ញត្តិ​រួម​ អង្គការសង្គមស៊ីវិលផ្នែក​ការងារ​ និង​សហព័ន្ធ​សហជីពដាក់សំណើ ជូន​រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិ ស្ដារឡើងវិញ និងកែទម្រង់ ឧបសគ្គនានាដែលរារាំងដល់ការអនុវត្តសេរីភាពរបស់សហជីព

  • 06/05/2026
  • ការផ្សាយ > លិខិត

នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី១៤០​ នៃទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៦ នេះ យើងខ្ញុំជាក្រុមអង្គការ សង្គមស៊ីវិល រួមមាន អង្គការ សមាគម សហជីព និងសហព័ន្ធសហជីព ដូចមានរាយនាមខាងលើ សូមដាក់ សំណើតាមរយៈញត្តិរួមនេះ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិ ដើម្បីស្ដារឡើងវិញ និងកែទម្រង់ឧបសគ្គ នានាដែលកំពុងរារាំងដល់ការអនុវត្តសិទ្ធិ និងសេរីភាពរបស់សហជីព។ ប្រធានបទសម្រាប់ខួបលើកទី១៤០​ នៃទិវាពលកម្មអន្តរជាតិឆ្នាំ២០២៦ នេះ គឺ «ស្ដារឡើងវិញ និងកែទម្រង់ឧបសគ្គនានាដែលរារាំងការអនុវត្តសេរីភាព សហជីព » ដែលបង្ហាញពីតម្រូវការចាំបាច់ក្នុងការដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់ និងមានប្រសិទ្ធភាព។ បញ្ហា ទាំងនេះត្រូវបានសហជីពមូលដ្ឋាន និងសហព័ន្ធសហជីពថ្នាក់ជាតិកំពុងប្រឈមជាក់ស្តែង ជាពិសេស ទាក់ទងនឹង ការអនុវត្តសិទ្ធិមូលដ្ឋាន​ រួមមាន សិទ្ធិក្នុងការចរចាអនុសញ្ញារួម សិទ្ធិ​ក្នុង​ការ​ចង​ក្រង​ ការចុះបញ្ជិកាសហជីព ការ ទទួលស្គាល់សហជីព ព្រមទាំងសិទ្ធិក្នុងការធ្វើកូដកម្មដោយសន្តិវិធីជាដើម។ ទន្ទឹមនឹងនេះ ក៏នៅមានឧបសគ្គ ផ្សេងៗទៀតដែល បន្តរារាំងដល់ការអនុវត្តសិទ្ធិ និងសេរីភាពសហជីពឱ្យបានពេញលេញ និងមានប្រសិទ្ធភាពផង​ដែរ​។