សេចក្តីថ្លែងការណ៍ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងចូលបង្ហាញខ្លួនក្នុងឋានៈជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា សារជាថ្មីនៅសប្តាហ៍ក្រោយ
- 07/10/2022
- ការផ្សាយ > សេចក្តីថ្លែងការណ៍
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិរបស់ ម.ស.ម.ក បានអញ្ជើញចូលរួមសវនាការដើម្បីឆ្លើយបំភ្លឺក្នុងឋានៈជាសាក្សីតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ទាក់ទងក្នុងសំណុំរឿងលោក កឹម សុខា អតីតមេដឹកនាំគណៈបក្សសង្គ្រោះជាតិដែលរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ក្រោមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ អ្នកស្រីបានទទួលដីកាបង្គាប់ឱ្យចូលបង្ហាញខ្លួនក្នុងឋានៈជាសាក្សីនៅចុងខែកញ្ញា ឆ្នាំ២០២២ ដែលនេះជាការកោះអញ្ជើញអ្នកស្រីលើកទីពីរទាក់ទងនឹងសំណុំរឿងរបស់លោក កឹម សុខា។ ក្នុងខែឧសភា ឆ្នាំ២០១៨ អ្នកស្រីធ្លាប់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យចូលសវនាការឆ្លើយបំភ្លឺក្នុងឋានៈជាសាក្សីម្តងរួចហើយ ដែលនៅពេលនោះអ្នកស្រីបានចូលបង្ហាញខ្លួនតាមដីកាបង្គាប់។