ទម្លាក់បទចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ជាបន្ទាន់
- 02/10/2024
- ការផ្សាយ > សេចក្តីថ្លែងការណ៍
យើងខ្ញុំជាសហគមន៍ ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវឱ្យមានការដោះលែង អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ជាបន្ទាន់ ដែលលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ “ញុះញង់” និងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ។
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានសាកសួរលោក ដារ៉ា នៅព្រឹកថ្ងៃអង្គារនេះ ហើយក្រោយមកក៏សម្រេចចោទប្រកាន់លោកពីបទ “ញុះញង់” យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ចំពោះការបង្ហោះនៅលើបណ្តាញសង្គមរបស់លោក ដែលលោកបានបង្ហោះកាលពីថ្ងៃទី២០ ទី២៣ ទី២៦ ទី២៨ និងទី២៩ ខែកញ្ញាថ្មីៗនេះ ។ ការចោទប្រកាន់នេះ អាចនាំឱ្យលោកជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ដែលបញ្ជាក់យ៉ាងច្បាស់ពីការព្យាយាមបំបិទសំឡេងអ្នកសារព័ត៌មានដ៏លេចធ្លោរម្នាក់នេះ ដែលជាអ្នកសារព័ត៌មានសកម្មម្នាក់ក្នុងការស្រាវជ្រាវ និងតែងតែអំពាវនាវឱ្យអាជ្ញាធរទទួលខុសត្រូវ យកចិត្តទុកដាក់ ក្នុងករណីរំលោភសិទ្ធិមនុស្សជាច្រើន ។ លោក ដារ៉ា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ។
