លិខិតចំហរួមស្ដីពីខួបគម្រប់ ១០ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា

  • 26/04/2022
  • ការផ្សាយ > លិខិត
គិតមកដល់ត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ គឺមានរយៈពេល១០ឆ្នាំគត់ ដែលលោកឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងទឹកដីខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ។ លោក ឈុត វុទ្ធី ជាប្រធានអង្គការក្រុមអ្នកការពារធនធានធម្មជាតិ ដែលបានធ្វើការងារទៅលើការបណ្តុះ បណ្តាល អប់រំ និងពង្រឹងសមត្ថភាពដល់សហគមន៍មូលដ្ឋានឱ្យបានយល់ដឹង ព្រមទាំងអនុវត្តសិទ្ធិ និងករណីយកិច្ចក្នុងការចូលរួមការពារធនធានធម្មជាតិ ។ លោក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅពេលចុះបេសកកម្មជាមួយអ្នកសារព័ត៌មាន២រូប ចុះយកព័ត៌មាននៅជិតតំបន់ព្រៃការពារក្នុងខេត្តកោះកុង ជាទីកន្លែងដែលលោកធ្លាប់ព្យាយាមជាច្រើនដង ដើម្បីជីកកកាយសំណុំរឿងកាប់ព្រៃឈើខុសច្បាប់ ដែលមានទាក់ទងជិតស្និទ្ធនឹងមន្ត្រីយោធា ទាក់ទងនឹងការសាងសងទំនប់វារីអគ្គិសនី ។