មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចាប់ផ្តើមធ្វើយុទ្ធនាការប្រចាំឆ្នាំដើម្បីប្រារព្ធ ទិវាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ
- 22/11/2024
- ការផ្សាយ > សេចក្តីថ្លែងការណ៍
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») នឹងចាប់ផ្តើមធ្វើយុទ្ធនាការ ១៦ ថ្ងៃ ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។
កាលបរិច្ឆេទសំខាន់នេះ ជាការប្រារព្ធទិវាអន្តរជាតិដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី។ អំពើហិង្សាលើស្ត្រីនៅតែជាការរំលោភបំពានសិទ្ធិមនុស្សដែលកើតមានដ៏ច្រើន និងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមការរំលោភបំពានសិទ្ធិមនុស្សនានានៅលើពិភពលោក ហើយក៏មានផងដែរនៅក្នុងប្រទេសកម្ពុជា។ តាមការប៉ាន់ប្រមាណ ស្ត្រីកម្ពុជាច្រើនជាងម្នាក់ក្នុងចំណោមប្រាំនាក់ធ្លាប់រងការរំលោភបំពានពីសំណាក់ដៃគូរបស់ ខ្លួន។ យុទ្ធនាការ ១៦ ថ្ងៃ របស់ ម.ស.ម.ក នឹងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ស្ត្រី និងបង្ហាញពីផលប៉ះពាល់ដែលបង្កឡើងពីអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងចំណោមសហគមន៍របស់យើង ព្រមទាំងអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានវិធានការសមស្រប និងជាក់លាក់ជាបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងប្រទេស។