ញត្តិរបស់ក្រុមសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
- 29/03/2022
- ការផ្សាយ > លិខិត
យើងខ្ញុំជាសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ធនធានធម្មជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន សមាគម អង្គការសង្គមស៊ីវិល និងការបន្តបាត់បង់គម្របព្រៃឈើ។ រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្ថានភាពគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះយ៉ាងរហ័សពីចំនួន ៦១.១៥% នៅឆ្នាំ២០០២ មកត្រឹមតែ ៤៦.៨៦% គិតត្រឹមឆ្នាំ២០១៨ ។ ប្រទេសកម្ពុជាធ្លាប់ខកខានមិនបានបំពេញតាមសូចនាករណ៍គោលដៅអភិឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលមានគោលដៅរួមលុបបំបាត់នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការធានានិរន្តរភាពបរិស្ថាន និងការថែរក្សាឱ្យបានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០១៥។ និន្នាការបន្តធ្លាប់ចុះនៃគម្របព្រៃឈើនេះ ជាសញ្ញាបង្ហាញពីការព្រួយបារម្ភ ចំពោះការខកខានម្តងទៀត ពីការមិនអាចអនុវត្តន៍បាននូវទិសដៅក្នុងការបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន ៦០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៩។