ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ការលើកកម្ពស់ និង​ការពារ​សេរីភាព​សារព័ត៌មាន​គឺជា​ការធានា​នូវ​ព័ត៌មាន​ដែលជា​ប្រយោជន៍​សាធារណៈ

  • 03/05/2021
  • ការផ្សាយ > សេចក្តីថ្លែងការណ៍
រាជធានី​ភ្នំពេញ ថ្ងៃទី​0៣ ខែឧសភា ឆ្នាំ​២០២១ ក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ខាងក្រោម សូម​ក្រើនរម្លឹក​ឡើងវិញ​ថា​សេរីភាព​ខាង​ការបញ្ចេញមតិ រួមមាន​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​សេរី​និង​ឯករាជ្យ ក៏ដូចជា​សិទ្ធិសេរីភាព​ក្នុងការ​ប្រកាន់​មតិ​ដោយ​គ្មាន​ការជ្រៀតជ្រែក សិទ្ធិសេរីភាព​ក្នុងការ​ស្វែងរក ការទទួល និង​ការផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​នានា​។ សារព័ត៌មាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​នូវ​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​ដែលមាន​វិបុលភាព​និង​ល្អប្រសើរ​។ យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការបន្ត​ធ្លាក់ចុះ​នូវ​បរិយាកាស​មិនល្អ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ហើយ​យើងខ្ញុំ​សូម​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​- កម្ពុជា (“​រដ្ឋាភិបាល​”) បញ្ឈប់​នូវ​ការយាយី​នានា​ដែល​កំពុង​បន្ត​កើតមាន​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នកសារព័ត៌មាន​ដែល​បាន​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​ចំពោះ​សេរីភាព​ខាង​ការបញ្ចេញមតិ​របស់ខ្លួន​។ យើងខ្ញុំ​ក៏​សូម​ជំ​រុញឱ្យ​រដ្ឋាភិបាល​ធ្វើការ​លុបបំបាត់​នូវ​អំពើ​និ​ទណ្ឌ​ភាព​ប្រឆាំងនឹង​អ្នកសារព័ត៌មាន ដែល​ត្រូវបាន​វាយប្រហារ និង​ធ្វើឃាត​ផងដែរ​។ យើងខ្ញុំ​សូម​ជំ​រុញឱ្យ​រដ្ឋាភិបាល​លុបចោល នូវ​ច្បាប់​ដែលមាន​លក្ខណៈ​គាបសង្កត់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេរីភាព​មូលដ្ឋាន ក៏ដូចជា​សេរីភាព​សារព័ត៌មាន ហើយ​ត្រូវ​ធានាថា​រាល់​ការតាក់តែង​ច្បាប់​នានា​ក្នុង​ពេលខាងមុខ​នឹងត្រូវ​បាន​ព្រាង​ឡើង​ឱ្យ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា ប្រកបដោយ​តម្លាភាព និង​មានការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​។