មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលបង្ហាញពីរបកគំហើញសំខាន់ៗពីការសង្កេតសវនាការរបស់ខ្លួននៅសាលាឧទ្ធរណ៍ទាំងបួន នៅឆ្នាំ២០២៣

  • 31/10/2024
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

ថ្ងៃនេះ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅឆ្នាំ២០២៣”  ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍នេះ វិភាគលើទិន្នន័យដែលប្រមូលបានតាម រយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៧៧២ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ១១១៨ នាក់ នៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ ដោយបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ ក្នុងគោលបំណងពិនិត្យនូវវិសាលភាពនៃបទដ្ឋានជាតិ និងអន្តរជាតិ ទាក់ទិននឹងការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយ យុត្តិធម៌។