូចគ្នា] មិនអាចចុះសំបុត្រអាពាហ៍ពិពាហ៍បាន ពួកគេគឺបាត់បង់នូវអត្ថប្រយោជន៍ នៃការការពារពីច្បាប់»។
