សូមទម្លាក់ចោលបទចោទទាំងអស់ចំពោះសកម្មជនមាតាធម្មជាតិ និងដោះលែងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ

  • 02/07/2021
  • ការផ្សាយ > លិខិត
កាលពីថ្ងៃអាទិត្យ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់សមាជិក ៤នាក់នៃចលនាបរិស្ថានមាតាធម្មជាតិ ពីបទរួមគំនិតក្បត់ប្រឆាំងនឹងរដ្ឋ និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលជាផ្នែកនៃការផ្ដន្ទាទោសដោយការដាក់គោលដៅ និងមិនអាចទទួលយកបាន ពីសំណាក់អាជ្ញាធរ ទៅលើអ្នកការពារបរិស្ថាន និងសកម្មជនមូលដ្ឋានជួរមុខ ។ អាជ្ញាធរ គួរបញ្ឈប់ការចាប់យុវជនជាសកម្មជនរបស់យើងដាក់ពន្ធនាគារ និងគួរចាប់ផ្ដើមស្ដាប់មតិយោបល់របស់ពួកគេ ដែលស្ថិតនៅជួរមុខក្នុងការចងក្រងឯកសារពី ហានិភ័យដែលប្រទេសកម្ពុជាកំពុងប្រឈម ចំពោះការជញ្ជក់ផលប្រយោជន៍ពីធនធានធម្មជាតិ និងការបំផ្លិចបំផ្លាញបរិស្ថាន ។ សកម្មជនបរិស្ថានទាំងនេះ បានធ្វើការដោយមិនខ្លាចនឿយហត់ និងមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីការពារផលប្រយោជន៍រួមរបស់ជាតិ ។