ទិវាយុវជនអន្តរជាតិឆ្នាំ២០២៤

  • 16/08/2024
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ស្ថាប័ន បានសហការរៀបចំវេទិកាយុវជនកម្ពុជាលើកទី២ និងប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៤ ក្រោមមូលបទ “ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ” ជាមួយនឹងវត្តមានអ្នកចូលរួមសរុប ៣០០នាក់ ក្នុងនោះមានស្រ្តីចំនួន ១៥៧នាក់ ។

វេទិកាយុវជនកម្ពុជា និងការប្រារព្ធទិវាដ៏មានសារៈសំខាន់សម្រាប់យុវជនកម្ពុជានេះ រៀបចំឡើងដោយមាន កិច្ចពិគ្រោះយោបល់ជាមួយអ្នកជំនាញ សិស្ស-និស្សិត ព្រះសង្ឃ សកម្មជនកិច្ចការសង្គម យុវជនអ្នកការពារព្រៃឈើ អ្នកការពារសិទ្ធិមនុស្សវ័យក្មេង តំណាងយុវជនមកពីសហគមន៍មូលដ្ឋាន យុវជនជនជាតិដើមភាគតិច ក្រុមយុវជន សហគ្រិនវ័យក្មេង យុវជនក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងយុវជនមកពីមជ្ឈដ្ឋានចម្រុះផ្សេងៗទៀត។ នៅវេទិកានោះ ក៏មានរៀបចំជាសិក្ខាសាលាចំនួន៤ ដូចជា ១).ការលើកកម្ពស់សេរីភាពមូលដ្ឋាន និងយុត្តិធម៌សង្គម ២). ការលើកកម្ពស់សិទ្ធិបរិស្ថាន និងកិច្ចការពារធនធានធម្មជាតិ ៣). យុវជន និងអក្ខរកម្មឌីជីថលក្នុងការទទួលព័ត៌មាន និង ៤). ទស្សនៈយុវជនចំពោះអំពើពុករលួយ៖ វឌ្ឍនភាព បញ្ហា និងមាគ៌ាឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ។